

អ្នកតាមដានភូមិសាស្ត្រនយោបាយបានអះអាងថា សហរដ្ឋអាមេរិកគ្មានការប្ដេជ្ញាចិត្តពិតប្រាកដ ឬលូកដៃឲ្យស៊ីជម្រៅទាក់ទងទៅនឹងស្ថានភាពជម្លោះនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ នោះទេ គឺសហរដ្ឋអាមេរិកគ្រាន់តែប្រើប្រាស់ភាសាការទូត ដើម្បីបង្ហាញវត្តមាន និងការពារផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងតំបន់ កុំឱ្យខ្លួនបាត់បង់ឥទ្ធិពលតែប៉ុណ្ណោះ។ ការអះអាងនេះបន្ទាប់ពី ក្រសួងការបរទេសកម្ពុជា អះអាងថា សហរដ្ឋអាមេរិកកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែន និងគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការទូត។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកមកលើជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាល្បែងការទូតធម្មតារបស់អាមេរិកប៉ុណ្ណោះ។
លោក សេង វណ្ណលី បន្ថែមថា ចំពោះទម្ងន់នៃការគាំទ្ររបស់អាមេរិកទៅលើដំណោះស្រាយសន្តិវិធី លោកយល់ថាវាមានកម្រិត និងមានឥទ្ធិពលតិចតួចបំផុតនៅក្នុងការរុញច្រានដំណោះស្រាយយូរអង្វែង។
លោក សេង វណ្ណលី៖ «ជាក់ស្តែង អាមេរិកគ្មានឆន្ទៈនយោបាយគ្រប់គ្រាន់នៅក្នុងការធ្វើជាអ្នកសម្របសម្រួលពិតប្រាកដឡើយ ហើយការប្រកាសគាំទ្ររបស់អាមេរិកគ្រាន់តែជាការធ្វើឡើងដើម្បីលម្អរូបភាពការទូតសកលរបស់ខ្លួន ជាពិសេសក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ដោយទុកឱ្យភាគីជម្លោះទាំងពីរដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះដោយខ្លួនឯងដដែល»។
លើសពីនេះទៅទៀត អ្នកតាមដានភូមិសាស្ត្រនយោបាយ យល់ឃើញថា ការចូលរួមបែបបង្កើតភ្លើងចំបើងរបស់អាមេរិកក្នុងរឿងនេះ អាចបង្កជាផលវិបាកដល់តុល្យភាពភូមិសាស្ត្រនយោបាយអាស៊ានទៅវិញ។ វាអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការលើកឡើងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ បន្ទាប់ពីក្នុងជំនួបសម្ដែងការគួរសមរវាង រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និង និងអ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតល៍ (Aleksandra Zittle) ភារធារីស្តីទីថ្មីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែបន្តយកចិត្តទុកដាក់លើការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបទឈប់បាញ់រវាងភាគីទាំងពីរបានចូលជាធរមានកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អ្នកស្រី អាឡិចសាន់ដ្រា ហ្ស៊ីតល៍ បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែន និងគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការទូត។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា សហរដ្ឋអាមេរិក ចង់ឱ្យមានការបញ្ចប់ជម្លោះ ដែលថៃឈ្លានពានកម្ពុជាឱ្យបានឆាប់ ពីព្រោះ បើសង្គ្រាមបន្តកាន់តែយូរ គឺជាការបើកឱកាសឱ្យចិន នៅក្នុងការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយប្រទេសនៅក្នុងតំបន់ ទាំងថៃ ទាំងជាមួយកម្ពុជា ក៏ទាំងជាមួយវៀតណាម។ លោកថា នេះជាអ្វីដែលសហរដ្ឋអាមេរិកមិនចង់ឃើញ គឺចង់ឱ្យមានការបញ្ចប់ជម្លោះ ដែលថៃឈ្លាន ពានកម្ពុជាឱ្យបានឆាប់ ដើម្បីឱ្យសហរដ្ឋអាមេរិកអាចគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់ កុំឱ្យធ្លាក់ទៅក្រោមឥទ្ធិពលរបស់ចិន និងរុស្ស៊ី។
លោក គឹម សុខ៖ «គោលដៅរបស់សហរដ្ឋអាមេរិក ទោះបីជាដោះស្រាយមិនបានបញ្ចប់នូវជម្លោះដែលថៃឈ្លានពានកម្ពុជានឹងភ្លាម ក៏យ៉ាងហោចណាស់ ប្រើយុទ្ធវិធីនៅក្នុងការបញ្ចប់អំពើហិង្សា។ មានន័យថា កុំឱ្យផ្ទុះការប្រើអាវុធឈ្លានពានរបស់ថៃទៀត រួចហើយ រកវិធីផ្សះផ្សា។ ពីព្រោះ កាលណាមិនមានការផ្ទុះអាវុធ ដូច្នេះក៏ជាការរារាំងនូវបញ្ហាអសន្តិសុខនៅក្នុងតំបន់មួយផ្នែកធំដែរ»។
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ បានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយតាមទូរសព្ទជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ ដោយតម្រូវឱ្យមានបទឈប់បាញ់គ្នា បើកម្ពុជា និងថៃ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ពេលនេះ យោធាថៃនៅតែបន្តរំលោភបំពានចូលបូរណភាពទឹកដីកម្ពុជា មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសអះអាងថា គិតត្រឹមដើមខែកក្កដា នេះ យោធាថៃបានពង្រីកការកាន់កាប់ទឹកដីកម្ពុជា សរុបមានចំនួន ៧០ទីតាំង ដែលនេះគឺជាការបាត់បង់ទឹកដីដ៏ច្រើនបំផុតមិនធ្លាប់មានក្រោយកម្ពុជាទទួលបានឯករាជ្យ៕









