

អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថា ការដែលកម្ពុជាចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ស៊ាន-រុស្ស៊ីនឹងមិនមានការជជែកពីបញ្ហាព្រំដែន កម្ពុជា-ថៃនោះទេ ព្រោះរុស្ស៊ី ក៏ជាប្រទេសឈ្លានពានទឹកដី អ៊ុយក្រែន ដូច្នេះ រាល់កិច្ចពិភាក្សាគឺផ្ដោតតែទៅលើបញ្ហាខ្លះៗ នៅក្នុងតំបន់ ក៏ដូចជាវិស័យពាណិជ្ជកម្មជាដើម។ ប៉ុន្តែ ពួកគាត់យល់ថា អំឡុងពេលលោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាន នៅប្រទេសរុស្ស៊ី កម្ពុជាអាចពង្រឹងទំនាក់ទំនងល្អជាមួយរុស្ស៊ី ដើម្បីបង្កើនការទិញសព្វាវុធ ក្នុងតម្លៃសមល្មម និងបង្កើនការវិនិយោគលើវិស័យថាមពលជាដើម។
ចាប់តាំងពីកម្ពុជាបានចុះហត្ថលេខាបទឈប់បាញ់គ្នាជាមួយថៃចំនួន២លើកកាលពីចុងឆ្នាំ២០២៥មក ជម្លោះព្រំដែន កម្ពុជា-ថៃ ហាក់ពុំឃើញ មានរបៀបវារៈជាក់លាក់ណាមួយ យកមកជជែកក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះទេ។ អ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាលកម្ពុជា កុំរំពឹងថា ប្រទេសសមាជិកអាស៊ាននឹង ជួយកម្ពុជាឱ្យសោះ ប្រសិនបើកម្ពុជាមិនប្រឹងប្រែងតស៊ូមតិ បញ្ចុះបញ្ចូល និង បញ្ជូនសំណុំរឿង ថៃឈ្លានពានកម្ពុជា ប្ដឹងទៅកាន់តុលាការអន្តរជាតិ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៅចូលរួម កិច្ចប្រជុំ កំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី គឺជារឿងធម្មតារបស់សមាជិកអាស៊ានទូទៅ ហើយ លោកហាក់មានការរំពឹងតិចតូចណាស់ថាមេដឹកនាំកំពូលរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹងមានជំនួបដាច់ដោយឡែក ជាមួយលោក ហ៊ុន ម៉ាណែត ព្រោះលោក ពូទីន រវល់ផ្ដោតលើសង្គ្រាមនៅអ៊ុយក្រែន។
ជាមួយគ្នានោះលោកសង្កេតឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ហាក់មិនខុសគ្នាជាមួយថៃនោះទេ ដូច្នេះការរំពឹងពីរុស្ស៊ីឱ្យជួយសម្របសម្រួលបញ្ហាព្រំដែន កម្ពុជា-ថៃ នឹងមិនអាចកើតឡើងបានទេ ប៉ុន្តែលោកថា កម្ពុជាអាចទាញប្រយោជន៍តាមរយៈទំនាក់ទំនងល្អពីរុស្ស៊ី ដើម្បីអាចទិញសព្វាវុធ ក្នុងតម្លៃថោក និងបង្កើនការវិនិយោគលើវិស័យថាមពលជាដើម។
លោក សេង វណ្ណលី៖ «ផលចំណេញពីរុស្ស៊ីគឺកម្ពុជាអាចទទួលបានការគាំទ្រផ្នែក យោធា និងការទិញអាវុធក្នុងតម្លៃសមរម្យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងសន្តិសុខបច្ចេកវិទ្យា។ ផ្ទុយទៅវិញ ផលខាតបង់អាចនឹងមានទម្ងន់ធ្ងន់ជាង ដោយសារតែបច្ចុប្បន្នរុស្ស៊ី កំពុងតែទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីសហគមន៍អន្តរជាតិ ដូច្នេះការបង្កើតភាពជិតស្និទ្ធពេក អាចធ្វើឱ្យកម្ពុជារងសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប»។
ការលើកឡើងនេះ ស្របពេលដែល លោក ហ៊ុន ម៉ាណែត កំពុងតែមានវត្តមាននៅប្រទេសរុស្ស៊ី ជាមួយនឹងមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនទៀត ដើម្បីចូលកិច្ចប្រជុំកំពូល ក្នុងថ្ងៃប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្ស៊ី។ ប៉ុន្តែក្នុងជំនួបនោះ បណ្ដាសមាជិកអាស៊ាន រួមនឹងកម្ពុជាផង ហាក់ប្រយ័ត្នប្រយែងណាស់ ក្នុងការសម្ដែងការរាក់ទាក់ ឬសរសេរសារបង្ហោះលើបណ្ដាញសង្គមនានាបង្ហាញពីទំនាក់ទំនងល្អ ព្រោះទំនងជា ពួកគេបារម្ភថា ប្រទេសរុស្ស៊ីត្រូវបានសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មជុំទិស ក្រោយពីបង្កសង្គ្រាមឈ្លានពានទឹកដីអ៊ុយក្រែន។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា បានបង្ហោះព័ត៌មាន ដោយបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជា កាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅ ជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី។ ចំណែកថ្នាក់នាំទាំងអស់នឹងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់។ ជាមួយគ្នានោះក្រសួងក៏បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ក៏នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ាន នៅរុស្សីនេះ គឺគ្មានផលចំណេញអ្វីជាដុំកំភួនដល់កម្ពុជានោះទេ ជាពិសេសការស្វែងរកដំណោះស្រាយ បញ្ហាព្រំដែន កម្ពុជា-ថៃ ព្រោះជំនួបនេះ គឺគ្រាន់តែ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង រវាងសមាជិកអាស៊ាន និងរុស្ស៊ី ប៉ុណ្ណោះ។ បន្ថែមពីលើនោះ លោកយល់ថា ប្រសិនបើ កម្ពុជាចង់បានផលចំណេញពីកិច្ចប្រជុំកំពូលទាំងនោះ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺមានតែកម្ពុជា ដើរបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំអាស៊ានឱ្យឃើញថា កម្ពុជាត្រូវបានថៃរំលោភទឹកដី និងបន្តតស៊ូមតិគ្រប់ទីកន្លែង ដើម្បីដាក់សម្ពាធការទូតមកលើភាគីថៃឱ្យគោរពច្បាប់អន្តរជាតិនិង បញ្ឈប់សកម្មភាព ឈ្លានពានលើទឹកដីបន្តទៀត។
លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន គាត់ឆ្លាតគួរតែប្រើយន្តការអន្តរជាតិហ្នឹង មកការពារខ្លួន ដូចជាសៀមឈ្លានពានកម្ពុជាត្រូវតែជម្រាបប្រាប់គេឱ្យបានច្រើន ថា ប្រទេសថៃនេះមិនមែនមានមហិច្ឆតាឈ្លានពានតែទឹកដីកម្ពុជាទេ ថ្ងៃក្រោយបើបណ្ដោយឱ្យថៃធ្វើទៀត ថៃនឹងអាចនឹងបំពាន ដូចជំនាន់សង្គ្រាមលោក ។ សង្គ្រាមជប៉ុនឈ្លានពានចិនអ៊ីចឹង ឧទាហរណ៍ មុនតំបន់ជប៉ុនឈ្លានពានតែចិនទេ ក្រោយមកជប៉ុនគ្រប់គ្រង់អាស៊ីទាំងអស់»។
អ្នកឃ្លាំមើលលើកឡើងថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃមក កម្ពុជាហាក់មានភាពទាន់ខ្សោយ គ្រប់ទម្រង់ ទាំងផ្នែកការទូត និងគោលជំហរច្បាស់លាស់លើឆាកអន្តរជាតិ ដើម្បីដាក់សម្ពាធមកលើភាគីថៃ ជុំវិញថៃ ឈ្លានពានទឹកដីខ្មែរ ផ្ទុយទៅវិញនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ហាក់មានភាពអង់អាច និងក្លាហាន បញ្ជាក់ជំហរច្បាស់ៗ ថា មិនឈ្លានពានទឹកដីកម្ពុជា ហើយលោកតែងតែសកម្មឆ្លើយជាមួយនឹងអ្នកសារព័ត៌មាន។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលលើកឡើងថា រាល់កិច្ចប្រជុំកំពូលរបស់អាស៊ានក្ដី និងកិច្ចប្រជុំជាមួយប្រទេសលោកសេរី ក្ដី រដ្ឋាភិបាលកម្ពុជា ត្រូវបង្ហាញជំហរឱ្យច្បាស់ប្រាប់ដល់សហគមន៍ អន្តរជាតិ ថាកម្ពុជាកំពុងតែមាន ជម្លោះព្រំដែនជាមួយថៃ ដែលភាគីថៃ ជាអ្នកបង្កសង្គ្រាមឈ្លានពានកម្ពុជា ហើយកម្ពុជាត្រូវតែទាមទារឱ្យប្រទេសថៃ ផ្ដល់ទឹកដី មកវិញ ហើយទទួលខុសត្រូវការខូចខាតទ្រព្យសម្បត្តិទាំងអស់របស់ពលរដ្ឋខ្មែរ ហើយ ជាមួយគ្នានោះ កម្ពុជាមិនគួរភ័យខ្លាច ការគំរាមកំហែង របស់ថៃរហូតលែងហ៊ាន ការពារទឹកដីរបស់ខ្លួននោះឡើយ។ រឹតតែសំខាន់ នោះ ពួកគាត់ថា កម្ពុជាត្រូវតែបញ្ជាទិញអាវុធពីបណ្ដាប្រទេសនានាដើម្បីការពារទឹកដី៕









