អ្នកឃ្លាំមើល​សង្គម​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ពឹង​ចិន​​​ឱ្យ​ជួយ​ដោះស្រាយ​ជម្លោះព្រំដែន​ខ្មែរ​ថៃ

0
105
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ទៅកាន់​ប្រទេស​ចិន​ឱ្យ​ដើរ​តួនាទី​ការទូត​កាន់តែ​សកម្ម​ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​ធ្វើការ​ជាមួយ​ប្រទេស​ដទៃទៀត ដើម្បី​ជួយ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជម្លោះ​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​។ ប្រធានាធិបតី​ចិន​ធ្លាប់​បាន​ប្រកាស​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចិន​យល់ព្រម​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ប្រសិនបើ​ប្រទេស​ទាំងពីរ​ត្រូវការ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត​ចិន​ទៅកាន់​មណ្ឌល​សុវត្ថិភាព​សម្រាប់​ជនភៀសសឹក​នៅ​ខេត្តព្រះវិហារ ប៉ុន្តែ​លោក​ថា ជំនួយ​មនុស្សធម៌​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​។ លោក​ថា អ្វី​ដែល​ចង់​ឃើញ​បន្ត​ទៀត គឺ​ចិន​ក្នុងនាម​ជា​មហាអំណាច​មួយ គួរ​ធ្វើការ​ជាមួយ​ប្រទេស​ផ្សេងៗ ជាពិសេស​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ជួយ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា។

លោក​បាន​បន្ត​ថា ចិន និង​សហគមន៍​អន្តរជាតិ គួរ​ជំរុញ​ឱ្យ​ភាគី​ថៃ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ បាន​រំលោភបំពាន និង​ជួយ​បង្កើត​លក្ខខណ្ឌ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ពួកគេ​វិញ​។ លោក ថា ការ​ស្ដារ​សន្តិភាព​នៅ​តាម​ព្រំដែន នឹង​ផ្តល់​ផលប្រយោជន៍​មិន​ត្រឹមតែ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ថែមទាំង​ដល់​ប្រជាពលរដ្ឋ​ថៃ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ផង​ដែរ។

លោក ស៊ឹង សែនករុណា៖ «គួរ​តែ​មាន កិច្ច​អន្តរាគមន៍ ឱ្យ ភាគី​ថៃ​ធ្វើ​៉​យ៉ាងណា ដក​កងទ័ព​ចេញពី​តំបន់ ព្រំដែន​ដែល​ខ្លួន​រំលោភបំពាន​ហ្នឹង ហើយ​កិច្ច​អន្តរាគមន៍​ធ្វើ​យ៉ាងណា ឱ្យ​ជនភៀសសឹក​ដែល ពួកគាត់​កំពុង​រង​ទុក្ខទោស​ហ្នឹង ឱ្យ​បាន​វិលត្រឡប់​ទៅ ទីតាំង​ដើម​របស់​គាត់​វិញ ទៅ​លំនៅឋាន​របស់​ពួកគាត់​វិញ ហើយ​បាន​ដី​ដែល​ពួកគាត់​បង្កបង្កើនផល ត្រឡប់​មក​ធ្វើការ​បង្កបង្កើនផល និង​បង្ក​មុខរបរ​ដូចដើម​មុន​ទៅ​នឹង​សង្គ្រាម​ចាប់ផ្តើម»។

លោក ស៊ឹង សែនករុណា ថា​ប្រសិនបើ​រដ្ឋាភិបាល​ចិន ឬ​មហាអំណាច​ផ្សេងទៀត មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជួយ លោក​ជឿ​ថា ពួកគេ​អាច​ដើរ​តួនាទី​សម្របសម្រួល​បាន​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ខ្លួនឯង​ក៏​ត្រូវ​ពង្រឹង​សាមគ្គីភាព​ជាតិ និង​កែ​លម្អ​ការគ្រប់គ្រង ដើម្បីឱ្​យ​សហគមន៍​អន្តរជាតិ​មាន​ទំនុកចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​គាំទ្រ​អធិបតេយ្យភាព​របស់​កម្ពុជា។

ការ​លើកឡើង​របស់​លោក ស៊ឹង សែនករុណា ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនពិន (Wang Wenbin) បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជម្លោះព្រំដែន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៣ ខែសីហា។

អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុក​របស់​លោក​ថា លោក វ៉ាង វិនពិន បាន​ជួប​ជនភៀសសឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពើង​អង្កាម ស្ថិត​ក្នុងស្រុក​ត្បែងមានជ័យ និង​បាន​ប្រគល់​ជំនួយ​មនុស្សធម៌​ជូន​ពួកគេ​ក្នុងនាម​ស្ថានទូត​ចិន​។ លោក​ថា ជំនួយ​នេះ​បង្ហាញ​ពី «​មិត្តភាព​ដែកថែប​» រវាង​កម្ពុជា និង​ចិន និង​មាន​គោលបំណង​ជួយ​សម្រាល​ការ​លំបាក​ភ្លាមៗ​របស់​ជនភៀសសឹក។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​អះអាង​ថា ស្ថានទូត​ចិន ចុះទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ភៀស​សឹក ពីព្រោះ​តែ​ចិន​ចង់​ស្ដារ​មុខមាត់​របស់​ខ្លួន​ក្នុង​ក្រសែភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយសារតែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បើ​ទោះបីជា​ចិន​បង្ហាញថា​ខ្លួន​ជា​មិត្ត​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​របស់​កម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ​ចិន​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​កម្ពុជា​ទេ។

លោក គឹម សុខ៖ «នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ បណ្ដា​ប្រទេស​ជា​មិត្ត​ប្រជាធិបតេយ្យ​នានា គេ​ស្វះស្វែង ក្នុង​ការ​ជួយ​ពលរដ្ឋ​ភៀស​សឹក របស់​ប្រទេស​កម្ពុជា ទាំង​ផ្លូវច្បាប់ ហើយ​និង​ជំនួយ ក៏ប៉ុន្តែ​ចិន នៅ​ស្ងៀម​ស្ងាត់ឈឹង​។ ករណីនេះ ធ្វើ​ឱ្យ​ចិន​បាក់មុខ​សម្បើម​ណាស់​! ម្ល៉ោះហើយ ក្នុង​ដំណាក់កាល​នេះ ចិន​មានតែ​ចេញមុខ​ចែក​អំណោយ​បន្តិចបន្តួច បង្ហាញ​សន្តាន​ចិត្ត​មនុស្សធម៌ ដើម្បី​ស្ដារ​មុខមាត់​របស់​ខ្លួន​ឡើងវិញ ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា»។

លោក គឹម សុខ បន្ថែម​ថា ពេល​ដែល​កងទ័ព​ថៃ​ប្រើ​អាវុធ​ទំនើបៗ​បាញ់​ឈ្លានពាន​ចូល​ទឹកដី​នៃ​ប្រទេស​កម្ពុជា ភាគី​ចិន​ក៏​មិន​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើ​អាវុធ​របស់​ចិន ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​ថៃ​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត ដោយសារតែ​ផលប្រយោជន៍​សេដ្ឋកិច្ច ចិន​កាន់តែ​បង្កើន​ទំនាក់​ទំនងជា​មិត្ត​យុទ្ធសាស្ត្រ​ជាមួយ​ថៃ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ជនភៀសសឹក​នេះ​ដែរ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Thomas Andrews) បាន​លើកឡើង​កន្លងមក​ថា បេសកកម្ម​លើកដំបូង​របស់​លោក​នៅ​កម្ពុជា បាន​បន្សល់ទុក​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ ដោយសារ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មិនទាន់​អាច​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ខ្លួន​វិញ នៅក្នុង​តំបន់​ដែល​ត្រូវ​បាន​រាយការណ៍​ថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​យោធា​ថៃ។

លោក​បាន​និយាយ​ថា វា​ជា​រឿង​ចាំបាច់​ដែល​ថៃ និង​កម្ពុជា ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ពន្លឿន​ការ​វិលត្រឡប់​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​។ លោក​បញ្ជាក់​ថា ជនភៀសសឹក​ខ្មែរ ត្រូវការ វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ។

កន្លងមក ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ ដោះស្រាយ​វិវាទ​ព្រំដែន​តាមរយៈ​ការសន្ទនា​ដោយ​សន្តិវិធី​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួ (Xinhua) បាន​រាយការណ៍​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ជំរុញ​មេដឹកនាំ​កម្ពុជា និង​ថៃ​ឱ្យ​ដោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ច​សន្ទនា ក្នុង​ជំនួប​នៅ​ក្រៅ​កិច្ចប្រជុំ World AI Conference នៅ​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃទី​១៧ ខែកក្កដា​។ ចិន​ក៏បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​បន្ត​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល ដើម្បី​គាំទ្រ​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នេះ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ