

ប្រជាពលរដ្ឋ និងកងទ័ពខ្មែរ បានរម្លឹកខួបមួយឆ្នាំ នៃព្រឹត្តិការណ៍ផ្ទុះសង្គ្រាមឈ្លានពានលើកទី១ ពីសំណាក់យោធាថៃមកលើកម្ពុជា កាលពីឆ្នាំ២០២៥ បណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់ស្លាប់ និងបាត់បង់ផ្ទះសម្បែង ខណៈទឹកដី និងប្រាសាទបុរាណនៅតាមបណ្ដោយព្រំដែនជាច្រើនទីតាំងផ្សេងទៀត ត្រូវយោធាថៃចូលកាន់កាប់។ នៅក្នុងខួប១ឆ្នាំនៃសង្គ្រាមនេះ ទាហាន និងប្រជាពលរដ្ឋខ្មែរបានបង្ហាញក្ដីឈឺចាប់ ចំពោះសកម្មភាពឈ្លានពានទាំងកំរោលរបស់យោធាថៃមកលើកម្ពុជា និងទាមទារឱ្យមេដឹកនាំកម្ពុជាទាមទារយុត្តិធម៌ជូនប្រជាជាតិ។
២៤ កក្កដា គឺជាថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការផ្ទុះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ ខួបមួយឆ្នាំនេះ បានធ្វើឱ្យទាហាន និងប្រជាពលរដ្ឋខ្មែរនឹកឃើញពីព្រឹត្តិការណ៍ដ៏រន្ធត់មួយ ដែលយោធាថៃបានបើកឆាកចូលឈ្លានពានទឹកដីកម្ពុជា តាមរយៈការវាយប្រហារលើមូលដ្ឋានកងទ័ពខ្មែរនៅតំបន់ប្រាសាទតាមាន់ធំ ដែលបង្កឱ្យមានសង្គ្រាម នៅតាមបណ្ដោយព្រំដែនជាបន្តបន្ទាប់។
នៅក្នុងព្រឹត្តិការណ៍រម្លឹកខួបនេះ ពលរដ្ឋ បានចែករំលែករូបភាព និងវីដេអូនៃវិនាសកម្មនៅក្នុងសង្គ្រាម ដូចជារណ្ដៅគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីលើអាកាស បន្លាលួសដែលយោធាថៃបានដាក់ពង្រាយព័ទ្ធយកទឹកដីកម្ពុជា នៅតាមព្រំដែន និងរូបភាពពលរដ្ឋខ្មែរដែលកំពុងភៀសសឹកជាដើម។ ភ្ជាប់នឹងរូបភាពវិនាសកម្មសង្គ្រាម ពលរដ្ឋខ្មែរបានសរសេរសំណេររម្លឹកពីវីរភាពរបស់កងទ័ពខ្មែរ និងការឈឺចាប់ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃក្នុងទឹកដីកម្ពុជា។ ក្នុងនោះប្រជាពលរដ្ឋមួយចំនួន ក៏មិនភ្លេចរិះគន់មេដឹកនាំកម្ពុជា ដែលពួកគាត់ហៅថា ជាមេនាំភ្លើងសង្គ្រាម និងអសមត្ថភាពក្នុងការការពារបូរណភាពទឹកដីនោះឡើយ។
ពលរដ្ឋម្នាក់ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលរងគ្រោះបាត់បង់ដី ដោយសារយោធាថៃទន្ទ្រានយក បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកមានការខឹងសម្បាចំពោះទាហានថៃ ដែលបានចូលឈ្លានពានទឹកដីកម្ពុជាទាំងកម្រោល ក៏ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏ខឹងមេដឹកនាំកម្ពុជាមិនចាញ់យោធាថៃនោះដែរ ដោយលោកអះអាងថា ដោយសារតែ មេដឹកនាំរដ្ឋាភិបាលបានដឹកនាំប្រទេសធ្វើឱ្យមានភាពទន់ខ្សោយ ទាំងសេដ្ឋកិច្ច និងវិស័យការពារជាតិ ទើបបណ្ដាលឱ្យបាត់បង់សមត្ថភាពការពារទឹកដី។
ពលរដ្ឋ៖ «ខ្ញុំគិតថាដំណាក់កាលនេះ បើមិនផ្លាស់ប្ដូរទាំងស្រុងទេ ខ្មែរគឺអស់សង្ឃឹមហើយ ចប់សង្ឃឹមហើយ។ ប្រហែលជាត្រូវថៃវ៉ៃគ្រប់គ្រងហើយមើលទៅ ដោយសារអាពួកស៊េរីចាស់ ស៊េរីសម្ដេចតេជោហ្នឹងនៅទាំងអស់ មិនប្តូរទៅណា ចេញទៅណាបាន។ ហើយសម្តេចធិបតីក៏គាត់ធ្វើមិនកើតដែរ ស្អីក៏អត់សង្ឃឹមដែររាល់ថ្ងៃនេះ»។
លោកលើកឡើងបន្ថែមថា លោកហួសចិត្តនឹងមេដឹកនាំកម្ពុជា ដែលអសមត្ថភាពមិនអាចទាមទារទឹកដីនៅតាមព្រំដែនពីថៃមកវិញបានហើយ បែរជារឹតត្បិតមិនឱ្យប្រជាពលរដ្ឋបញ្ចេញមតិរឿងព្រំដែន និងយករឿងនេះមកច្នៃធ្វើប្រជាភិថុតិដើម្បីទាក់ទាញប្រជាប្រិយភាព ខណៈកូនចៅរបស់មេដឹកនាំ និងមន្ត្រីរាជការ ថែមទាំងនាំគ្នាកៀរគរប្រជាពលរដ្ឋឱ្យរាំច្រៀងសប្បាយក្រោយបាត់ដីតាមព្រំដែនថែមទៅវិញ។
ក្រៅពីពលរដ្ឋ ទាហានខ្មែរដែលឈរជើងនៅតាមព្រំដែន ក៏បានរម្លឹកខួបអនុស្សាវរីយ៍១ឆ្នាំ នៃការផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា នេះផងដែរ ដោយពួកគាត់បានចែករំលែកវីដេអូ និងរូបភាព របស់យុទ្ធមិត្តរួមអាវុធដែលបានពលីនៅក្នុងសមរភូមិ នៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយសំណេរដែលបង្ហាញពីការឈឺចាប់ និងក្ដីនឹងរលឹក។
ទាហានខ្មែរមួយរូបបានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា នៅព្រឹកថ្ងៃរម្លឹកខួបគម្រប់១ឆ្នាំ នៃការផ្ទុះសង្គ្រាមលើកទី១ ជាមួយយោធាថៃនេះ លោករួមទាំងមិត្តរួមអាវុធមួយចំនួនទៀត បានអុចធូប សែនមីកញ្ចប់ និងត្រីខកំប៉ុង និងឧទ្ទិសផលបុណ្យដល់ទាហានខ្មែរទាំងអស់ ដែលបានពលីនៅក្នុងសមរភូមិសង្គ្រាមឈ្លានពានរបស់យោធាថៃ។ ទាហានឈរជើងនៅសមរភូមិជួរមុខរូបនេះស្នើឱ្យមេដឹកនាំកម្ពុជាអភិវឌ្ឍវិស័យយោធា តាមរយៈការលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយម ព្រោះឆ្លងកាត់សង្គ្រាមតាមព្រំដែនទាំងពីរលើកកន្លងមកនេះ បានធ្វើឱ្យទាហានខ្មែរពលីជាច្រើននាក់ ខណៈទឹកដីជាច្រើនទីតាំង ត្រូវយោធាថៃដណ្ដើមយក គឺដោយសារតែភាពកម្សោយនៃវិស័យការពារជាតិនេះឯង។
ទាហានខ្មែរ៖ «កងទ័ពមិនដែលគិតរឿងនយោបាយទេ គិតតែពីរឿងការពារជាតិ ហើយនិងការពារទឹកដី ការពារប្រជាជនតែប៉ុណ្ណោះ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែកក្កដា។
ចំណែកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយរម្លឹកខួបមួយឆ្នាំនៃការចាប់ផ្ដើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជាទាំងបំពាន ពីសំណាក់កងកម្លាំងយោធាថៃ ដោយរំលេចនូវគុណសម្បត្តិរបស់មេដឹកនាំកម្ពុជា នៅក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត កត់សម្គាល់ឃើញថា រយៈពេល១ឆ្នាំក្រោយផ្ទុះសង្គ្រាមតាមព្រំដែនមកនេះ មេដឹកនាំកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាតុល្យភាពអំណាច បង្វែរស្ថានការណ៍ និងបង្ក្រាបសំឡេងអ្នករិះគន់ ជាជាងការទាមទារទឹកដី ដែលយោធាថៃកំពុងគ្រប់គ្រងដោយខុសច្បាប់មកវិញ។ លោកអះអាងថា ស្ថានការណ៍បច្ចុប្បន្ន ទោះបីជាសង្គ្រាមដោយអាវុធ បានផ្អាកក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែបាត់បង់ទឹកដីទៅកាន់ភាគីថៃជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ គឺដោយសារតែអសមត្ថភាពរបស់មេដឹកនាំ។
លោក ម៉ែន ណាត៖ «ប៉ុន្តែអាឈឺចាប់នឹងថៃឈ្លានពានវាជាចំណែកមួយ បើធៀបនឹងរដ្ឋាភិបាលកម្ពុជា ឈឺចាប់ជាងអ្វីដែលថៃឈ្លានពានទៀត។ យើងវាសង្វេគ បើយើងនិយាយរឿងហ្នឹងយើងសង្វេគណាស់ យើងមិនគួរណានឹងមានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ហ្នឹងត្រួតត្រាកម្ពុជា គិតតែប្រយោជន៍ផ្ទាល់ខ្លួន គិតតែទ្រព្យសម្បត្តិផ្ទាល់ខ្លួន គិតតែអំណាចផ្ទាល់ខ្លួនអញ្ចឹងទេ ដោយអត់សូវខ្វល់ខ្វាយពេញលេញនូវរឿងបាត់បង់ទឹកដីជាតិទៅប្រទេសជិតខាងសោះ»។
កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ប្រជាពលរដ្ឋខ្មែរមួយប្រទេស បានទទួលដំណឹងដ៏តក់ស្លុតមួយ អំពីការបើកឆាកវាយប្រហាររបស់ទាហានថៃ មកលើទាហានខ្មែរនៅតំបន់ប្រាសាទតាមាន់ធំ បន្ទាប់ពីទាហានថៃបានរាយបន្លាលួស និងចូលកាន់កាប់តំបន់នេះផ្ដាច់មុខ។ ការផ្ទុះអាវុធនេះ បានបង្កទៅជាសង្គ្រាមរយៈពេល ៥យប់ ៦ថ្ងៃ ដោយយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ការបាញ់ផ្សែងពុល និងទម្លាក់គ្រាប់បែក សន្ធប់មកលើទាហានខ្មែរ។
សង្គ្រាមនេះ បានផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីមានបទឈប់បាញ់លើកទី១ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន។
ទោះជាយ៉ាងនេះក្តី កងកម្លាំងប្រដាប់អាវុធថៃបានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានបើកការវាយប្រហារជាលើកទី២ មកលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដូចជា កាំភ្លើងផ្លោង គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់បែក F-16 និង Gripen ចូលជ្រៅក្នុងទឹកដីកម្ពុជា។
យោធាថៃអះអាងថា ក្រោយធ្វើសង្គ្រាមតាមព្រំដែនជាមួយកម្ពុជា ភាគីថៃបានពលីទាហានចំនួន៤២នាក់ ប៉ុន្តែថៃទទួលជ័យជម្នះ និងបានចូលកាន់កាន់តំបន់ប្រាសាទបុរាណខ្មែរ តំបន់ជួរភ្នំដងរែក ទីតាំងយុទ្ធសាស្ត្រ និងតំបន់ទីប្រជុំជនរបស់កម្ពុជា សរុបជាង៤០០គីឡូម៉ែត្រការ៉េ។
ចំណែកភាគីកម្ពុជាវិញ ទាហានខ្មែរបានអះអាងថា មានទាហានខ្មែរយ៉ាងហោចណាស់ ជាង១៤០នាក់បានពលីក្នុងសមរភូមិប្រយុទ្ធ និងមួយចំនួនបានបាត់ខ្លួន ខណៈសាកសពទាហានខ្មែរខ្លះទៀត បានខ្ទេចខ្ទីជាបំណែករាយប៉ាយនៅលើដី ហើយត្រូវទាហានថៃឈូសឆាយ និងចាក់ដីលុបកប់ចោល៕







