លោក ហ៊ុន សែន បបួល​ថៃ​វាស់វែង​បង្គោល​ព្រំដែន ក្រោយពី​រដ្ឋាភិបាល​ថៃ​អះអាង​ថា មិនបាន​ឈ្លានពាន​ទឹកដី​កម្ពុជា

0
25
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បបួល​ថៃ​វាស់វែង​បង្គោល​ព្រំដែន​ឡើងវិញ ក្រោយពី​នាយករដ្ឋមន្ត្រី​ថៃ​អះអាង​ថា មិនបាន​ឈ្លានពាន​ទឹកដី​កម្ពុជា ប៉ុន្តែ លោក ហ៊ុន សែន មិនបាន​បញ្ជាក់​ថា នឹង​ប្ដឹង​ថៃ​ទៅកាន់ តុលាការអន្តរជាតិ​នោះ​ទេ​។ អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​មិន​សមជា​មេដឹកនាំ​នោះ​ទេ ដែល​បណ្ដោយ​ឱ្យ​សត្រូវ​ឈ្លានពាន​យក​ទឹកដី រួច​រង់ចាំ​សត្រូវ​ចូល​តុ​ចរចា ដោយ​គ្មាន​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ហាក់​និយាយ​ច្រើន​ពី​បញ្ហា​ព្រំដែន ក្នុង​នោះ​មាន​ទាំង​ការ​គំរាម​ចាប់​ពលរដ្ឋ​ខ្មែរ ដាក់​ពន្ធនាគារ និង​ការ​ទទួលស្គាល់​កំហុស​យុទ្ធសាស្ត្រ ដែល​មិនបាន​ពង្រឹង​វិស័យ​យោធា ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​។ ក៏​ប៉ុន្មាន លោក ហាក់​គ្មាន​ជំហរ​ច្បាស់លាស់​ថា តើ​នឹង​ទាមទារ​ទឹកដី​ដែល​ថៃ​កំពុងតែ​កាន់កាប់​ជាច្រើន​កន្លែង​យក​មក​វិញ តាមរបៀប​ណា​ពិតប្រាកដ​នោះ​ទេ ដោយ​គ្រាន់តែ​អះអាង​ថា ដោះស្រាយ​តាម​«​សន្តិវិធី»។

ប៉ុន្តែ​អ្នកឃ្លាំមើល​រិះគន់​ថា របៀប​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» តាមរយៈ​«​សន្តិវិធី​» គឺជា​ការ​រង់ចាំ​ថៃ​ចូល​តុ​ចរចា បើ​ទោះបី​នាយករដ្ឋមន្ត្រី​ថៃ បាន​បញ្ជាក់​ហើយ​ថា មិន​ចរចា​ជាមួយ​កម្ពុជា ហើយក៏​មិន​ទទួលស្គាល់​ផែនទី​បារាំង​-​សៀម​ក្ដី​។ ការ​ច្រានចោល​របស់​ភាគី​ថៃ​នេះ​គឺ​ធ្វើ​ឡើង ក្រោយពី​កម្ពុជា​បាន​រុញ​សំណុំរឿង​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ទៅ​ដោះស្រាយ​តាម​យន្តការ​អន្តរជាតិ ខណៈ​ដំណោះស្រាយ​ព្រំដែន​គោក​វិញ កម្ពុជា​នៅតែ​ជាប់​គាំង​ដដែល។

ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​មន្ត្រី​នានា​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១០ ខែមិថុនា លោក ហ៊ុន សែន បាន​លើកឡើង​ថា កន្លង​មក​នេះ​រដ្ឋាភិបាល​ថៃ បាន​អះអាង​ថា ថៃ​មិន​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ​លោក​ថា បើ​ថៃ​ពិតជា​ទៀងត្រង់​មែន គឺ​កុំ​គេចវេះ ត្រូវ​តែង​តែង​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន ដើម្បី​បន្តការងារ​វាស់វែង និង​កំណត់​បង្គោល​ព្រំដែន​គោក ឡើងវិញ​ជាមួយ​កម្ពុជា ដោយ​ស្រប​ទៅ​តាម​សេចក្ដីថ្លែងការណ៍​រួម កាលពី​ថ្ងៃទី​២៧​ខែធ្នូ ឆ្នាំ​២០២៥ និង យន្តការ​អន្តរជាតិ នានា​ដែល​មាន​ស្រាប់។

លោក ហ៊ុន សែន បន្តថា ភាគី​ថៃ បាន​បន្ត​គេចវេះ ជា​បន្តបន្ទាប់ ដោយ​ចុង​ក្រោយនេះ លើក​ហេតុផល​ថា ដោយសារ​កម្ពុជា យក​បញ្ហា​តំបន់​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ទៅ​ដោះស្រាយ​តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​របស់ អង្គការសហប្រជាជាតិ​។ លោក​បញ្ជាក់​ថា រឿង​នេះ ជា​បញ្ហា​ពីរ​ដោយឡែក​ពី​គ្នា រវាង​ព្រំដែន​គោក និង​ព្រំ​ដែនទឹក​។ ជាមួយគ្នា​នោះ លោក​ក៏​សម្ដែង​ការ​ខឹង​សម្បារ​ចំពោះ​ភាគី​ថៃ ដែល​អះអាង​ថា ទឹកដី​ដែល​ពួកគេ​វាយ​ដណ្ដើម​ពី​កម្ពុជា ថា​ជា​ទឹកដី​របស់​ថៃ។

លោក ហ៊ុន សែន៖ «ឥឡូវ​ខ្ញុំ​ចង់​សួរ​ទៅ​ខាង​(​ថៃ​) តើ​ផ្លូវ​លេខ​៥៨ ដែល​ចិន​ជា​អ្នក​កសាង ឥឡូវ​ថៃ កំពុងតែ​ដាក់​កុងតឺន័រ រាយ​បន្លា​លួស សួរ​ថា​តើ​ប្រទេស​ចិន​មិន​ចេះ​មើល​ឬអី បានជា​មក​ធ្វើ​ផ្លូវ​ឱ្យ​កម្ពុជា ទៅលើ​ដី​ថៃ​ទៅវិញ​? ខ្ញុំ​ចង់​សួរ​កន្លែង​ហ្នឹង​។ បើ​ថា​ខ្លួនឯង​ចិត្តត្រង់ ឥឡូវ​មក​វាស់វែង​ទៅ ព្រោះ​(​ចំណុច​)​ហ្នឹង​យើង​បាន​កំណត់​ជាមួយគ្នា​តាំងពី​ថ្ងៃទី ២៧ ធ្នូ ២០២៥»។

លោក ហ៊ុន សែន ក្រៅ​តែ​ពី​និយាយ​បែប​ដាក់បន្ទុក​មក​លើ​ប្រទេស​ថៃ លោក ក៏បាន​និយាយ​លាងខ្លួន​ពី​កំហុស​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ឈ្លានពាន​របស់​ថៃ ដោយ​លោក​អះអាង​ថា ករណីនេះ​រដ្ឋាភិបាល កំពុងតែ​ប្រឹងប្រែង​រក​ដំណោះស្រាយ ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​ជឿជាក់​លើ រដ្ឋាភិបាល​។​ទន្ទឹមគ្នា​នោះ លោក​ក៏ មិន​ភ្លេច​នោះ​ទេ ក្នុង​ការ​វាយប្រហារ​មក​លើ​បក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស ដោយ​ចោទ​ថា ជា​អ្នក​ជំរុញ​ឱ្យ​កម្ពុជា ប្រើប្រាស់​កម្លាំងយោធា បើ​ទោះ​បី​ជា​ជាក់ស្ដែង​មន្ត្រី​បក្ស​ប្រឆាំង ពលរដ្ឋ និង​អ្នក​រិះគន់ នៅ​ក្រៅ​ប្រទេស តែងតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ក្ដី ក៏​លោក ហ៊ុន សែន​ពុំបាន​អើពើ​នោះ​ដែរ។

រឹតតែ​គួរ​ឱ្យ​សោកស្ដាយ​ទៀត​នោះ​លោក ហ៊ុន សែន គ្រោង​នឹង​យក​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ធ្វើជា​កម្មវិធី​នយោបាយ ដើម្បី​ត្រៀម​ឃោសនា​រក​សន្លឹកឆ្នោត​នៅ​ឆ្នាំ​២០២៧-២០២៨ ដែល​ករណីនេះ អ្នក​រិះគន់​ថា លោក ហ៊ុន សែន​កំពុងតែ​យក​បញ្ហា​ទឹកដី​ជា​ការ​កេង​ចំណេញ​នយោបាយ ពុំ​មែន​ដើម្បី​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ​នោះ​ឡើយ​។ អ្នកឃ្លាំមើល​យល់ថា​ការដែល លោក ហ៊ុន សែន ធ្វើ​បែប​នេះ​គឺជា​ការប្រមាថ​ទឹកដី អាយុជីវិត​ទាហាន និង​ពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​ថៃ ខណៈ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ទៀត ក៏​កំពុងតែ​បាត់បង់​ផ្ទះសម្បែង និង​ដីធ្លី។

ជាមួយគ្នា​នោះ កាលពី​ម្សិលមិញ នៅ​ឯ​មណ្ឌល​ជនភៀសសឹក ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន ហាក់​ចាត់ទុក​បញ្ហា​របស់​ពលរដ្ឋ គឺជា​ការ​លែង​សើច ដើម្បី​អួតអាង​គ្នា​រឿង​ផ្ដល់​ជំនួយ​។ ក្នុង​នោះ​លោក​បាន​និយាយ​ដោយ​ការ​សើច​សប្បាយ ហើយ​មាន​អ្នក​ទះដៃ​បន្ទរ​ផង ថា​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជូន​ដល់​ជនភៀសសឹក ក្នុង​មួយ​គ្រួសារ ១​លាន​រៀល រួម​និង​សម្ភារៈ​មួយចំនួន​។ ការដែល លោក​ឱ្យ​១​លាន​រៀល​នេះ ព្រោះ កុំឱ្យ​ចាញ់កូន​របស់​លោក គឺ​លោក ហ៊ុន ម៉ា​ណែត ដែល​ធ្លាប់​ផ្ដល់​ឱ្យ ជនភៀសសឹក​កន្លងមក​១​គ្រួសារ ទឹកប្រាក់​១​លាន​រៀល​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា​ការ​ថ្លែង​របស់ លោក ហ៊ុន សែន នៅ​ខេត្តបន្ទាយមានជ័យ​ក្ដី និង​នៅ​ខេត្តសៀមរាប ថ្មីៗ​នេះ​ក្ដី គឺ​គ្មាន​យន្តការ​ច្បាស់លាស់ ក្នុង​ការ​ទាមទារ​យក​ទឹកដី​ខ្មែរ ដែល​ថៃ​កំពុង​កាន់កាប់​ជាច្រើន​មកវិញ​នោះ​ទេ​។ លោក​បន្ត​ថា ការដែល​លោក ហ៊ុន សែន បបួល​ថៃ​បោះបង្គោល​ព្រំដែន​គឺ​គ្រាន់​ប្រសិទ្ធភាព​នោះ​ឡើយ ព្រោះ​ភាគី​ថៃ​បាន​អះអាង​រួច​មក​ហើយ​ថា មិន​ទទួលស្គាល់​ផែនទី​ដែល​គូសវាស​ដោយ​បារាំង​នោះ​ឡើយ ដូច្នេះ​កម្ពុជា មិន​ត្រូវ​រង់ចាំ​ភាគី​ថៃ​នោះ​ទេ គួរតែ​ដាក់​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

លោក​បន្ត​ថា ការ​បកស្រាយ​របស់ លោក ហ៊ុន សែន ក្ដី និង លោក ហ៊ុន ម៉ាណែត ក្ដី ពលរដ្ឋ​លែង​ចង់​ស្ដាប់ ឬ​ជឿ​ទៀតហើយ ព្រោះ​បញ្ហា​នេះ បាន​អូស​បន្លាយ​១​ឆ្នាំ​ហើយ នៅតែ​គ្មាន​ដោះស្រាយ​ជា​ដុំកំភួន ខណៈ​រដ្ឋាភិបាល ហាក់​លួចលាក់ រឿង​ដោះស្រាយ​បញ្ហា។

លោក ម៉ែន ណាត៖ «បើ​យើង​សង្ឃឹមថា លោក ហ៊ុន សែន ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន បញ្ហា​ជាតិ សង្ឃឹមថា​បាន​ដី​មកវិញ សង្ឃឹមថា​បាន​យុត្តិធម៌​មកវិញ​ទេ សង្ឃឹមថា​ថៃ​នឹង​សង់​ជំងឺចិត្ត​ពី​ការ​រង​គ្រោះ ការខូចខាត​ទ្រព្យសម្បត្តិ​អ្នកស្រុក និង​ខូចខាត​ទ្រព្យសម្បត្តិ​ទេ គឺ​អត់​ទេ។ ដើម្បី​បាន​យុត្តិធម៌​មកវិញ​វា​ត្រូវតែ កម្ពុជា​នឹង​ត្រូវ​ពង្រឹង​ការទូត ដោយ​ពិតប្រាកដ​មិនមែន ដូច លោក ហ៊ុន សែន ចេះតែ​និយាយ​អ៊ីចឹង​ទេ និយាយ​អ៊ីចឹង​គ្មាន​បាន​អ្វី​ទេ ថៃ​មិន​ស្ដាប់​ទេ​។ ដោយឡែក​មួយ​ទៀត គឺ​ត្រូវតែ​ប្ដឹង ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​រឿង​បញ្ហា​ព្រំដែន»។

ពលរដ្ឋ និង​អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​»​គួរតែ​បញ្ឈប់​ការ​ថ្លែង​សារ​ដែល​បោកប្រាស់​ពលរដ្ឋ និង​ងាក​មក​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ឱ្យ​ឃើញ​លទ្ធផល​ជា​ដុំកំភួន​។ ទន្ទឹមគ្នា​នោះ ពួកគាត់​ស្នើ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្រោយពី​ទទួល​ស្គាល់​ថា ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​យុទ្ធសាស្ត្រ​ធ្ងន់ធ្ងរ ទើប​ធ្វើ​ឱ្យ​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ដូច្នេះ​គួរតែ​ងាក​មក​ធ្វើ​កំណែ​ទម្រង់​វិស័យ​កងទ័ព លុបបំបាត់​អំពើពុករលួយ បក្ខពួក​និយម និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​រាល់​យន្តការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ប្រកបដោយ​តម្លាភាព​។ ជាមួយគ្នា​នោះ លោក ហ៊ុន សែន ត្រូវតែ​បញ្ឈប់​ទម្លាប់​យក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ ហើយ​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ដោយ​គ្មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ