យោធា​ថៃ​ដណ្ដើម​កាន់កាប់​ភ្នំ​៣២៣ ដោយ​ស្ងាត់ៗ នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង

0
23
​ទាហានថៃបង្ហូតទង់ជាតិ និង​ប្រកាស​ពី​អធិបតេយ្យ​នៅ​កំពូលភ្នំ​៣២៣ ដែល​ស្ថិតនៅ​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជាប់​នឹង​ស្រុក​ខ្លង​ហាត ខេត្ត​ចន្ទបុរី កាលពីថ្ងៃទី១៨ មិថុនា ២០២៦។ រូប៖ ទាហានថៃ
​ទាហានថៃបង្ហូតទង់ជាតិ និង​ប្រកាស​ពី​អធិបតេយ្យ​នៅ​កំពូលភ្នំ​៣២៣ ដែល​ស្ថិតនៅ​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជាប់​នឹង​ស្រុក​ខ្លង​ហាត ខេត្ត​ចន្ទបុរី កាលពីថ្ងៃទី១៨ មិថុនា ២០២៦។ រូប៖ ទាហានថៃ

យោធា​ថៃ​បាន​បង្ហូតទង់ជាតិ​នៅ​លើ​កំពូលភ្នំ​៣២៣ ដែល​ស្ថិតនៅ​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ យោធា​ថៃ​បាន​ប្រកាស​យក​ភ្នំ​៣២៣​នេះ ដាក់បញ្ចូល​ក្នុង​ទឹកដី​ថៃ និង​គ្រោង​បង្កើត​ជា​តំបន់​យុទ្ធសាស្ត្រ សម្រាប់​ប្រឆាំង​នឹង​ទាហាន​ខ្មែរ​នា​ពេល​អនាគត​។ ទាហាន​ខ្មែរ​អះអាង​ថា យោធា​ថៃ​បាន​ចូល​កាន់កាប់​ភ្នំ​៣២៣​នេះ តាំងពី​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​កាលពី​ចុងឆ្នាំ​២០២៥ មក​ម្ល៉េះ ដោយ​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់កាំភ្លើង​ធំ​មិន​ដល់​១០​គ្រាប់​នោះ​ឡើយ។

ទាហាន​ឈុត​ខ្មៅ​ថៃ ប្រចាំ​កងពល​លេខ​១៣ នៅ​ថ្ងៃទី​១៨ ខែមិថុនា បាន​ឡើង​ទៅ​បង្ហូតទង់ជាតិ និង​ប្រកាស​ពី​អធិបតេយ្យ​នៅ​កំពូលភ្នំ​៣២៣ ដែល​ស្ថិតនៅ​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជាប់​នឹង​ស្រុក​ខ្លង​ហាត ខេត្ត​ចន្ទបុរី របស់​ថៃ​។ នៅ​លើ​ចំណោទ​ច្រាំង​ថ្ម​ដែល​បែរមុខ​ទៅ​ខាង​ទឹកដី​ថៃ ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ច្រៀង​ចម្រៀង​ជាតិ​ខ្លាំងៗ និង​ធ្វើការ​សច្ចាប្រណិធាន​ការពារ ដោយ​យក​តំបន់​ភ្នំ​៣២៣​នេះ ធ្វើជា​មូលដ្ឋាន​ឈរជើង​ដើម្បី​ប្រឆាំង​នឹង​ទាហាន​ខ្មែរ។

ភ្នំ​៣២៣ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ដែល​ស្ថិតនៅ​ចំ​កណ្ដាល​តំបន់​ប្រជុំ​ភ្នំព្រឹក និង​ភ្នំ​បារាំង​ធ្លាក់ របស់​កម្ពុជា ជាប់​នឹង​តំបន់​ប្រជុំភ្នំ​ក្នុង​ខេត្ត​ចន្ទ​បុរី និង​ស្រះកែវ របស់​ថៃ​។ តំបន់​ភ្នំ​៣២៣​នេះ គឺជា​ទីតាំង​ប្រទាញប្រទង់​គ្នា​រវាង​ភាគី​កម្ពុជា និង​ថៃ ដោយសារ​ភ្នំ​នេះ​មាន​សណ្ឋាន​ដូចជា​ជញ្ជាំង​ខ្ពស់​ផុស​ចេញពី​ដី ដែល​សម្បូរ​ដោយ​រូងភ្នំ ល្អាង និង​ដុំថ្ម​ធំៗ។

ទាហាន​ខ្មែរ​មួយ​រូប ប្រចាំ​នៅ​កងការពារ​ព្រំដែន​លេខ​៥០៤ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​បាន​ចូល​កាន់កាប់​ភ្នំ​៣២៣​នេះ ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​លើក​ទី​២ ដោយ​យោធា​ថៃ​បាន​ផ្លោង​គ្រាប់កាំភ្លើង​ធំ ចូលក្នុង​ភូមិសាស្ត្រ ឃុំ​បារាំង​ធ្លាក់ និង​ឃុំ​ភ្នំព្រឹក ប្រហែល​ជិត​១០​គ្រាប់ ខណៈ​ទាហាន​ខ្មែរ ដែល​កំពុង​ឈរជើង​ក្នុង​តំបន់​នោះ បាន​ដកថយ​ដោយសារតែ​គ្មាន​ការ​គាំទ្រ​ពី​កងកាំភ្លើងធំ និង​ទ័ព​ជំនួយ​ពី​ខាងក្រោយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង មេបញ្ជាការ​កង​ការពា​រ​ព្រំដែន​លេខ​៥០៤ នៃ​យោធភូមិភាគ​ទី​៥ លោក យ៉យ ស៊ីដូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ការឈ្លានពាន​ចូលកាន់​កាប់ និង​តាំង​មូលដ្ឋានទ័ព​នៅ​លើ​ភ្នំ​៣២៣​របស់​យោធា​ថៃ អាច​នឹង​ក្លាយជា​ការ​គំរាមកំហែង​មកលើ​កម្លាំង​ការពារ​ព្រំដែន​របស់​កម្ពុជា​ទៅ​ថ្ងៃមុខ​។ លោក​កត់សម្គាល់​ឃើញថា យោធា​ថៃ​តែងតែ​ដណ្ដើមយក​ទីតាំង​ភ្នំ​ដែល​ស្ថិត​នៅ​តាម​ព្រំដែន​របស់​កម្ពុជា ដើម្បី​យក​ប្រៀប​លើ​ទីតាំង​ភូមិសាស្ត្រ ខណៈ​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​មាន​ភាព​ទន់ខ្សោយ និង​ពឹង​ផ្អែកលើ​ទីតាំង​ខ្ពស់។

លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​ហ្នឹង ប្រើ​សិទ្ធិ​ស្វ័យការពារ កុំ​បណ្ដោយ​ឱ្យ​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​យើង​ស្រេច​ចិត្ត អ៊ីចឹង​អត់​មានការ​ទប់ស្កាត់​ទេ ហើយ​គាត់​ទៅ​ធ្វើ​រឿង​ផ្សេង​ដែល​អត់​មាន​សារៈសំខាន់ ដូចជា​ការ​ការពារ​ទឹកដី ហើយក៏​អត់​មាន​វិធានការ​ណា​ដើម្បី​ទាមទារ​ទឹកដី​មកវិញ​។ ឥឡូវនេះ ដូចជា​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​រឿង​ព្រំដែន​ហ្នឹង ឬក៏​បង្វែរ​ការឈ្លានពាន​របស់​ថៃ​ហ្នឹង ដូចជា​ទៅ​ដើរ​ចាប់​ទំនិញ​ថៃ​អ៊ីចឹង​ទៅ​។ អា រឿង​ចាប់​ទំនិញ​ហ្នឹង វា​សំខាន់​ហើយ ប៉ុន្តែ​មិន​សំខាន់​ជាង​ទឹកដី​នោះ​ទេ»។

ពាក់ព័ន្ធ​នឹង​វិវាទ​រឿង​នៅ​ព្រំដែន​ខេត្តបាត់ដំបង នេះ​ដែរ ទាហាន​ថៃ​បាន​បន្ត​ជីក​ប្រឡាយ រាយ​បន្លា​លួស ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ និង​កែប្រែ​អូរ​ធម្មជាតិ​ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន​ចាប់ពី​ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក ស្ថិតនៅ​តំបន់​ព្រំដែន​ខេត្តបាត់ដំបង រហូតដល់​តំបន់​ប​រយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ចូលក្នុង​ទឹកដី​របស់​កម្ពុជា ជាច្រើន​ទីតាំង​។ សកម្មភាព​របស់​ទាហាន​ថៃ​នេះ ត្រូវបាន​ទាហាន​ខ្មែរ​ហាមឃាត់ ដោយ​ស្នើ​ឱ្យ​ភាគី​ថៃ​គោរព​តាម​បទ​ឈប់​បាញ់ និង​រង់ចាំ​គណៈកម្មាធិការ​របស់​ប្រទេស​ទាំងពីរ​ចុះ​វាស់វែង និង​កំណត់​បង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន។

ក៏ប៉ុន្តែ សំណើ​នេះ​ត្រូវ​ភាគី​ថៃ​បដិសេធ ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​អះអាង​ថា ពួកគេ​ធ្វើ​សកម្មភាព​ឈូសឆាយ​នៅ​តាម​ព្រំដែន​នេះ​គឺ​ធ្វើឡើង​ក្នុង​តំបន់​ទឹកដី​របស់​ថៃ ទោះបី​ទាហាន​ខ្មែរ​បាន​បង្ហាញ​ពី​តំបន់​ដែល​មិនទាន់​កំណត់ព្រំដែន​ជាក់លាក់ ដែល​ថៃ​កំពុង​ចូល​ឈូស​ឆាយ​នោះ​ក៏ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ