រដ្ឋាភិបាល​ក្រុងភ្នំពេញ​បង្ក្រាប​អ្នក​បញ្ចេញមតិ​រឿង​ជម្លោះព្រំដែន​កើន​ដល់​ជាង​៥០​នាក់

0
21
បញ្ជីឈ្មោះអ្នកត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ក្រោមការដឹកនាំរបស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ លីកាដូ
បញ្ជីឈ្មោះអ្នកត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ក្រោមការដឹកនាំរបស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ លីកាដូ

រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​យក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ធ្វើជា​ឱកាស​យាយី​និង​បង្ក្រាប​លើ​អ្នក​រិះគន់​និង​អ្នកប្រឆាំង​ជា​បន្តបន្ទាប់​ដែល​ផ្ទុយទៅ​​នឹង​គោលការណ៍​សិទ្ធិមនុស្ស​។ អង្គការ​លីកាដូ បាន​អះអាង​ថា មក​ទល់​ពេល​នេះ មាន​អ្នក​ជាប់ឃុំ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ​ចំនួន​១១៥​នាក់​ក្នុង​នោះ​ជាង​៧០​ភាគរយ​ឬ​ជាង​៥០ នាក់​គឺជា​អ្នក​បញ្ចេញមតិ​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

ទោះបីជា​ប្រទេស​កម្ពុជា កំពុង​រងគ្រោះ​ពី​ការឈ្លានពាន​របស់​យោធា​ថៃ​ក្តី ក៏​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិនបាន​បង្អង់​ដៃ​នៅ ក្នុង​ការ​បំភិតបំភ័យ ការ​យាយី​និង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក​រិះគន់​និង​អ្នកប្រឆាំង​ឡើយ​។ ផ្ទុយទៅវិញ ជម្លោះព្រំដែន​កម្ពុជា​-​ថៃ បាន​ក្លាយ​ជា​លេស​សម្រាប់​រដ្ឋាភិបាល​ក្រុងភ្នំពេញ បង្កើន​ការចោទប្រកាន់​និង​ចាប់ខ្លួន​ឥត​ឈប់ឈរ​ទៅលើ​សកម្មជន​នយោបាយ​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន គ្រូបង្រៀន និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម។

របាយការណ៍​របស់​អង្គការ​លីកាដូ​ដែល​បាន​ចងក្រង​ចំនួន​អ្នក​ជាប់ឃុំ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា ចំនួន​អ្នក​ជាប់ឃុំ​បាន​កើន​ដល់​១១៥​នាក់ ក្នុង​នោះ​ជាង​៧០​ភាគរយ ឬ​ជាង​៥០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ដោយសារ​ការ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២៥​មក។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ចំនួន​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​ព្រំដែន មាន​ចំនួន​ច្រើនជាង​១១៥​នាក់​នេះ ប៉ុន្តែ​ដោយសារ​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ព័ត៌មាន​របស់​អ្នក​ជាប់ឃុំ ឬ​ចងក្រង​ក្នុង​របាយការណ៍​នោះ​ទេ។ លោក អំ សំអាត សន្និដ្ឋាន​ថា ប្រសិនបើ​បូកសរុប​ទាំងអស់​ចំនួន​អ្នក​ជាប់ឃុំ អាច​កើន​ដល់​ជាង​១៣០​នាក់។ «»

អាជ្ញាធរ បាន​ចោទប្រកាន់​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគច្រើន​ពី​បទ​”​ញុះញង់​”​ដែល​អាច​ជាប់​ពន្ធនាគា​រ​រហូតដល់​២​ឆ្នាំ​និង​ពី​បទ​”​រួមគំនិត​ក្បត់​” ឬ​ពី​បទ​”​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” ដែល​អាច ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១៥​ឆ្នាំ។ ទោសទណ្ឌ​របស់​ពួកគាត់ គឺ​ដោយសារតែ​ការ​បង្ហោះ​សារ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​អំពី​ករណី​ទាហាន​ខ្វះ​ទឹក ការ​ចង់​ធ្វើបាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ ព្រមទាំង​ការរិះគន់​រដ្ឋាភិបាល ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្វល់​ពី​ជីវភាព​កងទ័ព ការ​បង្ក្រាប​ទៅលើ​ខ្មែរ​គ្នាឯង និង​អសមត្ថភាព​ការពារ​ទឹកដី​ជាដើម។

កាលពី​ថ្ងៃទី​៩ មិថុនា​កន្លងទៅ មេ​បក្ស​កាន់អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្វីដ្បិត​តែ​លោក​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ដែល​លោក មិនបាន​ត្រៀមលក្ខណៈ​ប្រយុទ្ធ និង​មិនបាន​ពង្រឹង​វិស័យ​យោធា រហូតដល់​ថ្នាក់​ចាញ់​សង្គ្រាម​ថៃ​ក្តី ក៏​លោក នៅតែ​បន្ត​គំរាមកំហែង​តាម​ធ្វើបាប​អ្នក​រិះគន់​និង​អ្នកប្រឆាំង​ឥត​ឈប់​ដែរ។ «»

ទន្ទឹម​នឹង​មេដឹកនាំ​រដ្ឋាភិបាល​ត្រកូល ”​ហ៊ុន ”​គំរាមកំហែង និង​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​អ្នក​រិះគន់​និង​អ្នកប្រឆាំង​នេះ នៅ​ឯ​ប្រទេស​ថៃ​វិញ រដ្ឋាភិបាល​ថៃ បាន​បើកដៃ​ឲ្យ​យោធា​ថៃ ពលរដ្ឋ​និង​ព្រះសង្ឃ​ថៃ ចូលកាន់​កាប់​និង​សាងសង់​សំណង់​ផ្សេងៗ​នៅ​លើ​ទឹកដី​ខ្មែរ​។ លើស​ពី​នេះ រដ្ឋាភិបាល​ថៃ ក៏​ផ្តល់​សេរីភាព​ឲ្យ​អ្នកសារព័ត៌មាន​ថៃ អ្នកប្រឆាំង​និង​បញ្ញវ័ន្ត​ថៃ អាច​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​ដោយ​គ្មាន​ការរារាំង និង​ការ​បង្ក្រាប​ឡើយ ទោះបី​ជាមា​​​​​ន​ទស្សនៈ​រិះគន់​រដ្ឋាភិបាល​ថៃ​ក្តី​។​ពេលខ្លះ លោក ហ៊ុន សែន ថែមទាំង​យក​ទស្សនៈ​បញ្ញវ័ន្ត​ថៃ ដែល​រិះគន់​រដ្ឋាភិបាល​ថៃ មក​ចែករំលែក​លើ​ហ្វេសប៊ុក​របស់​លោក​ទៀត​ផង។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​មាន​មូលដ្ឋាន​នៅ​អូស្ត្រាលី លោក អ៊ិន ណាត ថ្លែង​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ កំពុង​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ តាមរយៈ​ការ​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ខ្មែរ​ដែល​បញ្ចេញមតិ ដោយ​សន្តិវិធី​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ លោក បន្ត​ថា ទង្វើ​របស់​រដ្ឋាភិបាល​នេះ គ្មាន​ផល​ចំណេញ​ដល់​ជាតិខ្មែរ​ឡើយ ហើយ​រដ្ឋាភិបាល​ខ្លួនឯង ក៏​កាន់តែ​ជាប់​ឈ្មោះ​អាក្រក់​រឿង​រំលោភសិទ្ធិ​មនុស្ស និង​បាត់បង់​ការ​គាំទ្រ​ផ្នែក​ការទូត​ពី​សហគមន៍​អន្តជាតិ​ផង​ដែរ។ «»

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​យក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ចាប់ខ្លួន​មនុស្ស​តាម​ទំនើងចិត្ត​ដែរ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អះអាង​ថា ត្រឹមតែ​នៅក្នុង​ខែកក្កដា និង​ខែសីហា ឆ្នាំ​២០២៥ អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​យ៉ាងហោចណាស់​ជាង​១៦​នាក់។

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ តែងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បរទេស ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ លុបចោល​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ដោយសារ​ប្រើប្រាស់​សិទ្ធិ​ទាំងនេះ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ