

រដ្ឋាភិបាលក្រុងភ្នំពេញ បានយកជម្លោះព្រំដែនកម្ពុជា-ថៃ ធ្វើជាឱកាសយាយីនិងបង្ក្រាបលើអ្នករិះគន់និងអ្នកប្រឆាំងជាបន្តបន្ទាប់ដែលផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្ស។ អង្គការលីកាដូ បានអះអាងថា មកទល់ពេលនេះ មានអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិចំនួន១១៥នាក់ក្នុងនោះជាង៧០ភាគរយឬជាង៥០ នាក់គឺជាអ្នកបញ្ចេញមតិរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
ទោះបីជាប្រទេសកម្ពុជា កំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃក្តី ក៏រដ្ឋាភិបាលឪពុកកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនបានបង្អង់ដៃនៅ ក្នុងការបំភិតបំភ័យ ការយាយីនិងការធ្វើទុក្ខបុកម្នេញទៅលើអ្នករិះគន់និងអ្នកប្រឆាំងឡើយ។ ផ្ទុយទៅវិញ ជម្លោះព្រំដែនកម្ពុជា-ថៃ បានក្លាយជាលេសសម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញ បង្កើនការចោទប្រកាន់និងចាប់ខ្លួនឥតឈប់ឈរទៅលើសកម្មជននយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន គ្រូបង្រៀន និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គម។
របាយការណ៍របស់អង្គការលីកាដូដែលបានចងក្រងចំនួនអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិ បង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ចំនួនអ្នកជាប់ឃុំបានកើនដល់១១៥នាក់ ក្នុងនោះជាង៧០ភាគរយ ឬជាង៥០នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ចំនួនអ្នកជាប់ឃុំពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងព្រំដែន មានចំនួនច្រើនជាង១១៥នាក់នេះ ប៉ុន្តែដោយសារគ្រួសាររបស់អ្នកជាប់ឃុំមួយចំនួន មិនអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានរបស់អ្នកជាប់ឃុំ ឬចងក្រងក្នុងរបាយការណ៍នោះទេ។ លោក អំ សំអាត សន្និដ្ឋានថា ប្រសិនបើបូកសរុបទាំងអស់ចំនួនអ្នកជាប់ឃុំ អាចកើនដល់ជាង១៣០នាក់។ «»
អាជ្ញាធរ បានចោទប្រកាន់អ្នកដែលត្រូវបានចាប់ខ្លួនភាគច្រើនពីបទ”ញុះញង់”ដែលអាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំនិងពីបទ”រួមគំនិតក្បត់” ឬពីបទ”ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” ដែលអាច ជាប់ពន្ធនាគារពី៥ឆ្នាំដល់១៥ឆ្នាំ។ ទោសទណ្ឌរបស់ពួកគាត់ គឺដោយសារតែការបង្ហោះសារបញ្ចេញមតិតាមបណ្ដាញសង្គមអំពីករណីទាហានខ្វះទឹក ការចង់ធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់ថៃ ព្រមទាំងការរិះគន់រដ្ឋាភិបាល ប្រព្រឹត្តអំពើពុករលួយដោយមិនខ្វល់ពីជីវភាពកងទ័ព ការបង្ក្រាបទៅលើខ្មែរគ្នាឯង និងអសមត្ថភាពការពារទឹកដីជាដើម។
កាលពីថ្ងៃទី៩ មិថុនាកន្លងទៅ មេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្វីដ្បិតតែលោកសុំទោសជាសាធារណៈចំពោះកំហុសដែលលោក មិនបានត្រៀមលក្ខណៈប្រយុទ្ធ និងមិនបានពង្រឹងវិស័យយោធា រហូតដល់ថ្នាក់ចាញ់សង្គ្រាមថៃក្តី ក៏លោក នៅតែបន្តគំរាមកំហែងតាមធ្វើបាបអ្នករិះគន់និងអ្នកប្រឆាំងឥតឈប់ដែរ។ «»
ទន្ទឹមនឹងមេដឹកនាំរដ្ឋាភិបាលត្រកូល ”ហ៊ុន ”គំរាមកំហែង និងបង្ក្រាបឥតស្រាកស្រាន្តទៅលើអ្នករិះគន់និងអ្នកប្រឆាំងនេះ នៅឯប្រទេសថៃវិញ រដ្ឋាភិបាលថៃ បានបើកដៃឲ្យយោធាថៃ ពលរដ្ឋនិងព្រះសង្ឃថៃ ចូលកាន់កាប់និងសាងសង់សំណង់ផ្សេងៗនៅលើទឹកដីខ្មែរ។ លើសពីនេះ រដ្ឋាភិបាលថៃ ក៏ផ្តល់សេរីភាពឲ្យអ្នកសារព័ត៌មានថៃ អ្នកប្រឆាំងនិងបញ្ញវ័ន្តថៃ អាចបញ្ចេញមតិពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជាដោយគ្មានការរារាំង និងការបង្ក្រាបឡើយ ទោះបីជាមានទស្សនៈរិះគន់រដ្ឋាភិបាលថៃក្តី។ពេលខ្លះ លោក ហ៊ុន សែន ថែមទាំងយកទស្សនៈបញ្ញវ័ន្តថៃ ដែលរិះគន់រដ្ឋាភិបាលថៃ មកចែករំលែកលើហ្វេសប៊ុករបស់លោកទៀតផង។
ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានមូលដ្ឋាននៅអូស្ត្រាលី លោក អ៊ិន ណាត ថ្លែងថា រដ្ឋាភិបាលក្រុងភ្នំពេញ កំពុងជាន់ឈ្លីរដ្ឋធម្មនុញ្ញ តាមរយៈការបង្ក្រាបទៅលើពលរដ្ឋខ្មែរដែលបញ្ចេញមតិ ដោយសន្តិវិធីពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក បន្តថា ទង្វើរបស់រដ្ឋាភិបាលនេះ គ្មានផលចំណេញដល់ជាតិខ្មែរឡើយ ហើយរដ្ឋាភិបាលខ្លួនឯង ក៏កាន់តែជាប់ឈ្មោះអាក្រក់រឿងរំលោភសិទ្ធិមនុស្ស និងបាត់បង់ការគាំទ្រផ្នែកការទូតពីសហគមន៍អន្តជាតិផងដែរ។ «»
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានយកជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ខ្លួនមនុស្សតាមទំនើងចិត្តដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អះអាងថា ត្រឹមតែនៅក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមយ៉ាងហោចណាស់ជាង១៦នាក់។
ក្រុមអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ តែងតែអំពាវនាវឲ្យរដ្ឋាភិបាលបរទេស ដាក់សម្ពាធឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ លុបចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងដោះលែងអ្នកកំពុងជាប់ឃុំដោយសារប្រើប្រាស់សិទ្ធិទាំងនេះវិញ៕







