ពលរដ្ឋ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ដោយ​បង្ហាញ​ក្ដី​ឈឺចាប់ និង​ទាមទារ​ឱ្យ​មេដឹកនាំ​ទទួលខុសត្រូវ

0
16
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម

ប្រជាពលរដ្ឋ និង​កងទ័ព​ខ្មែរ បាន​រម្លឹក​ខួប​មួយឆ្នាំ នៃ​ព្រឹត្តិការណ៍​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​លើក​ទី​១ ពី​សំណាក់​យោធា​ថៃ​មក​លើ​កម្ពុជា កាលពី​ឆ្នាំ​២០២៥ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ស្លាប់ និង​បាត់បង់​ផ្ទះសម្បែង ខណៈ​ទឹកដី និង​ប្រាសាទបុរាណ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​ទីតាំង​ផ្សេងទៀត ត្រូវ​យោធា​ថៃ​ចូល​កាន់កាប់​។ នៅក្នុង​ខួប​១​ឆ្នាំ​នៃ​សង្គ្រាម​នេះ ទាហាន និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ក្ដី​ឈឺចាប់ ចំពោះ​សកម្មភាព​ឈ្លានពាន​ទាំង​កំរោល​របស់​យោធា​ថៃ​មក​លើ​កម្ពុជា និង​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា​ទាមទារ​យុត្តិធម៌​ជូន​ប្រជាជាតិ។

២៤ កក្កដា គឺជា​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំ នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ ខួប​មួយ​ឆ្នាំនេះ បាន​ធ្វើ​ឱ្យ​ទាហាន និង​ប្រជាពលរដ្ឋ​ខ្មែរ​នឹកឃើញ​ពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ ដែល​យោធា​ថៃ​បាន​បើកឆាក​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា តាមរយៈ​ការវាយប្រហារ​លើ​មូលដ្ឋាន​កងទ័ព​ខ្មែរ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម នៅ​តាម​បណ្ដោយ​ព្រំដែន​ជា​បន្តបន្ទាប់។

នៅក្នុង​ព្រឹត្តិការណ៍​រម្លឹក​ខួប​នេះ ពលរដ្ឋ បាន​ចែករំលែក​រូបភាព និង​វីដេអូ​នៃ​វិនាសកម្ម​នៅក្នុង​សង្គ្រាម ដូចជា​រណ្ដៅ​គ្រាប់បែក​ដែល​យោធា​ថៃ​បាន​ទម្លាក់​ពីលើ​អាកាស បន្លា​លួស​ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ​ព័ទ្ធ​យក​ទឹកដី​កម្ពុជា នៅ​តាម​ព្រំដែន និង​រូបភាព​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ភៀស​សឹក​ជាដើម​។ ភ្ជាប់​នឹង​រូបភាព​វិនាសកម្ម​សង្គ្រាម ពលរដ្ឋ​ខ្មែរ​បាន​សរសេរ​សំណេរ​រម្លឹក​ពី​វីរភាព​របស់​កងទ័ព​ខ្មែរ និង​ការឈឺចាប់​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​ក្នុង​ទឹកដី​កម្ពុជា​។ ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយចំនួន ក៏​មិន​ភ្លេច​រិះគន់​មេដឹកនាំ​កម្ពុជា ដែល​ពួកគាត់​ហៅថា ជា​មេ​នាំ​ភ្លើងសង្គ្រាម និង​អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​នោះ​ឡើយ។

ពលរដ្ឋ​ម្នាក់ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​រងគ្រោះ​បាត់បង់​ដី ដោយសារ​យោធា​ថៃ​ទន្ទ្រាន​យក បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា លោក​មានការ​ខឹងសម្បា​ចំពោះ​ទាហាន​ថៃ ដែល​បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​ទាំង​កម្រោល ក៏ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ក៏​ខឹង​មេដឹកនាំ​កម្ពុជា​មិន​ចាញ់​យោធា​ថៃ​នោះ​ដែរ ដោយ​លោក​អះអាង​ថា ដោយសារតែ មេដឹកនាំ​រដ្ឋាភិបាល​បាន​ដឹកនាំ​ប្រទេស​ធ្វើ​ឱ្យ​មាន​ភាព​ទន់ខ្សោយ ទាំង​សេដ្ឋកិច្ច និង​វិស័យ​ការពារ​ជាតិ ទើប​បណ្ដាល​ឱ្យ​បាត់បង់​សមត្ថភាព​ការពារ​ទឹកដី។

ពលរដ្ឋ​៖ «​ខ្ញុំ​គិតថា​ដំណាក់កាល​នេះ បើ​មិន​ផ្លាស់ប្ដូរ​ទាំងស្រុង​ទេ ខ្មែរ​គឺ​អស់សង្ឃឹម​ហើយ ចប់​សង្ឃឹម​ហើយ​។ ប្រហែលជា​ត្រូវ​ថៃ​វ៉ៃ​គ្រប់គ្រង​ហើយ​មើលទៅ ដោយសារ​អា​ពួក​ស៊េរី​ចាស់ ស៊េរី​សម្ដេច​តេជោ​ហ្នឹង​នៅ​ទាំងអស់ មិន​ប្តូរ​ទៅណា ចេញ​ទៅណា​បាន​។ ហើយ​សម្តេច​ធិបតី​ក៏​គាត់​ធ្វើ​មិនកើត​ដែរ ស្អី​ក៏​អត់​សង្ឃឹម​ដែរ​រាល់ថ្ងៃ​នេះ»។

លោក​លើកឡើង​បន្ថែម​ថា លោក​ហួស​ចិត្តនឹង​មេដឹកនាំ​កម្ពុជា ដែល​អសមត្ថភាព​មិន​អាច​ទាមទារ​ទឹកដី​នៅ​តាម​ព្រំដែន​ពី​ថៃ​មកវិញ​បាន​ហើយ បែរជា​រឹតត្បិត​មិន​ឱ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​រឿង​ព្រំដែន និង​យក​រឿង​នេះ​មក​ច្នៃ​ធ្វើ​ប្រជាភិថុតិ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ខណៈ​កូនចៅ​របស់​មេដឹកនាំ និង​មន្ត្រីរាជការ ថែមទាំង​នាំគ្នា​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​រាំច្រៀង​សប្បាយ​ក្រោយ​បាត់​ដី​តាម​ព្រំដែន​ថែម​ទៅវិញ។

ក្រៅពី​ពលរដ្ឋ ទាហាន​ខ្មែរ​ដែល​ឈរជើង​នៅ​តាម​ព្រំដែន ក៏បាន​រម្លឹក​ខួប​អនុស្សាវរីយ៍​១​ឆ្នាំ នៃ​កា​រផ្ទុះ​សង្គ្រាម​ថ្ងៃទី​២៤ ខែកក្កដា នេះ​ផង​ដែរ ដោយ​ពួកគាត់​បាន​ចែករំលែក​វីដេអូ និង​រូបភាព របស់​យុទ្ធ​មិត្ត​រួម​អាវុធ​ដែល​បាន​ពលី​នៅក្នុង​សមរភូមិ នៅ​លើ​បណ្ដាញ​សង្គម ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ដែល​បង្ហាញ​ពី​ការឈឺចាប់ និង​ក្ដី​នឹង​រលឹក។

ទាហាន​ខ្មែរ​មួយ​រូប​បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅ​ព្រឹក​ថ្ងៃ​រម្លឹក​ខួប​គម្រប់​១​ឆ្នាំ នៃ​ការ​ផ្ទុះ​សង្គ្រាម​លើក​ទី​១ ជាមួយ​យោធា​ថៃ​នេះ លោក​រួម​ទាំង​មិត្ត​រួម​អាវុធ​មួយ​ចំនួន​ទៀត បាន​អុច​ធូប សែន​មី​កញ្ចប់ និង​ត្រីខកំប៉ុង និង​ឧទ្ទិសផលបុណ្យ​ដល់​ទាហាន​ខ្មែរ​ទាំងអស់ ដែល​បាន​ពលី​នៅក្នុង​សមរភូមិ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ​។ ទាហាន​ឈរជើង​នៅ​សមរភូមិ​ជួរមុខ​រូប​នេះ​ស្នើ​ឱ្យ​មេដឹកនាំ​កម្ពុជា​អភិវឌ្ឍ​វិស័យ​យោធា តាមរយៈ​ការ​លុប​បំបាត់​អំពើពុករលួយ និង​បក្ខពួក​និយម ព្រោះ​ឆ្លងកាត់​សង្គ្រាម​តាម​ព្រំដែន​ទាំង​ពីរ​លើក​កន្លងមក​នេះ បាន​ធ្វើ​ឱ្យ​ទាហាន​ខ្មែរ​ពលី​ជាច្រើន​នាក់ ខណៈ​ទឹកដី​ជាច្រើន​ទីតាំង ត្រូវ​យោធា​ថៃ​ដណ្ដើមយក គឺ​ដោយសារតែ​ភាព​កម្សោយ​នៃ​វិស័យ​ការពារ​ជាតិ​នេះឯង។

ទាហាន​ខ្មែរ​៖ «​កងទ័ព​មិនដែល​គិត​រឿង​នយោបាយ​ទេ គិតតែ​ពី​រឿង​ការពារ​ជាតិ ហើយ​និង​ការពារ​ទឹកដី ការពារ​ប្រជាជន​តែប៉ុណ្ណោះ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៤ ខែ​កក្កដា។

ចំណែក​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​នេះ ដោយ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​ការ​ចាប់ផ្ដើម​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា​ទាំង​បំពាន ពី​សំណាក់​កងកម្លាំង​យោធា​ថៃ ដោយ​រំលេច​នូវ​គុណសម្បត្តិ​របស់​មេដឹកនាំ​កម្ពុជា នៅក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ថៃ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត កត់សម្គាល់​ឃើញថា រយៈពេល​១​ឆ្នាំក្រោយ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​មកនេះ មេដឹកនាំ​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រក្សា​តុល្យភាព​អំណាច បង្វែរ​ស្ថានការណ៍ និង​បង្ក្រាប​សំឡេង​អ្នក​រិះគន់ ជាជាង​ការ​ទាមទារ​ទឹកដី ដែល​យោធា​ថៃ​កំពុង​គ្រប់គ្រង​ដោយ​ខុសច្បាប់​មកវិញ​។ លោក​អះអាង​ថា ស្ថានការណ៍​បច្ចុប្បន្ន ទោះបីជា​សង្គ្រាម​ដោយ​អាវុធ បាន​ផ្អាក​ក៏​ពិតមែន ប៉ុន្តែ​កម្ពុជា​នៅតែ​បាត់បង់​ទឹកដី​ទៅកាន់​ភាគី​ថៃ​ជា​រៀងរាល់ថ្ងៃ ដែល​បញ្ហា​នេះ គឺ​ដោយសារតែ​អសមត្ថភាព​របស់​មេដឹកនាំ។

លោក ម៉ែន ណាត៖ «ប៉ុន្តែ​អា​ឈឺចាប់​នឹង​ថៃ​ឈ្លានពាន​វា​ជា​ចំណែក​មួយ បើ​ធៀប​នឹង​រដ្ឋាភិបាល​កម្ពុជា ឈឺចាប់​ជាង​អ្វី​ដែល​ថៃ​ឈ្លានពាន​ទៀត​។ យើង​វា​សង្វេគ បើ​យើង​និយាយ​រឿង​ហ្នឹង​យើង​សង្វេគ​ណាស់ យើង​មិន​គួរ​ណា​នឹង​មាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ហ្នឹង​ត្រួតត្រា​កម្ពុជា គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន គិតតែ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន គិតតែ​អំណាច​ផ្ទាល់ខ្លួន​អញ្ចឹង​ទេ ដោយ​អត់​សូវ​ខ្វល់ខ្វាយ​ពេញលេញ​នូវ​រឿង​បាត់បង់​ទឹកដី​ជាតិ​ទៅ​ប្រទេសជិតខាង​សោះ»។

កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស បាន​ទទួល​ដំណឹង​ដ៏​តក់ស្លុត​មួយ អំពី​ការ​បើកឆាក​វាយប្រហារ​របស់​ទាហាន​ថៃ មក​លើ​ទាហាន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ បន្ទាប់ពី​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស និង​ចូល​កាន់កាប់​តំបន់​នេះ​ផ្ដាច់មុខ​។ ការ​ផ្ទុះអាវុធ​នេះ បាន​បង្ក​ទៅជា​សង្គ្រាម​រយៈពេល ៥​យប់ ៦​ថ្ងៃ ដោយ​យោធា​ថៃ​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ ការ​បាញ់​ផ្សែង​ពុល និង​ទម្លាក់​គ្រាប់បែក សន្ធប់​មក​លើ​ទាហាន​ខ្មែរ។

សង្គ្រាម​នេះ បាន​ផ្អាក​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​លើក​ទី​១ ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ម៉ាឡេស៊ី​ក្នុងនាម​ប្រធាន​ប្តូរ​វេន​អាស៊ាន។

ទោះជា​យ៉ាងនេះ​ក្តី កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បំពាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ ហើយ​បាន​បើក​ការវាយប្រហារ​ជា​លើក​ទី​២ មក​លើ​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ដូចជា កាំភ្លើង​ផ្លោង គ្រាប់បែក​ចង្កោម និង​យន្តហោះ​ទម្លាក់​គ្រាប់បែក F-16 និង Gripen ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា។

យោធា​ថៃ​អះអាង​ថា ក្រោយ​ធ្វើសង្គ្រាម​តាម​ព្រំដែន​ជាមួយ​កម្ពុជា ភាគី​ថៃ​បាន​ពលី​ទាហាន​ចំនួន​៤២​នាក់ ប៉ុន្តែ​ថៃ​ទទួល​ជ័យជម្នះ និង​បាន​ចូលកាន់​កាន់​តំបន់​ប្រាសាទបុរាណ​ខ្មែរ តំបន់​ជួរ​ភ្នំ​ដងរែក ទីតាំង​យុទ្ធសាស្ត្រ និង​តំបន់​ទីប្រជុំជន​របស់​កម្ពុជា សរុប​ជាង​៤០០​គីឡូម៉ែត្រ​ការ៉េ​។​

​ចំណែក​ភាគី​កម្ពុជា​វិញ ទាហាន​ខ្មែរ​បាន​អះអាង​ថា មាន​ទាហាន​ខ្មែរ​យ៉ាងហោចណាស់ ជាង​១៤០​នាក់​បាន​ពលី​ក្នុង​សមរភូមិ​ប្រយុទ្ធ និង​មួយចំនួន​បាន​បាត់​ខ្លួន ខណៈ​សាកសព​ទាហាន​ខ្មែរ​ខ្លះទៀត បាន​ខ្ទេចខ្ទី​ជា​បំណែក​រាយប៉ាយ​នៅ​លើ​ដី ហើយ​ត្រូវ​ទាហាន​ថៃ​ឈូស​ឆាយ និង​ចាក់​ដី​លុប​កប់​ចោល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ