

យោធាថៃបានគ្រប់គ្រងក្នុងតំបន់ព្រំដែន ដែលយោធាថៃបានដណ្ដើមកាន់កាប់ពីកម្ពុជា ដោយប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗគ្នា ទៅតាមភូមិសាស្ត្រក្នុងតំបន់ និងស្ថានភាពជាក់ស្ដែង។ នៅតំបន់ព្រំដែនដែលមានប្រាសាទបុរាណខ្មែរ យោធាថៃបានអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ ចំណែកឯនៅតំបន់ដែលមានភាពតានតឹង ដូចជាតំបន់មុំបី អានសេះ និងអូរស្មាច់ យោធាថៃបានពង្រីកកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ជាដំណាក់កាល។
គិតមកដល់ពេលនេះ យោធាថៃបានកាន់កាប់ និងទាញផលប្រយោជន៍ពីទឹកដីកម្ពុជានៅតំបន់ព្រំដែន ដែលយោធាថៃបានឈ្លានពានយកស្ទើរទាំងស្រុងទៅហើយ ដោយយោធាថៃបានប្រើប្រាស់ទាំងកម្លាំងទ័ព និងយុទ្ធសាស្ត្រជាតូបនីយកម្ម តាមរយៈការអភិវឌ្ឍ។
ក្នុងនោះ នៅតាមតំបន់ដែលមានភាពតានតឹង ដូចជានៅតំបន់ប្រាសាទព្រះវិហារ អានសេះ និងមុំបី ដែលស្ថិតក្នុងខេត្តព្រះវិហារ និងតំបន់អូរស្មាច់ និងប្រាសាទតាក្របី ស្ថិតក្នុងខេត្តឧត្តរមានជ័យ យោធាថៃបានពង្រឹងកម្លាំងទ័ព ដោយចល័តទាហានជើងគោក សព្វាវុធកាំភ្លើងធំ និងរថពាសដែកជាច្រើនគ្រឿងទៅកាន់តំបន់ជួរមុខ។ នេះបើតាមវីដេអូរបស់ទាហានថៃ ដែលបង្ហោះនៅលើបណ្ដាញសង្គមក្នុងពេលថ្មីៗនេះ។
ក្រៅពីនេះ ទ័ពអាកាសថៃបានប្រកាសកាលពីម្សិលមិញ អំពីការចល័តយន្តហោះចម្បាំងប្រភេទ Gripen ជាច្រើនគ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាសអូតាផៅ ក្នុងខេត្តរ៉ាក់យ៉ង (Rayong) ដែលមានចម្ងាយមិនដល់១០០គីឡូម៉ែត្រនោះឡើយ ពីព្រំដែនកម្ពុជា។ កងទ័ពអាកាសថៃបានអះអាងថា ការយកយន្តហោះចម្បាំងមកទុកក្បែរតំបន់មាត់សមុទ្រនេះ គឺដើម្បីពង្រឹងសន្តិសុខនៅតំបន់ព្រំដែនខាងកើត និងតំបន់ដែនសមុទ្រ ដែលកំពុងមានជម្លោះជាមួយកម្ពុជា។
យន្តហោះចម្បាំងដែលទ័ពអាកាសថៃបញ្ជូនមកនេះ មានបំពាក់គ្រាប់មីស៊ីលបាញ់ចម្ងាយខ្លីប្រភេទ AIM-9 ដែលជាអាវុធប្រឆាំងយន្តហោះចម្បាំង មីស៊ីលនៅលើដែនអាកាស នាវាចម្បាំង ដ្រូន និងរថពាសដែកជាដើម។
ចំណែកនៅតំបន់ភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ដែលស្ថិតនៅខេត្តបន្ទាយមានជ័យ វិញ យោធាថៃបានចល័តទ័ពថ្មើរជើង និងសព្វាវុធនៅតាមទីតាំងឈរជើង។ ក្នុងនោះយោធាថៃបានជីប្រឡាយដែលមានជម្រៅអាចប្រឆាំងរថក្រោះ និងពង្រីកលេណដ្ឋានកាន់តែធំ និងរឹងមាំជាងមុន។ ទន្ទឹមគ្នានេះ ទ័ពអាកាសថៃ បានបញ្ជូនយន្តហោះចម្បាំង F16 ហោះហើរល្បាតតាមបណ្ដោយព្រំដែនក្នុងខេត្តស្រះកែវ (Sa Kaeo) ក្បែរព្រំដែនក្រុងប៉ោយប៉ែត និងបញ្ជូនដ្រូនស៊ើបការណ៍ហោះចូលក្នុងទឹកដីកម្ពុជាទៀតផង។
ដោយឡែកនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ វិញ ទាហានខ្មែរមួយរូបបានអាងប្រាប់ទូរទស្សន៍អាស៊ីសេរីជាសំណេរតាមបណ្ដាញសង្គម នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទាហានថៃបានសាងសង់ផ្លូវបេតុងទៅដល់កំពូលភ្នំ៧៤៥ ហើយ ខណៈតំបន់មួយចំនួនទៀតត្រូវទាហានថៃចូលរាយបន្លាលួស ក៏ប៉ុន្តែតំបន់មួយចំនួនត្រូវទាហានខ្មែរហាមឃាត់ទាន់ពេល និងខ្លះទៀតត្រូវបានរើចេញទៅវិញ។
ទាហានខ្មែរលើកឡើងថា ក្រោយឡើងកាន់កាប់នៅកំពូលភ្នំ៧៤៥ ទាហានថៃអាចនឹងដណ្ដើមកាន់កាប់តំបន់នេះទាំងស្រុង ព្រោះទីតាំងរបស់ទាហានខ្មែរ នៅលើភ្នំ៧៤៥ នេះគឺមានសភាពចោតដូចជ្រោះ ដែលធ្វើឱ្យទាហានខ្មែរមិនអាចថយក្រោយបាននោះឡើយ ប៉ុន្តែនៅប៉ែកខាងទាហានថៃវិញ ភ្នំ៧៤៥នេះ មានសណ្ឋានជាជម្រាល ដែលងាយស្រួលក្នុងការធ្វើដំណើរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៨ ខែមិថុនា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា ថៃកំពុងប្រើអំណាចយោធា ដើម្បីចូលកាន់កាប់បន្តិចម្ដងៗ ក្នុងតំបន់ដែលថៃមិនទាន់ដណ្ដើមកាន់កាប់បានពីកម្ពុជា ក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែន។ លោកបន្តថា ក្នុងស្ថានភាពបែបនេះ កម្ពុជាត្រូវតែប្រើប្រាស់សិទ្ធិការពារខ្លួន ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដោយមិនត្រូវឱ្យថៃអាចយកលេស ដើម្បីផ្ទុះអាវុធបង្កសង្គ្រាមសាជាថ្មីទៀតនោះឡើយ។
លោក អ៊ុំ សំអាន៖ «ស្ថានភាពប្រឈមមុខកងទ័ពថៃនេះ គឺមិនល្អសម្រាប់កម្ពុជាយើងនោះទេ ព្រោះថៃគេនៅកំពូលភ្នំ យើងនៅជើងភ្នំ នៅចង្កេះភ្នំ។ បើសិនជាមានការប៉ះទង្គិច អត់ឈ្នះថៃនោះទេ ដោយសារគេនៅទីខ្ពស់ ហើយគេមានប្រៀប ហើយកម្ពុជាយើងសព្វាវុធអត់ទំនើបដូចថៃ។ ហើយបើចង់ច្បាំងយកទឹកដីមកវិញ ក៏ពិបាកទាមទារមកវិញដែរ តាមរយៈការច្បាំងគ្នានោះ ដោយសារគេនៅកំពូលភ្នំ យើងនៅជើងភ្នំ»។
ខណៈយោធាថៃបានពង្រីកកម្លាំងទ័ពនៅតំបន់ដែលមានភាពតានតឹងនោះ នៅតំបន់មួយចំនួន ដូចជាភ្នំទ្រព្យ ប្រាសាទតាក្របី និងភ្នំ៣៥០ ជាដើម ប្រជាពលរដ្ឋ និងយោធាថៃ បានបន្តអភិវឌ្ឍដោយចាក់ផ្លូវ តម្រៀបជញ្ជាំងបេតុង និងរូបសំណាកជាច្រើនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋថៃបានមកទស្សនាកាន់តែច្រើន។ ក្នុងនោះយោធាថៃបានរក្សាទុក និងកែច្នៃលេណដ្ឋានរបស់ទាហានខ្មែរធ្វើជាកន្លែងទស្សនាទៀតផង។
មេទ័ពថៃដែលប្រចាំនៅតាមតំបន់ព្រំដែន បានអះអាងថា ទម្រាំតែអាចវាយដណ្ដើមយកតំបន់ជួរភ្នំដងរែកពីកម្ពុជាមកបាន ទាហានថៃបានចំណាយសព្វាវុធ ជីវិតទាហាន ដោយវាយចូលជាច្រើនលើក ដូច្នេះថៃនឹងគ្រប់គ្រងតំបន់ទាំងនេះជាអចិន្ត្រៃយ៍ ដើម្បីធ្វើជាទីតាំងយុទ្ធសាស្ត្រសម្រាប់ទ័ពជើងគោកថៃប្រឆាំងនឹងកម្ពុជាទៅថ្ងៃមុខ៕









