

យោធាថៃបានកាត់ឆ្វៀលដីនៅតំបន់ភូមិជោគជ័យ ដែលយោធាថៃបានឈ្លានពានពីកម្ពុជា ប្រគល់ទៅឱ្យពលរដ្ឋថៃអស់ជាច្រើនហិកតារដើម្បីអាស្រ័យផល។ បន្ថែមពីលើនេះ យោធាថៃបានដាក់ពង្រាយកម្លាំងតាមព្រំដែននៅតំបន់ភូមិជោគជ័យ ដែលមានចម្ងាយជាង១០ម៉ែត្រ ពីទីតាំងឈរជើងរបស់ទាហានខ្មែរ ដែលធ្វើឱ្យកងទ័ពភាគីទាំងពីរ ប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃ។ ចំណែកនៅតំបន់ព្រំដែនមួយចំនួនដូចជាតំបន់ខេត្តព្រះវិហារ ក៏មានភាពតានតឹងដែរ ដោយយោធាថៃនៅតែបន្តបញ្ជូនកងទ័ព និងសព្វាវុធមកតំបន់ព្រំដែន។
ថ្មីៗនេះ យោធាថៃបានចុះវាស់វែង និងកាត់ឆ្វៀលដីជាច្រើនហិកតារឱ្យពលរដ្ឋថៃ ដែលយោធាថៃបានឈ្លានពានយកពីកម្ពុជានៅភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលនៅជាប់នឹងស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ។ ក្នុងនោះកាលពីថ្ងៃទី ១៩ ខែមិថុនា មន្ត្រីថៃបានវាស់វែងដីនៅភូមិជោគជ័យ ឱ្យពលរដ្ឋថៃចំនួន៤គ្រួសារ ដែលមានទំហំសរុបប្រហែល ១៦ហិកតារ។ ហើយថ្ងៃទី២៣ ខែមិថុនា យោធាថៃបានចុះវាស់វែង និងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅភូមិជោគជ័យ ដល់ពលរដ្ឋថៃចំនួន៣គ្រួសារបន្ថែមទៀត ដែលមានផ្ទៃដីសរុបជាង ១៣ហិកតារ។
យ៉ាងណាក៏ដោយ យោធាថៃបានអង្កន់កាត់ឆ្វៀលដីនៅភូមិជោគជ័យ របស់ពលរដ្ឋខ្មែរ អស់ជាច្រើនលើកមកហើយ តាំងពីក្រោយផ្ទុះសង្គ្រាមនៅតាមព្រំដែនលើកទី១ បន្ទាប់ពីយោធាថៃបានបំពានបទឈប់បាញ់ ហើយបានយកទូកុងតឺន័រ និងបន្លាលួសមកព័ទ្ធយកទឹកដីកម្ពុជា និងបណ្ដេញពលរដ្ឋខ្មែរនៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ចេញពីលំនៅឋាន។ ក្រោយពីបានចូលកាន់កាប់បានមួយរយៈ យោធាថៃបានឈូសឆាយកម្ទេចសំណង់ និងផ្ទះរបស់ពលរដ្ឋខ្មែរចោលគ្មានសល់ ហើយបានប្រែក្លាយតំបន់មួយចំនួនទៅជាមូលដ្ឋានយោធា និងដូរឈ្មោះទៅជាភាសាថៃ។
បច្ចុប្បន្ននេះតំបន់ព្រំដែនអូរបីជាន់ នេះ ត្រូវបានយោធាថៃពង្រីកកម្លាំងយោធាកាន់តែធំជាងមុន ដោយបន្ថែមទ័ពថ្មើរជើង កាយប្រឡាយប្រឆាំងរថក្រោះ រាយបន្លាលួស និងពង្រីកលេណដ្ឋានដោយដាក់តាំងកាំភ្លើងយន្តដោយបែរកាណុងមកទីតាំងរបស់ទាហានខ្មែរ ដែលមានចម្ងាយប្រហែលជាង១០ម៉ែត្រពីគ្នា។ នេះបើតាមការអះអាងរបស់ទាហានខ្មែរដែលឈរជើងនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលបានប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។
ក្រៅពីតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ នៅព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ វិញក៏មានភាពតានតឹងដូចគ្នាដែរ ដោយរយៈកាលចុងក្រោយនេះ ទាហានថៃបានបង្ហោះវីដេអូ ដែលបង្ហាញពីសកម្មភាពចល័តទ័ពជើងគោក និងសព្វាវុធធុនធ្ងន់មកកាន់តំបន់ព្រំដែន។ ក្នុងនោះទ័ពអាកាសថៃបានប្រកាសពីការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម និងបញ្ជូនយន្តហោះចម្បាំងបំពាក់មីស៊ីលឱ្យធ្វើប្រតិបត្តិការអង្កេតតាមព្រំដែនកម្ពុជាទាំងពេលយប់ និងពេលថ្ងៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) បានទទួលស្គាល់ថា ទ័ពអាកាសថៃពិតជាបានបញ្ជូនយន្តហោះF-16 ហោះហើរតាមព្រំដែនកម្ពុជាពិតមែន ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាធ្វើការហ្វឹកហ្វឺនប៉ុណ្ណោះ ដោយមិនមែនជាការបង្កហេតុ ឬគំរាមកំហែងចំពោះភាគីណាមួយឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែមិថុនា។ ចំណែកស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏មិនបានធ្វើសេចក្ដីថ្លែងការណ៍លម្អិតអំពីស្ថានការណ៍នៅតាមព្រំដែននោះឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា យោធាថៃបានអនុវត្តយុទ្ធសាស្ត្រពហុតំបន់ ដើម្បីរក្សាទីតាំងដែលដណ្ដើមបានពីកម្ពុជា និងចូលឈ្លានពានតាមតំបន់ព្រំដែនដែលមិនទាន់យកបាន ខណៈម្ខាងទៀតយោធាថៃបានពង្រឹងកម្លាំងទ័ពដើម្បីគំរាមកម្ពុជា។
លោក ម៉ែន ណាត៖ «ហើយពិភពលោកមិនមែនមិនដឹង ថៃឈ្លានពានដីខ្មែរនោះទេ ប៉ុន្តែវាបញ្ហាធំជាងគេគឺបញ្ហានយោបាយការទូតកម្ពុជាខ្សោយ។ ឃើញមានការទៅបកអាក្រាតថៃម្ដងម្កាលដែរនៅលើយន្តការអន្តរជាតិ ហើយថៃមានប្រតិកម្មខ្លាំង ក៏ស្ងាត់ទៅវិញ។ ហើយចំណែកឯព័ត៌មានព្រំដែនដែលពីខាងកម្ពុជាទៅ សារព័ត៌មានអន្តរជាតិហ្នឹងមិនសូវចុះផ្សាយទេ ដោយសារអ្វី? ដោយសាររដ្ឋាភិបាលកម្ពុជារឹតត្បិតសេរីភាពព័ត៌មាន។ អាហ្នឹងវាសុទ្ធតែជាចំណុចខ្សោយរបស់កម្ពុជាដែលគួរកែលំអ»។
ក្រៅតែពីពង្រឹងកម្លាំងទ័ពនៅតាមព្រំដែន នៅក្នុងប្រទេសឯណោះវិញ យោធាថៃក៏កំពុងធ្វើសមយុទ្ធ និងធ្វើទំនើបកម្មយោធាក្នុងកម្រិតធ្ងន់ ដោយផ្ដោតទៅលើការវាយប្រហារតាមដែនអាកាស ដ្រូនពិឃាដ និងប្រតិបត្តិការវាយប្រហារនៅពេលយប់ជាដើម។
អ្នកឃ្លាំមើលលើកឡើងថា នៅក្នុងស្ថានភាពនេះភាគីកម្ពុជាមិនត្រូវបង្ហាញពីអំនួតផ្នែកយោធា ឬវោហារសាស្ត្រនយោបាយណាមួយ ដែលធ្វើឱ្យភាគីថៃមានលេសវាយប្រហារ និងចោទប្រកាន់មកលើកម្ពុជាបាននោះឡើយ។ ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលជំរុញឱ្យមេដឹកនាំកម្ពុជា គួរឆ្លើយតបទៅកាន់ភាគីថៃដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដែលជាផ្លូវដោះស្រាយបញ្ចប់ជម្លោះដោយសន្តិវិធី៕








