ពលរដ្ឋ​៣​នាក់​ទៀត​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

0
34
ក្រុមបច្ចេកទេសខ្មែរ-ថៃ កំពុងរុករកតម្រុយបង្គោលព្រំដែនចាស់លេខ៥២ ដល់៥៩ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥។ រូប៖ សារព័ត៌មានខេត្តចន្ទបុរី
ក្រុមបច្ចេកទេសខ្មែរ-ថៃ កំពុងរុករកតម្រុយបង្គោលព្រំដែនចាស់លេខ៥២ ដល់៥៩ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥។ រូប៖ សារព័ត៌មានខេត្តចន្ទបុរី

អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា ពលរដ្ឋ ២​នាក់​ទៀត ត្រូវ​បាន​តុលាការ​កាត់ទោស ខណៈ​ពលរដ្ឋ​ម្នាក់ទៀត ត្រូវ​ចោទប្រកាន់ និង​ឃុំខ្លួន ក្នុង​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ អ្នកនយោបាយ និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​អ្នក​បញ្ចេញមតិ​អំពី​បញ្ហា​បូរណភាព​ទឹកដី បើទោះ​បី​សិទ្ធិ​របស់​ពលរដ្ឋ​សម្ដែង​មតិ​នេះ ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

ការ​បាត់បង​ទឹកដី​កម្ពុជា​ជាច្រើន​តំបន់ ដោយសារ​កងទ័ព​ថៃ​ឈ្លានពាន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ ប៉ុន្តែ​ពួកគេ​មិនអាច​បញ្ចេញ​ប្រតិកម្ម​បាន​តាមចិត្ត​នោះ​ទេ ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

នៅក្នុង​សប្ដាហ៍​នេះ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ខ្លី​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ទាក់ទង​តុលាការ ផ្ដន្ទាទោស​ពលរដ្ឋ​ខ្មែរ ២ នាក់ និង​ការចោទប្រកាន់ ឃុំខ្លួន​ពលរដ្ឋ ម្នាក់ទៀត ដែល​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកដី​ព្រំដែន។

អត្ថបទ​របស់​លីកាដូ ឲ្យ​ដឹង​ថា អាជីវករ​នៅ​ស្រុក​ពួក ខេត្តសៀមរាប លោក ជ័យ ភី​រម្យ ដែល​សកម្ម​បង្ហាញ​យោបល់​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែមេសា និង​ត្រូវ​តុលាការខេត្ត​នេះ ចោទប្រកាន់​ពីបទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» នៅ​ថ្ងៃទី​០៤ ខែឧសភា​។ លោក​ត្រូវ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល ចាប់ខ្លួន​នៅ​កន្លែង​លក់​អីវ៉ាន់​នៅផ្ទះ​របស់ លោក​ក្នុងស្រុក​ពួក ខេត្តសៀមរាប អំឡុង​ពេល​លោក​កំពុង​ឆុង​កាហ្វេ​លក់​ឲ្យ​ក្រុម នគរបាល និង​អាជ្ញាធរ។

ការ​ចាប់ខ្លួន និង​ចោទប្រកាន់​លោក ជ័យ ភីរម្យ ធ្វើឡើង​បន្ទាប់ពី​លោក​បង្ហោះ​សារ ទាក់ទង​នឹង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក​។ បច្ចុប្បន្ន លោក​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែ​មិថុនា ថា ការ​បន្ត​ចាប់ខ្លួន​ពលរដ្ឋ មិនបាន​ផ្ដល់​ផល ចំណេញ​អ្វី ឡើយ ផ្ទុយ​ទៅ វិញ រដ្ឋាភិបាល​នឹង​រង​ការរិះគន់​ពី​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​។ លោក​ថា រដ្ឋាភិបាល គួរ​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ ស្របតាម រដ្ឋធម្មនុញ្ញ និង​បង្ហាញ​ការផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ទើប​ខ្មែរ​ខ្លាំង ប៉ុន្តែ​បើ រដ្ឋាភិបាល​នៅតែ​បន្ត ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​បញ្ចេញមតិ​ទៀត​នោះ ប្រទេស​កម្ពុជា នឹង​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​ឡើយ។

លោក រ៉ុង ឈុន៖ «​រដ្ឋាភិបាល​យើង​ត្រូវតែ​មាន​សេចក្ដីក្លាហាន ទទួល​ការពិត ហើយ​ទទួលយក​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​មក​សិក្សា ថា​គាត់​បញ្ចេញមតិ ហ្នឹង ត្រឹមត្រូវ​ដែល​ទេ ឬមួយ​មិន​ត្រឹមត្រូវ​។ បើ​ត្រឹមត្រូវ​យើង​ទទួលយក បើ​មិន​ត្រឹមត្រូវ យើង​ទុកចោល តែ​មិន​ត្រូវ​ចាប់​គាត់​ដាក់​ពន្ធនាគារ​ទេ​ឬមួយ​យ៉ាង​ហោច គ្រាន់តែ​ជម្រាប អញ្ជើញ​គាត់​មក​អប់រំ​ទៅ បើ​គាត់​បញ្ចេញមតិ​ថ្លោះធ្លោយ​។ នេះ​បាន​រឿង​ល្អ សម្រាប់​សង្គម​ប្រជាធិបតេយ្យ»។

ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អាជីវករ ជ័យ ភីរម្យ នោះ តុលាការ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៦ បាន​ផ្ដន្ទាទោស ពលរដ្ឋ​ពីរ​នាក់​ផ្សេងទៀត គឺ​លោក ម៉ិក ឌៀប និង លោក ហ៊ុន ហុង ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ ពាក់ព័ន្ធ នឹង​ការ​ថតរូប​ស្ពាន​អូរ​ជីក ស្ថិតនៅ​ព្រំប្រទល់​ខេត្តសៀមរាប និង​ឧត្តរមានជ័យ អំឡុង​ពេល​ជម្លោះព្រំដែន​ជាមួយ​ថៃ​។ ស្ពាន​ដែល​អ្នក​ទាំងពីរ​ថត ពីរ​បី​ថ្ងៃ​ក្រោយមក ត្រូវ​បាន​បំផ្ទុះ​បំផ្លាញ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​យោធា​ថៃ​។ អ្នក​ទាំងពីរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥។

អង្គការ​លីកាដូ រាយការណ៍​ថា សាលាដំបូង​ខេត្តសៀមរាប ផ្ដន្ទាទោស​លោក ឌៀប និង​លោក ហុង តាម​មាត្រា ៤៤៦ ពី​បទ​«​ប្រមូល​ផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» និង មាត្រា ២៧ ពី​បទ «​ប៉ុនប៉ង​ក្នុង​បទឧក្រិដ្ឋ​» នៃ​ក្រមព្រហ្មទណ្ឌ ។ លោក ឌៀប និង​លោក ហុង បាន​ប្តឹង​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៦ ហើយ​អ្នក​ទាំងពីរ​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែមិថុនា ថា ការ​ចាប់ខ្លួន​ពលរដ្ឋ អំឡុង​ពេល​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ​នេះ គឺ​អាច​មាន​ច្រើន​។ លោក​បន្ត​ថា តុលាការ គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ រវាង​ការ​បញ្ចេញមតិ និង​បទល្មើស ហើយ​បើ​ពិនិត្យ​ឃើញ​ថា ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ តុលាការ ត្រូវ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។

លោក អំ សំអាត ថា កាលណា​តុលាការ​ញែក​មិន​ដាច់​រវាង​បទល្មើស និង​សេរីភាព ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ ការ​ចាប់ខ្លួន​ពលរដ្ឋ​នៅតែ​បន្ត ខណៈ​ពលរដ្ឋ​ផ្សេងទៀត ក៏​លែង​ហ៊ាន​បញ្ចេញមតិ។

លោក អំ សំអាត៖ «បើសិនជា​ប្រជាពលរដ្ឋ លោក​មិន​ហ៊ាន​ចូលរួម​ក្នុង​ការ​បញ្ចេញមតិ ក៏​វា​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​ការ​បញ្ចេញមតិ វា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​មួយ ឲ្យ​តែ​ការ​បញ្ចេញមតិ​ហ្នឹង បែប​យើង​ហៅថា មានការ​រិះគន់ ក្នុង​ន័យ ដើម្បី​ធ្វើការ​ស្ថាបនា​។ អាជ្ញាធរ​សាធារណៈ ក៏​គួរតែ បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​ការរិះគន់​ទាំងឡាយ​ណា ទីមួយ​ដើម្បី​ស្ថាបនា ទី​២ ដើម្បី​ការ​កែ​លម្អ​នៅក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ក៏ដូចជា​អភិវឌ្ឍន៍»។

ក្រៅពី​ធ្វើទុក្ខបុកម្នេញ​អាជីវករ និង​ប្រជាពលរដ្ឋ​ទូទៅ​ហើយ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត តែងតែ​ប្រើ​ចំណាត់ការ​ធ្ងន់ធ្ងរ​លើ​អ្នក​បញ្ចេញមតិ រឿង​បូរណភាព​ទឹកដី និង​ប្រើប្រាស់​តុលាការ​បំផ្លាញ ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​បំបិទ​សេរីភាព​ព័ត៌មាន​ថែមទៀត។

កាលពី​ថ្ងៃទី​១៣ ខែឧសភា តុលាការខេត្ត​បន្ទាយមានជ័យ បាន​ផ្ដន្ទាទោស​សកម្មជន និង​ជា​អតីត​បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក ចាន់ ជាតិ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ ពី​បទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» ជុំវិញ​ការ​ថតរូប និង​វីដេអូ​ពី​បញ្ហា​ព្រំដែន។

រីឯ​អ្នកសារព័ត៌មាន​អនឡាញ​ពីររូប គឺ លោក ផន សុភាព និង​លោក ភាព ភារ៉ា ក៏​ត្រូវ​បាន​តុលាការ​ខេត្តសៀមរាប ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ១៤ ឆ្នាំ ពី​បទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» ពាក់ព័ន្ធ​ការ​បង្ហោះ​រូបភាព និង​វីដេអូ​។​

របាយការណ៍​លីកាដូ​បង្ហាញថា ក្រុម​អ្នករងគ្រោះ​ទាំងអស់​នេះ ស្ថិតនៅ​ក្នុងចំណោម​មនុស្ស ១០៩ នាក់ ដែល​ជាប់ឃុំ ដោយសារ​ការប្រើប្រាស់​សិទ្ធិ។

អ្នកឃ្លាំមើល​លើកឡើង​ពី​ការសង្ស័យ លើ​ភាព​មិនស្មោះត្រង់​របស់​រដ្ឋាភិបាល គ្រួសារ​ត្រកូល​ហ៊ុន ទាក់ទង​បញ្ហា​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ពីព្រោះ​មកដល់ ពេលនេះ កម្លាំងយោធា​ថៃ​កំពុង​ត្រួតត្រា​ទឹកដី​កម្ពុជា​ជាច្រើន​តំបន់​តូចធំ នៅ​តាម ព្រំដែន ប៉ុន្តែ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិន​ព្រម​ប្រើ​កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង​ប៉ារីស ហើយក៏​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ បញ្ហា ឡើយ​។ ជា​ការ​ឆ្លើយតប អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បែរជា ចាំ​តាមដាន​ឃ្លាំមើល​ធ្វើបាប​ពលរដ្ឋ​ខ្មែរ ដែល​ឈឺឆ្អាល​នឹង​បញ្ហា​ទឹកដី​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ