

អ្នកឃ្លាំមើលសង្គមមួយចំនួនអះអាងថា កម្ពុជាអរគុណម៉ាឡេស៊ី ចំពោះតួនាទីរបស់ប្រទេសនេះក្នុងការជួយសម្របសម្រួលភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ អាចរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់តួនាទីអាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ប៉ុន្តែពួកគេថា កម្ពុជាក៏គួរបន្តពង្រឹងកិច្ចការទូត និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះវិវាទព្រំដែនជាមួយថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការអរគុណម៉ាឡេស៊ី គ្រាន់តែជាការបង្ហាញទឹកចិត្តប៉ុណ្ណោះ ខណៈដែលម៉ាឡេស៊ីបានបញ្ចប់អាណត្តិជាប្រធានអាស៊ានរួចហើយ។ លោកថា អ្វីដែលម៉ាឡេស៊ីអាចបន្តធ្វើបាន គឺការរំលឹកភាគីទាំងពីរឱ្យគោរពស្មារតីបទឈប់បាញ់ និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានកន្លងមកនៅក្នុងក្របខណ្ឌអាស៊ាន។
លោក គឹម សុខ៖ «ម៉ាឡេស៊ី គឺជាប្រទេសមួយនៅក្នុងអាស៊ាន ដែលមានសមានចិត្តបំផុតជាមួយកម្ពុជា ដោយសារទំនាក់ទំនងល្អរវាងរាជបល្ល័ង្កម៉ាឡេស៊ី និងរាជបល្ល័ង្កកម្ពុជា។ ក៏ប៉ុន្តែ ការអរគុណម៉ាឡេស៊ី គ្រាន់តែជាការសម្តែងនូវទឹកចិត្តប៉ុណ្ណោះ។ អ្វីដែលម៉ាឡេស៊ីអាចជួយបាន គឺជាការរំលឹកនូវស្មារតីឈប់បាញ់ ហើយនិងចូលរួមចំណែក ក្នុងរង្វង់អាស៊ាននិងសហគមន៍អន្តរជាតិ លើស្មារតីដែលកម្ពុជានិងថៃ ព្រមព្រៀងគ្នា នៅប្រទេសម៉ាឡេស៊ីកន្លងមក»។
លោក គឹម សុខ បន្ថែមថា ដើម្បីពង្រឹងជំហររបស់កម្ពុជាក្នុងជម្លោះជាមួយថៃ រដ្ឋាភិបាលគួរផ្តោតលើបីចំណុចសំខាន់ គឺការផ្សះផ្សាជាតិ និងស្ដារប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់កិត្តិយសកម្ពុជានៅលើឆាកអន្តរជាតិ ការប្រមូលកម្លាំងជាតិ និងបង្កើនសកម្មភាពការទូតនៅលើឆាកអន្តរជាតិ និងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៥ ខែសីហា ថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នៅទីក្រុងគូឡាឡាំពួ លោក ប្រាក់ សុខុន បានអបអរសាទរម៉ាឡេស៊ីចំពោះការដឹកនាំអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោកក៏បានអរគុណ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះតួនាទីក្នុងការជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះភាពតានតឹងតាមព្រំដែនរវាងកម្ពុជា និងថៃ។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការលើកឡើងរបស់លោក ប្រាក់ សុខុន គឺជាជំហានការទូតមួយដែលមានលក្ខណៈយុទ្ធសាស្ត្រ និងឆ្លុះបញ្ចាំងពីវិជ្ជមាននិយមនៅក្នុងក្របខ័ណ្ឌតំបន់។ លោកថាការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងនាមជាប្រទេសជិតខាងក្នុងអាស៊ាន និងជាប្រធានប្តូរវេន មិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាពប៉ុណ្ណោះទេថែមទាំងជួយពង្រឹងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការពហុភាគីនិយមផងដែរ។
លោកថា កាយវិការនេះ ជួយបង្កើតបរិយាកាសការទូតដែលមានភាពអំណោយផល និងបង្កើនទំនុកចិត្តរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាស្ថិរភាពតាមបណ្តោយព្រំដែនឲ្យបានយូរអង្វែង។
លោក សេង វណ្ណលី៖ «ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ កម្ពុជាគួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងសន្ធិសញ្ញាពាក់ព័ន្ធនានាដែលមានស្រាប់ និងត្រូវជំរុញវិវាទនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទន្ទឹមនឹងនេះ ការពង្រឹងយន្តការទ្វេភាគី ដូចជាគណៈកម្មាធិការព្រំដែនរួម (JBC) និងការប្រើប្រាស់កិច្ចសន្ទនាការទូតដោយស្មោះត្រង់ គឺជាសសរទ្រូងយ៉ាងសំខាន់ក្នុងការបន្តវាស់វែង និងបោះបង្គោលព្រំដែននៅទីតាំងផ្សេងទៀតឲ្យបានច្បាស់លាស់»។
លោក សេង វណ្ណលី បន្ថែមទៀតថា ការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូតំបន់ និងអាស៊ាន ព្រមទាំងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា នឹងក្លាយជាដំណោះស្រាយប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ប្រទេសម៉ាឡេស៊ី បានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំពីបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បទឈប់បាញ់នេះ ត្រូវបានឯកភាពគ្នា ក្នុងកិច្ចប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ី រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វេចាយ៉ាឆៃ (Phumtham Wechayachai) ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយដោយមានការចូលរួមជាសាក្សីពីតំណាងសហរដ្ឋអាមេរិក និងចិន។
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការប្រើយន្តការពហុភាគី ដូចជា អាស៊ាន អង្គការសហប្រជាជាតិ ឬតុលាការអន្តរជាតិ ដើម្បីសម្របសម្រួល និងដោះស្រាយជម្លោះ នឹងមានភាពអព្យាក្រឹត្យ និងកាត់បន្ថយការប្រឈមមុខដាក់គ្នាដោយអាវុធភ្លាមៗហើយក៏ជាការពារប្រទេសតូចជាងដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាង កម្លាំងបាយ។ ក៏ប៉ុន្តែដំណើរការក្តីតាមយន្តការពហុភាគីអាចប្រើពេលយូរ និងត្រូវការឆន្ទៈនយោបាយខ្ពស់ពីភាគីជម្លោះទាំងពីរក្នុងការអនុវត្តសេចក្តីសម្រេចណាមួយក្រោមក្របខណ្ឌពហុភាគីនិយម៕









