

យោធាថៃបានបង្ហូតទង់ជាតិនៅលើកំពូលភ្នំ៣២៣ ដែលស្ថិតនៅព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ យោធាថៃបានប្រកាសយកភ្នំ៣២៣នេះ ដាក់បញ្ចូលក្នុងទឹកដីថៃ និងគ្រោងបង្កើតជាតំបន់យុទ្ធសាស្ត្រ សម្រាប់ប្រឆាំងនឹងទាហានខ្មែរនាពេលអនាគត។ ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។
ទាហានឈុតខ្មៅថៃ ប្រចាំកងពលលេខ១៣ នៅថ្ងៃទី១៨ ខែមិថុនា បានឡើងទៅបង្ហូតទង់ជាតិ និងប្រកាសពីអធិបតេយ្យនៅកំពូលភ្នំ៣២៣ ដែលស្ថិតនៅព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់នឹងស្រុកខ្លងហាត ខេត្តចន្ទបុរី របស់ថៃ។ នៅលើចំណោទច្រាំងថ្មដែលបែរមុខទៅខាងទឹកដីថៃ ក្រុមទាហានឈុតខ្មៅថៃបានច្រៀងចម្រៀងជាតិខ្លាំងៗ និងធ្វើការសច្ចាប្រណិធានការពារ ដោយយកតំបន់ភ្នំ៣២៣នេះ ធ្វើជាមូលដ្ឋានឈរជើងដើម្បីប្រឆាំងនឹងទាហានខ្មែរ។
ភ្នំ៣២៣ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ដែលស្ថិតនៅចំកណ្ដាលតំបន់ប្រជុំភ្នំព្រឹក និងភ្នំបារាំងធ្លាក់ របស់កម្ពុជា ជាប់នឹងតំបន់ប្រជុំភ្នំក្នុងខេត្តចន្ទបុរី និងស្រះកែវ របស់ថៃ។ តំបន់ភ្នំ៣២៣នេះ គឺជាទីតាំងប្រទាញប្រទង់គ្នារវាងភាគីកម្ពុជា និងថៃ ដោយសារភ្នំនេះមានសណ្ឋានដូចជាជញ្ជាំងខ្ពស់ផុសចេញពីដី ដែលសម្បូរដោយរូងភ្នំ ល្អាង និងដុំថ្មធំៗ។
ទាហានខ្មែរមួយរូប ប្រចាំនៅកងការពារព្រំដែនលេខ៥០៤ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ ក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនលើកទី២ ដោយយោធាថៃបានផ្លោងគ្រាប់កាំភ្លើងធំ ចូលក្នុងភូមិសាស្ត្រ ឃុំបារាំងធ្លាក់ និងឃុំភ្នំព្រឹក ប្រហែលជិត១០គ្រាប់ ខណៈទាហានខ្មែរ ដែលកំពុងឈរជើងក្នុងតំបន់នោះ បានដកថយដោយសារតែគ្មានការគាំទ្រពីកងកាំភ្លើងធំ និងទ័ពជំនួយពីខាងក្រោយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ នៃយោធភូមិភាគទី៥ លោក យ៉យ ស៊ីដូ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមិថុនា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា ការឈ្លានពានចូលកាន់កាប់ និងតាំងមូលដ្ឋានទ័ពនៅលើភ្នំ៣២៣របស់យោធាថៃ អាចនឹងក្លាយជាការគំរាមកំហែងមកលើកម្លាំងការពារព្រំដែនរបស់កម្ពុជាទៅថ្ងៃមុខ។ លោកកត់សម្គាល់ឃើញថា យោធាថៃតែងតែដណ្ដើមយកទីតាំងភ្នំដែលស្ថិតនៅតាមព្រំដែនរបស់កម្ពុជា ដើម្បីយកប្រៀបលើទីតាំងភូមិសាស្ត្រ ខណៈវិស័យការពារជាតិរបស់កម្ពុជាមានភាពទន់ខ្សោយ និងពឹងផ្អែកលើទីតាំងខ្ពស់។
លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីហ្នឹង ប្រើសិទ្ធិស្វ័យការពារ កុំបណ្ដោយឱ្យថៃឈ្លានពានទឹកដីខ្មែរយើងស្រេចចិត្ត អ៊ីចឹងអត់មានការទប់ស្កាត់ទេ ហើយគាត់ទៅធ្វើរឿងផ្សេងដែលអត់មានសារៈសំខាន់ ដូចជាការការពារទឹកដី ហើយក៏អត់មានវិធានការណាដើម្បីទាមទារទឹកដីមកវិញ។ ឥឡូវនេះ ដូចជាបង្កើតព្រឹត្តិការណ៍ផ្សេងៗដើម្បីបង្វែរព្រឹត្តិការណ៍រឿងព្រំដែនហ្នឹង ឬក៏បង្វែរការឈ្លានពានរបស់ថៃហ្នឹង ដូចជាទៅដើរចាប់ទំនិញថៃអ៊ីចឹងទៅ។ អា រឿងចាប់ទំនិញហ្នឹង វាសំខាន់ហើយ ប៉ុន្តែមិនសំខាន់ជាងទឹកដីនោះទេ»។
ពាក់ព័ន្ធនឹងវិវាទរឿងនៅព្រំដែនខេត្តបាត់ដំបង នេះដែរ ទាហានថៃបានបន្តជីកប្រឡាយ រាយបន្លាលួស ធ្វើផ្លូវយុទ្ធសាស្ត្រ និងកែប្រែអូរធម្មជាតិដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្នចាប់ពីស្រុកកំរៀង ស្រុកភ្នំព្រឹក ស្ថិតនៅតំបន់ព្រំដែនខេត្តបាត់ដំបង រហូតដល់តំបន់បរយ៉ាខា ខេត្តប៉ៃលិន ដែលចូលក្នុងទឹកដីរបស់កម្ពុជា ជាច្រើនទីតាំង។ សកម្មភាពរបស់ទាហានថៃនេះ ត្រូវបានទាហានខ្មែរហាមឃាត់ ដោយស្នើឱ្យភាគីថៃគោរពតាមបទឈប់បាញ់ និងរង់ចាំគណៈកម្មាធិការរបស់ប្រទេសទាំងពីរចុះវាស់វែង និងកំណត់បង្គោលព្រំដែនឱ្យបានច្បាស់លាស់ជាមុនសិន។
ក៏ប៉ុន្តែ សំណើនេះត្រូវភាគីថៃបដិសេធ ដោយទាហានឈុតខ្មៅថៃបានអះអាងថា ពួកគេធ្វើសកម្មភាពឈូសឆាយនៅតាមព្រំដែននេះគឺធ្វើឡើងក្នុងតំបន់ទឹកដីរបស់ថៃ ទោះបីទាហានខ្មែរបានបង្ហាញពីតំបន់ដែលមិនទាន់កំណត់ព្រំដែនជាក់លាក់ ដែលថៃកំពុងចូលឈូសឆាយនោះក៏ដោយ៕









