

អង្គការលីកាដូឲ្យដឹងថា ពលរដ្ឋ ២នាក់ទៀត ត្រូវបានតុលាការកាត់ទោស ខណៈពលរដ្ឋម្នាក់ទៀត ត្រូវចោទប្រកាន់ និងឃុំខ្លួន ក្នុងរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកនយោបាយ និងសង្គមស៊ីវិល ព្រួយបារម្ភចំពោះការបន្តចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនអ្នកបញ្ចេញមតិអំពីបញ្ហាបូរណភាពទឹកដី បើទោះបីសិទ្ធិរបស់ពលរដ្ឋសម្ដែងមតិនេះ ធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។
ការបាត់បងទឹកដីកម្ពុជាជាច្រើនតំបន់ ដោយសារកងទ័ពថៃឈ្លានពានកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរព្រួយបារម្ភ ប៉ុន្តែពួកគេមិនអាចបញ្ចេញប្រតិកម្មបានតាមចិត្តនោះទេ ដោយសារការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
នៅក្នុងសប្ដាហ៍នេះ អង្គការលីកាដូ បានចេញផ្សាយនូវអត្ថបទខ្លីពីរដាច់ដោយឡែកពីគ្នា ទាក់ទងតុលាការ ផ្ដន្ទាទោសពលរដ្ឋខ្មែរ ២ នាក់ និងការចោទប្រកាន់ ឃុំខ្លួនពលរដ្ឋ ម្នាក់ទៀត ដែលបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាទឹកដីព្រំដែន។
អត្ថបទរបស់លីកាដូ ឲ្យដឹងថា អាជីវករនៅស្រុកពួក ខេត្តសៀមរាប លោក ជ័យ ភីរម្យ ដែលសកម្មបង្ហាញយោបល់លើបណ្ដាញសង្គម ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែមេសា និងត្រូវតុលាការខេត្តនេះ ចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅថ្ងៃទី០៤ ខែឧសភា។ លោកត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ចាប់ខ្លួននៅកន្លែងលក់អីវ៉ាន់នៅផ្ទះរបស់ លោកក្នុងស្រុកពួក ខេត្តសៀមរាប អំឡុងពេលលោកកំពុងឆុងកាហ្វេលក់ឲ្យក្រុម នគរបាល និងអាជ្ញាធរ។
ការចាប់ខ្លួន និងចោទប្រកាន់លោក ជ័យ ភីរម្យ ធ្វើឡើងបន្ទាប់ពីលោកបង្ហោះសារ ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក។ បច្ចុប្បន្ន លោកត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១០ ខែមិថុនា ថា ការបន្តចាប់ខ្លួនពលរដ្ឋ មិនបានផ្ដល់ផល ចំណេញអ្វី ឡើយ ផ្ទុយទៅ វិញ រដ្ឋាភិបាលនឹងរងការរិះគន់ពីពលរដ្ឋ និងសហគមន៍អន្តរជាតិ។ លោកថា រដ្ឋាភិបាល គួរបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋបញ្ចេញមតិ ស្របតាម រដ្ឋធម្មនុញ្ញ និងបង្ហាញការផ្សះផ្សាជាតិ ឯកភាពជាតិ ទើបខ្មែរខ្លាំង ប៉ុន្តែបើ រដ្ឋាភិបាលនៅតែបន្ត ធ្វើទុក្ខបុកម្នេញលើអ្នកបញ្ចេញមតិទៀតនោះ ប្រទេសកម្ពុជា នឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ។
លោក រ៉ុង ឈុន៖ «រដ្ឋាភិបាលយើងត្រូវតែមានសេចក្ដីក្លាហាន ទទួលការពិត ហើយទទួលយកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមកសិក្សា ថាគាត់បញ្ចេញមតិ ហ្នឹង ត្រឹមត្រូវដែលទេ ឬមួយមិនត្រឹមត្រូវ។ បើត្រឹមត្រូវយើងទទួលយក បើមិនត្រឹមត្រូវ យើងទុកចោល តែមិនត្រូវចាប់គាត់ដាក់ពន្ធនាគារទេឬមួយយ៉ាងហោច គ្រាន់តែជម្រាប អញ្ជើញគាត់មកអប់រំទៅ បើគាត់បញ្ចេញមតិថ្លោះធ្លោយ។ នេះបានរឿងល្អ សម្រាប់សង្គមប្រជាធិបតេយ្យ»។
ក្រៅពីការធ្វើទុក្ខបុកម្នេញលើអាជីវករ ជ័យ ភីរម្យ នោះ តុលាការខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានផ្ដន្ទាទោស ពលរដ្ឋពីរនាក់ផ្សេងទៀត គឺលោក ម៉ិក ឌៀប និង លោក ហ៊ុន ហុង ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពាក់ព័ន្ធ នឹងការថតរូបស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងឧត្តរមានជ័យ អំឡុងពេលជម្លោះព្រំដែនជាមួយថៃ។ ស្ពានដែលអ្នកទាំងពីរថត ពីរបីថ្ងៃក្រោយមក ត្រូវបានបំផ្ទុះបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់យោធាថៃ។ អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
អង្គការលីកាដូ រាយការណ៍ថា សាលាដំបូងខេត្តសៀមរាប ផ្ដន្ទាទោសលោក ឌៀប និងលោក ហុង តាមមាត្រា ៤៤៦ ពីបទ«ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ» និង មាត្រា ២៧ ពីបទ «ប៉ុនប៉ងក្នុងបទឧក្រិដ្ឋ» នៃក្រមព្រហ្មទណ្ឌ ។ លោក ឌៀប និងលោក ហុង បានប្តឹងឧទ្ធរណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ហើយអ្នកទាំងពីរកំពុងជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាប។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១០ ខែមិថុនា ថា ការចាប់ខ្លួនពលរដ្ឋ អំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃនេះ គឺអាចមានច្រើន។ លោកបន្តថា តុលាការ គួរពិចារណាឲ្យបានច្បាស់លាស់ រវាងការបញ្ចេញមតិ និងបទល្មើស ហើយបើពិនិត្យឃើញថា ជាសេរីភាពក្នុងការបញ្ចេញមតិ តុលាការ ត្រូវទម្លាក់បទចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ។
លោក អំ សំអាត ថា កាលណាតុលាការញែកមិនដាច់រវាងបទល្មើស និងសេរីភាព ក្នុងការបញ្ចេញមតិនោះទេ ការចាប់ខ្លួនពលរដ្ឋនៅតែបន្ត ខណៈពលរដ្ឋផ្សេងទៀត ក៏លែងហ៊ានបញ្ចេញមតិ។
លោក អំ សំអាត៖ «បើសិនជាប្រជាពលរដ្ឋ លោកមិនហ៊ានចូលរួមក្នុងការបញ្ចេញមតិ ក៏វាប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ពីព្រោះការបញ្ចេញមតិ វាជាកញ្ចក់ឆ្លុះបញ្ចាំងមួយ ឲ្យតែការបញ្ចេញមតិហ្នឹង បែបយើងហៅថា មានការរិះគន់ ក្នុងន័យ ដើម្បីធ្វើការស្ថាបនា។ អាជ្ញាធរសាធារណៈ ក៏គួរតែ បើកចិត្តឲ្យទូលាយចំពោះការរិះគន់ទាំងឡាយណា ទីមួយដើម្បីស្ថាបនា ទី២ ដើម្បីការកែលម្អនៅក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋក៏ដូចជាអភិវឌ្ឍន៍»។
ក្រៅពីធ្វើទុក្ខបុកម្នេញអាជីវករ និងប្រជាពលរដ្ឋទូទៅហើយ អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែប្រើចំណាត់ការធ្ងន់ធ្ងរលើអ្នកបញ្ចេញមតិ រឿងបូរណភាពទឹកដី និងប្រើប្រាស់តុលាការបំផ្លាញ ក្រុមអ្នកប្រជាធិបតេយ្យ និងបំបិទសេរីភាពព័ត៌មានថែមទៀត។
កាលពីថ្ងៃទី១៣ ខែឧសភា តុលាការខេត្តបន្ទាយមានជ័យ បានផ្ដន្ទាទោសសកម្មជន និងជាអតីតបេក្ខជនក្រុមប្រឹក្សាស្រុកនៃគណបក្សឆន្ទៈខ្មែរលោក ចាន់ ជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ» ជុំវិញការថតរូប និងវីដេអូពីបញ្ហាព្រំដែន។
រីឯអ្នកសារព័ត៌មានអនឡាញពីររូប គឺ លោក ផន សុភាព និងលោក ភាព ភារ៉ា ក៏ត្រូវបានតុលាការខេត្តសៀមរាប ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ១៤ ឆ្នាំ ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ» ពាក់ព័ន្ធការបង្ហោះរូបភាព និងវីដេអូ។
របាយការណ៍លីកាដូបង្ហាញថា ក្រុមអ្នករងគ្រោះទាំងអស់នេះ ស្ថិតនៅក្នុងចំណោមមនុស្ស ១០៩ នាក់ ដែលជាប់ឃុំ ដោយសារការប្រើប្រាស់សិទ្ធិ។
អ្នកឃ្លាំមើលលើកឡើងពីការសង្ស័យ លើភាពមិនស្មោះត្រង់របស់រដ្ឋាភិបាល គ្រួសារត្រកូលហ៊ុន ទាក់ទងបញ្ហាការពារបូរណភាពទឹកដីកម្ពុជា ពីព្រោះមកដល់ ពេលនេះ កម្លាំងយោធាថៃកំពុងត្រួតត្រាទឹកដីកម្ពុជាជាច្រើនតំបន់តូចធំ នៅតាម ព្រំដែន ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមប្រើកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ហើយក៏មិនប្ដឹងថៃទៅតុលាការអន្តរជាតិដើម្បីដោះស្រាយ បញ្ហា ឡើយ។ ជាការឆ្លើយតប អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជា ចាំតាមដានឃ្លាំមើលធ្វើបាបពលរដ្ឋខ្មែរ ដែលឈឺឆ្អាលនឹងបញ្ហាទឹកដីទៅវិញ៕









