

ប្រទេសថៃបានជ្រើសរើសអ្នកជំនាញច្បាប់២រូប របស់អាហ្វ្រិកខាងត្បូង (South Africa) និងអាល្លឺម៉ង់(German) ឱ្យធ្វើជាអាជ្ញាកណ្ដាលដើម្បីដោះស្រាយវិវាទដែនសមុទ្រជាមួយកម្ពុជា ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ១៩៨២។ ចំណែកភាគីកម្ពុជា កាលពីកន្លះខែមុនបានជ្រើសរើសអ្នកជំនាញច្បាប់ ២រូបរបស់ដាណឺម៉ាក(Denmark) និងបារាំង(French) ដើម្បីធ្វើជាតំណាងអាជ្ញាកណ្ដាល។ សមាសភាពគណៈកម្មាធិការសម្របសម្រួល ដែលកម្ពុជានិងថៃបានជ្រើសរើស គឺជាអ្នកដែលមានជំនាញ និងបទពិសោធន៍ដោះស្រាយជម្លោះដែនសមុទ្រដូចៗគ្នា។
កម្ពុជា និងថៃ បានជ្រើសរើស និងតែងតាំងគណៈកម្មាធិការផ្សះផ្សារៀងៗខ្លួនហើយ ដើម្បីចូលតុចរចាដោះស្រាយវិវាទដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នា ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលស្នើឡើងដោយភាគីកម្ពុជា។
គណៈរដ្ឋមន្ត្រីថៃបានសម្រេចនៅថ្ងៃទី១៦ ខែមិថុនា ជ្រើសរើសអ្នកជំនាញផ្នែកច្បាប់សមុទ្រ២រូប ឱ្យធ្វើជាគណៈកម្មាធិការផ្សះផ្សាក្នុងវិវាទដែនសមុទ្រជាមួយកម្ពុជា រួមមាន លោក រូឌីហ្គឺរ វ៉ូលហ្វ្រំ (Rüdiger Wolfrum) ដែលជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិជនជាតិអាល្លឺម៉ង់ និងជាអតីតប្រធានតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០០៨។
ចំណែកអ្នកសម្របសម្រួលទី២ គឺលោក អាល់ប៊ឺត ចេ.ហូហ្វមេន (Albert J. Hoffmann) គឺជាអ្នកជំនាញផ្នែកច្បាប់របស់អាហ្វ្រិកខាងត្បូង។ លោកគឺជាអតីតប្រធានតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រពីឆ្នាំ ២០២០-២០២៣ និងចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រពីឆ្នាំ ២០០៥ ដល់បច្ចុប្បន្ន។ លោកជាទីប្រឹក្សាផ្នែកច្បាប់ដល់បេសកកម្មអចិន្ត្រៃយ៍របស់អាហ្វ្រិកខាងត្បូងប្រចាំអង្គការសហប្រជាជាតិ។ លោក អាល់ប៊ឺត ធ្លាប់ធ្វើជាគណៈកម្មការសម្របសម្រួលកំណត់ព្រំដែនសមុទ្រ រវាងអាហ្វ្រិកខាងត្បូង ជាមួយប្រទេសណាមីប៊ី (Namibia) និងអាហ្វ្រិកខាងត្បូង ប្រទេសម៉ូសំប៊ិក (Mozambique) ផងដែរ។
គណៈរដ្ឋមន្ត្រីថៃ បានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ជាប្រធានគណៈប្រតិភូ និងលោក សុងឆៃ ឆៃប៉ាទីយុទ្ធ (Songchai Chaipatiyuth) ដែលជាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសគុយវ៉ែត (Kuwait) ជាអនុប្រធាន។
ក្រោយពេលដែលកម្ពុជា និងថៃ បានជ្រើសរើសអ្នកសម្របសម្រួលម្ខាងចំនួន២រូប សមាសសភាពអាជ្ញាកណ្ដាលទាំង៤រូបនេះនឹងត្រូវជ្រើសរើសបេក្ខភាពទី៥មួយរូបទៀត ក្នុងរយៈពេល៣០ថ្ងៃ ដើម្បីធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល។
ដោយឡែកភាគីកម្ពុជាវិញ រដ្ឋាភិបាលបានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ជាប្រធានគណៈប្រតិភូកម្ពុជា និងលោក ឡាំ ជា ដែលរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានជាតិកិច្ចការព្រំដែនកម្ពុជា ជាអនុប្រធាន។
ចំណែកសមាសភាពគណៈកម្មការផ្សះផ្សាដោយបង្ខំរបស់ UNCLOS ចំនួន២រូប ដែលកម្ពុជាបានជ្រើសរើសនោះ រួមមាន លោក ភីធឺ តាក់សូ-ជេនសិន (Peter Taksoe-Jensen) ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ និងជាអ្នកការទូតអាជីពរបស់ប្រទេសដាណឺម៉ាក។ លោកធ្លាប់ធ្វើជាឯកអគ្គរាជទូត ដាណឺម៉ាក ប្រចាំប្រទេសជប៉ុន អាមេរិក និងឥណ្ឌា ធ្លាប់ជាជំនួយការផ្នែកច្បាប់របស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-Moon)។
ចំណែកទី២ គឺលោកសាស្ត្រាចារ្យ ហ្សង់-ម៉ាក ធូវីនីន (Jean-Marc houvenin) ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិដឺត្រយ (Institute de Droit International)។ លោកធ្លាប់ជាសមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យប៉ារីស ណាត់ទែរ៉េ (Universite Paris-Nanterre) និងធ្លាប់ជាទីប្រឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ)របស់អង្គការសហប្រជាជាតិ។
យ៉ាងណាមិញ ក្នុងចំណោមអ្នកសម្រុះសម្រួលទាំង៤រូប ដែលភាគីកម្ពុជា និងថៃបានជ្រើសរើសនោះ មាន២រូបធ្លាប់ធ្វើជាអ្នកសម្រុះសម្រួលក្នុងជម្លោះដែនសមុទ្ររបស់ប្រទេសទីម័រខាងកើត (Timor leste) និងអូស្ត្រាលី (Australia) កាលពីឆ្នាំ២០១៨ ដែលជាករណីប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដំបូងគេ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ អតីតអ្នកសម្របសម្រួលទាំង២រូបនោះគឺលោក ភីធឺ តាក់សូ-ជេនសិន ដែលបច្ចុប្បន្នជាតំណាងរបស់កម្ពុជា និងលោក រូឌីហ្គឺរ វ៉ូលហ្វ្រំ ដែលតំណាងឱ្យភាគីថៃ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា នៅក្នុងវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃនេះ ទោះបីជាគណៈកម្មាធិការសម្របសម្រួលភាគច្រើនត្រូវបានជ្រើសរើសដោយភាគីជម្លោះក្ដី យន្តការដោះស្រាយជម្លោះគឺនៅតែត្រូវពឹងផ្អែកទៅលើឯកសារ និងភស្តុតាងជាគោល ដែលស្របទៅតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា លោកបារម្ភថា ក្រោយការប្រកាសលទ្ធផល ប្រសិនបើភាគីថៃជាអ្នកខាតបង់ នោះភាគីថៃអាចនឹងមិនអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការសម្របសម្រួលនោះឡើយ ព្រោះលទ្ធផលនៃការសម្របសម្រួលនេះ មិនមានទម្ងន់ផ្នែកច្បាប់ដែលអាចដាក់សម្ពាធឱ្យភាគីថៃត្រូវអនុវត្តតាមនោះឡើយ។
លោក ម៉ែន ណាត៖ «លទ្ធផលយ៉ាងណាក៏ដោយ កម្ពុជាត្រូវតែបន្តសំណុំរឿងប្ដឹងទៅតុលាការសមុទ្រ ឬក៏តុលាការមជ្ឈត្តការអន្តរជាតិ (International Arbitration Court) ដើម្បីដោះស្រាយបញ្ហាហ្នឹង បានអាចសម្រេចថា អ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់ពិតប្រាកដ ហើយតុលាការយុត្តិធម៌អន្តរជាតិ នឹងអាចផ្ដល់យុត្តិធម៌ឲ្យភាគីទាំងសងខាងដែលមានសិទ្ធិគ្រប់គ្រងលើដែនសមុទ្ររៀងៗខ្លួននោះ»។
ការប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំរវាងកម្ពុជា និងថៃនេះ គឺធ្វើឡើងដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នៃប្រទេសទាំងពីរ ដែលមានទំហំចំនួន២ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ហើយដែលត្រូវគេប៉ាន់ប្រមាណថា មានផ្ទុកនូវធនធានថាមពល ដែលមានតម្លៃរហូតដល់ ៣០០ ពាន់លានដុល្លារ។
ភាគីកម្ពុជាបានស្នើឱ្យមានយន្តការចរចានេះ បន្ទាប់ពីរដ្ឋាភិបាលថៃ របស់លោក អានុទីន ចាន់វីរៈគុល បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬMoU ២០០១ ដែលជាយន្តការដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ ជាឯកតោភាគី។
យ៉ាងណាក៏ដោយចុះ នៅមុនចូលតុចរចានេះ ប្រមុខការទូតថៃ លោក ស៊ីហាសាក់ បានលើកឡើងថា វិសាលភាពនៃគណៈកម្មាធិការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាសាលក្រមសម្រេចរបស់តុលាការទេ ហើយនៅទីបំផុត ភាគីថៃនឹងនៅតែត្រូវចរចាជាលក្ខណៈទ្វេភាគីជាមួយភាគីកម្ពុជាដដែល៕









