យោធា​ថៃ​កាត់​ឆ្វៀល​ដី​ដែល​ឈ្លានពាន​បាន​ពី​កម្ពុជា​ឱ្យ​ពលរដ្ឋ និង​ពង្រីក​កម្លាំង​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន

0
18
ទិដ្ឋភាពទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ត្រាក់ទ័រ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សិលាខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ
ទិដ្ឋភាពទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ហាមឃាត់​ត្រាក់ទ័រ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភ្ជួរ​ដីស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សិលាខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ២០២៦។ រូប៖ ហ្វេសប៊ុក​ទាហានថៃ

យោធា​ថៃ​បាន​កាត់​ឆ្វៀល​ដី​នៅ​តំបន់​ភូមិ​ជោគជ័យ ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ពី​កម្ពុជា ប្រគល់​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ​អស់​ជាច្រើន​ហិកតារ​ដើម្បី​អាស្រ័យ​ផល​។ បន្ថែម​ពីលើ​នេះ យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង​តាម​ព្រំដែន​នៅ​តំបន់​ភូមិ​ជោគជ័យ ដែល​មាន​ចម្ងាយ​ជាង​១០​ម៉ែត្រ ពី​ទីតាំង​ឈរជើង​របស់​ទាហាន​ខ្មែរ ដែល​ធ្វើ​ឱ្យ​កងទ័ព​ភាគី​ទាំងពីរ ប្រឈមមុខ​ដាក់គ្នា​ស្ទើរ​រាល់ថ្ងៃ​។ ចំណែក​នៅ​តំបន់​ព្រំដែន​មួយចំនួន​ដូចជា​តំបន់​ខេត្តព្រះវិហារ ក៏​មាន​ភាព​តានតឹង​ដែរ ដោយ​យោធា​ថៃ​នៅតែ​បន្ត​បញ្ជូន​កងទ័ព និង​សព្វាវុធ​មក​តំបន់​ព្រំដែន។

ថ្មីៗ​នេះ យោធា​ថៃ​បាន​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ជាច្រើន​ហិកតារ​ឱ្យ​ពលរដ្ឋ​ថៃ ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក​ពី​កម្ពុជា​នៅ​ភូមិ​ជោគជ័យ ស្ថិត​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​នៅ​ជាប់​នឹង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ​។ ក្នុង​នោះ​កាលពី​ថ្ងៃទី ១៩ ខែមិថុនា មន្ត្រី​ថៃ​បាន​វាស់វែង​ដី​នៅ​ភូមិ​ជោគជ័យ ឱ្យ​ពលរដ្ឋ​ថៃ​ចំនួន​៤​គ្រួសារ ដែល​មាន​ទំហំ​សរុប​ប្រហែល ១៦​ហិកតារ​។ ហើយ​ថ្ងៃទី​២៣ ខែមិថុនា យោធា​ថៃ​បាន​ចុះ​វាស់វែង និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​ភូមិ​ជោគជ័យ ដល់​ពលរដ្ឋ​ថៃ​ចំនួន​៣​គ្រួសារ​បន្ថែម​ទៀត ដែល​មាន​ផ្ទៃដី​សរុប​ជាង ១៣​ហិកតារ។

យ៉ាងណាក៏ដោយ យោធា​ថៃ​បាន​អង្កន់​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ជោគជ័យ របស់​ពលរដ្ឋ​ខ្មែរ អស់​ជាច្រើនលើក​មក​ហើយ តាំងពី​ក្រោយ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​១ បន្ទាប់ពី​យោធា​ថៃ​បាន​បំពាន​បទ​ឈប់​បាញ់ ហើយ​បាន​យក​ទូ​កុងតឺន័រ និង​បន្លា​លួស​មក​ព័ទ្ធ​យក​ទឹកដី​កម្ពុជា និង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ ព្រៃ​ចាន់ និង​តំបន់​បឹង​ត្រកួន ចេញពី​លំនៅឋាន។ ក្រោយ​ពី​បាន​ចូលកាន់​កាប់​បាន​មួយ​រយៈ យោធា​ថៃ​បាន​ឈូស​ឆាយ​កម្ទេច​សំណង់ និង​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ចោល​គ្មាន​សល់ ហើយ​បាន​ប្រែ​ក្លាយ​តំបន់​មួយចំនួន​ទៅជា​មូលដ្ឋាន​យោធា និង​ដូរ​ឈ្មោះ​ទៅជា​ភាសា​ថៃ។

បច្ចុប្បន្ន​នេះ​តំបន់​ព្រំដែន​អូរបីជាន់ នេះ ត្រូវ​បាន​យោធា​ថៃ​ពង្រីក​កម្លាំងយោធា​កាន់តែ​ធំ​ជាង​មុន ដោយ​បន្ថែម​ទ័ពថ្មើរជើង កាយ​ប្រឡាយ​ប្រឆាំង​រថក្រោះ រាយ​បន្លា​លួស និង​ពង្រីក​លេណដ្ឋាន​ដោយ​ដាក់​តាំង​កាំភ្លើងយន្ត​ដោយ​បែរ​កាណុង​មក​ទីតាំង​របស់​ទាហាន​ខ្មែរ ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​១០​ម៉ែត្រ​ពីគ្នា​។ នេះ​បើ​តាម​ការ​អះអាង​របស់​ទាហាន​ខ្មែរ​ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្តបន្ទាយមានជ័យ ដែល​បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ។

ក្រៅពី​តំបន់​ព្រំដែន​ខេត្តបន្ទាយមានជ័យ នៅ​ព្រំដែន​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ វិញ​ក៏​មាន​ភាព​តានតឹង​ដូចគ្នា​ដែរ ដោយ​រយៈកាល​ចុងក្រោយ​នេះ ទាហាន​ថៃ​បាន​បង្ហោះ​វីដេអូ ដែល​បង្ហាញ​ពី​សកម្មភាព​ចល័ត​ទ័ពជើងគោក និង​សព្វាវុធ​ធុន​ធ្ងន់​មកកាន់​តំបន់​ព្រំដែន​។ ក្នុង​នោះ​ទ័ពអាកាស​ថៃ​បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើសង្គ្រាម និង​បញ្ជូន​យន្តហោះ​ចម្បាំង​បំពាក់​មី​ស៊ី​ល​ឱ្យធ្វើ​ប្រតិបត្តិ​ការអង្កេត​តាម​ព្រំដែន​កម្ពុជា​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) បាន​ទទួល​ស្គាល់​ថា ទ័ពអាកាស​ថៃ​ពិតជា​បាន​បញ្ជូន​យន្តហោះ​F-16 ហោះហើរ​តាម​ព្រំដែន​កម្ពុជា​ពិតមែន ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ គឺជា​ធ្វើការ​ហ្វឹកហ្វឺន​ប៉ុណ្ណោះ ដោយ​មិនមែន​ជា​ការ​បង្ក​ហេតុ ឬ​គំរាមកំហែង​ចំពោះ​ភាគី​ណាមួយ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ ចំណែក​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ក៏​មិន​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​លម្អិត​អំពី​ស្ថានការណ៍​នៅ​តាម​ព្រំដែន​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា យោធា​ថៃ​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ពហុ​តំបន់ ដើម្បី​រក្សា​ទីតាំង​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា និង​ចូល​ឈ្លានពាន​តាម​តំបន់​ព្រំដែន​ដែល​មិនទាន់​យក​បាន ខណៈ​ម្ខាង​ទៀត​យោធា​ថៃ​បាន​ពង្រឹងកម្លាំង​ទ័ព​ដើម្បី​គំរាម​កម្ពុជា។

លោក ម៉ែន ណាត៖ «ហើយ​ពិភពលោក​មិនមែន​មិនដឹង ថៃ​ឈ្លានពាន​ដី​ខ្មែរ​នោះ​ទេ ប៉ុន្តែ​វា​បញ្ហា​ធំជាង​គេ​គឺ​បញ្ហា​នយោបាយ​ការទូត​កម្ពុជា​ខ្សោយ​។ ឃើញ​មានការ​ទៅ​បកអាក្រាត​ថៃ​ម្ដងម្កាល​ដែរ​នៅ​លើ​យន្តការ​អន្តរជាតិ ហើយ​ថៃ​មាន​ប្រតិកម្ម​ខ្លាំង ក៏​ស្ងាត់​ទៅវិញ​។ ហើយ​ចំណែកឯ​ព័ត៌មាន​ព្រំដែន​ដែល​ពី​ខាង​កម្ពុជា​ទៅ សារព័ត៌មាន​អន្តរជាតិ​ហ្នឹង​មិនសូវ​ចុះផ្សាយ​ទេ ដោយសារ​អ្វី​? ដោយសារ​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​សេរីភាព​ព័ត៌មាន​។ អាហ្នឹង​វា​សុទ្ធតែ​ជា​ចំណុចខ្សោយ​របស់​កម្ពុជា​ដែល​គួរ​កែលំអ»។

ក្រៅ​តែ​ពី​ពង្រឹងកម្លាំង​ទ័ព​នៅ​តាម​ព្រំដែន នៅក្នុង​ប្រទេស​ឯណោះ​វិញ យោធា​ថៃ​ក៏​កំពុង​ធ្វើ​សមយុទ្ធ និង​ធ្វើ​ទំនើបកម្ម​យោធា​ក្នុង​កម្រិត​ធ្ងន់ ដោយ​ផ្ដោត​ទៅ​លើ​ការវាយប្រហារ​តាម​ដែនអាកាស ដ្រូនពិឃាដ និង​ប្រតិបត្តិ​ការវាយប្រហារ​នៅពេល​យប់​ជាដើម។

អ្នកឃ្លាំមើល​លើកឡើង​ថា នៅក្នុង​ស្ថានភាព​នេះ​ភាគី​កម្ពុជា​មិន​ត្រូវ​បង្ហាញ​ពី​អំនួត​ផ្នែក​យោធា ឬ​វោហារសាស្ត្រ​នយោបាយ​ណាមួយ ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ​មាន​លេស​វាយប្រហារ និង​ចោទប្រកាន់​មក​លើ​កម្ពុជា​បាន​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា គួរ​ឆ្លើយតប​ទៅកាន់​ភាគី​ថៃ​ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដែល​ជា​ផ្លូវ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ