អ្នករាយការណ៍​ពិសេស​អ.ស.ប​គ្រោង​ចុះ​ជួប​ជនភៀសសឹក​កម្ពុជា និង​ពិនិត្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ

0
21
ស្ថានភាពកុមារភៀសសឹក ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។ រូប៖ ផ្ដល់ឱ្យ
ស្ថានភាពកុមារភៀសសឹក ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។ រូប៖ ផ្ដល់ឱ្យ

អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Thom Andrews) មានបំណង​ចុះ​ជួប​ជនភៀសសឹក​កម្ពុជា និង ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ​។ លោក​បាន លើកឡើង​ពី​បំណង​នេះ នៅក្នុង​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែកក្កដា​។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ជាមួយ​តំណាង​ពិសេស​អង្គការសហប្រជាជាតិ ដើម្បី​រក​ប្រយោជន៍​ឱ្យ​ប្រទេស​កម្ពុជា។.

អ្នករាយការណ៍​ពិសេស​ថ្មី​លោក ថម អេនឌ្រូ (Thomas Andrews)​ត្រូវ​បាន​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ថ្មី របស់​អង្គការសហប្រជាជាតិ ជំនួស​លោក វិទិត មុនតាប៊ន ជនជាតិ​ថៃ ដែល​បាន​លាលែង​ពី​តំណែង នៅពេល​កងទ័ព​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា ក្នុង​ឆ្នាំ​២០២៥។

ក្នុង​ជំនួប​លើក​ទី​១ ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​វិមាន​សាមគ្គី ភាព នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា បន្ទាប់ពី​ចូលកាន់​តួនាទី​ជា​អ្នក​រាយការយ៍​ពិសេស លោក ថម អេនឌ្រូ មានប្រសាសន៍ថា លោក​នឹង​ចុះ​ទៅពិនិត្យ​ដោយ​ផ្ទាល់ នៅ​តំបន់​ព្រំដែន ដើម្បី​ជួប​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ និង​ស្វែងយល់​ពី ស្ថានភាព​ជាក់ស្តែង។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ បាន​សរសេរ​ថា លោក ស្វាគមន៍​ចំពោះ​បំណង​របស់ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ និង អះអាង​ថា បាន​ពន្យល់​បន្ថែម អំពី​ប្រវត្តិ នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង ផល​ប៉ះពាល់ ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ទទួលរង។

ពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​រស់នៅ​នៅ​ភូមិ​រង់ចាំ ក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី យ៉ូវ វិញ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែកក្កដា ថា លោកស្រី ប្រាថ្នា​ចង់​ជួប​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ដោយ​ផ្ទាល់ ដើម្បី​ជម្រាប​លោក អំពី​បញ្ហា​រងគ្រោះ និង អយុត្តិធម៌ ដែល​លោកស្រី និង​ប្រជាពលរដ្ឋ ភៀស​សឹក​ឯទៀត កំពុង​រងទុក្ខ​វេទនា​។ លោកស្រី យ៉ូវ វិញ គឺជា​ពលរដ្ឋ​ភៀស​សឹក មកពី​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ភាគី ថៃ​កំពុង​ត្រួតត្រា។

លោកស្រី អះអាង​ថា សេចក្ដីប្រាថ្នា​ដ៏​ធំ​បំផុត គឺ​ចង់បាន​ដី និង ផ្ទះ​របស់​លោកស្រី នៅ​ភូមិ​ជោគជ័យ មកវិញ។

លោកស្រី យ៉ូវ វិញ រៀបរាប់​ថា នៅ​តំបន់​ភៀស​សឹក​សព្វថ្ងៃ សម្បូរ​ចោរលួច​របស់ របរ ក្មេង​ជក់​ថ្នាំញៀន ក្មេង​ទំនើង​កាប់​ចាក់​គ្នា ហើយ​គ្មាន​ការឧបត្ថម្ភ​ដល់​ជីវភាព គ្រប់គ្រាន់​ទេ ខណៈ​អាជ្ញាធរ ប្រាប់​ឱ្យ​ពលរដ្ឋ​ភៀស​សឹក មិន​ឱ្យ​ដើរចេញ​ចោល ឆ្ងាយ​ពី​ផ្ទះ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ដក​ផ្ទះ​ពួកគាត់​វិញ​។ លោកស្រី​ថា ផ្ទះ​ភៀស សឹក​នេះ​ទៀតសោត មាន​ជញ្ជាំង​បិទ​ក្ដារ​កុងផ្លាកកេផុយៗ មិន​រឹងមាំ ហើយ​ពេល ខ្យល់​បក​មក​ខ្លាំង​បន្តិច រង្គើរ​ៗ​ស្ទើរតែ​រលំ​ម្ដងៗ​។ លោកស្រី ត្អូញត្អែរ​ថា ជីវិត នៅ​ទីនោះ​លំបាក​ណាស់ គ្មាន​មុខរបរ ហើយ​តាំងពី​មកដល់​ភូមិ​រង់ចាំ​នេះ លោកស្រី ទទួល​បានតែ​អង្ករ ២០​គីឡូក្រាម និង​ប្រាក់​បន្តិចបន្តួច ពេល​លោក ហ៊ុន សែន ចុះទៅ​ជួប​ប៉ុណ្ណោះ គ្រាន់តែ​សម្រាប់​យក​ទៅ​ជួសជុលផ្ទះ ពុំ​បាន​ផ្គត់ផ្គង់​ជីវភាព​ទេ។

លោកស្រី យ៉ូវ វិញ ឱ្យដឹង​ថា បើ​មានឱកាស​ជួប​លោក ថម អេនឌ្រូ ដែល​ជា តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ លោកស្រី នឹង​និយាយ​ឱ្យ​លម្អិត អំពី​បញ្ហា​ទាំងនេះ ប្រាប់​លោក​តំណាង​ពិសេស ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ហើយ ស្នើ​ឱ្យ​អាជ្ញាធរ ជួយ​រៀបចំផ្ទះ​សម្រាប់​ជនភៀសសឹក​ឱ្យ​ធានា​សុ​វត្តិភាព និង មាន​បណ្ណ​កម្មសិទ្ធិ​ប្លង់​រឹង។ «»

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក​លោក លោក យិន ម៉េងលី លើកឡើង​ថា ដើម្បី​ឱ្យ​លោក ថម អេនឌ្រូ ប្រមូល​បាន​ព័ត៌មាន​ពិតជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ភៀស​សឹក ជា​គោលការណ៍ លោក​តំណាង​ពិសេស ត្រូវ​ជួប​មន្ត្រី​អាជ្ញាធរ ដែល​មាន​តួនាទី​ទទួលខុសត្រូវ ក្នុង​បញ្ហា​ជនភៀសសឹក និង ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​នឹង​កន្លែង​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ធ្វើការ​សហការ​ជាមួយ​លោក​តំណាង​ពិសេស ដើម្បី​ឱ្យ​លោក​បាន​ជួប​ពលរដ្ឋ​ភៀស​សឹក ដែល​រងគ្រោះ​ជាក់ស្ដែង ដោយ​ផ្ទាល់ នៅក្នុង​តំបន់​មួយចំនួន ហើយ​នេះ គឺជា​ការ​ផ្ទៀងផ្ទាត់​ដ៏​ត្រឹមត្រូវ ឱ្យ​ដឹង​ការពិត អំពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា។

លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខេ​កក្កដា ថា ព័ត៌មាន​ជាក់លាក់ ដែល​លោក​តំណាង​ពិសេស​ប្រមូល​បាន មានតម្លៃ​ណាស់ សម្រាប់​ជួយ ប្រជាពលរដ្ឋ​ភៀស​សឹក​។ លោក​ថា ព័ត៌មាន​របស់​លោក​តំណាង​ពិសេស គឺជា មូលដ្ឋាន​ផ្ដល់​យោបល់​ឱ្យ​រដ្ឋភិបាល​កម្ពុជា ធ្វើ​កំណែទម្រង់​ផង និង​ផ្ដល់ សំឡេង​ដល់​អង្គការសហប្រជាជាតិ និង បណ្ដា​រដ្ឋ​នានា ធ្វើ​អន្តរាគមន៍​ជួយ ប្រជាពលរដ្ឋ​ភៀស​សឹក​កម្ពុជា ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង។ «»

ចំណែក​ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែ​កក្កដា ថា ជា​រឿង​ល្អ ដែល​តំណាង​ពិសេស អង្គការសហប្រជាជាតិ ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ និង រាយការណ៍ ជាក់ស្ដែង​។ លោក​ថា បើ​រដ្ឋាភិបាល​បង្ក​លក្ខណៈ​ឱ្យ​លោក​តំណាង​ពិសេស អាច​ធ្វើ​ការ​បាន​ទូលំទូលាយ ក្នុង​រឿង​នេះ នោះ​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ យល់​ច្បាស់ ពី​ការ​រង​គ្រោះ របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា។

យ៉ាងណា លោក ម៉ែន ណាត បារម្ភ​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន និយាយ ពាក្យ​សហការ​ល្អៗ តែ​នៅ​នឹង​មុខ ប៉ុន្តែ​អនុវត្ត​បែប​ផ្ដាច់ការ​នៅ​ពី​ក្រោយខ្នង​តំណាង​អង្គការ​សហប្រជាជាតិ ហើយ​នេះ​លោក​ថា ជា​ទម្លាប់​របស់​រដ្ឋាភិបាល​កន្លងមក។ ««

អ្នកឃ្លាំមើល​លើកឡើង​ថា នេះ​ជា​ឱកាស ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ពេញលេញ ជាមួយ​តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ពិតជា ចង់​រក​មធ្យោបាយ ជួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​កម្ពុជា និង​ទាមទារ​យក​ទឹកដី​ប្រទេស​កម្ពុជា ដែល​ថៃ កំពុងតែ​ត្រួតត្រា យក​មក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​។ ពួកគាត់​ថា ភាព​មានៈ និង​ការ​ដោះសា​ឆ្លើយតប នឹង​សហគមន៍​អន្តរជាតិ​ដូច​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ធ្វើ​កន្លងមក កាន់តែ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ចុះ​ទន់ខ្សោយ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ រង​ទុក្ខវេទនា ទាំង​ការ​អត់​ការងារ​ធ្វើ ករណី​វ័ណ្ឌក​ដោយ​បំណុល ការរំលោភ​សិទ្ធិ មនុស្ស និង ការឈ្លានពាន​ពី​ប្រទេសជិតខាង​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ