អ្នកវិភាគ​ថា លោក ហ៊ុន សែន ទៅ​ចិន ដើម្បី​ស្នើសុំ​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម

0
37
ប្រធានព្រឺទ្ធសភា​លោក ហ៊ុន សែន ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅថ្ងៃទី២៥ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា​លោក ហ៊ុន សែន ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅថ្ងៃទី២៥ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកវិភាគ និង​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​លើក​នេះ​នឹង​ផ្ដោត​លើ​កិច្ច​ការ​ជួយ​ពង្រឹង​អំណាច​ដល់​គ្នា និង​ការស្វែងរក​ជំនួយ ឬ​ប្រាក់កម្ចី​បន្ថែម​ពី​ទីក្រុង​ប៉េកាំង ជាជាង​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្ដែង​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​ដឹកនាំ​មន្ត្រី​គ្រាក់ៗ​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា។

ក្រុម​អ្នកតាមដាន​បញ្ហា​នយោបាយ​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​លើក​នេះ កើតឡើង​ស្របពេល​កម្ពុជា​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ដោយសារតែ​ការ​រីក​រាលដាល​អំពើ​ឧក្រិដ្ឋកម្ម បំណុល​រដ្ឋ​កើនឡើង និង​ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​ពី​បណ្ដា​ប្រទេស​លោកខាងលិច​។ ពួកគាត់​ថា លោក ហ៊ុន សែន ទំនងជា​នឹង​ស្វែងរក​ការ​គាំទ្រ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ស្នើសុំ​កម្ចី​ពី​ទីក្រុង​ប៉េកាំង​បន្ថែម​ទៀត ដើម្បី​ពង្រឹង​អំណាច​របស់​រដ្ឋាភិបាល​កូនប្រុស​គឺ​លោក ហ៊ុន ម៉ាណែត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ប្រទេស។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែមិថុនា​ថា ទោះបី​ទំនាក់ទំនង​កម្ពុជា និង​ចិន​ឈាន​ដល់​កម្រិត​ខ្ពស់ ជាពិសេស​លើ​វិស័យ​នយោបាយ និង​ការពារ​ជាតិ​ក៏ដោយ កម្ពុជា​មិន​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​ដុំកំភួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​នៅឡើយ​។ លោក​មើលឃើញ​ថា មូលហេតុ​សំខាន់​គឺ​ដោយសារ​មេដឹកនាំ​កម្ពុជា​ខ្វះ​សមត្ថភាព​ក្នុង​ការចរចា និង​ការជំរុញ​ជាក់ស្ដែង​ដែល​ធ្វើ​ឱ្យ​ជំនួយ​ពី​ចិន និង ផលប្រយោជន៍​ភាគច្រើន​ប្រមូល​ផ្តុំ​នៅក្នុង​ដៃ​ក្រុម​អ្នក​មាន​អំណាច​ច្រើនជាង​ធ្លាក់​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ។

លោក ឯម សុវណ្ណារ៉ា៖ «បើ​យើង​មើលទៅ អាស្រ័យ​ទៅ​លើ​ទំនាក់ទំនង​ទៀត​។ ឧទាហរណ៍​ថា យើង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ពង្រឹង​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី​ទៅ​អ៊ីចឹង​មែន ក៏ប៉ុន្តែ​ការជំរុញ​ការអនុវត្ត​ជាក់ស្ដែង​ឱ្យ​វា​កើតមាន​ហ្នឹង វា​យឺត​ណាស់​នៅ​ជំនាន់​អតីត​នាយករដ្ឋមន្ត្រី​។ វិស័យ​យោធា​យើង​ឃើញ​ហាក់ដូចជា​មានការ​ឆ្លើយ​តប ឬក៏​ចូលរួម​ចំណែក​យឺតយ៉ាវ​ណាស់ យើង​សមយុទ្ធ​រៀងរាល់​ឆ្នាំ នាគ​មាស​ហ្នឹង ក៏ប៉ុន្តែ​នៅពេល​ដែល​កម្ពុជា​ត្រូវការ កម្ពុជា​យើង​អត់​មាន​សព្វាវុធ អាហ្នឹង​អាស្រ័យ​លើ​សមត្ថភាព​ថ្នាក់ដឹកនាំ​ដែរ បើ​យើង​និយាយ​ទៅ»។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រី​ប្រតិភូ​សំខាន់​រួម​មាន​អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់ ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែមិថុនា​។ សេចក្ដីប្រកាស​របស់​ព្រឹទ្ធសភា​កម្ពុជា​ឱ្យ​ដឹង​ថា លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jingping) នាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) និង​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន លោក ចាវ ឡឺជី (Zhao Leji)។ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ភាគី​កម្ពុជា និង​ចិន​នឹង​បន្ត​រឹតចំណង​ពង្រឹង​មិត្តភាព​ដែកថែប​លើ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ការ​ជជែក​ពិភាក្សា​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​។ ជាមួយគ្នា​នេះ លោក ហ៊ុន សែន នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​ដែល​កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​រោគ​នៅ​ប្រទេស​ចិន​ផង​ដែរ។

លោក ហ៊ុន សែន ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​បញ្ជាក់​ថា កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញា​ប្រកៀក​ស្មា​ដោយ​ឥត​ងាករេ ក្នុង​ការ​ចាប់ដៃ​ជាមួយ​ចិន ដើម្បី​លើកកម្ពស់​មិត្តភាព​ដែកថែប និង​កិច្ច​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ទាក់ទង​ចំណុច​នេះ​ដែរ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា ទោះបី​ភាគី​ចិន​តែង​អះអាង​ថា ជា​មិត្ត​ដែកថែប ក៏​តួនាទី​របស់​ចិន​ក្នុង​ការ​គាំទ្រ​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ និង​បញ្ហា​សំខាន់ៗ​ដូចជា​អំឡុង​ថៃ​ឈ្លានពាន​កម្ពុជា​ជាដើម ចិន​បែរជា​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បង្ហាញ​ជំហរ​មិន​ប្រាកដប្រជា​ទៅវិញ​។ រីឯ សហរដ្ឋអាមេរិក​វិញ​ដែល​មាន​ទំនាក់ទំនង​ហាក់​មិនសូវ​ល្អូកល្អិន​នឹង​កម្ពុជា​នោះ បែរជា​សកម្ម​ក្នុង​ការប្រើ​យន្តការ​នានា ដើម្បី​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​ទៅវិញ​។ លោក ឯម សុវណ្ណារ៉ា យល់ថា បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ថា ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​នីមួយៗ​ត្រូវតែ​កំណត់​ផលប្រយោជន៍​ជាតិ​ជា​ចម្បង មិនមែន​កំណត់​ដោយ​ពាក្យស្លោក «​មិត្ត​ដែកថែប​» ឬ​ទំនាក់ទំនង​ជិតស្និទ្ធ​តែមួយ​មុខ​នោះ​ទេ។

កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន រង​ការ​រិះគន់​ថា អនុវត្ត​គោលនយោបាយ​លម្អៀង​ទៅ​ប្រទេស​ចិន​តែ​ខាង​ម្ខាង និង​ចាប់​យក​ចិន ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ ដើម្បី​ក្រាញ់​អំណាច​ដឹកនាំ​ត​វង្ស​ត្រកូល​។ ទន្ទឹម​គ្នា​នេះ​កម្ពុជា ក៏បាន​ក្លាយជា​ទីផ្សារ​សម្រាប់​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​វិញ​មាន​លក្ខណៈ​តូច​ចង្អៀត​នៅឡើយ​។ កាលពី​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ រីឯ​ប្រទេស​ចិន​វិញ​នាំ​ទំនិញ​របស់​ខ្លួន​មក​លក់​នៅ​កម្ពុ​ជាជាង ១៨​ពាន់​ដុល្លារ​ដុល្លារ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណ​លី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​លើក​នេះ​មិនមែន​ស្វែងរក​ផល​ចំណេញ​សម្រាប់​ជាតិ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ស្វែងរក ផល​ចំណេញ​ផ្នែក​នយោបាយ​សម្រាប់​គណបក្ស​កាន់អំណាច​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​មេដឹកនាំ​កម្ពុជា​ប្រើប្រាស់​ជា​ឧបករណ៍​មួយ ដើម្បី​ពង្រឹង​ស្ថិរភាព​នយោបាយ និង​ធានា​ការ​បន្ត​កាន់អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ត​ពូជ​។ លោក​ថា លោក ហ៊ុន សែន នឹង​បន្ត​ស្នើសុំ​ជំនួយ និង​ការ​វិនិយោគ​ពី​ចិន​បន្ថែម​សម្រាប់​បំពេញ​ចំណូល​សេដ្ឋកិច្ចជាតិ​ដែល​កំពុង​ដុនដាប​។ ផ្ទុយទៅវិញ​លោក​ថា កម្ពុជា​នឹង​ទទួលរង​ផល​ប៉ះពាល់​ធំធេង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល និង​ការបាត់បង់​ឯករាជ្យ​ភាព​កាន់តែ​ខ្លាំង ដែល​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ឯកោ និង​បន្ត​មាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​ប្រទេស​លោក​សេរី។

លោក សេង វណ្ណ​លី៖ «នៅក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ក៏ដូចជា​បញ្ហា​បំណុល​រដ្ឋ​ដែល​កំពុង​កើនឡើង លោក ហ៊ុន សែន ច្បាស់​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ការ​ដាច់ចិត្ត​សុំ​ជំនួយ​ហិរញ្ញវត្ថុ និង​ការ​ទម្លាក់​ទុន​វិនិយោគ​បន្ថែម​ពី​ចិន​នោះ​ទេ​។ របប​ភ្នំពេញ​នឹង​ប្រើប្រាស់​ទស្សនកិច្ច​នេះ ដើម្បី​សុំ​ឱ្យ​ទីក្រុង​ប៉េកាំង​ជួយ​ជំរុញ​អ្នក​វិនិយោគិន​ចិន​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ ជាពិសេស​ការ​បន្ត​សាច់ប្រាក់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ដើម្បី​បិទបាំង​ភាព​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ផ្ទៃក្នុង។ ទោះជា​យ៉ាងណាក្ដី ជំនួយ ឬក៏​កម្ចី​ថ្មីៗ​ទាំងនោះ​នឹង​មិន​អាច​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ខ្មែរ​បាន​នោះ​ទេ ដរាបណា​របប​ភ្នំពេញ​មិន​ព្រម​កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ឈប់​ពឹងផ្អែក​ខ្លាំង​លើ​ចិន​តែមួយ»។

បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​គឺជា​ប្រធានបទ​កំពុង​ក្ដៅ​គគុក ខណៈ​មេខ្លោង​ឧក្រិដ្ឋជន​ធំៗ​ភាគច្រើន​មាន​ប្រភព​ចេញពី​ប្រទេស​ចិន​កុម្មុយនិស្ត​។ ទាំង​លោក ឯម សុវណ្ណារ៉ា និង​លោក សេង វណ្ណលី លើកឡើង​ស្របគ្នា​ថា ប្រទេស​ចិន​កុម្មុយនិស្ត​នឹង​បន្ត​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ឱ្យ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ប្រឹងប្រែង​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​ក្នុងអំឡុងពេល​លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។

ក្រៅពី​បញ្ហា​នយោបាយ និង​ឧក្រិដ្ឋកម្ម ក្រុម​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ក៏​ព្រួយបារម្ភ​កម្ពុជា​ធ្លាក់​ចូល​អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​ដកខ្លួន​មិន​រួច ដោយសារតែ​ពួកគាត់​មើល​ឃើញ​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន ប្រើប្រាស់​កម្ចី និង​ជំនួយ​ចិន​ខ្វះ​តម្លាភាព និង​ពោរពេញ​ដោយ​អំពើពុករលួយ។ គិត​ត្រឹម​ចុងឆ្នាំ​២០២៥ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​កើនឡើង​ជាង ១៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ចិន​ជា​ម្ចាស់បំណុល​ធំជាង​គេ ឬ​ស្មើ​ជិត​ពាក់កណ្ដាល​នៃ​បំណុល​បរទេស​សរុប​ដែល​កម្ពុជា​បាន​ជំពាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ