ថៃ​បង្ហាញ​វត្តមាន​តំណាង​គណៈកម្មាធិការ​ពីរ​រូប​ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចចរចា​ផ្សះផ្សា​ដោយ​បង្ខំ​របស់ UNCLOS ជាមួយ​កម្ពុជា

0
51
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា

ប្រទេស​ថៃ​បាន​ជ្រើសរើស​អ្នកជំនាញ​ច្បាប់​២​រូប របស់​អាហ្វ្រិក​ខាងត្បូង (South Africa) និង​អាល្លឺម៉ង់​(German) ឱ្យ​ធ្វើជា​អាជ្ញាកណ្ដាល​ដើម្បី​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​ជាមួយ​កម្ពុជា ដោយ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ (UNCLOS) ១៩៨២​។ ចំណែក​ភាគី​កម្ពុជា កាលពី​កន្លះ​ខែ​មុន​បាន​ជ្រើសរើស​អ្នកជំនាញ​ច្បាប់ ២​រូប​របស់​ដាណឺម៉ាក(Denmark) និង​បារាំង​(French) ដើម្បី​ធ្វើជា​តំណាង​អាជ្ញាកណ្ដាល​។ សមាសភាព​គណៈកម្មាធិការ​សម្របសម្រួល ដែល​កម្ពុជា​និង​ថៃ​បាន​ជ្រើសរើស គឺជា​អ្នក​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ដូចៗ​គ្នា។

កម្ពុជា និង​ថៃ បាន​ជ្រើសរើស និង​តែងតាំង​គណៈកម្មាធិការ​ផ្សះផ្សា​រៀងៗ​ខ្លួន​ហើយ ដើម្បី​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​ក្នុង​តំបន់​ត្រួតស៊ីគ្នា ដោយ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា។

គណៈរដ្ឋមន្ត្រី​ថៃ​បានសម្រេច​នៅ​ថ្ងៃទី​១៦ ខែមិថុនា ជ្រើសរើស​អ្នកជំនាញ​ផ្នែក​ច្បាប់​សមុទ្រ​២​រូប ឱ្យ​ធ្វើ​ជា​គណៈកម្មាធិការ​ផ្សះផ្សា​ក្នុង​វិវាទ​ដែនសមុទ្រ​ជាមួយ​កម្ពុជា រួមមាន លោក រូឌីហ្គឺរ វ៉ូលហ្វ្រំ (Rüdiger Wolfrum) ដែល​ជា​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ជនជាតិ​អាល្លឺម៉ង់ និង​ជា​អតីត​ប្រធាន​តុលាការអន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (ITLOS) ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ​២០០៨។

ចំណែក​អ្នកសម្របសម្រួល​ទី​២ គឺ​លោក អាល់ប៊ឺត ចេ​.​ហូ​ហ្វ​មេន (Albert J. Hoffmann) គឺជា​អ្នកជំនាញ​ផ្នែក​ច្បាប់​របស់​អាហ្វ្រិក​ខាងត្បូង​។ លោក​គឺជា​អតីត​ប្រធាន​តុលាការអន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ​ពី​ឆ្នាំ ២០២០-២០២៣ និង​ចៅក្រម​នៃ​តុលាការអន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ​ពី​ឆ្នាំ ២០០៥ ដល់​បច្ចុប្បន្ន​។ លោក​ជាទី​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​បេសកកម្ម​អចិន្ត្រៃយ៍​របស់​អាហ្វ្រិក​ខាងត្បូង​ប្រចាំ​អង្គការសហប្រជាជាតិ​។ លោក អាល់ប៊ឺត ធ្លាប់​ធ្វើជា​គណៈកម្មការ​សម្របសម្រួល​កំណត់ព្រំដែន​សមុទ្រ រវាង​អាហ្វ្រិក​ខាងត្បូង ជាមួយ​ប្រទេស​ណាមីប៊ី (Namibia) និង​អាហ្វ្រិក​ខាងត្បូង ប្រទេស​ម៉ូសំប៊ិក (Mozambique) ផង​ដែរ។

គណៈរដ្ឋមន្ត្រី​ថៃ បាន​តែងតាំង​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ជា​ប្រធាន​គណៈប្រតិភូ និង​លោក សុងឆៃ ឆៃប៉ាទីយុទ្ធ (Songchai Chaipatiyuth) ដែល​ជា​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​ប្រទេស​គុយវ៉ែត (Kuwait) ជា​អនុប្រធាន។

ក្រោយ​ពេល​ដែល​កម្ពុជា និង​ថៃ បាន​ជ្រើសរើស​អ្នកសម្របសម្រួល​ម្ខាង​ចំនួន​២​រូប សមាស​សភាព​អាជ្ញាកណ្ដាល​ទាំង​៤​រូប​នេះ​នឹង​ត្រូវ​ជ្រើសរើស​បេក្ខភាព​ទី​៥​មួយ​រូប​ទៀត ក្នុង​រយៈពេល​៣០​ថ្ងៃ ដើម្បី​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល។

ដោយឡែក​ភាគី​កម្ពុជា​វិញ រដ្ឋាភិបាល​បាន​តែងតាំង​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ប្រាក់ សុខុន ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា និង​លោក ឡាំ ជា ដែល​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​ជាតិ​កិច្ចការ​ព្រំដែន​កម្ពុជា ជា​អនុប្រធាន។

ចំណែក​សមាសភាព​គណៈ​កម្ម​ការផ្សះផ្សា​ដោយ​បង្ខំ​របស់ UNCLOS ចំនួន​២​រូប ដែល​កម្ពុជា​បាន​ជ្រើសរើស​នោះ រួមមាន លោក ភីធឺ តាក់​សូ​-​ជេន​សិន (Peter Taksoe-Jensen) ដែល​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ច្បាប់ និង​ជា​អ្នកការទូត​អាជីព​របស់​ប្រទេស​ដាណឺម៉ាក។ លោក​ធ្លាប់​ធ្វើជា​ឯកអគ្គរាជទូត ដាណឺម៉ាក ប្រចាំ​ប្រទេស​ជប៉ុន អាមេរិក និង​ឥណ្ឌា ធ្លាប់​ជា​ជំនួយការ​ផ្នែក​ច្បាប់​របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-Moon)។

ចំណែក​ទី​២ គឺ​លោក​សាស្ត្រាចារ្យ ហ្ស​ង់​-​ម៉ាក ធូវីនីន (Jean-Marc houvenin) ជា​អគ្គលេខាធិការ​បណ្ឌិតសភា​ច្បាប់​អន្តរជាតិ​ក្រុង​ឡាអេ និង​ជា​សមាជិក​នៃ​វិទ្យាស្ថាន​អន្តរជាតិ​ដឺត្រយ (Institute de Droit International)​។ លោក​ធ្លាប់​ជា​សមាជិក​មជ្ឈមណ្ឌល​ច្បាប់​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ប៉ារីស ណាត់​ទែ​រ៉េ (Universite Paris-Nanterre) និង​ធ្លាប់​ជា​ទីប្រឹក្សា​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​របស់​អង្គការ​សហប្រជាជាតិ។

យ៉ាងណាមិញ ក្នុងចំណោម​អ្នក​សម្រុះសម្រួល​ទាំង​៤​រូប ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ជ្រើសរើស​នោះ មាន​២​រូប​ធ្លាប់​ធ្វើជា​អ្នក​សម្រុះសម្រួល​ក្នុង​ជម្លោះដែនសមុទ្រ​របស់​ប្រទេស​ទីម័រខាងកើត (Timor leste) និង​អូស្ត្រាលី (Australia) កាលពី​ឆ្នាំ​២០១៨ ដែល​ជា​ករណី​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ដំបូង​គេ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២។ អតីត​អ្នកសម្របសម្រួល​ទាំង​២​រូប​នោះ​គឺ​លោក ភីធឺ តាក់សូ-ជេន​សិន ដែល​បច្ចុប្បន្ន​ជា​តំណាង​របស់​កម្ពុជា និង​លោក រូឌីហ្គឺរ វ៉ូលហ្វ្រំ ដែល​តំណាង​ឱ្យ​ភាគី​ថៃ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា នៅក្នុង​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​នេះ ទោះបីជា​គណៈកម្មាធិការ​សម្របសម្រួល​ភាគច្រើន​ត្រូវ​បាន​ជ្រើសរើស​ដោយ​ភាគី​ជម្លោះ​ក្ដី យន្តការ​ដោះស្រាយ​ជម្លោះ​គឺ​នៅតែ​ត្រូវ​ពឹងផ្អែក​ទៅលើ​ឯកសារ និង​ភស្តុតាង​ជា​គោល ដែល​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​។ ទោះជា​យ៉ាងណា លោក​បារម្ភ​ថា ក្រោយ​ការប្រកាស​លទ្ធផល ប្រសិនបើ​ភាគី​ថៃ​ជា​អ្នក​ខាតបង់ នោះ​ភាគី​ថៃ​អាច​នឹង​មិន​អនុវត្ត​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​សម្របសម្រួល​នោះ​ឡើយ ព្រោះ​លទ្ធផល​នៃ​ការ​សម្របសម្រួល​នេះ មិន​មាន​ទម្ងន់​ផ្នែក​ច្បាប់​ដែល​អាច​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​ត្រូវ​អនុវត្ត​តាម​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «លទ្ធផល​យ៉ាងណាក៏ដោយ កម្ពុជា​ត្រូវតែ​បន្ត​សំណុំរឿង​ប្ដឹង​ទៅ​តុលាការ​សមុទ្រ ឬក៏​តុលាការ​មជ្ឈត្តការ​អន្តរជាតិ (International Arbitration Court) ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង បាន​អាច​សម្រេច​ថា អ្នកណា​ជា​អ្នកឈ្នះ អ្នកណា​ជា​អ្នក​ចាញ់​ពិតប្រាកដ ហើយ​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ភាគី​ទាំងសងខាង​ដែល​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ដែនសមុទ្រ​រៀងៗ​ខ្លួន​នោះ»។

ការប្រកាស​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​រវាង​កម្ពុជា និង​ថៃ​នេះ គឺធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា នៃ​ប្រទេស​ទាំងពីរ ដែល​មាន​ទំហំ​ចំនួន​២​ម៉ឺន ៦​ពាន់​គីឡូ​ម៉ែត្រការ៉េ ហើយ​ដែល​ត្រូវ​គេ​ប៉ាន់ប្រមាណ​ថា មាន​ផ្ទុក​នូវ​ធនធាន​ថាមពល ដែល​មាន​តម្លៃ​រហូតដល់ ៣០០ ពាន់​លាន​ដុល្លារ។

ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​យន្តការ​ចរចា​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ របស់​លោក អានុទីន ចាន់វីរៈគុល បាន​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០១ ឬ​MoU ២០០១ ដែល​ជា​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ ជា​ឯកតោភាគី។

យ៉ាងណា​ក៏ដោយ​ចុះ នៅមុន​ចូល​តុ​ចរចា​នេះ ប្រមុខ​ការទូត​ថៃ លោក ស៊ីហាសាក់ បាន​លើកឡើង​ថា វិសាលភាព​នៃ​គណៈកម្មាធិការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះ មិនមែន​ជា​សាលក្រម​សម្រេច​របស់​តុលាការ​ទេ ហើយ​នៅ​ទីបំផុត ភាគី​ថៃ​នឹង​នៅតែ​ត្រូវ​ចរចា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ភាគី​កម្ពុជា​ដដែល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ