

អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាស្នើទៅកាន់ប្រទេសចិនឱ្យដើរតួនាទីការទូតកាន់តែសកម្មក្នុងការជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីជួយធានាឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះអាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព។ ប្រធានាធិបតីចិនធ្លាប់បានប្រកាសជាមួយមេដឹកនាំកម្ពុជា និងថៃកាលពីពេលថ្មីៗនេះថា ចិនយល់ព្រមដើរតួនាទីជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរត្រូវការ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនទៅកាន់មណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹកនៅខេត្តព្រះវិហារ ប៉ុន្តែលោកថា ជំនួយមនុស្សធម៌តែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា អ្វីដែលចង់ឃើញបន្តទៀត គឺចិនក្នុងនាមជាមហាអំណាចមួយ គួរធ្វើការជាមួយប្រទេសផ្សេងៗ ជាពិសេសបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជួយការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
លោកបានបន្តថា ចិន និងសហគមន៍អន្តរជាតិ គួរជំរុញឱ្យភាគីថៃដកកងទ័ពចេញពីទឹកដីកម្ពុជា ដែលយោធាថៃ បានរំលោភបំពាន និងជួយបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។ លោក ថា ការស្ដារសន្តិភាពនៅតាមព្រំដែន នឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេថែមទាំងដល់ប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែនផងដែរ។
លោក ស៊ឹង សែនករុណា៖ «គួរតែមាន កិច្ចអន្តរាគមន៍ ឱ្យ ភាគីថៃធ្វើ៉យ៉ាងណា ដកកងទ័ពចេញពីតំបន់ ព្រំដែនដែលខ្លួនរំលោភបំពានហ្នឹង ហើយកិច្ចអន្តរាគមន៍ធ្វើយ៉ាងណា ឱ្យជនភៀសសឹកដែល ពួកគាត់កំពុងរងទុក្ខទោសហ្នឹង ឱ្យបានវិលត្រឡប់ទៅ ទីតាំងដើមរបស់គាត់វិញ ទៅលំនៅឋានរបស់ពួកគាត់វិញ ហើយបានដីដែលពួកគាត់បង្កបង្កើនផល ត្រឡប់មកធ្វើការបង្កបង្កើនផល និងបង្កមុខរបរដូចដើមមុនទៅនឹងសង្គ្រាមចាប់ផ្តើម»។
លោក ស៊ឹង សែនករុណា ថាប្រសិនបើរដ្ឋាភិបាលចិន ឬមហាអំណាចផ្សេងទៀត មានឆន្ទៈពិតប្រាកដក្នុងការជួយ លោកជឿថា ពួកគេអាចដើរតួនាទីសម្របសម្រួលបាន។ ទន្ទឹមនឹងនេះ កម្ពុជាខ្លួនឯងក៏ត្រូវពង្រឹងសាមគ្គីភាពជាតិ និងកែលម្អការគ្រប់គ្រង ដើម្បីឱ្យសហគមន៍អន្តរជាតិមានទំនុកចិត្តកាន់តែខ្លាំងក្នុងការគាំទ្រអធិបតេយ្យភាពរបស់កម្ពុជា។
ការលើកឡើងរបស់លោក ស៊ឹង សែនករុណា ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពិន (Wang Wenbin) បានចុះសួរសុខទុក្ខប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក វ៉ាង វិនពិន បានជួបជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ និងបានប្រគល់ជំនួយមនុស្សធម៌ជូនពួកគេក្នុងនាមស្ថានទូតចិន។ លោកថា ជំនួយនេះបង្ហាញពី «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន និងមានគោលបំណងជួយសម្រាលការលំបាកភ្លាមៗរបស់ជនភៀសសឹក។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា ស្ថានទូតចិន ចុះទៅចែកអំណោយដល់ពលរដ្ឋភៀសសឹក ពីព្រោះតែចិនចង់ស្ដារមុខមាត់របស់ខ្លួនក្នុងក្រសែភ្នែករបស់ប្រជាពលរដ្ឋខ្មែរដោយសារតែក្នុងរយៈពេលចុងក្រោយនេះ បើទោះបីជាចិនបង្ហាញថាខ្លួនជាមិត្តយុទ្ធសាស្ត្រស៊ីជម្រៅរបស់កម្ពុជាក៏ដោយ ក៏ប៉ុន្តែចិនមិនបានជួយអ្វីច្រើនដល់កម្ពុជាទេ។
លោក គឹម សុខ៖ «នៅពេលដែលសហគមន៍អន្តរជាតិ បណ្ដាប្រទេសជាមិត្តប្រជាធិបតេយ្យនានា គេស្វះស្វែង ក្នុងការជួយពលរដ្ឋភៀសសឹក របស់ប្រទេសកម្ពុជា ទាំងផ្លូវច្បាប់ ហើយនិងជំនួយ ក៏ប៉ុន្តែចិន នៅស្ងៀមស្ងាត់ឈឹង។ ករណីនេះ ធ្វើឱ្យចិនបាក់មុខសម្បើមណាស់! ម្ល៉ោះហើយ ក្នុងដំណាក់កាលនេះ ចិនមានតែចេញមុខចែកអំណោយបន្តិចបន្តួច បង្ហាញសន្តានចិត្តមនុស្សធម៌ ដើម្បីស្ដារមុខមាត់របស់ខ្លួនឡើងវិញ ក្នុងនាមជាមិត្តជិតស្និទ្ធ និងយុទ្ធសាស្ត្ររបស់កម្ពុជា»។
លោក គឹម សុខ បន្ថែមថា ពេលដែលកងទ័ពថៃប្រើអាវុធទំនើបៗបាញ់ឈ្លានពានចូលទឹកដីនៃប្រទេសកម្ពុជា ភាគីចិនក៏មិនអនុញ្ញាតឱ្យកម្ពុជាប្រើអាវុធរបស់ចិន ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ថៃឡើយ។ លើសពីនេះទៅទៀត ដោយសារតែផលប្រយោជន៍សេដ្ឋកិច្ច ចិនកាន់តែបង្កើនទំនាក់ទំនងជាមិត្តយុទ្ធសាស្ត្រជាមួយថៃ។
ទាក់ទងទៅនឹងបញ្ហាជនភៀសសឹកនេះដែរ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Thomas Andrews) បានលើកឡើងកន្លងមកថា បេសកកម្មលើកដំបូងរបស់លោកនៅកម្ពុជា បានបន្សល់ទុកនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអ្នកដែលត្រូវបានផ្លាស់ទីលំនៅនៅតាមព្រំដែនជាមួយថៃ ដោយសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ នៅក្នុងតំបន់ដែលត្រូវបានរាយការណ៍ថា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។
លោកបាននិយាយថា វាជារឿងចាំបាច់ដែលថៃ និងកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ។ លោកបញ្ជាក់ថា ជនភៀសសឹកខ្មែរ ត្រូវការ វិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
កន្លងមក ប្រទេសចិនបានអំពាវនាវឱ្យកម្ពុជា និងថៃ ដោះស្រាយវិវាទព្រំដែនតាមរយៈការសន្ទនាដោយសន្តិវិធី។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ (Xinhua) បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញមេដឹកនាំកម្ពុជា និងថៃឱ្យដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា ក្នុងជំនួបនៅក្រៅកិច្ចប្រជុំ World AI Conference នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី១៧ ខែកក្កដា។ ចិនក៏បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីគាំទ្រការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះផងដែរ៕









