

អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចាត់ទុកការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធសំណើឱ្យបើកការសើរើ និងទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងលើរូបលោកថា ផ្ទុយទៅនឹងគោលបំណង ដែលលោកបានស្នើ ហើយក្រសួងមានចេតនាបំភ្លៃ និងផ្ដល់ហេតុផល ដាក់បន្ទុកមកលើរូបលោក ជាជាងបង្ហាញពីបំណងស្វែងរកយុត្តិធម៌ពិតប្រាកដ។ អ្នកឃ្លាំមើលយល់ថា ការឆ្លើយតបរបស់ក្រសួង ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការគេចវេះ និងការប្រកាន់យក ទម្រង់រដ្ឋបាលតឹងរ៉ឹង ដើម្បីរុញច្រានសំណុំរឿង នេះឱ្យដើរដល់ផ្លូវទល់ច្រក។
អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលមានក្ដីក្ដាំជាច្រើននៅតុលាការ នៅថ្ងៃទី១១ ខែសីហា បានធ្វើសន្និស័ទសារព័ត៌មាន ឆ្លើយតបទៅកាន់ក្រសួងយុត្តិធម៌ដោយ សម្ដែងការសោកស្ដាយជាខ្លាំង ក្រោយពីក្រសួងមិនទទួលយកសំណើរបស់លោក ដើម្បីសើរើ អង្គហេតុជាថ្មីស្របតាមមាត្រា៣១ មាត្រា ៣៥ មាត្រា ៣៦ មាត្រា ៤១ និងមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ ព្រមទាំង កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប៉ុន្តែបែរជា ក្រសួងរកហេតុផលផ្សេងដើម្បី គេចវេះ និង ដាក់បន្ទុកបន្ថែមមកលើរូបលោក តាមរយៈមាត្រា៣១ និងមាត្រា៤៩។
លោកជឿថា ប្រសិនបើក្រសួងបំពេញតួនាទីជាស្ថាប័នយុត្តិធម៌ពិតប្រាកដមិនគួរ គេចវេះ មិនទទួលយកសំណើនោះទេ ព្រោះសំណុំរឿងនេះ ពាក់ព័ន្ធការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិដែលស្របទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។ លោកចាត់ទុកការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ តាមរយៈលិខិតឆ្លើយតប ដែល អះអាងថា ច្បាប់កម្ពុជាគ្មានចែងថា ក្រសួងយុត្តិធម៌ មានសិទ្ធិកែប្រែ និងទម្លាក់ចោទការសម្រេចរបស់តុលាការកំពូលនោះ គឺបង្ហាញយ៉ាងច្បាស់ថា ក្រសួងបានដើរ ផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ។ លោកបន្តថា តាមពិតក្រសួងមានសិទ្ធិសើរើ នៅពេលដែលតុលាការចោទប្រកាន់លើបុគ្គលណាមួយ គ្មានភស្តុតាងត្រឹមត្រូវ។
លោក រ៉ុង ឈុន៖ «សេចក្ដីសម្រេចរបស់សាលាកំពូល មិនស្របទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៣៤, ៣៥, ៤០ និង ៤១ នោះទេ។ ប៉ុន្តែដល់ពេលគាត់ទៅនិយាយ គាត់បែរជាទៅនិយាយរឿងផ្សេង ដោយមិនបាននិយាយចំណុចដែលយើងបានលើកឡើងនោះឡើយ»។
កាលពីថ្ងៃទី១ ខែកក្កដា លោក រ៉ុង ឈុន បានដាក់លិខិតទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យពិនិត្យលទ្ធភាពសើរើ ឬត្រួតពិនិត្យឡើងវិញលើសាលដីការបស់តុលាការកំពូលនិង ពិចារណាទម្លាក់ចោលការអនុវត្តវិធានការកម្រិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់លោក ក្រោយពីតុលាការ គ្រប់ជាន់ថ្នាក់បានចោទប្រកាន់មកលើរូបលោក ទាំងអយុត្តិធម៌ពាក់ព័ន្ធបទ”ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ហើយ តុលាការកំពូលក៏បានដកហូតសិទ្ធិធ្វើនយោបាយ៥ឆ្នាំ និង ហាមផ្លាស់ទីលំនៅក្រៅពីរាជធានីភ្នំពេញ។
ក្រោយពីដាក់លិខិតអស់ជាង១ខែ ក្រសួងយុត្តិធម៌ បានចេញលិខិតឆ្លើយតបថាការសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់លើសំណុំរបស់ លោក រ៉ុង ឈុន គឺធ្វើឡើងបានត្រឹមត្រូវ និងស្របតាមនីតិវិធី ហើយក្រសួង ពុំរកឃើញភាព មិនប្រក្រតីណាមួយនោះដែរ។ ក្រសួងបញ្ជាក់ថា កន្លងទៅ ជនត្រូវចោទ បានអនុវត្តតាមនីតិវិធី របស់តុលាការដូចជាការទទួលបាន សិទ្ធិការពារខ្លួន ដោយមានជំនួយពីមេធាវី តតាំងក្ដី គ្រប់ដំណាក់កាល។ មួយទៀត ក្រសួងថា ប្រសិនបើ លោក រ៉ុង ឈុន មានភស្តុតាងថ្មី អាចប្ដឹងទៅកាន់តុលាការកំពូលដើម្បីសើរើ ព្រោះក្រសួងយុត្តិធម៌គ្មាន សិទ្ធិទម្លាប់បទចោទ និងសើរើ លើសំណុំរឿង ទាំងនោះឡើយ។
ទោះជាបែបនេះក្ដី អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថាការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ ចំពោះសំណើរបស់លោក រ៉ុង ឈុន ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការគេចវេះ និងការប្រកាន់យកទម្រង់រដ្ឋបាលបិទបាំងខ្លឹមសារនៃយុត្តិធម៌។ លោកអះអាងថា ការដែលក្រសួងប្រកាសយ៉ាងឆាប់រហ័សថា ដំណើរការក្ដី គ្មានភាពមិនប្រក្រតី ហើយ ថាក្រសួងគ្មានសមត្ថកិច្ច សើរើសំណុំរឿង គឺជាការរុញច្រានការទទួលខុសត្រូវ និងជាការខកខានក្នុងការបំពេញតួនាទីជាអាណាព្យាបាលផ្នែកច្បាប់របស់ជាតិ។
លោកបន្ថែមថា ក្រសួងយុត្តិធម៌ មិនគួរបង្រួញតួនាទីរបស់ខ្លួនត្រឹមជាអ្នករត់ការឯកសារ ឬជាខែលការពារការសម្រេចរបស់តុលាការនោះទេ។ លោកយល់ថា ការណែនាំឱ្យលោក រ៉ុង ឈុន ដាក់បណ្ដឹងសើរើទៅតុលាការកំពូល ដោយតម្រូវឱ្យមានភស្តុតាង ឬអង្គហេតុថ្មី គឺជាការបង្កើតនីតិវិធីស្មុគស្មាញ និងជាល្បិចទាល់ច្រកផ្លូវច្បាប់ ដើម្បីរុញរឿងនេះ ឱ្យផុតពីដៃប៉ុណ្ណោះ។ លោកបន្តថា ករណីនេះ មិនមែន ជាបញ្ហាខ្វះភស្តុតាង តែជាបញ្ហានៃការបកស្រាយផ្លូវច្បាប់ឱ្យរួមតូចចង្អៀត ដែលក្រសួងគួរតែ អន្តរាគមន៍ផ្ទៀងផ្ទាត់ទិដ្ឋភាពច្បាប់ឱ្យបានស៊ីជម្រៅឡើងវិញ។
លោក សេង វណ្ណលី៖ «ទោះបីជាក្រសួងយុត្តិធម៌មិនអាចចេញបញ្ជាកែប្រែសាលដីកាតុលាការដោយផ្ទាល់ដើម្បីជៀសវាងការរំលោភអំណាចតុលាការក៏ដោយ ប៉ុន្តែក្រសួងមានអំណាចផ្លូវច្បាប់ពេញលេញក្នុងការបង្កើតគណៈកម្មការឯករាជ្យដើម្បីពិនិត្យឡើងវិញនូវភាពត្រឹមត្រូវនៃអង្គច្បាប់ ឬធ្វើរបាយការណ៍ស្នើសុំទៅអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលឱ្យពិនិត្យមើលភាពមិនប្រក្រតីនៃការអនុវត្តច្បាប់។ ការមិនព្រមប្រើប្រាស់យន្តការទាំងនេះ ហើយប្រញាប់ប្រញាល់បិទផ្លូវតវ៉ា គឺជាការខ្វះឆន្ទៈនយោបាយក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដ»។
បន្ថែមពីនោះ លោក សេង វណ្ណលី គាំទ្រចំពោះ សម្ដីរបស់លោក រ៉ុង ឈុន ដែលថាការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ ដើរផ្ទុយពីច្បាប់ និងគ្មានហេតុផលសមរម្យ គឺជាការរិះគន់ដែលមានទម្ងន់ និងហេតុផលត្រឹមត្រូវ។ លោកបន្តថា ការដែលតុលាការយកលេសរដ្ឋធម្មនុញ្ញផ្នែកសន្តិសុខសង្គមមកចោទប្រកាន់ ដោយមើលរំលងសិទ្ធិសេរីភាពជាមូលដ្ឋាន និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ បង្ហាញថា ការឆ្លើយតបរបស់ក្រសួងយុត្តិធម៌មានលក្ខណៈឯកតោភាគី និងខកខានក្នុងការផ្ដល់ចម្លើយដែលប្រកបដោយហេតុផលគតិយុត្តិរឹងមាំជូនពលរដ្ឋ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកហូតសិទ្ធិនយោបាយ មួយជីវិត ក្រោមបទចោទ«មិនរាងចាល» ក្នុងសំណុំរឿង«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីលោកបានអត្ថាធិប្បាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម កាលពីខែឧសភាឆ្នាំ២០២៥ និងជួបសួរសុខទុក្ខពលរដ្ឋ ដែលមានជម្លោះដីធ្លី នៅតំបន់បឹងតាមោក ជាយក្រុងភ្នំពេញ។
ក្រោយមក នៅថ្ងៃទី១៩ ខែមិថុនា តុលាការកំពូលបានប្រកាសសាលដីកា ដោយបន្ធូរបន្ថយទោសខ្លះ ដូចជាការផ្ដន្ទាទោស ឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ៤ឆ្នាំ បន្ថយមកនៅ ៣ឆ្នាំ តាមរយៈការព្យួរទោស សាកល្បង ចំណែកការដកហូតធ្វើនយោបាយអស់មួយជីវិត បន្ធូរមកនៅត្រឹម៥ឆ្នាំ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានដកហូតសិទ្ធិមួយចំនួនដែរ ដូចជាការហាម លោក រ៉ុង ឈុន មិនឱ្យដូរទីលំនៅក្រៅពីភ្នំពេញ និងហាមមិនឱ្យថ្លែងសារនយោបាយនៅតាមទីសាធារណៈជាដើម៕









