

អ្នកឃ្លាំមើលសង្គមព្រមានថា ការរីករាលដាលនៃបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍ កំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំង ចំពោះសន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ការអះអាងនេះបន្ទាប់ពីទិន្នន័យរបស់បណ្ដាញមូលដ្ឋានទិន្នន័យកម្រិតពិភពលោកឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញថា ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពឧក្រិដ្ឋកម្មច្រើន ខណៈប្រទេសភូមា ឈរនៅលំដាប់កំពូល។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការដែលកម្ពុជាទទួលបានចំណាត់ថ្នាក់អវិជ្ជមានបែបនេះក្នុងតំបន់ មិនត្រឹមតែជាការបំផ្លាញកិត្តិយសជាតិនៅលើឆាកអន្តរជាតិនោះទេ វាថែមទាំងកំពុងជះឥទ្ធិពលធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គមទាំងមូល។ លោកថា ទំនុកចិត្តរបស់អ្នកវិនិយោគទុនបរទេសដែលមានបំណងបោះទុននៅកម្ពុជាត្រូវថយចុះដោយសារការព្រួយបារម្ភពីបញ្ហាសន្តិសុខ អំពើពុករលួយ និងសមត្ថភាពនៃការអនុវត្តច្បាប់ដ៏ទន់ខ្សោយ។
លោក សេង វណ្ណលី បន្ថែមទៀតថា វិស័យទេសចរណ៍ដែលជាសសរទ្រូងសេដ្ឋកិច្ចមួយ ក៏កំពុងរងគ្រោះថ្នាក់យ៉ាងខ្លាំងដោយសាររូបភាពអាក្រក់នៃឧក្រិដ្ឋកម្មឆ្លងដែន ការចាប់ជម្រិត និងបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិមានការរអា និងជៀសវាងមកកម្ពុជា។ បន្ថែមពីនេះ ពលរដ្ឋខ្មែរខ្លួនឯងត្រូវប្រឈមមុខនឹងការមើលងាយ និងការរឹតបន្តឹងទិដ្ឋការពីបណ្តាប្រទេសផ្សេងៗ ខណៈដែលការទុកចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងស្រុកត្រូវធ្លាក់ចុះដល់កម្រិតទាបបំផុត។
អ្នកតាមដានភូមិសាស្ត្រនយោបាយ រូបនេះ លើកឡើងថា ដើម្បីស្ដារមុខមាត់ និងដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពពិតប្រាកដ រដ្ឋាភិបាលត្រូវតែបោះបង់ចោលនូវរូបភាពបង្ក្រាបបែបល្ខោន ឬគ្រាន់តែធ្វើឡើងដើម្បីតម្រូវចិត្តអន្តរជាតិមួយគ្រាៗ។ លោកថាអ្វីដែលត្រូវធ្វើជាបន្ទាន់គឺការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម និងសំបុកឆបោកអនឡាញឲ្យអស់ពីឫសគល់ ដោយមិនត្រូវលើកលែង ឬការពារជនល្មើសដែលមានខ្នងបង្អែក ឬអំណាចនោះឡើយ។
ការអះអាងនេះបន្ទាប់ពី គេហទំព័រអន្តរជាតិឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញទិន្នន័យបច្ចុប្បន្នភាព សម្រាប់សន្ទស្សន៍ឧក្រិដ្ឋកម្មច្រើននៅអាស៊ីអាគ្នេយ៍ពាក់កណ្តាលឆ្នាំ២០២៦ លើកឡើងថា ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពឧក្រិដ្ឋកម្មច្រើន ជាមួយនឹងសន្ទស្សន៍ ៤៨.៨ ខណៈប្រទេសភូមា ឈរនៅលំដាប់កំពូល។
ទោះជាយ៉ាងណា Numbeo បញ្ជាក់ថា សន្ទស្សន៍របស់ខ្លួនផ្អែកលើទិន្នន័យ និងការយល់ឃើញរបស់អ្នកចូលរួមនៅលើវេទិការបស់ខ្លួន ហើយមិនមែនជាស្ថិតិឧក្រិដ្ឋកម្មផ្លូវការរបស់រដ្ឋាភិបាលនោះទេ។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បាននិយាយថា លោកមានការសង្ស័យចំពោះប្រសិទ្ធភាពនៃការកែទម្រង់ និងការអនុវត្តច្បាប់នៅកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសធ្ងន់ធ្ងរ។ លោកថា អំពើពុករលួយ និងភាពទន់ខ្សោយនៃការអនុវត្តច្បាប់បានធ្វើឱ្យជនល្មើសមួយចំនួនមានអារម្មណ៍ថា ពួកគេអាចប្រព្រឹត្តបទល្មើសដោយមិនខ្លាចការផ្ដន្ទាទោស។
លោកក៏បានអះអាងថា បញ្ហានេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងអាចធ្វើឱ្យប្រទេសក្លាយជាគោលដៅសម្រាប់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន។
លោក ស៊ឹង សែនករុណា៖ «អញ្ចឹងយើងមិនសង្ឃឹមថា ការចេញរបាយការណ៍រឿយៗជាបន្តបន្ទាប់ នៅក្នុងរបាយការណ៍ដែលលំដាប់លេខរៀងទី២នេះ ក៏ដូច្នេះដែរ។ ក៏កម្ពុជានៅតែមិនទទួលស្គាល់ មិនទទួលយកតែប៉ុណ្ណឹង។ ប៉ុន្តែធាតុពិតជាក់ស្តែង ស្ថានភាពកម្ពុជាបច្ចុប្បន្ន គឺកំពុងតែធ្លាក់ក្នុងសភាពប្រទេសមួយដែលគួរឱ្យខ្លាច។ អញ្ចឹងវាជាបញ្ហាមួយដែលគេត្រូវការចាំបាច់ឱ្យមានការកែប្រែ ហើយធ្វើការកែលម្អ»។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា មេបណ្តាញឆបោកអនឡាញជាច្រើនមានដើមកំណើតពីប្រទេសចិន ហើយបណ្តាញទាំងនេះបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ លោកថា ការរីករាលដាលនេះដោយសារ អំពើពុករលួយ និងបក្ខពួកនិយម។ លោក ថា ការបង្ក្រាបសកម្មភាពឆបោកអនឡាញនៅក្នុងប្រទេសចិននៅអំឡុងឆ្នាំ២០១៣-២០១៥ បានជំរុញឱ្យមេបណ្ដាញឧក្រិដ្ឋកម្មមួយចំនួនផ្លាស់ទីមូលដ្ឋានប្រតិបត្តិការរបស់ពួកគេទៅកាន់ប្រទេសនានានៅអាស៊ីអាគ្នេយ៍។
លោក គឹម សុខ៖ «ក៏ប៉ុន្តែមូលហេតុសំខាន់ដែលឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជានិងនៅភូមាមានចំណាត់ថ្នាក់អាក្រក់ជាងគេនៅក្នុងតំបន់អាស៊ាន ដោយសារតែពួកអ្នកដឹកនាំនៅកម្ពុជានិងនៅភូមាមានវិបត្តិរដ្ឋាភិបាល។ មានន័យថាសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស មានការរឹតត្បិតចំណងការទូតនិងសេដ្ឋកិច្ចពីបច្ចិមប្រទេស។ ម្ល៉ោះហើយ ជួបបញ្ហាសេដ្ឋកិច្ច។ ដល់តែជួបបញ្ហាសេដ្ឋកិច្ច ពួក រដ្ឋាភិបាលក្រុងភ្នំពេញនៃក្រុមគ្រួសារហ៊ុន និងពួក រដ្ឋាភិបាលយោធាភូមា ក៏មើលឃើញឱកាសសហការជាមួយនិងមេបណ្តាញឆបោកអនឡាញពីប្រទេសចិន ដើម្បីប្រមូលលុយចិញ្ចឹមអំណាចតែម្តង។ ពីព្រោះពួកគេពុំមានសង្ឃឹមលើការពង្រឹងសេដ្ឋកិច្ច ជាមួយនឹងបស្ចិមប្រទេស ដើម្បីបន្តអំណាចរបស់ពួកគេបាន»។
លោក គឹម សុខ អះអាងថា ភាពខុសគ្នារវាងកម្ពុជា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ គឺស្ថិតនៅលើកម្រិតនៃការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជាមួយដៃគូអន្តរជាតិ។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីខែមិថុនា រកឃើញថា មជ្ឈមណ្ឌលឆបោកជាច្រើននៅកម្ពុជានៅតែដំណើរការ ទោះបីរដ្ឋាភិបាលបានបង្កើនការបង្ក្រាបក៏ដោយ។ អង្គការនេះបានកំណត់អត្តសញ្ញាណទីតាំងចំនួន ៨៦ ដែលខ្លួនចាត់ទុកថាជាមជ្ឈមណ្ឌលឆបោក ហើយបាននិយាយថាអាជ្ញាធរបានធ្វើអន្តរាគមន៍នៅ ២៤ទីតាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីខែមិថុនាថា កម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានអះអាងថា ប្រទេសនេះកំពុងបង្ហាញការប្តេជ្ញាចិត្តចំពោះសហគមន៍អន្តរជាតិ។ លោកបានចាត់ទុកឧក្រិដ្ឋកម្មឆបោកអនឡាញជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កម្ពុជា ដោយសារវាប៉ះពាល់ទាំងសន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះរបស់ប្រទេស។
កាលពីខែកក្កដា នាយកស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) លោក កាស ប៉ាថែល (Kash Patel) ក៏បានមកកម្ពុជាដើម្បីពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត អំពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងបណ្ដាញឆបោកអន្តរជាតិ។
អ្នកឃ្លាំមើលសង្គម នៅតែទាមទារឱ្យរដ្ឋាភិបាលបង្ហាញលទ្ធផលដែលអាចផ្ទៀងផ្ទាត់បាន ជាពិសេសការបង្ក្រាបមេបណ្ដាញឧក្រិដ្ឋកម្ម ការរឹបអូសទ្រព្យសម្បត្តិ ការស៊ើបអង្កេតមន្ត្រីដែលអាចមានការពាក់ព័ន្ធ និងការការពារជនរងគ្រោះពីការជួញដូរមនុស្ស៕









