អ្នកឃ្លាំមើល​សង្គម​ថា អាមេរិក​គ្រាន់តែ​បង្ហាញ​វត្តមាន​ការទូត​លើ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ គ្មាន​ចេតនា​លូកដៃ​ឲ្យ​ស៊ីជម្រៅ

0
45
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​បាន​អះអាង​ថា សហរដ្ឋអាមេរិក​គ្មាន​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ ឬ​លូកដៃ​ឲ្យ​ស៊ីជម្រៅ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នោះ​ទេ គឺ​សហរដ្ឋអាមេរិក​គ្រាន់តែ​ប្រើប្រាស់​ភាសា​ការទូត ដើម្បី​បង្ហាញ​វត្តមាន និង​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នៅក្នុង​តំបន់ កុំឱ្យ​ខ្លួន​បាត់បង់​ឥទ្ធិពល​តែប៉ុណ្ណោះ​។ ការ​អះអាង​នេះ​បន្ទាប់ពី ក្រសួងការបរទេស​កម្ពុជា អះអាង​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន និង​គាំទ្រ​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​ការសន្ទនា និង​ការទូត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​យកចិត្តទុកដាក់​របស់​សហរដ្ឋអាមេរិក​មក​លើ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ គឺជា​ល្បែង​ការទូត​ធម្មតា​របស់​អាមេរិក​ប៉ុណ្ណោះ។

លោក សេង វណ្ណលី បន្ថែម​ថា ចំពោះ​ទម្ងន់​នៃ​ការ​គាំទ្រ​របស់​អាមេរិក​ទៅលើ​ដំណោះស្រាយ​សន្តិវិធី លោក​យល់​ថា​វា​មាន​កម្រិត និង​មាន​ឥទ្ធិពល​តិចតួច​បំផុត​នៅក្នុង​ការ​រុញច្រាន​ដំណោះស្រាយ​យូរអង្វែង។

លោក សេង វណ្ណលី៖ «ជាក់ស្តែង អាមេរិក​គ្មាន​ឆន្ទៈ​នយោបាយ​គ្រប់គ្រាន់​នៅក្នុង​ការ​ធ្វើ​ជា​អ្នកសម្របសម្រួល​ពិតប្រាកដ​ឡើយ ហើយ​ការប្រកាស​គាំទ្រ​របស់​អាមេរិក​គ្រាន់តែ​ជា​ការ​ធ្វើឡើង​ដើម្បី​លម្អ​រូបភាព​ការទូត​សកល​របស់​ខ្លួន ជាពិសេស​ក្រោម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ដោយ​ទុក​ឱ្យ​ភាគី​ជម្លោះ​ទាំងពីរ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ដោយ​ខ្លួនឯង​ដដែល»។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ យល់ឃើញ​ថា ការចូលរួម​បែប​បង្កើត​ភ្លើងចំបើង​របស់​អាមេរិក​ក្នុង​រឿង​នេះ អាច​បង្ក​ជា​ផលវិបាក​ដល់​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​អាស៊ាន​ទៅវិញ​។ វា​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុនប៉ង​ទប់​ទល់នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ការ​លើកឡើង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បន្ទាប់ពី​ក្នុង​ជំនួប​សម្ដែង​ការគួរសម​រវាង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង និង​អ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតល៍ (Aleksandra Zittle) ភារធារី​ស្តីទី​ថ្មី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ដោយ​បញ្ជាក់​ថា សហរដ្ឋអាមេរិក នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​ការ​វិវត្ត​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំងពីរ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា អ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតល៍ បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន និង​គាំទ្រ​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​ការសន្ទនា និង​ការទូត។

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា សហរដ្ឋអាមេរិក ចង់ឱ្យ​មាន​ការ​បញ្ចប់​ជម្លោះ ដែល​ថៃ​ឈ្លានពាន​កម្ពុជា​ឱ្យ​បាន​ឆាប់ ពីព្រោះ បើ​សង្គ្រាម​បន្ត​កាន់តែ​យូរ គឺជា​ការ​បើកឱកាស​ឱ្យ​ចិន នៅក្នុង​ការបង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ ជាមួយ​ប្រទេស​នៅក្នុង​តំបន់ ទាំង​ថៃ ទាំង​ជាមួយ​កម្ពុជា ក៏​ទាំង​ជាមួយ​វៀតណាម​។ លោក​ថា នេះ​ជា​អ្វី​ដែល​សហរដ្ឋអាមេរិក​មិន​ចង់​ឃើញ គឺ​ចង់​ឱ្យ​មាន​ការ​បញ្ចប់​ជម្លោះ ដែល​ថៃ​ឈ្លាន ពាន​កម្ពុជា​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​សហរដ្ឋអាមេរិក​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅក្នុង​តំបន់ កុំឱ្យ​ធ្លាក់​ទៅ​ក្រោម​ឥទ្ធិពល​របស់​ចិន និង​រុស្ស៊ី។

លោក គឹម សុខ៖ «គោលដៅ​របស់​សហរដ្ឋ​អាមេរិក ទោះបីជា​ដោះស្រាយ​មិនបាន​បញ្ចប់​នូវ​ជម្លោះ​ដែល​ថៃ​ឈ្លានពាន​កម្ពុជា​នឹង​ភ្លាម ក៏​យ៉ាងហោចណាស់ ប្រើ​យុទ្ធវិធី​នៅក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​។ មានន័យថា កុំឱ្យ​ផ្ទុះ​ការប្រើ​អាវុធ​ឈ្លានពាន​របស់​ថៃ​ទៀត រួចហើយ រក​វិធី​ផ្សះផ្សា​។ ពីព្រោះ កាលណា​មិន​មាន​ការ​ផ្ទុះអាវុធ ដូច្នេះ​ក៏​ជា​ការ​រារាំង​នូវ​បញ្ហា​អសន្តិសុខ​នៅក្នុង​តំបន់​មួយ​ផ្នែក​ធំ​ដែរ»។

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​និយាយ​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ ដោយ​តម្រូវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា បើ​កម្ពុជា និង​ថៃ ចង់បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក។

ទោះជា​យ៉ាងណា ចាប់តាំងពី​មាន​បទ​ឈប់​បាញ់ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ មកដល់ពេលនេះ យោធា​ថៃ​នៅតែ​បន្ត​រំលោភបំពាន​ចូល​បូរណភាព​ទឹកដី​កម្ពុជា មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​អះអាង​ថា គិត​ត្រឹម​ដើមខែ​កក្កដា នេះ យោធា​ថៃ​បាន​ពង្រីក​ការ​កាន់កាប់​ទឹកដី​កម្ពុជា សរុប​មាន​ចំនួន ៧០​ទីតាំង ដែល​នេះ​គឺជា​ការបាត់បង់​ទឹកដី​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ