យោធា​ថៃ​ពង្រឹងកម្លាំង​ទ័ព​នៅ​តាម​ព្រំដែន ក្រោយ​សង្ស័យ​ថា កម្ពុជា​​បញ្ជូន​រថក្រោះ​មក​តំបន់​ព្រំដែន

0
37
ទិដ្ឋភាពយោធាថៃ​បង្ហាញរថក្រោះ កាលពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គមទាហានថៃ
ទិដ្ឋភាពយោធាថៃ​បង្ហាញរថក្រោះ កាលពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គមទាហានថៃ

យោធា​ថៃ​បាន​បន្ត​ចល័ត​ទ័ពថ្មើរជើង និង​សព្វាវុធ​ធុន​ធ្ងន់​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា ជា​បន្តបន្ទាប់ ក្រោយពេល​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​បាន​ឈ្លោះប្រកែក​គ្នា និង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​។ អ្នកឃ្លាំមើល​លើកឡើង​ថា ភាគី​កម្ពុជា និង​ថៃ​គួរតែ​បង្កើត​ក្រុម​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយគ្នា ជុំវិញ​ការ​សកម្មភាព​យោធា​នៅ​តាម​ព្រំដែន ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​យល់​ច្រលំ ដែល​បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​សាជាថ្មី។

ថ្មី​នេះៗ យោធា​ថៃ​បាន​ចល័ត​ទ័ពថ្មើរជើង និង​សព្វាវុធ​ទៅកាន់​ព្រំដែន​កម្ពុជា ក្នុង​តំបន់​ដែល​មាន​ភាព​រសើប ដូចជា​តំបន់​មុំ​បី ប្រាសាទព្រះវិហារ និង​តំបន់​អូរស្មាច់​ជាដើម​។ តាមរយៈ​វីដេអូ​ដែល​ទាហាន​ថៃ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម សព្វាវុធ​ដែល​កំពុង​ចល័ត​តាម​រថយន្ត​សណ្ដោង​នេះ មាន​ទាំង​កាំភ្លើង​ធំ ១០៥​មីល្លីម៉ែត្រ រថក្រោះ​ប្រភេទ M60, M48, Stingray និង​ប្រភេទ​យាន​ចម្បាំង​ផ្សេងទៀត​។

ការ​ចល័ត​ទ័ព​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​បាន​រុញច្រាន​គ្នា​នៅ​តាម​ទីតាំង​ដើរ​ល្បាត និង​ក្រោយពេល​យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ចូលក្នុង​ទឹកដី​កម្ពុជា ដែល​នៅ​កៀក​នឹង​ទីតាំង​ឈរជើង​របស់​ទាហាន​ខ្មែរ​។ ទន្ទឹម​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ​បាន​ឃោសនា​ដោយ​អះអាង​ថា កម្ពុជា​បាន​ចល័ត​ទ័ព សាងសង់​លេណដ្ឋាន ពង្រឹងកម្លាំង និង​ត្រៀម​បញ្ជូន​រថក្រោះ​ទៅកាន់​តំបន់​ព្រំដែន ជាពិសេស​រថក្រោះ​ប្រភេទ T-59D ដែល​ប្រទេស​ចិន​ទើបនឹង​បញ្ជូន​មក​ឱ្យ​កម្ពុជា។

ពាក់ព័ន្ធ​រឿង​នេះ មេទ័ព​ភូមិភាគ​ទី​២​របស់​ថៃ លោក វីរ៉ាយុទ្ធ រ៉ាក់ស៊ីន (Veerayut Rakasilp) បាន​បញ្ជាក់​ថា ប្រសិនបើ​កងកម្លាំង​ប្រយុទ្ធ ឬ​រថក្រោះ​របស់​កងទ័ព​ខ្មែរ ពិតជា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តំបន់​ព្រំដែន​មែន​នោះ ក៏​ត្រូវ​ចំណាយពេល​ហ្វឹកហាត់​បច្ចេកទេស ការ​ជួសជុល​ថែទាំ និង​ការ​ដឹកជញ្ជូន​នោះ​ដែរ។ យ៉ាងណាក៏ដោយ លោក វីរ៉ាយុទ្ធ លើកឡើង​ថា ប្រទេស​ថៃ​ក៏​មិន​ព្រងើយកន្តើយ​ក្នុង​រឿង​នេះ​នោះ​ឡើយ ដោយ​យោធា​ថៃ​បាន​ពង្រឹងកម្លាំង​ការពារ​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំងមូល និង​គ្រប់​តំបន់​ដែល​យោធា​ថៃ​ដណ្ដើម​បាន​ពី​កម្ពុជា។

មេទ័ព​ភូមិភាគ​ទី​២ របស់​ថៃ​រូប​នេះ​បន្ត​ថា លោក​បាន​ទទួល​ព័ត៌មាន​ស៊ើបការណ៍​មក​ថា កម្ពុជា​មិនបាន​ចល័ត​រថក្រោះ កងកម្លាំង​ប្រយុទ្ធ ឬ​សព្វាវុធ​ធុន​ធ្ងន់​ណាមួយ​ទៅកាន់​ព្រំដែន​ទល់មុខ​ប្រទេស​ថៃ​នោះ​ទេ ទោះបីជា​កម្ពុជា​បាន​នាំចូល​សព្វាវុធ​ថ្មីៗ​ក៏ដោយ។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​មួយ​រូប ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ជា​សំណេរ​តាម​បណ្ដាញ​សង្គម ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ភាគី​កម្ពុជា​មិនបាន​ពង្រីក​កម្លាំង​ទ័ព​នៅ​តំបន់​ព្រំដែន​នោះ​ឡើយ​។ លោក​អះអាង​ថា គឺ​ភាគី​ថៃ​ទៅវិញ​ទេ ដែល​បាន​បញ្ជូន​កងកម្លាំង​សូរ៉ាក់ណារី ឈុត​ខ្មៅ​មក​តំបន់​ព្រំដែន ដោយ​ដាក់​ពង្រាយ​នៅ​ជិត​នឹង​មូលដ្ឋាន​របស់​ទាហាន​ខ្មែរ ខណៈ​បច្ចុប្បន្ន​យោធា​ថៃ​កំពុង​ធ្វើ​ផ្លូវ និង​ចូល​កាន់កាប់​តំបន់​សំខាន់ៗ​លើ​ខ្នងភ្នំ​ដងរែក ស្ទើរ​ទាំងអស់​ទៅ​ហើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២២ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ភាគី​កម្ពុជា និង​ថៃ​គួរតែ​អនុវត្ត​យន្តការ​ការទូត ដោយ​បង្កើត​គណៈកម្មការ​ព្រំដែន​សម្រាប់​ផ្ទៀងផ្ទាត់​ព័ត៌មាន ជុំវិញ​ការ​ធ្វើ​សកម្មភាព​យោធា​នៅ​តាម​ព្រំដែន ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​យល់​ច្រលំ ដែល​បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​សាជាថ្មី។

ទោះជា​យ៉ាងណា លោក​បន្ត​ថា ការ​បង្ហាញ​កម្លាំង​របស់​យោធា​ថៃ​នៅ​តំបន់​ព្រំដែន អាច​ជា​ការ​ប្រើប្រាស់​ចរន្ត​ជាតិនិយម ដើម្បី​បង្កើន​ប្រជាប្រិយភាព ដែល​ក្រុម​យោធា​ថៃ​តែងតែ​រក្សា​តួនាទី​របស់​ខ្លួន​ជា​អ្នកការពារ​ជាតិ និង​បង្ហាញ​ទៅកាន់​សាធារណជន​ថា មានតែ​ក្រុម​យោធា​ប៉ុណ្ណោះ គឺជា​បង្អែក​ដែល​អាច​ការពារ​បូរណភាព​ជាតិ​ល្អ​ជាង​រដ្ឋាភិបាល​ស៊ីវិល។ «»

អ្នកឃ្លាំមើល​លើកឡើង​ថា ក្នុង​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា យោធា​ថៃ​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ទ្វេ​ទិស ដោយ​ប្រើប្រាស់​កម្លាំងយោធា និង​ការទូត ដែល​ស្ថានភាព​បែបនេះ បាន​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ មានការ​ប្រែប្រួល​ឆាប់រហ័ស និង​ងាយ​រងគ្រោះ ដោយសារ​ការ​ចល័ត​កម្លាំងយោធា អាច​បង្កើត​ជា​ការ​ប៉ះទង្គិច​គ្នា​ដោយ​អ​ចេតនា ដោយសារ​ការ​ភ័ន្តច្រឡំ​ណាមួយ​កើតឡើង។

ទន្ទឹម​គ្នា​នេះ អ្នកឃ្លាំមើល​ក៏​វាយតម្លៃ​ថា ជម្លោះព្រំដែន​នេះ​អាច​នឹង​អូស​បន្លាយ​កាន់តែ​យូរ និង​ផុយ​ស្រួយ ព្រោះ​វិវាទ​នេះ​មិនមែន​ជា​បញ្ហា​បន្ទាត់​ព្រំដែន​នៅ​លើ​ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​ចំណាត់​ខ្មាំង​នយោបាយ​ផ្ទៃក្នុង និង​មនោគមន៍វិជ្ជា​ជាតិនិយម​របស់​ភាគី​ថៃ ដែល​ក្រុម​យោធា និង​អ្នកនយោបាយ​ថៃ​តែងតែ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ស្វែងរក​ការ​គាំទ្រ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ