រាជវង្ស​ថៃ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ បន្ត​សាងសង់​របង​ជញ្ជាំង​ព្រំដែន​នៅ​ខេត្ត​បាត់ដំបង

0
42
របងព្រំដែន ដែលថៃសង់ជាឯកតោភាគី នៅស្រុកកំរៀង ខេត្ត​បាត់ដំបង។ រូប៖ បណ្ដាញសង្គម
របងព្រំដែន ដែលថៃសង់ជាឯកតោភាគី នៅស្រុកកំរៀង ខេត្ត​បាត់ដំបង។ រូប៖ បណ្ដាញសង្គម

ព្រះអង្គម្ចាស់​ក្សត្រី ជុឡាផន (Chulabhorn) ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ព្រះមហាក្សត្រ​ថៃ ព្រះបាទ វ៉ាជីរ៉ាឡុងកន (Vajiralongkorn) និង​ជា​ស្ថាបនិក​ប្រមូល​មូលនិធិ បាន​បន្ត​ផ្ដល់​ប្រាក់​ដល់​យោធា​ថៃ ដើម្បី​បន្ត​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​អចិន្ត្រៃយ៍ និង​លេណដ្ឋាន​យោធា​ជាច្រើន​ទីតាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ក្នុង​ខេត្តបាត់ដំបង​។ ព្រះអង្គម្ចាស់​ក្សត្រី​ថៃ​អង្គ​នេះ បាន​លើកឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ​សង់​របង​ព្រំដែន​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា ដែល​ម្ចាស់​ក្សត្រី​ថៃ​រូប​នេះ​ហៅថា​សត្រូវ។

ព្រះអង្គម្ចាស់​ក្សត្រីយ៍ ជុឡាផន (Chulabhorn) ដែល​ជា​ស្ថាបនិក​មូលនិធិ ហា​ថៃ​ធីប (Hathaitip) បាន​ជួប​ជាមួយ​ក្រុម​មេបញ្ជាការ​ជាន់ខ្ពស់​យោធា​ថៃ ដើម្បី​តាមដាន​អំពី​ដំណើរការ​សាងសង់​រប​ង​ជញ្ជាំង​អចិន្ត្រៃយ៍ នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង ជាប់​នឹង​ខេត្ត​ចន្ទ​បុរី របស់​ថៃ​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ទំនាក់ទំនង​ព័ត៌មាន​របស់​ព្រះរាជវាំង​ថៃ កាលពី​ថ្ងៃទី​១២ ខែសីហា​។​

នៅក្នុង​ឱកាស​ចូល​គាល់​នេះ យោធា​ថៃ​បាន​រាយការណ៍​អំពី ការ​បញ្ចប់​ជា​ស្ថាពរ នូវ​គម្រោង​សាងសង់​របង​ព្រំដែន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៤ គម្រោង​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ និង​ការសាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍ ពី​ទីតាំង​បង្គោល​លេខ ៥៤ ដល់​៥៥ និង​៥៩ ដែល​មាន​ប្រវែង​សរុប​ជាង​៨​គីឡូម៉ែត្រ​។ បន្ថែម​ពី​នេះ ក្រុម​មេបញ្ជាការ​យោធា​ថៃ​បាន​លើកឡើង​អំពី​ការសាងសង់​លេណដ្ឋាន​យោធា​ចំនួន​ជាង ១០០​ទីតាំង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ត្រៀម​នៅក្នុង​ស្ថានការណ៍​ជម្លោះព្រំដែន ដែល​កំពុង​មាន​ភាព​តានតឹង។

តាម​ការ​អះអាង​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ព្រះរាជវាំង​ថៃ ព្រះអង្គម្ចាស់​ក្ស​ត្រី ជុ​ឡា​ផន បា​នផ្ដល់​មូលនិធិ​ដល់​យោធា​ថៃ​ចំនួន ២​លាន​ដុល្លារ ដើម្បី​យក​ទៅអនុវត្ត​គម្រោង​សាងសង់​នៅ​តាម​ព្រំដែន​កម្ពុជា​។​

យ៉ាងណា​ក៏ដោយចុះ ទីតាំង​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៩ ដែល​យោធា​ថៃ​កំពុង​សាងសង់​របង​ព្រំដែន​នេះ គឺជា​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស ដោយសារ​គណៈកម្មាធិការ​បច្ចេកទេស នៃ​ប្រទេស​ទាំងពីរ នៅ​មិនទាន់​បាន​បញ្ចប់​ការកំណត់ និង​បោះបង្គោល​ព្រំដែន​នោះ​ឡើយ​។ តំបន់​ទាំងនេះ​ត្រូវ​យោធា​ថៃ​ផ្លាស់ប្ដូរ​ខ្សែបន្ទាត់​ព្រំដែន​តាម​អំពើ​ចិត្ត តាមរយៈ​ការ​កែប្រែ​អូរ​ធម្មជាតិ និង​រំកិល​បង្គោល​ព្រំដែន​ភ្លោះ​នៅ​សងខាង ដែល​ជា​តម្រុយ​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ចូលក្នុង​ទឹកដី​កម្ពុជា បណ្ដាល​ឱ្យ​ដីចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ បាន​បាត់បង់​ទៅកាន់​ប្រទេស​ថៃ។

ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ និង​ធ្វើ​ចម្ការ​ក្នុង​តំបន់​ព្រំដែន​ស្រុក​កំរៀង បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ផ្លូវលំ ដី​អាស្រ័យ​ផល និង​អូរ​ធម្មជាតិ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ពេលនេះ​ត្រូវ​យោធា​ថៃ​រាយ​បន្លា​លួស និង​ព័ទ្ធ​យក​អស់ហើយ បន្ទាប់ពី​យោធា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​លេខ​៥៤ និង​៥៥ ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​។ លោក​បន្ត​ថា បន្ថែម​ពីលើ​ការ​រំកិល​បង្គោល​ព្រំដែន យោធា​ថៃ​បាន​កាត់​ឆ្វៀល​ដីចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ហិកតារ​បន្ថែមទៀត ដាក់​ទៅ​ក្នុង​តំបន់​ស។ «»

​ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៣ ខែសីហា។

កន្លងមក​ក្រសួងការបរទេស​បាន​ចេញ​លិខិតតវ៉ា ប្រឆាំង​នឹង​សកម្មភាព​សាងសង់​របង​ព្រំដែន​ជា​ឯកតោភាគី​របស់​យោធា​ថៃ ដែល​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀង​របស់​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) និង​បាន​ប៉ះពាល់​ទៅលើ​ការ​ដាំ​បង្គោល​ព្រំដែន​បណ្តោះអាសន្ន ដែល​បាន​ធ្វើឡើង​ដោយ​ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ប្រទេស​ទាំងពីរ​។ ក៏ប៉ុន្តែ​ក្រោយមក អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​បកស្រាយ​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​លិខិតតវ៉ា​របស់​ក្រសួងការបរទេស ដោយ​លោក​អះអាង​ថា ការសាងសង់​របង​ព្រំដែន​របស់​យោធា​ថៃ គឺធ្វើ​ឡើង​នៅក្នុង​ទឹកដី​របស់​ប្រទេស​ថៃ​ទៅវិញ​។​

​យ៉ាងណាមិញ មកដល់​សព្វថ្ងៃ​គេ​មិនទាន់​ឃើញ​ក្រសួងការបរទេស ឬ​រដ្ឋាភិបាល​ចេញ​លិខិតតវ៉ា​ប្រឆាំង​នឹង​សកម្មភាព​សាងសង់​របង​ព្រំដែន​របស់​យោធា​ថៃ ទៀត​នោះ​ឡើយ​។​

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​លូកដៃ​របស់​រាជវង្ស​ថៃ នឹង​ធ្វើឱ្យ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ កាន់​តែ​មាន​ភាពស្មុគស្មាញ ដោយសារ​នៅក្នុង​បរិបទ​សង្គម​ថៃ ស្ថាប័ន​ព្រះមហាក្សត្រ គឺជា​ស្ថាប័ន​កំពូល ហើយ​ដែល​មិនអាច​រិះគន់​បាន​។ ទោះជា​យ៉ាងណា លោក​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា ត្រូវតែ​ចេញ​លិខិតតវ៉ា ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ស្រប​ទៅ​តាម​បែបបទ​ការទូត និង​ប្ដឹង​ថៃ​ស្របតាម​យន្តការ​ច្បាប់​អន្តរជាតិ។ «»

បច្ចុប្បន្ន​នេះ យោធា​ថៃ​បាន​បុក​គ្រឹះ និង​ចាក់​ពុ​ម្ភ​សសរ និង​លើក​ធ្នឹម សាងសង់​របង​ព្រំដែន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥៥ ដែល​មាន​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​រួចរាល់​ហើយ ដោយ​រង​ចាំតែ​ការ​ដំឡេង​របាំងជញ្ជាំង និង​បន្លា​លួស​នៅ​ពីលើ​ប៉ុណ្ណោះ​។ ចំណែក​ទាហាន​ខ្មែរ​ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​ស្រុក​កំរៀង វិញ ក៏​មិនបាន​រារាំង ឬ​តវ៉ា​ចំពោះ​សកម្មភាព​សាងសង់​របង​ព្រំដែន​ជា​ឯកតោភាគី​របស់​យោធា​ថៃ​នោះ​ឡើយ ដោយ​ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ដើរ​ល្បាត​រួមគ្នា​ម្ខាង​ម្នាក់ និង​បាន​ត្រឹម​ឈរ​មើល​សកម្មភាព​យោធា​ថៃ​សាងសង់​របង​តាម​ព្រំដែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ