

យោធាថៃបានបន្តចល័តទ័ពថ្មើរជើង និងសព្វាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែនកម្ពុជា ជាបន្តបន្ទាប់ ក្រោយពេលទាហានខ្មែរ និងទាហានថៃដែលឈរជើងនៅតំបន់ព្រំដែនបានឈ្លោះប្រកែកគ្នា និងបង្កឱ្យមានភាពតានតឹងក្នុងតំបន់។ អ្នកឃ្លាំមើលលើកឡើងថា ភាគីកម្ពុជា និងថៃគួរតែបង្កើតក្រុមផ្ទៀងផ្ទាត់ព័ត៌មានជាមួយគ្នា ជុំវិញការសកម្មភាពយោធានៅតាមព្រំដែន ដើម្បីបង្ការកុំឱ្យមានការយល់ច្រលំ ដែលបណ្ដាលឱ្យមានភាពតានតឹងនៅតំបន់ព្រំដែនសាជាថ្មី។
ថ្មីនេះៗ យោធាថៃបានចល័តទ័ពថ្មើរជើង និងសព្វាវុធទៅកាន់ព្រំដែនកម្ពុជា ក្នុងតំបន់ដែលមានភាពរសើប ដូចជាតំបន់មុំបី ប្រាសាទព្រះវិហារ និងតំបន់អូរស្មាច់ជាដើម។ តាមរយៈវីដេអូដែលទាហានថៃបង្ហោះនៅលើបណ្ដាញសង្គម សព្វាវុធដែលកំពុងចល័តតាមរថយន្តសណ្ដោងនេះ មានទាំងកាំភ្លើងធំ ១០៥មីល្លីម៉ែត្រ រថក្រោះប្រភេទ M60, M48, Stingray និងប្រភេទយានចម្បាំងផ្សេងទៀត។
ការចល័តទ័ពរបស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីទាហានខ្មែរ និងទាហានថៃបានរុញច្រានគ្នានៅតាមទីតាំងដើរល្បាត និងក្រោយពេលយោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រចូលក្នុងទឹកដីកម្ពុជា ដែលនៅកៀកនឹងទីតាំងឈរជើងរបស់ទាហានខ្មែរ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានឃោសនាដោយអះអាងថា កម្ពុជាបានចល័តទ័ព សាងសង់លេណដ្ឋាន ពង្រឹងកម្លាំង និងត្រៀមបញ្ជូនរថក្រោះទៅកាន់តំបន់ព្រំដែន ជាពិសេសរថក្រោះប្រភេទ T-59D ដែលប្រទេសចិនទើបនឹងបញ្ជូនមកឱ្យកម្ពុជា។
ពាក់ព័ន្ធរឿងនេះ មេទ័ពភូមិភាគទី២របស់ថៃ លោក វីរ៉ាយុទ្ធ រ៉ាក់ស៊ីន (Veerayut Rakasilp) បានបញ្ជាក់ថា ប្រសិនបើកងកម្លាំងប្រយុទ្ធ ឬរថក្រោះរបស់កងទ័ពខ្មែរ ពិតជាត្រូវបានដាក់ពង្រាយនៅតំបន់ព្រំដែនមែននោះ ក៏ត្រូវចំណាយពេលហ្វឹកហាត់បច្ចេកទេស ការជួសជុលថែទាំ និងការដឹកជញ្ជូននោះដែរ។ យ៉ាងណាក៏ដោយ លោក វីរ៉ាយុទ្ធ លើកឡើងថា ប្រទេសថៃក៏មិនព្រងើយកន្តើយក្នុងរឿងនេះនោះឡើយ ដោយយោធាថៃបានពង្រឹងកម្លាំងការពារនៅតាមបណ្តោយព្រំដែនទាំងមូល និងគ្រប់តំបន់ដែលយោធាថៃដណ្ដើមបានពីកម្ពុជា។
មេទ័ពភូមិភាគទី២ របស់ថៃរូបនេះបន្តថា លោកបានទទួលព័ត៌មានស៊ើបការណ៍មកថា កម្ពុជាមិនបានចល័តរថក្រោះ កងកម្លាំងប្រយុទ្ធ ឬសព្វាវុធធុនធ្ងន់ណាមួយទៅកាន់ព្រំដែនទល់មុខប្រទេសថៃនោះទេ ទោះបីជាកម្ពុជាបាននាំចូលសព្វាវុធថ្មីៗក៏ដោយ។
ទោះជាបែបនេះក្ដី ទាហានខ្មែរមួយរូប ដែលកំពុងឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីជាសំណេរតាមបណ្ដាញសង្គម ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ភាគីកម្ពុជាមិនបានពង្រីកកម្លាំងទ័ពនៅតំបន់ព្រំដែននោះឡើយ។ លោកអះអាងថា គឺភាគីថៃទៅវិញទេ ដែលបានបញ្ជូនកងកម្លាំងសូរ៉ាក់ណារី ឈុតខ្មៅមកតំបន់ព្រំដែន ដោយដាក់ពង្រាយនៅជិតនឹងមូលដ្ឋានរបស់ទាហានខ្មែរ ខណៈបច្ចុប្បន្នយោធាថៃកំពុងធ្វើផ្លូវ និងចូលកាន់កាប់តំបន់សំខាន់ៗលើខ្នងភ្នំដងរែក ស្ទើរទាំងអស់ទៅហើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែមិថុនា។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ភាគីកម្ពុជា និងថៃគួរតែអនុវត្តយន្តការការទូត ដោយបង្កើតគណៈកម្មការព្រំដែនសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មាន ជុំវិញការធ្វើសកម្មភាពយោធានៅតាមព្រំដែន ដើម្បីបង្ការកុំឱ្យមានការយល់ច្រលំ ដែលបណ្ដាលឱ្យមានភាពតានតឹងនៅតំបន់ព្រំដែនសាជាថ្មី។
ទោះជាយ៉ាងណា លោកបន្តថា ការបង្ហាញកម្លាំងរបស់យោធាថៃនៅតំបន់ព្រំដែន អាចជាការប្រើប្រាស់ចរន្តជាតិនិយម ដើម្បីបង្កើនប្រជាប្រិយភាព ដែលក្រុមយោធាថៃតែងតែរក្សាតួនាទីរបស់ខ្លួនជាអ្នកការពារជាតិ និងបង្ហាញទៅកាន់សាធារណជនថា មានតែក្រុមយោធាប៉ុណ្ណោះ គឺជាបង្អែកដែលអាចការពារបូរណភាពជាតិល្អជាងរដ្ឋាភិបាលស៊ីវិល។ «»
អ្នកឃ្លាំមើលលើកឡើងថា ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា យោធាថៃកំពុងអនុវត្តយុទ្ធសាស្ត្រទ្វេទិស ដោយប្រើប្រាស់កម្លាំងយោធា និងការទូត ដែលស្ថានភាពបែបនេះ បានធ្វើឱ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មានការប្រែប្រួលឆាប់រហ័ស និងងាយរងគ្រោះ ដោយសារការចល័តកម្លាំងយោធា អាចបង្កើតជាការប៉ះទង្គិចគ្នាដោយអចេតនា ដោយសារការភ័ន្តច្រឡំណាមួយកើតឡើង។
ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលក៏វាយតម្លៃថា ជម្លោះព្រំដែននេះអាចនឹងអូសបន្លាយកាន់តែយូរ និងផុយស្រួយ ព្រោះវិវាទនេះមិនមែនជាបញ្ហាបន្ទាត់ព្រំដែននៅលើដីប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាចំណាត់ខ្មាំងនយោបាយផ្ទៃក្នុង និងមនោគមន៍វិជ្ជាជាតិនិយមរបស់ភាគីថៃ ដែលក្រុមយោធា និងអ្នកនយោបាយថៃតែងតែយកមកប្រើប្រាស់ ដើម្បីស្វែងរកការគាំទ្រ៕







