

អ្នកវិភាគ និងអ្នកជំនាញភូមិសាស្ត្រនយោបាយលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទៅប្រទេសចិនលើកនេះនឹងផ្ដោតលើកិច្ចការជួយពង្រឹងអំណាចដល់គ្នា និងការស្វែងរកជំនួយ ឬប្រាក់កម្ចីបន្ថែមពីទីក្រុងប៉េកាំង ជាជាងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ពលរដ្ឋខ្មែរ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងដឹកនាំមន្ត្រីគ្រាក់ៗទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ខែមិថុនា។
ក្រុមអ្នកតាមដានបញ្ហានយោបាយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះ កើតឡើងស្របពេលកម្ពុជាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចដោយសារតែការរីករាលដាលអំពើឧក្រិដ្ឋកម្ម បំណុលរដ្ឋកើនឡើង និងការធ្លាក់ចុះនៃការវិនិយោគពីបណ្ដាប្រទេសលោកខាងលិច។ ពួកគាត់ថា លោក ហ៊ុន សែន ទំនងជានឹងស្វែងរកការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងស្នើសុំកម្ចីពីទីក្រុងប៉េកាំងបន្ថែមទៀត ដើម្បីពង្រឹងអំណាចរបស់រដ្ឋាភិបាលកូនប្រុសគឺលោក ហ៊ុន ម៉ាណែត និងដោះស្រាយបញ្ហាប្រឈមក្នុងប្រទេស។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែមិថុនាថា ទោះបីទំនាក់ទំនងកម្ពុជា និងចិនឈានដល់កម្រិតខ្ពស់ ជាពិសេសលើវិស័យនយោបាយ និងការពារជាតិក៏ដោយ កម្ពុជាមិនទទួលបានផលប្រយោជន៍សេដ្ឋកិច្ចជាដុំកំភួនពីកិច្ចសហប្រតិបត្តិការនេះនៅឡើយ។ លោកមើលឃើញថា មូលហេតុសំខាន់គឺដោយសារមេដឹកនាំកម្ពុជាខ្វះសមត្ថភាពក្នុងការចរចា និងការជំរុញជាក់ស្ដែងដែលធ្វើឱ្យជំនួយពីចិន និង ផលប្រយោជន៍ភាគច្រើនប្រមូលផ្តុំនៅក្នុងដៃក្រុមអ្នកមានអំណាចច្រើនជាងធ្លាក់ទៅដល់ប្រជាពលរដ្ឋទូទៅ។
លោក ឯម សុវណ្ណារ៉ា៖ «បើយើងមើលទៅ អាស្រ័យទៅលើទំនាក់ទំនងទៀត។ ឧទាហរណ៍ថា យើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពង្រឹងដំណើរទស្សនកិច្ចទ្វេភាគីទៅអ៊ីចឹងមែន ក៏ប៉ុន្តែការជំរុញការអនុវត្តជាក់ស្ដែងឱ្យវាកើតមានហ្នឹង វាយឺតណាស់នៅជំនាន់អតីតនាយករដ្ឋមន្ត្រី។ វិស័យយោធាយើងឃើញហាក់ដូចជាមានការឆ្លើយតប ឬក៏ចូលរួមចំណែកយឺតយ៉ាវណាស់ យើងសមយុទ្ធរៀងរាល់ឆ្នាំ នាគមាសហ្នឹង ក៏ប៉ុន្តែនៅពេលដែលកម្ពុជាត្រូវការ កម្ពុជាយើងអត់មានសព្វាវុធ អាហ្នឹងអាស្រ័យលើសមត្ថភាពថ្នាក់ដឹកនាំដែរ បើយើងនិយាយទៅ»។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នឹងដឹកនាំមន្ត្រីប្រតិភូសំខាន់រួមមានអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា។ សេចក្ដីប្រកាសរបស់ព្រឹទ្ធសភាកម្ពុជាឱ្យដឹងថា លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jingping) នាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី (Zhao Leji)។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា ភាគីកម្ពុជា និងចិននឹងបន្តរឹតចំណងពង្រឹងមិត្តភាពដែកថែបលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការជជែកពិភាក្សាបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ លោក ហ៊ុន សែន នឹងចូលបង្គំគាល់ព្រះមហាក្សត្រដែលកំពុងសម្រាកព្យាបាលព្រះរាជរោគនៅប្រទេសចិនផងដែរ។
លោក ហ៊ុន សែន ថា តាមរយៈដំណើរទស្សនកិច្ចនេះបញ្ជាក់ថា កម្ពុជានៅតែបន្តប្ដេជ្ញាប្រកៀកស្មាដោយឥតងាករេ ក្នុងការចាប់ដៃជាមួយចិន ដើម្បីលើកកម្ពស់មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ទាក់ទងចំណុចនេះដែរ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ទោះបីភាគីចិនតែងអះអាងថា ជាមិត្តដែកថែប ក៏តួនាទីរបស់ចិនក្នុងការគាំទ្រកម្ពុជាក្នុងពេលមានវិបត្តិ និងបញ្ហាសំខាន់ៗដូចជាអំឡុងថៃឈ្លានពានកម្ពុជាជាដើម ចិនបែរជារក្សាភាពស្ងប់ស្ងាត់ និងបង្ហាញជំហរមិនប្រាកដប្រជាទៅវិញ។ រីឯ សហរដ្ឋអាមេរិកវិញដែលមានទំនាក់ទំនងហាក់មិនសូវល្អូកល្អិននឹងកម្ពុជានោះ បែរជាសកម្មក្នុងការប្រើយន្តការនានា ដើម្បីជំរុញឱ្យមានបទឈប់បាញ់ទៅវិញ។ លោក ឯម សុវណ្ណារ៉ា យល់ថា បញ្ហានេះឆ្លុះបញ្ចាំងថា ទំនាក់ទំនងការទូតរវាងប្រទេសនីមួយៗត្រូវតែកំណត់ផលប្រយោជន៍ជាតិជាចម្បង មិនមែនកំណត់ដោយពាក្យស្លោក «មិត្តដែកថែប» ឬទំនាក់ទំនងជិតស្និទ្ធតែមួយមុខនោះទេ។
កម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលត្រកូល ហ៊ុន រងការរិះគន់ថា អនុវត្តគោលនយោបាយលម្អៀងទៅប្រទេសចិនតែខាងម្ខាង និងចាប់យកចិន ធ្វើជាខ្នងបង្អែកដ៏រឹងមាំ ដើម្បីក្រាញ់អំណាចដឹកនាំតវង្សត្រកូល។ ទន្ទឹមគ្នានេះកម្ពុជា ក៏បានក្លាយជាទីផ្សារសម្រាប់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការនាំចេញទំនិញពីកម្ពុជាវិញមានលក្ខណៈតូចចង្អៀតនៅឡើយ។ កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំទំនិញទៅប្រទេសចិនក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ រីឯប្រទេសចិនវិញនាំទំនិញរបស់ខ្លួនមកលក់នៅកម្ពុជាជាង ១៨ពាន់ដុល្លារដុល្លារ។
ទាក់ទងនឹងរឿងនេះដែរ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិនលើកនេះមិនមែនស្វែងរកផលចំណេញសម្រាប់ជាតិនោះទេ ប៉ុន្តែដើម្បីស្វែងរក ផលចំណេញផ្នែកនយោបាយសម្រាប់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។ លោកបន្តថា ទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំងត្រូវបានមេដឹកនាំកម្ពុជាប្រើប្រាស់ជាឧបករណ៍មួយ ដើម្បីពង្រឹងស្ថិរភាពនយោបាយ និងធានាការបន្តកាន់អំណាចរបស់ក្រុមគ្រួសារត្រកូល ហ៊ុន តពូជ។ លោកថា លោក ហ៊ុន សែន នឹងបន្តស្នើសុំជំនួយ និងការវិនិយោគពីចិនបន្ថែមសម្រាប់បំពេញចំណូលសេដ្ឋកិច្ចជាតិដែលកំពុងដុនដាប។ ផ្ទុយទៅវិញលោកថា កម្ពុជានឹងទទួលរងផលប៉ះពាល់ធំធេងធ្លាក់ក្នុងអន្ទាក់បំណុល និងការបាត់បង់ឯករាជ្យភាពកាន់តែខ្លាំង ដែលធ្វើឱ្យកម្ពុជាកាន់តែឯកោ និងបន្តមានទំនាក់ទំនងល្អក់កករជាមួយប្រទេសលោកសេរី។
លោក សេង វណ្ណលី៖ «នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក៏ដូចជាបញ្ហាបំណុលរដ្ឋដែលកំពុងកើនឡើង លោក ហ៊ុន សែន ច្បាស់ជាគ្មានជម្រើសអ្វីក្រៅតែពីការដាច់ចិត្តសុំជំនួយហិរញ្ញវត្ថុ និងការទម្លាក់ទុនវិនិយោគបន្ថែមពីចិននោះទេ។ របបភ្នំពេញនឹងប្រើប្រាស់ទស្សនកិច្ចនេះ ដើម្បីសុំឱ្យទីក្រុងប៉េកាំងជួយជំរុញអ្នកវិនិយោគិនចិនឱ្យត្រឡប់មកកម្ពុជាវិញ ជាពិសេសការបន្តសាច់ប្រាក់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីបិទបាំងភាពបរាជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចផ្ទៃក្នុង។ ទោះជាយ៉ាងណាក្ដី ជំនួយ ឬក៏កម្ចីថ្មីៗទាំងនោះនឹងមិនអាចជួយស្រោចស្រង់សេដ្ឋកិច្ចខ្មែរបាននោះទេ ដរាបណារបបភ្នំពេញមិនព្រមកែទម្រង់ប្រព័ន្ធច្បាប់ និងឈប់ពឹងផ្អែកខ្លាំងលើចិនតែមួយ»។
បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញគឺជាប្រធានបទកំពុងក្ដៅគគុក ខណៈមេខ្លោងឧក្រិដ្ឋជនធំៗភាគច្រើនមានប្រភពចេញពីប្រទេសចិនកុម្មុយនិស្ត។ ទាំងលោក ឯម សុវណ្ណារ៉ា និងលោក សេង វណ្ណលី លើកឡើងស្របគ្នាថា ប្រទេសចិនកុម្មុយនិស្តនឹងបន្តដាក់សម្ពាធកាន់តែខ្លាំងឡើង ដើម្បីឱ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ប្រឹងប្រែងបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងអំឡុងពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។
ក្រៅពីបញ្ហានយោបាយ និងឧក្រិដ្ឋកម្ម ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយក៏ព្រួយបារម្ភកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនវ័ណ្ឌកដកខ្លួនមិនរួច ដោយសារតែពួកគាត់មើលឃើញថា រដ្ឋាភិបាលត្រកូលហ៊ុន ប្រើប្រាស់កម្ចី និងជំនួយចិនខ្វះតម្លាភាព និងពោរពេញដោយអំពើពុករលួយ។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាបានជំពាក់បំណុលបរទេសកើនឡើងជាង ១៣ពាន់លានដុល្លារ ក្នុងនោះចិនជាម្ចាស់បំណុលធំជាងគេ ឬស្មើជិតពាក់កណ្ដាលនៃបំណុលបរទេសសរុបដែលកម្ពុជាបានជំពាក់៕








