

អ្នកឃ្លាំមើលសង្គមជំរុញឱ្យកម្ពុជាស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដាក់សម្ពាធលើប្រទេសថៃដើម្បីឱ្យកងកម្លាំងថៃដកចេញពីទឹកដីកម្ពុជា និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលបានភៀសសឹក វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងគ្រប់គ្រងដីធ្លីរបស់ពួកគេឡើងវិញ មុននឹងចាប់ផ្តើមការចរចាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា កម្ពុជាមិនគួរផ្តោតលើការទាមទារឱ្យថៃវិលមកតុចរចាអំពីការបោះបង្គោលព្រំដែននៅពេលនេះទេ ប៉ុន្តែគួរទាមទារឱ្យកងកម្លាំងថៃដកចេញពី ទឹកដីកម្ពុជា ជាមុនសិន និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលបានភៀសខ្លួនដោយសារជម្លោះ អាចវិលត្រឡប់ទៅកាន់ភូមិកំណើត និងគ្រប់គ្រងដីធ្លី និងផ្ទះសម្បែងរបស់ពួកគេឡើងវិញ។ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសកម្មភាពការទូតឱ្យបានខ្លាំងក្លាដើម្បីឱ្យមានការចូលរួមពីសហគមន៍អន្តរជាតិ និងភាគីទីបីក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែន។
លោក គឹម សុខ បានឲ្យដឹងទៀតថា ការទាមទារឱ្យថៃចូលមកចរចាអំពីការបោះបង្គោលព្រំដែននៅក្នុងស្ថានភាពបច្ចុប្បន្ន អាចធ្វើឱ្យកម្ពុជាចាញ់ប្រៀប ដោយសារ កងកម្លាំងថៃកំពុងគ្រប់គ្រង ទីតាំងតូច ធំយ៉ាងតិច ៧០កន្លែង និងបានបង្កអសន្តិសុខតាមបណ្តោយព្រំដែនគោកប្រវែងជាង ៨០០គីឡូម៉ែត្រ និងបានចូលជ្រៅក្នុងទឹកដីកម្ពុជានៅតំបន់មួយចំនួន។
លោក គឹម សុខ៖ «ដូច្នេះ រឿងដែលត្រូវទាមទារដាច់ខាតទៅភាគីថៃ ហើយនិងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ គឺត្រូវដាក់កំហិតឱ្យថៃដកកងទ័ព ឬក៏កម្លាំងចេញពីទឹកដីនៃប្រទេសកម្ពុជាសិន ហើយឱ្យប្រជាពលរដ្ឋខ្មែរភៀសសឹកអាចវិលទៅភូមិកំណើតរបស់ពួកគាត់បាន គ្រប់គ្រងដីធ្លី ហើយនិងផ្ទះសម្បែងរបស់ពួកគាត់ឡើងវិញ បន្ទាប់មក ទើបអាចនិយាយអំពីការចរចាបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ដោយមានភាគីទីបីចូលរួមជាបច្ចេកទេស»។
លោក គឹម សុខ បន្ថែមថា ការកំណត់បង្គោលព្រំដែន ត្រូវមានភាគីទីបីចូលរួម ដូចជាបារាំង ដែលជាម្ចាស់ផែនទីដើម របស់កម្ពុជា ទើបអាចការពារទឹកដីនៃប្រទេសកម្ពុជាបាន។ លោកថា ប្រសិនបើ នៅតែបន្តទាមទារឱ្យថៃ មកចរចាកំណត់ព្រំដែន ដូចរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនធ្វើ គឺមិនខុសពីឱ្យថៃ គ្រប់គ្រងលើទឹកដីនៃប្រទេសកម្ពុជា ដែលថៃឈ្លានពាន និងត្រួតត្រាបច្ចុប្បន្ននោះទេ។
លោក គឹម សុខ បន្ថែមទៀតថា កម្ពុជា ត្រូវធ្វើតាមអនុសាសន៍ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែលទាមទារឲ្យពលរដ្ឋភៀសសឹក វិលទៅផ្ទះរបស់ពួកគាត់ជាមុនសិន ។ នេះជាយោបល់ ដែលត្រូវទាំងស្ថានការណ៍ជាក់ស្ដែង និងស្របតាមគោលការណ៍អន្តរជាតិ។
ការអះអាងរបស់លោក គឹម សុខ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៩ នៃការបង្កើតអាស៊ាន ដោយអំពាវនាវឱ្យមានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈដំណោះស្រាយដែលមានយុត្តិធម៌ សន្តិភាព និងអាចនាំទៅរកស្ថិរភាពរយៈពេលវែង។
លោក ប្រាក់ សុខុន បានឲ្យដឹងទៀតថា កម្ពុជាបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រមទាំងការអនុញ្ញាតឱ្យពលរដ្ឋភៀសសឹក វិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតារបស់ពួកគេវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរឱ្យកាន់តែឆាប់បំផុត។
ទាក់ទងទៅនឹងបញ្ហានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ សីហា ឆ្លើយតបទៅនឹងការតវ៉ារបស់ថៃថា សេចក្តីថ្លែងការណ៍របស់លោកជុំវិញចំនួនជនភៀសសឹកដោយសារជម្លោះតាមព្រំដែនកម្ពុជា-ថៃ គឺជាតួលេខដែលលោកបាន ផ្អែកលើរបាយការណ៍របស់អង្គការសហប្រជាជាតិ។ លោកអះអាងថា បានផ្ញើសេចក្តីព្រាងនៃផ្នែកដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនទៅកាន់រដ្ឋាភិបាលថៃ ពីរថ្ងៃមុនការចេញផ្សាយសេចក្តីថ្លែងការណ៍ជាសាធារណៈ។ លោកក៏នៅតែបើកចំហក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលថៃ មុនពេលបញ្ចប់របាយការណ៍របស់លោកដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ ខែសីហា ថា ការបំផ្លាញផ្ទះសម្បែង ការរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ ការខូចខាតសាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនអាចត្រូវបានធ្វើឱ្យក្លាយជារឿងធម្មតា មិនអាចត្រូវបានបំភ្លេច និងមិនគួរត្រូវបានទុកឱ្យកន្លងផុតទៅដោយគ្មានការទទួលខុសត្រូវឡើយ។
លោក នេត្រ ភក្ត្រា បន្ថែមថា ការធានាឱ្យពលរដ្ឋកម្ពុជាដែលនៅតែភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ ស្របតាម សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងច្បាប់អន្តរជាតិ ត្រូវតែជាកិច្ចការបន្ទាន់ហើយកងកម្លាំងថៃត្រូវបញ្ឈប់រាល់សកម្មភាពដែលរារាំងការវិលត្រឡប់របស់ជនស៊ីវិល៕









