

ជនភៀសសឹកមួយចំនួន ដែលមិនទាន់អាចត្រឡប់ទៅរស់នៅតាមភូមិកំណើតវិញបាន ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ បង្ខំឱ្យចាកចេញពីជំរំតង់កៅស៊ូ ខណៈពលរដ្ឋនៅតែព្រួយបារម្ភពីសុវត្ថិភាព។ រីឯជនភៀសសឹក ខ្លះទៀត មិនព្រមតាម ការណែនាំរបស់អាជ្ញាធរ មានតែបង្ខំចិត្តផ្លាស់ទីតាំង ទៅបោះតង់កៅស៊ូ នៅក្បែរ ផ្ទះបណ្ដោះអាសន្ន ដែលអាជ្ញាធររៀបចំឱ្យ ដោយត្រូវ ចំណាយ ថវិកា ថ្លៃជួលត្រាក់ទ័រ ឈូសឆាយព្រៃ សម្រាប់បោះតង់នៅដោយខ្លួនឯង។
ជនភៀសសឹកប្រមាណជិត១០០នាក់ នៅស្រុកចុងកាលខេត្តឧត្តរមានជ័យ រស់នៅដោយអារម្មណ៍តែលតោល និងគ្មានទីជម្រកច្បាស់លាស់ នៅឡើយ ក្រោយពីអាជ្ញាធរបានដាក់កាលកំណត់រំសាយជំរំ ឱ្យទៅរស់នៅតាមភូមិឡើងវិញ។ ទោះជាយ៉ាងណា ពលរដ្ឋខ្លះមិនចង់ត្រឡប់ទៅភូមិវិញទេ ដោយសារតែផ្ទះពួកគាត់ ព័ទ្ធជុំវិញទៅដោយលេណដ្ឋាន និងទីតាំងឈរជើងរបស់កងទ័ព ចំណែកនៅតាមទីតាំងខ្លះទៀត គឺជាកន្លែងដែលមិនទាន់បានដោះមីនអស់នៅឡើយ។
ជនភៀសសឹកដែលរស់នៅជំរំជនភៀសសឹក ក្នុងវត្តបាត់ថ្កៅជិត១ឆ្នាំ លោកស្រី យ៉ាន់ ចន្ថា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ ខែមិថុនាថា គ្រួសារលោកស្រី រួមនិងជនភៀសសឹកជាច្រើននាក់ទៀត ត្រូវបានអាជ្ញាធរប្រកាសចាកចេញពីជំរំទៅរស់នៅតាមភូមិកំណើតវិញ ប៉ុន្តែអ្នកមួយចំនួន មិនព្រមត្រឡប់ផ្ទះ ទៅវិញនោះទេ ដោយសារតែបារម្ភពីសុវត្ថិភាព។
ប៉ុន្តែយ៉ាងណា លោកស្រីថា អាជ្ញាធរមិនព្រមឱ្យពលរដ្ឋបន្តរស់នៅ ក្នុងជំរំវត្តបាត់ថ្កៅ តទៅទៀតទេ បើសិនជាពួកគាត់នៅតែបន្តរស់នៅ អាជ្ញាធរនឹងផ្ដាច់ទឹកភ្លើង និងជំនួយ ដូច្នេះ លោកស្រី និងជនភៀសសឹក ដទៃទៀត បាននាំគ្នារើសតង់កៅស៊ូ ទៅបោះតង់កៅស៊ូ រស់នៅបណ្ដោះអាសន្នក្បែរនឹងតំបន់ផ្ទះបណ្ដោះអាសន្ន ដែលអាជ្ញាធរកសាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលបាត់បង់ទឹកដីធ្លី និង រស់នៅតំបន់ក្រហម។ រីឯ ពលរដ្ឋដទៃទៀត ដែលទៅរស់នៅទីនោះអាជ្ញាធរមិនទទួលខុសត្រូវរៀបចំឱ្យនោះទេ គឺពួកគាត់ត្រូវចំណាយថវិកា ឈូសឆាយទីតាំងខ្លួនឯង។
រីឯពលរដ្ឋម្នាក់ទៀត ដែលកំពុងតែ រស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ស្ថិតក្នុងតំបន់ភ្នំអាតោ ស្រុកចុងកាល លោក ម៉ៅ ហ្វូង បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ពិតជាបានឃើញជនភៀសសឹកជាច្រើនគ្រួសារបាននាំគ្នាដឹកសម្ភារៈ ចាន់ឆ្នាំង និងតង់កៅស៊ូ សំពេងសំពោងចេញពីជំរំវត្តផ្សេងៗ មកបោះតង់ នៅក្បែរ ផ្ទះបណ្ដោះអាសន្ន ព្រោះពួកគាត់មិនទាន់ អាចទៅរស់នៅភូមិកំណើតវិញបាន ដោយសារតែបារម្ភសុវត្ថិភាព។ លោកបញ្ជាក់ថា ពលរដ្ឋដែលមករស់នៅបោះតង់កៅស៊ូមិនមានការទទួលខុសត្រូវពីអាជ្ញាធរនោះទេ ហើយកំពុងតែប្រឈមបញ្ហា ខ្វះខាត។ «»
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៧ ខែមិថុនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ប៉ុន្មាន ខែចុងក្រោយនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរៀបចំរៀបចំផ្ទះបណ្ដោះអាសន្ន ជូនជនភៀសដែល បាត់បង់ទឹកដី និងមានផ្ទះសម្បែង ក្រោយពីថៃព័ទ្ធយក ប្រមាណ៣០០គ្រួសារ ។ចំណែកពលរដ្ឋ ដទៃទៀត អាជ្ញាធរបញ្ជាក់ថា ពុំបានសាងសង់ផ្ទះបណ្ដោះអាសន្នឱ្យនោះទេ ដោយសារតែនៅឆ្ងាយតំបន់ក្រហម និងមិនសូវរងផលប៉ះពាល់។ ក៏ប៉ុន្តែបើតាមការ អះអាងរបស់ជនភៀសសឹកខ្លះថា ការរៀបចំផ្ទះបណ្ដោះអាសន្នរបស់អាជ្ញាធរ ហាក់ពុំមានតម្លាភាព ខណៈដែលពលរដ្ឋ រងគ្រោះពិតប្រាកដ មិនអាចត្រឡប់ទៅភូមិឋាន វិញបាន បែរជាមិនទទួលបានផ្ទះបណ្ដោះអាសន្ន ហើយបង្ខំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ទាំងដែលគ្មានការរៀបចំ និងធានាសុវត្ថិភាពជូនពលរដ្ឋនៅឡើយ។
ប្រធានការិយាល័យអង្គការលីកាដូ ប្រចាំខេត្តបាត់បង់ និងបន្ទាយមានជ័យ លោក អ៊ិន គង់ជិតយល់ថា អាជ្ញាធរគួរតែជូនដំណឹង និងប្រាប់ហេតុផលដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ពីការរំសាយ ជំរំ ដើម្បីឱ្យពួកគាត់អាចទៅរស់នៅភូមិឋានវិញបាន ជាពិសេសត្រូវធានាថា ពលរដ្ឋមានសុវត្ថិភាពត្រឹមត្រូវ មិនគួរបង្ខំឱ្យពលរដ្ឋចាក់ចេញទាំងបង្ខំនោះឡើយ។ លោកបន្តថា ប្រសិនបើពលរដ្ឋខ្លះ មិនទាន់ចង់ចាក់ចេញក៏គួរតែរកទីតាំងសុវត្ថិភាព ហើយផ្ដល់ការគាំទ្រ ដូចជាស្បៀងនិងទីតាំង សមរម្យ មិនគួរគំរាមកំហែង ហើយប្រកាសថា មិនទទួលខុសត្រូវបែបនេះឡើយ។
កន្លងមកនេះ គេសង្កេតឃើញថា ជនភៀសសឹកមួយចំនួន ដែលមិនបានបាត់បង់ដីធ្លី និងផ្ទះសម្បែង ប៉ុន្តែពួកគាត់ នៅតែបន្តរស់នៅក្រោម តង់កៅស៊ូតាមវត្តមួយចំនួន ត្អូញត្អែរ ពីទុក្ខលំបាកជាខ្លាំង ដោយសារតែ អាជ្ញាធរ ហាក់ពុំសូវខ្វល់ខ្វាយពីទុក្ខលំបាករបស់ពួកគាត់នោះទេ។ អាជ្ញាធរសំអាងថា ពលរដ្ឋ ទាំងនោះ ពុំបានបាត់បង់ទឹកដី និងផ្ទះសម្បែង ដូច្នេះ អាជ្ញាធរពុំបានរៀបចំផ្ទះបណ្ដោះអាសន្ន ឱ្យពួកគាត់ ឬចាត់ថ្នាក់ បញ្ហាជា អាទិភាព នោះទេ។ ពលរដ្ឋថា ការគិតបែបនេះហើយ បានជាអាជ្ញាធរខ្លះមានគំនិតខូច ពេលមានសប្បុរសជនចែកអំណោយម្ដងៗ តែងកិបកេងដាក់ក្នុងឃ្លាំង ដើម្បីប្រយោជន៍ខ្លួន។ រីឯថ្មីៗនេះទៀតក៏ មានរឿងរ៉ាវបង្ខំឱ្យពលរដ្ឋចាក់ចេញពីជំរំចាស់ ឱ្យទៅនៅកន្លែងថ្មី ទាំងដែលពុំបានរៀបចំទីតាំង និងប្រព័ន្ធទឹកភ្លើងជូនពលរដ្ឋនោះទេ៕









