អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​កម្ពុជា​បន្ត​ប្រើ​ការទូត និង​ច្បាប់​អន្តរជាតិ ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា

អ្នកឃ្លាំមើល​សង្គម​មួយចំនួន​អះអាង​ថា កម្ពុជា​អរគុណ​ម៉ាឡេស៊ី ចំពោះ​តួនាទី​របស់​ប្រទេស​នេះ​ក្នុង​ការ​ជួយ​សម្របសម្រួល​ភាព​តានតឹង​តាម​ព្រំដែន​កម្ពុជា​-​ថៃ អាច​រួម​ចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​លើកកម្ពស់​តួនាទី​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ប៉ុន្តែ​ពួកគេ​ថា កម្ពុជា​ក៏​គួរ​បន្ត​ពង្រឹង​កិច្ច​ការទូត និង​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​វិវាទ​ព្រំដែន​ជាមួយ​ថៃ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​អរគុណ​ម៉ាឡេស៊ី គ្រាន់តែ​ជា​ការ​បង្ហាញ​ទឹកចិត្ត​ប៉ុណ្ណោះ ខណៈ​ដែល​ម៉ាឡេស៊ី​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធាន​អាស៊ាន​រួចហើយ​។ លោក​ថា អ្វី​ដែល​ម៉ាឡេស៊ី​អាច​បន្ត​ធ្វើ​បាន គឺ​ការ​រំលឹក​ភាគី​ទាំងពីរ​ឱ្យ​គោរព​ស្មារតី​បទ​ឈប់​បាញ់ និង​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​កន្លងមក​នៅក្នុង​ក្របខណ្ឌ​អាស៊ាន។

លោក គឹម សុខ៖ «​ម៉ាឡេស៊ី គឺជា​ប្រទេស​មួយ​នៅក្នុង​អាស៊ាន ដែល​មាន​សមានចិត្ត​បំផុត​ជាមួយ​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រាជបល្ល័ង្ក​ម៉ាឡេស៊ី និង​រាជបល្ល័ង្ក​កម្ពុជា​។ ក៏ប៉ុន្តែ ការ​អរគុណ​ម៉ាឡេស៊ី គ្រាន់តែ​ជា​ការ​សម្តែង​នូវ​ទឹកចិត្ត​ប៉ុណ្ណោះ​។ អ្វី​ដែល​ម៉ាឡេស៊ី​អាច​ជួយ​បាន គឺជា​ការ​រំលឹក​នូវ​ស្មារតី​ឈប់​បាញ់ ហើយ​និង​ចូល​រួមចំណែក ក្នុង​រង្វង់​អាស៊ាន​និង​សហគមន៍​អន្តរជាតិ លើ​ស្មារតី​ដែល​កម្ពុជា​និង​ថៃ ព្រមព្រៀងគ្នា នៅ​ប្រទេស​ម៉ាឡេស៊ី​កន្លងមក»។

លោក គឹម សុខ បន្ថែម​ថា ដើម្បី​ពង្រឹង​ជំហរ​របស់​កម្ពុជា​ក្នុង​ជម្លោះ​ជាមួយ​ថៃ រដ្ឋាភិបាល​គួរ​ផ្តោត​លើ​បី​ចំណុច​សំខាន់ គឺ​ការផ្សះផ្សា​ជាតិ និង​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​លើកកម្ពស់​កិត្តិយស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ការ​ប្រមូល​កម្លាំង​ជាតិ និង​បង្កើន​សកម្មភាព​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ និង​ការ​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ​បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែសីហា ថា ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នៅ​ទីក្រុង​គូឡាឡាំពួ លោក ប្រាក់ សុខុន បាន​អបអរសាទរ​ម៉ាឡេស៊ី​ចំពោះ​ការដឹកនាំ​អាស៊ាន​ប្រកបដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០២៥​។ ក្នុង​ជំនួប​នោះ លោក​ក៏បាន​អរគុណ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះ​តួនាទី​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ភាព​តានតឹង​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។

លោក ប្រាក់ សុខុន ក៏បាន​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា ព្រមទាំង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​លើកឡើង​របស់​លោក ប្រាក់ សុខុន គឺជា​ជំហាន​ការទូត​មួយ​ដែល​មាន​លក្ខណៈ​យុទ្ធសាស្ត្រ និង​ឆ្លុះបញ្ចាំង​ពី​វិជ្ជមាន​និយម​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​។ លោក​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ម៉ាឡេស៊ី​ក្នុងនាម​ជា​ប្រទេសជិតខាង​ក្នុង​អាស៊ាន និង​ជា​ប្រធាន​ប្តូរវេន មិន​ត្រឹមតែ​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ពង្រឹង​តួនាទី​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាមរយៈ​យន្តការ​ពហុភាគី​និយម​ផង​ដែរ។

លោក​ថា កាយវិការ​នេះ ជួយ​បង្កើត​បរិយាកាស​ការទូត​ដែល​មាន​ភាព​អំណោយផល និង​បង្កើន​ទំនុកចិត្ត​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រក្សា​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន​ឲ្យ​បាន​យូរ​អង្វែង​។​

លោក សេង វណ្ណលី៖ «ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន កម្ពុជា​-​ថៃ កម្ពុជា​គួរតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា​ពាក់ព័ន្ធ​នានា​ដែល​មាន​ស្រាប់ និង​ត្រូវ​ជំរុញ​វិវាទ​នេះ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ ទន្ទឹម​នឹង​នេះ ការ​ពង្រឹង​យន្តការ​ទ្វេភាគី ដូចជា​គណៈកម្មាធិការ​ព្រំដែន​រួម (JBC) និង​ការប្រើប្រាស់​កិច្ច​សន្ទនា​ការទូត​ដោយ​ស្មោះ​ត្រង់ គឺជា​សសរទ្រូង​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​វាស់វែង និង​បោះបង្គោល​ព្រំដែន​នៅ​ទីតាំង​ផ្សេងទៀត​ឲ្យ​បាន​ច្បាស់លាស់»។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា ការ​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​តំបន់ និង​អាស៊ាន ព្រមទាំង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យ​ទៅ​ជា​តំបន់​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រួមគ្នា នឹង​ក្លាយជា​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កិច្ចប្រជុំ​ពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​។ បទ​ឈប់​បាញ់​នេះ ត្រូវ​បាន​ឯកភាព​គ្នា ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៅ​ប្រទេស​ម៉ាឡេស៊ី រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក ភូមិថាំ វេចាយ៉ាឆៃ (Phumtham Wechayachai) ក្រោម​ការ​សម្របសម្រួល​របស់ លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហើយ​ដោយ​មានការ​ចូល​រួម​ជា​សាក្សី​ពី​តំណាង​សហរដ្ឋអាមេរិក និង​ចិន។

ក្រុម​អ្នកឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ការប្រើ​យន្តការ​ពហុភាគី ដូចជា អាស៊ាន អង្គការ​សហប្រជាជាតិ ឬ​តុលាការអន្តរជាតិ ដើម្បី​សម្របសម្រួល និង​ដោះស្រាយ​ជម្លោះ នឹង​មាន​ភាព​អព្យាក្រឹត្យ និង​កាត់បន្ថយ​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​អាវុធ​ភ្លាមៗ​ហើយក៏​ជា​ការ​ពារ​ប្រទេស​តូច​ជាង​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ ជាជាង កម្លាំងបាយ​។ ក៏ប៉ុន្តែ​ដំណើរការ​ក្តី​តាម​យន្តការ​ពហុភាគី​អាច​ប្រើ​ពេល​យូរ និង​ត្រូវការ​ឆន្ទៈ​នយោបាយ​ខ្ពស់​ពី​ភាគី​ជម្លោះ​ទាំងពីរ​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​ណាមួយ​ក្រោម​ក្របខណ្ឌ​ពហុភាគី​និយម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ