ប្រជាពលរដ្ឋដែលកំពុងរស់នៅជាជនភៀសសឹក នៅតំបន់ព្រំដែនកម្ពុជា-ថៃ បានអំពាវនាវឱ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធានាថា ពួកគេអាចរស់នៅដោយស្របច្បាប់ និងមានភាពច្បាស់លាស់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតនៅទីតាំងបច្ចុប្បន្ន។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីអង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញរូបភាពពីផ្កាយរណបឃើញថា ផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់ ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួន នៅក្នុងភូមិចំនួន៣ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានបំផ្លាញ បន្ទាប់ពីកម្ពុជា-ថៃមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥មក។
ពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី យ៉ូវ វិញ បានឱ្យដឹងថា ផ្ទះលោកស្រី ត្រូវបានទាហានថៃឈូសបំផ្លិចបំផ្លាញកាលពីពេលសង្គ្រាម។ បច្ចុប្បន្នលោកស្រី រស់នៅក្នុងភូមិរង់ចាំ កំពុងប្រឈមបញ្ហាជាច្រើន ដូចជាការតាំងលំនៅមិនច្បាស់លាស់ពីព្រោះអាជ្ញាធរពុំទាន់ចេញឯកសារស្របច្បាប់ឱ្យលោកស្រីនៅឡើយហើយការរស់នៅក្នុងតំបន់នេះសព្វថៃ្ងពុំមានសុវត្ថិភាព ដោយសារមានក្មេងញៀនថ្នាំច្រើន។
លោកស្រី យ៉ូវ វិញ បានបន្ថែមទៀតថា លោកស្រីមិនសង្ឃឹមថា នឹងបានវិលត្រឡប់ទៅភូមិចាស់របស់លោកស្រីវិញនោះទេ ដូច្នេះលោកស្រីចង់ឱ្យរដ្ឋាភិបាល បញ្ជាក់ឱ្យច្បាស់ថា ផ្ទះនេះឱ្យប្រជាជនរស់នៅអចិន្ត្រៃយ៍ហើយចេញឯកសារជាប្លង់រឹង ដើម្បីឱ្យពួកគាត់អាចរស់នៅដោយភាពកក់ក្ដៅខ្លះ ឬយ៉ាងណា។
លោកស្រីបន្ថែមទៀតថា លោកស្រីបច្ចុប្បន្នជាប់ជំពាក់លុយធនាគារ ដែលកាលនោះយកលុយទៅធ្វើផ្ទះ ហើយបច្ចុប្បន្នលោកស្រីបានបាត់បង់ផ្ទះ ប៉ុន្តែប្លង់ដីរបស់លោកស្រីនៅធនាគារ ដែលតម្រូវឱ្យលោកស្រីបង់ប្រាក់សងជាប្រចាំខែ ប៉ុន្តែលោកស្រីពុំមានលទ្ធភាពបង់ធនាគារនោះទេ ដូច្នេះលោកស្រីចង់ឱ្យរដ្ឋាភិបាលជួយដល់ពលរដ្ឋរស់នៅក្នុងភូមិរង់ចាំនេះ។
លោកស្រី យ៉ូវ វិញ៖ «អ្នកខ្លះដូចកាលទៅជួបសម្តេច ឱ្យសួរថា ឱ្យខ្ញុំបង់ម៉េច? អើប្លង់ដីខ្ញុំនៅអង្គការ ផ្ទះខ្ញុំនៅសៀម ដល់លុយមិនដឹងណាអ្នកបង់។ ខ្ញុំបង់មក ខ្ញុំអត់បានប្លង់មកវិញផងហ្នឹង អត់បានដីមកវិញផងហ្នឹង។ បានតែប្លង់ វាអត់ដី»។
មកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី ដែន ទំពាំង ក៏ជាអ្នកដែលរងផលប៉ះពាល់ពីជម្លោះនេះដែរ បានឲ្យដឹងថា លោកស្រីមិនទាន់ហ៊ានចាកចេញទៅរកការងារនៅតំបន់ឆ្ងាយឡើយ ព្រោះកំពុងរង់ចាំមើលថា តើរដ្ឋាភិបាលនឹងមានដំណោះស្រាយយ៉ាងណាចំពោះទីលំនៅ និងជីវភាពរបស់ពួកគាត់។
លោកស្រីបានថ្លែងឲ្យដឹងថា អ្នកភៀសខ្លួនមួយចំនួនបារម្ភថា ប្រសិនបើចាកចេញពីទីតាំងជំរុំ អាចប៉ះពាល់ដល់ការចុះឈ្មោះទទួលជំនួយ ឬធ្វើឱ្យមានការលំបាកក្នុងការត្រឡប់ទៅកាន់ទីលំនៅថ្មីនាពេលអនាគត។ លោកស្រី ចង់ឱ្យរដ្ឋាភិបាលពិចារណាផ្តល់ដីជាកម្មសិទ្ធិដល់អ្នកដែលមិនអាចត្រឡប់ទៅផ្ទះដើមបាន។
ការអំពាវនាវនេះធ្វើឡើង ខណៈពលរដ្ឋមួយចំនួននៅតែរង់ចាំដំណោះស្រាយ បន្ទាប់ពីពួកគេអះអាងថា បានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារការឈូសបំផ្លាញនៅតំបន់ជម្លោះព្រំដែន។
ទាក់ទងទៅនឹងបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់ទូរទស្សន៍អាស៊ីថា វីដេអូផ្កាយរណបដែលអង្គការរបស់លោកបានចេញផ្សាយ គឺ ផ្អែកលើរូបភាពពីផែនទីរបស់ អេបផល (Apple) ដែលបង្ហាញពីការផ្លាស់ប្តូរតំបន់ដែលរងផលប៉ះពាល់។ លោកថា ការប្រៀបធៀបរូបភាពមុន និងក្រោយជម្លោះ បានបង្ហាញថា ភូមិជោគជ័យ មានផ្ទះ និងសំណង់ប្រមាណ ២៧០ខ្នង ត្រូវបានបំផ្លាញ ភូមិបឹងត្រកួន មានប្រមាណ ២៩៩ខ្នង និងភូមិព្រៃចាន់ មានប្រមាណ ៥៨ខ្នង។
លោក អំ សំអាត បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការបំផ្លាញសំណង់ស៊ីវិល ដោយលើកឡើងថា ផ្ទះរបស់ប្រជាពលរដ្ឋមិនគួរក្លាយជាគោលដៅក្នុងជម្លោះប្រដាប់អាវុធឡើយហើយ ប្រជាពលរដ្ឋដែលបាត់បង់ទ្រព្យសម្បត្តិ គួរតែទទួលបានការពិចារណាតាមច្បាប់អន្តរជាតិ និងការសងសំណងសមស្រប។
លោក អំ សំអាត៖ «អញ្ចឹង អង្គការលីកាដូ យើង មានការអំពាវនាវ ជាថ្មីម្តងទៀតដែរ ដល់ អាជ្ញាធរនៃថៃ គឺសូមឲ្យបញ្ឈប់ ជាបន្ទាន់នូវការឈូសឆាយ បំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលហ្នឹង នៅក្នុងភូមិទាំងអស់ ដែលបានលើកឡើងខាងលើ ដែលគ្រប់គ្រងដោយភាគីថៃហ្នឹង។ ហើយត្រូវ គិតមិនត្រូវមានការ បំផ្លិចបំផ្លាញតទៅទៀតទេ ទោះបីជាមានការអះអាងអំពីអធិបតេយ្យភាពយ៉ាងណាក៏ដោយ ព្រោះបញ្ហាហ្នឹង គឺ វាប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ជនស៊ីវិល»។
ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចុះពិនិត្យមជ្ឈមណ្ឌលភៀសខ្លួននៅខេត្តបន្ទាយមានជ័យ និងតំបន់រងផលប៉ះពាល់នៅជិតព្រំដែន។ លោកបាននិយាយថា លោកបានឃើញដោយផ្ទាល់ពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋប្រឈម បន្ទាប់ពីបាត់បង់ផ្ទះសម្បែង ការងារ និងជីវភាពរស់នៅ។ លោកលើកឡើងថា ប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ នៅតែស្ថិតក្នុងស្ថានភាពភៀសខ្លួន យោងតាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ មានសិទ្ធិត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ៕
ជនភៀសសឹកដែលបាត់បង់ផ្ទះនិងដីនៅព្រំដែនស្នើសុំរដ្ឋាភិបាលផ្តល់កម្មសិទ្ធិច្បាស់លាស់នៅតំបន់ថ្មី