អ្នកជំនាញ​ថា កិច្ចប្រជុំ​កំពូលអា​ស៊ាន​នៅ​ប្រទេស​រុស្ស៊ី នឹង​មិន​មាន​ឥទ្ធិពល​សម្រាប់​ជម្លោះ កម្ពុជា​-​ថៃ​នោះ​ទេ

0
71
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងពេលចូលរួមកិច្ចប្រជុំកំពូល​រំឭក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​រុស្ស៊ី នៅ​ទីក្រុង​កាហ្សាន សហព័ន្ធរុស្ស៊ី កាល​ពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងពេលចូលរួមកិច្ចប្រជុំកំពូល​រំឭក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​រុស្ស៊ី នៅ​ទីក្រុង​កាហ្សាន សហព័ន្ធរុស្ស៊ី កាល​ពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​យល់ថា ការដែល​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កំពូល រំឭក​ខួប​អនុស្សាវរីយ៍​ស៊ាន​-​រុស្ស៊ី​នឹង​មិន​មានការ​ជជែក​ពី​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​នោះ​ទេ ព្រោះ​រុស្ស៊ី ក៏​ជា​ប្រទេស​ឈ្លានពាន​ទឹកដី អ៊ុយក្រែន ដូច្នេះ រាល់​កិច្ចពិភាក្សា​គឺ​ផ្ដោត​តែ​ទៅលើ​បញ្ហា​ខ្លះៗ នៅក្នុង​តំបន់ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។ ប៉ុន្តែ ពួកគាត់​យល់ថា អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត កំពុង​មាន​វត្តមាន នៅ​ប្រទេស​រុស្ស៊ី កម្ពុជា​អាច​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី ដើម្បី​បង្កើន​ការទិញ​សព្វាវុធ ក្នុង​តម្លៃ​សម​ល្មម និង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ជាដើម។

ចាប់តាំងពី​កម្ពុជា​បាន​ចុះហត្ថលេខា​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ថៃ​ចំនួន​២​លើក​កាលពី​ចុងឆ្នាំ​២០២៥​មក ជម្លោះព្រំដែន កម្ពុជា​-​ថៃ ហាក់​ពុំ​ឃើញ មាន​របៀបវារៈ​ជាក់លាក់​ណាមួយ យក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ​។ អ្នកឃ្លាំមើល​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា កុំ​រំពឹង​ថា ប្រទេស​សមាជិក​អាស៊ាន​នឹង ជួយ​កម្ពុជា​ឱ្យ​សោះ ប្រសិនបើ​កម្ពុជា​មិន​ប្រឹងប្រែង​តស៊ូ​មតិ បញ្ចុះបញ្ចូល និង បញ្ជូន​សំណុំរឿង ថៃ​ឈ្លានពាន​កម្ពុជា ប្ដឹង​ទៅកាន់​តុលាការអន្តរជាតិ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៅ​ចូលរួម កិច្ចប្រជុំ កំពូល​រំឭក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​រុស្ស៊ី នៅ​ទីក្រុង​កាហ្សាន សហព័ន្ធរុស្ស៊ី គឺជា​រឿង​ធម្មតា​របស់​សមាជិក​អាស៊ាន​ទូទៅ ហើយ លោក​ហាក់​មានការ​រំពឹង​តិច​តូច​ណាស់​ថា​មេដឹកនាំ​កំពូល​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹង​មាន​ជំនួប​ដាច់ដោយឡែក ជាមួយ​លោក ហ៊ុន ម៉ាណែត ព្រោះ​លោក ពូទីន រវល់​ផ្ដោត​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ជាមួយគ្នា​នោះ​លោក​សង្កេត​ឃើញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​រុស្ស៊ី ហាក់​មិន​ខុសគ្នា​ជាមួយ​ថៃ​នោះ​ទេ ដូច្នេះ​ការ​រំពឹង​ពី​រុស្ស៊ី​ឱ្យ​ជួយ​សម្របសម្រួល​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ នឹង​មិនអាច​កើតឡើង​បាន​ទេ ប៉ុន្តែ​លោក​ថា កម្ពុជា​អាច​ទាញ​ប្រយោជន៍​តាមរយៈ​ទំនាក់ទំនង​ល្អ​ពី​រុស្ស៊ី ដើម្បី​អាច​ទិញ​សព្វាវុធ ក្នុង​តម្លៃថោក និង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ជាដើម។

លោក សេង វណ្ណលី៖ «ផល​ចំណេញ​ពី​រុស្ស៊ី​គឺ​កម្ពុជា​អាច​ទទួល​បាន​ការ​គាំទ្រ​ផ្នែក យោធា និង​ការទិញ​អាវុធ​ក្នុង​តម្លៃ​សមរម្យ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល និង​សន្តិសុខ​បច្ចេកវិទ្យា​។ ផ្ទុយទៅវិញ ផល​ខាតបង់​អាច​នឹង​មាន​ទម្ងន់​ធ្ងន់​ជាង ដោយសារតែ​បច្ចុប្បន្ន​រុស្ស៊ី កំពុងតែ​ទទួលរង​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ ពី​សហគមន៍​អន្តរជាតិ ដូច្នេះ​ការបង្កើត​ភាព​ជិតស្និទ្ធ​ពេក អាច​ធ្វើ​ឱ្យ​កម្ពុជា​រង​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប»។

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល លោក ហ៊ុន ម៉ាណែត កំពុង​តែ​មាន​វត្តមាន​នៅ​ប្រទេស​រុស្ស៊ី ជាមួយនឹង​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ទៀត ដើម្បី​ចូល​កិច្ចប្រជុំ​កំពូល ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៣៥ នៃ​ទំនាក់ទំនង​ដៃគូ សន្ទនា​អាស៊ាន​-​រុស្ស៊ី​។ ប៉ុន្តែ​ក្នុង​ជំនួប​នោះ បណ្ដា​សមាជិក​អាស៊ាន រួម​នឹង​កម្ពុជា​ផង ហាក់​ប្រយ័ត្នប្រយែង​ណាស់ ក្នុង​ការ​សម្ដែង​ការ​រាក់ទាក់ ឬ​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នានា​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ ព្រោះ​ទំនង​ជា ពួកគេ​បារម្ភ​ថា ប្រទេស​រុស្ស៊ី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បាន​ដាក់​ទណ្ឌកម្ម​ជុំ​ទិស ក្រោយ​ពី​បង្ក​សង្គ្រាម​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន។

ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា បាន​បង្ហោះ​ព័ត៌មាន ដោយ​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​នេះ គឺជា កាលានុវត្តភាព​ដ៏​សំខាន់ ក្នុង​ការ​កំណត់​ទិសដៅ ជំរុញ​បន្ថែម​ទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ អាស៊ាន​-​រុស្ស៊ី​។ ចំណែក​ថ្នាក់​នាំ​ទាំងអស់​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​ក្ដី​កង្វល់​រួម ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​។ ជាមួយគ្នា​នោះ​ក្រសួង​ក៏បាន​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ក៏​នឹង​ចូលរួម​ព្រឹត្តិការណ៍​អម​ផ្សេងៗ ព្រមទាំង​នឹង​មាន​ជំនួប​ទ្វេភាគី​មួយចំនួន ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ក៏ដូចជា​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​ដែល​ផ្ដល់​ផលប្រយោជន៍​រួម និង​មាន​អត្ថប្រយោជន៍​ទៅវិញ​ទៅមក។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​រុស្សី​នេះ គឺ​គ្មាន​ផល​ចំណេញ​អ្វី​ជា​ដុំកំភួន​ដល់​កម្ពុជា​នោះ​ទេ ជាពិសេស​ការស្វែងរក​ដំណោះស្រាយ បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ព្រោះ​ជំនួប​នេះ គឺ​គ្រាន់តែ ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង រវាង​សមាជិក​អាស៊ាន និង​រុស្ស៊ី ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នោះ លោក​យល់​ថា ប្រសិនបើ កម្ពុជា​ចង់បាន​ផល​ចំណេញ​ពី​កិច្ចប្រជុំ​កំពូល​ទាំងនោះ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ គឺ​មានតែ​កម្ពុជា ដើរ​បញ្ចុះបញ្ចូល​បណ្ដា​មេដឹកនាំ​អាស៊ាន​ឱ្យ​ឃើញ​ថា កម្ពុជា​ត្រូវ​បាន​ថៃ​រំលោភ​ទឹកដី និង​បន្ត​តស៊ូ​មតិ​គ្រប់​ទីកន្លែង ដើម្បី​ដាក់​សម្ពាធ​ការទូត​មក​លើ​ភាគី​ថៃ​ឱ្យ​គោរព​ច្បាប់​អន្តរជាតិ​និង បញ្ឈប់​សកម្មភាព ឈ្លានពាន​លើទឹក​ដី​បន្ត​ទៀត។

លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន គាត់​ឆ្លាត​គួរ​តែ​ប្រើ​យន្តការ​អន្តរជាតិ​ហ្នឹង មក​ការពារ​ខ្លួន ដូចជា​សៀម​ឈ្លានពាន​កម្ពុជា​ត្រូវតែ​ជម្រាប​ប្រាប់​គេ​ឱ្យ​បាន​ច្រើន ថា ប្រទេស​ថៃ​នេះ​មិន​មែន​មាន​មហិច្ឆតា​ឈ្លានពាន​តែ​ទឹកដី​កម្ពុជា​ទេ ថ្ងៃក្រោយ​បើ​បណ្ដោយ​ឱ្យ​ថៃ​ធ្វើ​ទៀត ថៃ​នឹង​អាច​នឹង​បំពាន ដូច​ជំនាន់​សង្គ្រាមលោក ។ សង្គ្រាម​ជប៉ុន​ឈ្លានពាន​ចិន​អ៊ីចឹង ឧទាហរណ៍ មុន​តំបន់​ជប៉ុន​ឈ្លានពាន​តែ​ចិន​ទេ ក្រោយមក​ជប៉ុន​គ្រប់​គ្រង់​អាស៊ី​ទាំងអស់»។

អ្នកឃ្លាំមើល​លើកឡើង​ថា ចាប់តាំងពី​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ​មក កម្ពុជា​ហាក់​មាន​ភាព​ទាន់​ខ្សោយ គ្រប់​ទម្រង់ ទាំង​ផ្នែក​ការទូត និង​គោលជំហរ​ច្បាស់លាស់​លើ​ឆាក​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​មក​លើ​ភាគី​ថៃ ជុំវិញ​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ ផ្ទុយទៅវិញ​នាយករដ្ឋមន្ត្រី​ថៃ លោក អនុ​ទីន ចាន់​វីរៈ​គុល ហាក់​មាន​ភាព​អង់អាច និង​ក្លាហាន បញ្ជាក់​ជំហរ​ច្បាស់ៗ ថា មិន​ឈ្លានពាន​ទឹកដី​កម្ពុជា ហើយ​លោក​តែងតែ​សកម្ម​ឆ្លើយ​ជាមួយ​នឹង​អ្នកសារព័ត៌មាន។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា រាល់​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ក្ដី និង​កិច្ចប្រជុំ​ជាមួយ​ប្រទេស​លោក​សេរី ក្ដី រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ហាញ​ជំហរ​ឱ្យ​ច្បាស់​ប្រាប់​ដល់​សហគមន៍ អន្តរជាតិ ថា​កម្ពុជា​កំពុង​តែ​មាន ជម្លោះព្រំដែន​ជាមួយ​ថៃ ដែល​ភាគី​ថៃ ជា​អ្នក​បង្ក​សង្គ្រាម​ឈ្លានពាន​កម្ពុជា ហើយ​កម្ពុជា​ត្រូវតែ​ទាមទារ​ឱ្យ​ប្រទេស​ថៃ ផ្ដល់​ទឹកដី មកវិញ ហើយ​ទទួលខុសត្រូវ​ការខូចខាត​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ពលរដ្ឋ​ខ្មែរ ហើយ ជាមួយគ្នា​នោះ កម្ពុជា​មិន​គួរ​ភ័យខ្លាច ការ​គំរាមកំហែង របស់​ថៃ​រហូត​លែង​ហ៊ាន ការពារ​ទឹកដី​របស់​ខ្លួន​នោះ​ឡើយ​។ រឹតតែ​សំខាន់ នោះ ពួកគាត់​ថា កម្ពុជា​ត្រូវតែ​បញ្ជា​ទិញ​អាវុធ​ពី​បណ្ដា​ប្រទេស​នានា​ដើម្បី​ការពារ​ទឹកដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ