

អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Thom Andrews) មានបំណងចុះជួបជនភៀសសឹកកម្ពុជា និង ចុះទៅពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោកបាន លើកឡើងពីបំណងនេះ នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី២២ ខែកក្កដា។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយតំណាងពិសេសអង្គការសហប្រជាជាតិ ដើម្បីរកប្រយោជន៍ឱ្យប្រទេសកម្ពុជា។.
អ្នករាយការណ៍ពិសេសថ្មីលោក ថម អេនឌ្រូ (Thomas Andrews)ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ ជំនួសលោក វិទិត មុនតាប៊ន ជនជាតិថៃ ដែលបានលាលែងពីតំណែង នៅពេលកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥។
ក្នុងជំនួបលើកទី១ ជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅវិមានសាមគ្គី ភាព នៅព្រឹកថ្ងៃទី២២ ខែកក្កដា បន្ទាប់ពីចូលកាន់តួនាទីជាអ្នករាយការយ៍ពិសេស លោក ថម អេនឌ្រូ មានប្រសាសន៍ថា លោកនឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពី ស្ថានភាពជាក់ស្តែង។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី២២ ខែកក្កដានេះ បានសរសេរថា លោក ស្វាគមន៍ចំពោះបំណងរបស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និង អះអាងថា បានពន្យល់បន្ថែម អំពីប្រវត្តិ នៃជម្លោះព្រំដែនកម្ពុជា-ថៃ និង ផលប៉ះពាល់ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងទទួលរង។
ពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅនៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី យ៉ូវ វិញ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែកក្កដា ថា លោកស្រី ប្រាថ្នាចង់ជួបអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ដោយផ្ទាល់ ដើម្បីជម្រាបលោក អំពីបញ្ហារងគ្រោះ និង អយុត្តិធម៌ ដែលលោកស្រី និងប្រជាពលរដ្ឋ ភៀសសឹកឯទៀត កំពុងរងទុក្ខវេទនា។ លោកស្រី យ៉ូវ វិញ គឺជាពលរដ្ឋភៀសសឹក មកពីភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគី ថៃកំពុងត្រួតត្រា។
លោកស្រី អះអាងថា សេចក្ដីប្រាថ្នាដ៏ធំបំផុត គឺចង់បានដី និង ផ្ទះរបស់លោកស្រី នៅភូមិជោគជ័យ មកវិញ។
លោកស្រី យ៉ូវ វិញ រៀបរាប់ថា នៅតំបន់ភៀសសឹកសព្វថ្ងៃ សម្បូរចោរលួចរបស់ របរ ក្មេងជក់ថ្នាំញៀន ក្មេងទំនើងកាប់ចាក់គ្នា ហើយគ្មានការឧបត្ថម្ភដល់ជីវភាព គ្រប់គ្រាន់ទេ ខណៈអាជ្ញាធរ ប្រាប់ឱ្យពលរដ្ឋភៀសសឹក មិនឱ្យដើរចេញចោល ឆ្ងាយពីផ្ទះ បើមិនដូច្នេះទេ អាជ្ញាធរនឹងដកផ្ទះពួកគាត់វិញ។ លោកស្រីថា ផ្ទះភៀស សឹកនេះទៀតសោត មានជញ្ជាំងបិទក្ដារកុងផ្លាកកេផុយៗ មិនរឹងមាំ ហើយពេល ខ្យល់បកមកខ្លាំងបន្តិច រង្គើរៗស្ទើរតែរលំម្ដងៗ។ លោកស្រី ត្អូញត្អែរថា ជីវិត នៅទីនោះលំបាកណាស់ គ្មានមុខរបរ ហើយតាំងពីមកដល់ភូមិរង់ចាំនេះ លោកស្រី ទទួលបានតែអង្ករ ២០គីឡូក្រាម និងប្រាក់បន្តិចបន្តួច ពេលលោក ហ៊ុន សែន ចុះទៅជួបប៉ុណ្ណោះ គ្រាន់តែសម្រាប់យកទៅជួសជុលផ្ទះ ពុំបានផ្គត់ផ្គង់ជីវភាពទេ។
លោកស្រី យ៉ូវ វិញ ឱ្យដឹងថា បើមានឱកាសជួបលោក ថម អេនឌ្រូ ដែលជា តំណាងពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី នឹងនិយាយឱ្យលម្អិត អំពីបញ្ហាទាំងនេះ ប្រាប់លោកតំណាងពិសេស ដើម្បីឱ្យជួយដោះស្រាយ ហើយ ស្នើឱ្យអាជ្ញាធរ ជួយរៀបចំផ្ទះសម្រាប់ជនភៀសសឹកឱ្យធានាសុវត្តិភាព និង មានបណ្ណកម្មសិទ្ធិប្លង់រឹង។ «»
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុកលោក លោក យិន ម៉េងលី លើកឡើងថា ដើម្បីឱ្យលោក ថម អេនឌ្រូ ប្រមូលបានព័ត៌មានពិតជាប្រយោជន៍ដល់ពលរដ្ឋភៀសសឹក ជាគោលការណ៍ លោកតំណាងពិសេស ត្រូវជួបមន្ត្រីអាជ្ញាធរ ដែលមានតួនាទីទទួលខុសត្រូវ ក្នុងបញ្ហាជនភៀសសឹក និង ប្រជាពលរដ្ឋភៀសសឹកនៅនឹងកន្លែង។ លោកថា រដ្ឋាភិបាលគួរតែធ្វើការសហការជាមួយលោកតំណាងពិសេស ដើម្បីឱ្យលោកបានជួបពលរដ្ឋភៀសសឹក ដែលរងគ្រោះជាក់ស្ដែង ដោយផ្ទាល់ នៅក្នុងតំបន់មួយចំនួន ហើយនេះ គឺជាការផ្ទៀងផ្ទាត់ដ៏ត្រឹមត្រូវ ឱ្យដឹងការពិត អំពីស្ថានភាពពលរដ្ឋភៀសសឹកកម្ពុជា។
លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខេកក្កដា ថា ព័ត៌មានជាក់លាក់ ដែលលោកតំណាងពិសេសប្រមូលបាន មានតម្លៃណាស់ សម្រាប់ជួយ ប្រជាពលរដ្ឋភៀសសឹក។ លោកថា ព័ត៌មានរបស់លោកតំណាងពិសេស គឺជា មូលដ្ឋានផ្ដល់យោបល់ឱ្យរដ្ឋភិបាលកម្ពុជា ធ្វើកំណែទម្រង់ផង និងផ្ដល់ សំឡេងដល់អង្គការសហប្រជាជាតិ និង បណ្ដារដ្ឋនានា ធ្វើអន្តរាគមន៍ជួយ ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពផង។ «»
ចំណែកប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែកក្កដា ថា ជារឿងល្អ ដែលតំណាងពិសេស អង្គការសហប្រជាជាតិ ចុះទៅពិនិត្យផ្ទាល់ និង រាយការណ៍ ជាក់ស្ដែង។ លោកថា បើរដ្ឋាភិបាលបង្កលក្ខណៈឱ្យលោកតំណាងពិសេស អាចធ្វើការបានទូលំទូលាយ ក្នុងរឿងនេះ នោះនឹងធ្វើឱ្យសហគមន៍អន្តរជាតិ យល់ច្បាស់ ពីការរងគ្រោះ របស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា។
យ៉ាងណា លោក ម៉ែន ណាត បារម្ភថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន និយាយ ពាក្យសហការល្អៗ តែនៅនឹងមុខ ប៉ុន្តែអនុវត្តបែបផ្ដាច់ការនៅពីក្រោយខ្នងតំណាងអង្គការសហប្រជាជាតិ ហើយនេះលោកថា ជាទម្លាប់របស់រដ្ឋាភិបាលកន្លងមក។ ««
អ្នកឃ្លាំមើលលើកឡើងថា នេះជាឱកាស ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញកិច្ចសហប្រតិបត្តិការឱ្យបានពេញលេញ ជាមួយតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជា ចង់រកមធ្យោបាយ ជួយប្រជាពលរដ្ឋភៀសសឹកនៅកម្ពុជា និងទាមទារយកទឹកដីប្រទេសកម្ពុជា ដែលថៃ កំពុងតែត្រួតត្រា យកមកឱ្យប្រជាពលរដ្ឋខ្មែរវិញ។ ពួកគាត់ថា ភាពមានៈ និងការដោះសាឆ្លើយតប នឹងសហគមន៍អន្តរជាតិដូចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើកន្លងមក កាន់តែធ្វើឱ្យប្រទេសកម្ពុជាចុះទន់ខ្សោយ ហើយប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនា ទាំងការអត់ការងារធ្វើ ករណីវ័ណ្ឌកដោយបំណុល ការរំលោភសិទ្ធិ មនុស្ស និង ការឈ្លានពានពីប្រទេសជិតខាងជាដើម៕









