

ព្រះអង្គម្ចាស់ក្សត្រី ជុឡាផន (Chulabhorn) ដែលត្រូវជាប្អូនស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ វ៉ាជីរ៉ាឡុងកន (Vajiralongkorn) និងជាស្ថាបនិកប្រមូលមូលនិធិ បានបន្តផ្ដល់ប្រាក់ដល់យោធាថៃ ដើម្បីបន្តគម្រោងសាងសង់ជញ្ជាំងបេតុងអចិន្ត្រៃយ៍ និងលេណដ្ឋានយោធាជាច្រើនទីតាំងនៅតាមបណ្ដោយព្រំដែនកម្ពុជា ក្នុងខេត្តបាត់ដំបង។ ព្រះអង្គម្ចាស់ក្សត្រីថៃអង្គនេះ បានលើកឡើងថា ការផ្ដល់ជំនួយឱ្យយោធាថៃសង់របងព្រំដែននេះ គឺដើម្បីប្រឆាំងនឹងកម្ពុជា ដែលម្ចាស់ក្សត្រីថៃរូបនេះហៅថាសត្រូវ។
ព្រះអង្គម្ចាស់ក្សត្រីយ៍ ជុឡាផន (Chulabhorn) ដែលជាស្ថាបនិកមូលនិធិ ហាថៃធីប (Hathaitip) បានជួបជាមួយក្រុមមេបញ្ជាការជាន់ខ្ពស់យោធាថៃ ដើម្បីតាមដានអំពីដំណើរការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍ នៅតំបន់ព្រំដែនក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបុរី របស់ថៃ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថាប័នទំនាក់ទំនងព័ត៌មានរបស់ព្រះរាជវាំងថៃ កាលពីថ្ងៃទី១២ ខែសីហា។
នៅក្នុងឱកាសចូលគាល់នេះ យោធាថៃបានរាយការណ៍អំពី ការបញ្ចប់ជាស្ថាពរ នូវគម្រោងសាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៤ គម្រោងសាងសង់ផ្លូវយុទ្ធសាស្ត្រ និងការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ ពីទីតាំងបង្គោលលេខ ៥៤ ដល់៥៥ និង៥៩ ដែលមានប្រវែងសរុបជាង៨គីឡូម៉ែត្រ។ បន្ថែមពីនេះ ក្រុមមេបញ្ជាការយោធាថៃបានលើកឡើងអំពីការសាងសង់លេណដ្ឋានយោធាចំនួនជាង ១០០ទីតាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមនៅក្នុងស្ថានការណ៍ជម្លោះព្រំដែន ដែលកំពុងមានភាពតានតឹង។
តាមការអះអាងរបស់ស្ថាប័នផ្សព្វផ្សាយព្រះរាជវាំងថៃ ព្រះអង្គម្ចាស់ក្សត្រី ជុឡាផន បានផ្ដល់មូលនិធិដល់យោធាថៃចំនួន ២លានដុល្លារ ដើម្បីយកទៅអនុវត្តគម្រោងសាងសង់នៅតាមព្រំដែនកម្ពុជា។
យ៉ាងណាក៏ដោយចុះ ទីតាំងបង្គោលព្រំដែនលេខ៥២ ដល់៥៩ ដែលយោធាថៃកំពុងសាងសង់របងព្រំដែននេះ គឺជាតំបន់ដែលមានភាពចម្រូងចម្រាស ដោយសារគណៈកម្មាធិការបច្ចេកទេស នៃប្រទេសទាំងពីរ នៅមិនទាន់បានបញ្ចប់ការកំណត់ និងបោះបង្គោលព្រំដែននោះឡើយ។ តំបន់ទាំងនេះត្រូវយោធាថៃផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនតាមអំពើចិត្ត តាមរយៈការកែប្រែអូរធម្មជាតិ និងរំកិលបង្គោលព្រំដែនភ្លោះនៅសងខាង ដែលជាតម្រុយខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ចូលក្នុងទឹកដីកម្ពុជា បណ្ដាលឱ្យដីចម្ការរបស់ពលរដ្ឋខ្មែរជាច្រើនគ្រួសារ បានបាត់បង់ទៅកាន់ប្រទេសថៃ។
ពលរដ្ឋម្នាក់ដែលរស់នៅ និងធ្វើចម្ការក្នុងតំបន់ព្រំដែនស្រុកកំរៀង បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ផ្លូវលំ ដីអាស្រ័យផល និងអូរធម្មជាតិ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា ពេលនេះត្រូវយោធាថៃរាយបន្លាលួស និងព័ទ្ធយកអស់ហើយ បន្ទាប់ពីយោធាថៃបានរំកិលបង្គោលព្រំដែនលេខ៥៤ និង៥៥ ចូលជ្រៅក្នុងទឹកដីកម្ពុជា។ លោកបន្តថា បន្ថែមពីលើការរំកិលបង្គោលព្រំដែន យោធាថៃបានកាត់ឆ្វៀលដីចម្ការរបស់ពលរដ្ឋខ្មែរជាច្រើនហិកតារបន្ថែមទៀត ដាក់ទៅក្នុងតំបន់ស។ «»
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៣ ខែសីហា។
កន្លងមកក្រសួងការបរទេសបានចេញលិខិតតវ៉ា ប្រឆាំងនឹងសកម្មភាពសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃ ដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្ន ដែលបានធ្វើឡើងដោយក្រុមវាស់វែងចម្រុះ នៃភាគីប្រទេសទាំងពីរ។ ក៏ប៉ុន្តែក្រោយមក អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបកស្រាយដែលមានខ្លឹមសារផ្ទុយនឹងលិខិតតវ៉ារបស់ក្រសួងការបរទេស ដោយលោកអះអាងថា ការសាងសង់របងព្រំដែនរបស់យោធាថៃ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ប្រទេសថៃទៅវិញ។
យ៉ាងណាមិញ មកដល់សព្វថ្ងៃគេមិនទាន់ឃើញក្រសួងការបរទេស ឬរដ្ឋាភិបាលចេញលិខិតតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់របងព្រំដែនរបស់យោធាថៃ ទៀតនោះឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការលូកដៃរបស់រាជវង្សថៃ នឹងធ្វើឱ្យការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាន់តែមានភាពស្មុគស្មាញ ដោយសារនៅក្នុងបរិបទសង្គមថៃ ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូល ហើយដែលមិនអាចរិះគន់បាន។ ទោះជាយ៉ាងណា លោកជំរុញឱ្យមេដឹកនាំកម្ពុជា ត្រូវតែចេញលិខិតតវ៉ា ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ ស្របទៅតាមបែបបទការទូត និងប្ដឹងថៃស្របតាមយន្តការច្បាប់អន្តរជាតិ។ «»
បច្ចុប្បន្ននេះ យោធាថៃបានបុកគ្រឹះ និងចាក់ពុម្ភសសរ និងលើកធ្នឹម សាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥៥ ដែលមានប្រវែងជាង ៣គីឡូម៉ែត្ររួចរាល់ហើយ ដោយរងចាំតែការដំឡេងរបាំងជញ្ជាំង និងបន្លាលួសនៅពីលើប៉ុណ្ណោះ។ ចំណែកទាហានខ្មែរដែលឈរជើងនៅតំបន់ព្រំដែនស្រុកកំរៀង វិញ ក៏មិនបានរារាំង ឬតវ៉ាចំពោះសកម្មភាពសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃនោះឡើយ ដោយទាហានខ្មែរ និងទាហានថៃ បានដើរល្បាតរួមគ្នាម្ខាងម្នាក់ និងបានត្រឹមឈរមើលសកម្មភាពយោធាថៃសាងសង់របងតាមព្រំដែន៕









