យោធា​ថៃ​បាន​បែងចែក​ការគ្រប់គ្រង​ក្នុង​តំបន់​ព្រំដែន ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​ជា​ទម្រង់​ផ្សេងៗ​គ្នា

0
41
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press
ទដ្ឋភាព​ពលរដ្ឋថៃនិងក្រសួងវប្បធម៌ថៃ ​ធ្វើ​ពិធីបួងសួង​​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ Thai Press

យោធា​ថៃ​បាន​គ្រប់គ្រង​ក្នុង​តំបន់​ព្រំដែន ដែល​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា ទៅតាម​ភូមិសាស្ត្រ​ក្នុង​តំបន់ និង​ស្ថានភាព​ជាក់ស្ដែង។ នៅ​តំបន់​ព្រំដែន​ដែល​មាន​ប្រាសាទបុរាណ​ខ្មែរ យោធា​ថៃ​បាន​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍ ចំណែកឯ​នៅ​តំបន់​ដែល​មាន​ភាព​តានតឹង ដូចជា​តំបន់​មុំ​បី អានសេះ និង​អូរស្មាច់ យោធា​ថៃ​បាន​ពង្រីក​កម្លាំង​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ជា​ដំណាក់កាល។

គិត​មកដល់ពេលនេះ យោធា​ថៃ​បាន​កាន់កាប់ និង​ទាញ​ផលប្រយោជន៍​ពី​ទឹកដី​កម្ពុជា​នៅ​តំបន់​ព្រំដែន ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​យោធា​ថៃ​បាន​ប្រើប្រាស់​ទាំង​កម្លាំង​ទ័ព និង​យុទ្ធសាស្ត្រ​ជាតូបនីយកម្ម តាមរយៈ​ការ​អភិវឌ្ឍ។

ក្នុង​នោះ នៅ​តាម​តំបន់​ដែល​មាន​ភាព​តានតឹង ដូចជា​នៅ​តំបន់​ប្រាសាទព្រះវិហារ អានសេះ និង​មុំ​បី ដែល​ស្ថិត​ក្នុង​ខេត្តព្រះវិហារ និង​តំបន់​អូរ​ស្មាច់ និង​ប្រាសាទ​តា​ក្របី ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ យោធា​ថៃ​បាន​ពង្រឹងកម្លាំង​ទ័ព ដោយ​ចល័ត​ទាហានជើងគោក សព្វាវុធ​កាំភ្លើង​ធំ និង​រថពាសដែក​ជាច្រើន​គ្រឿង​ទៅកាន់​តំបន់​ជួរមុខ​។ នេះ​បើ​តាម​វីដេអូ​របស់​ទាហាន​ថៃ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ។

ក្រៅ​ពី​នេះ ទ័ពអាកាស​ថៃ​បាន​ប្រកាស​កាលពី​ម្សិលមិញ អំពី​ការ​ចល័ត​យន្តហោះ​ចម្បាំង​ប្រភេទ Gripen ជាច្រើន​គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​អូ​តា​ផៅ ក្នុង​ខេត្ត​រ៉ាក់យ៉ង (Rayong) ដែល​មាន​ចម្ងាយ​មិន​ដល់​១០០​គីឡូម៉ែត្រ​នោះ​ឡើយ ពី​ព្រំដែន​កម្ពុជា​។ កងទ័ពអាកាស​ថៃ​បាន​អះអាង​ថា ការ​យក​យន្តហោះ​ចម្បាំង​មក​ទុក​ក្បែរ​តំបន់​មាត់សមុទ្រ​នេះ គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ព្រំដែន​ខាងកើត និង​តំបន់​ដែនសមុទ្រ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​កម្ពុជា។

យន្តហោះ​ចម្បាំង​ដែល​ទ័ពអាកាស​ថៃ​បញ្ជូន​មកនេះ មាន​បំពាក់​គ្រាប់​មីស៊ីល​បាញ់​ចម្ងាយ​ខ្លី​ប្រភេទ AIM-9 ដែល​ជា​អាវុធ​ប្រឆាំង​យន្តហោះ​ចម្បាំង មីស៊ីល​នៅ​លើ​ដែនអាកាស នាវាចម្បាំង ដ្រូន និង​រថពាសដែក​ជាដើម។

ចំណែក​នៅ​តំបន់​ភូមិ​ជោគជ័យ ព្រៃ​ចាន់ និង​តំបន់​បឹង​ត្រកួន ដែល​ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ វិញ យោធា​ថៃ​បាន​ចល័ត​ទ័ពថ្មើរជើង និង​សព្វាវុធ​នៅ​តាម​ទីតាំង​ឈរជើង​។ ក្នុង​នោះ​យោធា​ថៃ​បាន​ជី​ប្រឡាយ​ដែល​មាន​ជម្រៅ​អាច​ប្រឆាំង​រថក្រោះ និង​ពង្រីក​លេណដ្ឋាន​កាន់តែ​ធំ និង​រឹងមាំ​ជាង​មុន​។ ទន្ទឹមគ្នា​នេះ ទ័ពអាកាស​ថៃ បាន​បញ្ជូន​យន្តហោះ​ចម្បាំង F16 ហោះហើរ​ល្បាត​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​ស្រះ​កែវ (Sa Kaeo) ក្បែរ​ព្រំដែន​ក្រុង​ប៉ោយប៉ែត និង​បញ្ជូន​ដ្រូន​ស៊ើបការណ៍​ហោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ទៀត​ផង។

ដោយឡែក​នៅ​តំបន់​មុំ​បី ក្នុង​ខេត្ត​ព្រះវិហារ វិញ ទាហាន​ខ្មែរ​មួយ​រូប​បាន​អាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ជា​សំណេរ​តាម​បណ្ដាញ​សង្គម នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ទាហាន​ថៃ​បាន​សាងសង់​ផ្លូវ​បេតុង​ទៅ​ដល់​កំពូលភ្នំ​៧៤៥ ហើយ ខណៈ​តំបន់​មួយ​ចំនួន​ទៀត​ត្រូវ​ទាហាន​ថៃ​ចូល​រាយ​បន្លា​លួស ក៏ប៉ុន្តែ​តំបន់​មួយចំនួន​ត្រូវ​ទាហាន​ខ្មែរ​ហាមឃាត់​ទាន់ពេល និង​ខ្លះទៀត​ត្រូវ​បាន​រើចេញ​ទៅវិញ។

ទាហាន​ខ្មែរ​លើកឡើង​ថា ក្រោយ​ឡើង​កាន់​កាប់​នៅ​កំពូលភ្នំ​៧៤៥ ទាហាន​ថៃ​អាច​នឹង​ដណ្ដើម​កាន់កាប់​តំបន់​នេះ​ទាំងស្រុង ព្រោះ​ទីតាំង​របស់​ទាហាន​ខ្មែរ នៅ​លើ​ភ្នំ​៧៤៥ នេះ​គឺ​មាន​សភាព​ចោត​ដូច​ជ្រោះ ដែល​ធ្វើ​ឱ្យ​ទាហាន​ខ្មែរ​មិនអាច​ថយក្រោយ​បាន​នោះ​ឡើយ ប៉ុន្តែ​នៅ​ប៉ែក​ខាង​ទាហាន​ថៃ​វិញ ភ្នំ​៧៤៥​នេះ មាន​សណ្ឋាន​ជា​ជម្រាល ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៨ ខែមិថុនា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ថៃ​កំពុង​ប្រើ​អំណាច​យោធា ដើម្បី​ចូលកាន់​កាប់​បន្តិច​ម្ដងៗ ក្នុង​តំបន់​ដែល​ថៃ​មិនទាន់​ដណ្ដើម​កាន់កាប់​បាន​ពី​កម្ពុជា ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​បែបនេះ កម្ពុជា​ត្រូវតែ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​ឱ្យ​ថៃ​អាច​យក​លេស ដើម្បី​ផ្ទុះអាវុធ​បង្ក​សង្គ្រាម​សាជាថ្មី​ទៀត​នោះ​ឡើយ។

លោក អ៊ុំ សំអាន៖ «ស្ថានភាព​ប្រឈមមុខ​កងទ័ព​ថៃ​នេះ គឺ​មិនល្អ​សម្រាប់​កម្ពុជា​យើង​នោះ​ទេ ព្រោះ​ថៃ​គេ​នៅ​កំពូលភ្នំ យើង​នៅ​ជើងភ្នំ នៅ​ចង្កេះភ្នំ​។ បើសិនជា​មានការ​ប៉ះទង្គិច អត់​ឈ្នះ​ថៃ​នោះ​ទេ ដោយសារ​គេ​នៅ​ទី​ខ្ពស់ ហើយ​គេ​មានប្រៀប ហើយ​កម្ពុជា​យើង​សព្វាវុធ​អត់​ទំនើប​ដូច​ថៃ​។ ហើយ​បើ​ចង់​ច្បាំង​យក​ទឹកដី​មកវិញ ក៏​ពិបាក​ទាមទារ​មកវិញ​ដែរ តាមរយៈ​ការ​ច្បាំង​គ្នា​នោះ ដោយសារ​គេ​នៅ​កំពូលភ្នំ យើង​នៅ​ជើងភ្នំ»។

ខណៈ​យោធា​ថៃ​បាន​ពង្រីក​កម្លាំង​ទ័ព​នៅ​តំបន់​ដែល​មាន​ភាព​តានតឹង​នោះ នៅ​តំបន់​មួយចំនួន ដូចជា​ភ្នំ​ទ្រព្យ ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៥០ ជាដើម ប្រជាពលរដ្ឋ និង​យោធា​ថៃ បាន​បន្ត​អភិវឌ្ឍ​ដោយ​ចាក់​ផ្លូវ តម្រៀប​ជញ្ជាំង​បេតុង និង​រូបសំណាក​ជាច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​បាន​មក​ទស្សនា​កាន់តែ​ច្រើន។ ក្នុង​នោះ​យោធា​ថៃ​បាន​រក្សាទុក និង​កែច្នៃ​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ​ធ្វើជា​កន្លែង​ទស្សនា​ទៀត​ផង។

មេទ័ព​ថៃ​ដែល​ប្រចាំ​នៅ​តាម​តំបន់​ព្រំដែន បាន​អះអាង​ថា ទម្រាំ​តែ​អាច​វាយ​ដណ្ដើមយក​តំបន់​ជួរ​ភ្នំ​ដងរែក​ពី​កម្ពុ​ជា​មក​បាន ទាហាន​ថៃ​បាន​ចំណាយ​សព្វាវុធ ជីវិត​ទាហាន ដោយ​វាយ​ចូល​ជាច្រើនលើក ដូច្នេះ​ថៃ​នឹង​គ្រប់គ្រង​តំបន់​ទាំងនេះ​ជា​អចិន្ត្រៃយ៍ ដើម្បី​ធ្វើជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ទ័ពជើងគោក​ថៃ​ប្រឆាំង​នឹង​កម្ពុជា​ទៅ​ថ្ងៃមុខ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ