

អ្នកឃ្លាំមើលសង្គម បានរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក ថូ សំណាង ដែលត្រូវបានចោទប្រកាន់ថា បានយកសន្លឹកទិដ្ឋាការរាប់ពាន់សន្លឹកទៅប្រើប្រាស់ខុសច្បាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ គឺបង្ហាញពីភាពខ្សោយធ្ងន់ធ្ងរនៃប្រព័ន្ធត្រួតពិនិត្យ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីអតីតមន្ត្រីក្រសួងការបរទេស លោក ថូ សំណាង បានបង្ហាញពីចន្លោះប្រហោងសំខាន់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា។ លោកថា ការបញ្ចប់មុខតំណែងលោក ថូ សំណាង ពីអគ្គនាយក ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងដែលមានឋានៈស្មើអគ្គនាយកភ្លាមៗ មិនអាចចាត់ទុកថាជាការដាក់ទោសទណ្ឌដែលមានប្រសិទ្ធភាពនោះទេ។
លោក សេង វណ្ណលី បាននិយាយថា ការរក្សាឋានៈ និងបុព្វសិទ្ធិរបស់មន្ត្រីម្នាក់ បន្ទាប់ពីមានការចោទប្រកាន់ពីការប្រព្រឹត្តខុស អាចផ្ញើសារមិនត្រឹមត្រូវទៅកាន់មន្ត្រីរាជការផ្សេងទៀត លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតថា តើមានមន្ត្រីផ្សេងទៀតពាក់ព័ន្ធដែរឬទេ។ លោកថា ការស៊ើបអង្កេតមិនគួរបញ្ចប់ត្រឹមមន្ត្រីម្នាក់នោះទេ ត្រូវពិនិត្យទៅលើមន្ត្រីជាន់ខ្ពស់ដែលមានការទទួលខុសត្រូវផ្ទាល់លើនាយកដ្ឋានពាក់ព័ន្ធ រួមមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងរដ្ឋមន្ត្រីក្រសួងការបរទេស។
លោក សេង វណ្ណលី បន្ថែមថា អំពើពុករលួយតាមរយៈសេវាកម្មសាធារណៈ ការបោះត្រាលើឯកសារ និងការលក់សន្លឹកទិដ្ឋាការខុសច្បាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងកិត្យានុភាពជាតិ។ ការផ្តល់ទិដ្ឋាការមិនត្រឹមត្រូវដល់ក្រុមឧក្រិដ្ឋជន ធ្វើឱ្យកម្ពុជាក្លាយជាជម្រកនៃបទល្មើសឆ្លងដែន និងបំផ្លាញកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ គឺបន្ទាប់ពីអ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានប្រាប់អ្នកសារព័ត៌មានថា លោក ថូ សំណាង បានសារភាពក្នុងពេលសាកសួរថា លោកបានយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ចំនួន១ម៉ឺន (១០,០០០) សន្លឹកពីក្រសួងការបរទេស។ ក្នុងចំណោមនោះ សន្លឹកទិដ្ឋាការជាង៦ពាន់ (៦,០០០) សន្លឹក ត្រូវបានប្រើប្រាស់ខុសច្បាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ខណៈសន្លឹកទិដ្ឋាការដែលនៅសល់ប្រមាណ៤ពាន់ ( ៤,០០០) សន្លឹក កំពុងត្រូវបានសមត្ថកិច្ចស្វែងរក។ លោកថា ACU មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្ត។ ករណីអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនលោក ថូ សំណាង ទៅសាកសួរនេះ ធ្វើឡើងដោយមិនបានជូនដំណឹងដល់គ្រួសារនោះទេ។ ក្រុមគ្រួសាររបស់លោក ថូ សំណាង បានប្រកាសពីការបាត់ដំណឹងរូបលោក ហើយប្រកាសស្វែងរក ព្រមទាំងបានដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារថែមទៀត។ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គម។
ជុំវិញបញ្ហានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានឲ្យដឹងថា ការប្រើប្រាស់សន្លឹកទិដ្ឋាការខុសច្បាប់ដែលត្រូវបានចោទប្រកាន់ថា ជារឿងធ្ងន់ធ្ងរ ព្រោះមន្ត្រីដែលទទួលខុសត្រូវលើការគ្រប់គ្រងការចូលប្រទេសរបស់ជនបរទេស គឺជាអ្នកកាន់ “កូនសោ” សម្រាប់ការបើកទ្វារចូលប្រទេសកម្ពុជា។
លោក សេក សុជាតិ បន្ថែមថា អាជ្ញាធរគួរតែស៊ើបអង្កេតថា តើមានបុគ្គលផ្សេងទៀតបានជួយសម្របសម្រួលក្នុងសកម្មភាពដែលត្រូវបានចោទប្រកាន់នេះដែរឬទេ ហើយប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុស គួរតែចាត់វិធានការតាមច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លោក សេក សុជាតិ៖ «បុគ្គលដែលរកឃើញ គឺត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ប្រឆាំងអំពើពុករលួយ ហើយនិងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈ Scam ដែលទើបតែនឹងកើតថ្មី ហើយបុគ្គលដែលបើកដៃឱ្យពួកអ្នកបំផ្លាញ ធនធាន សីលធម៌ ប្រពៃណី និងសេដ្ឋកិច្ចជាតិ ទាំងអស់នេះ គឺគួរតែត្រូវបានអនុវត្តដោយមិនមានការលើកលែង»។
ចំណែកលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានសរសេរនៅលើបណ្តាញសង្គមថា ACU បានចាប់ខ្លួនលោក ថូ សំណាង ពាក់ព័ន្ធនឹងបញ្ហាឆបោកតាមអនឡាញ ប៉ុន្តែលោក យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ និង ក្នុងនីតិរដ្ឋ អ្នកប្រព្រឹត្តខុសត្រូវទទួលទោស តែការចាប់បាត់ខ្លួនពីដើមមានតែនៅក្នុងប្រទេសផ្ដាច់ការទេ ។ លោកថា ការចាប់ខ្លួននរណាម្នាក់នៅក្នុងកម្ពុជាគួរមានការជូនដំណឹងដល់ក្រុមគ្រួសារ កុំអោយមានការភ័យស្លន់ស្លោ។
ទន្ទឹមនឹងនេះ លោក គឹម សុខ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា បានឲ្យដឹងថា យោងទៅលើរបាយការណ៍របស់អង្គការអន្តរជាតិមួយចំនួន រួមមាន Humanity Research Consultancy ការលក់ទិដ្ឋាការ និងសញ្ជាតិខ្មែរទៅឱ្យជនបរទេស គឺជាផ្នែកមួយនៃបណ្ដាញដែលសម្របសម្រួលដល់បទល្មើសឆបោកតាមអនឡាញនៅកម្ពុជា និងមីយ៉ាន់ម៉ា។ លោកថា សកម្មភាពបែបនេះត្រូវបានរៀបចំឡើងជាប្រព័ន្ធ និងបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងសមាជិកគ្រួសារហ៊ុនថា បានសម្របសម្រួលសកម្មភាពទាំងនេះ។
លោក គឹម សុខ៖ «នៅកម្ពុជា ការលក់ទិដ្ឋាការ ជាពិសេស ការលក់សញ្ជាតិខ្មែរឱ្យជនបរទេស ដូចជាជនជាតិចិនជាដើម គឺគេធ្វើជាចំហតែម្តង។ កន្លងមក មានឧកញ៉ាមួយចំនួន ប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អំពីរបៀបរត់ការយកសញ្ជាតិខ្មែរ។ ហើយដូច្នេះហើយ រឿងលក់សញ្ជាតិ លក់ទិដ្ឋាការ នៅប្រទេសកម្ពុជា វាជារបៀប ដែលរៀបចំឡើងដោយរដ្ឋាភិបាលតែម្តង»។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ថូ សំណាង ពីតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងជំនួសវិញ ដោយមានឋានៈស្មើអគ្គនាយក។
អ្នកឃ្លាំមើលសង្គម អះអាងថា វិធានការដាក់ទណ្ឌកម្មគួរតែសមស្របទៅនឹងភាពធ្ងន់ធ្ងរនៃការចោទប្រកាន់។ គួរតែពង្រីកការស៊ើបអង្កេត ដើម្បីកំណត់ថា តើការយក និងការប្រើប្រាស់សន្លឹកទិដ្ឋាការទាំងនេះដែលត្រូវបានចោទប្រកាន់ មានជាប់ពាក់ព័ន្ធនឹងបណ្ដាញធំជាងនេះឬយ៉ាងណា ពីព្រោះអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធ មិនអាចប្រព្រឹត្តដោយមនុស្សតែម្នាក់បានឡើយ។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចាត់ចំណាត់ថ្នាក់កម្ពុជានៅលេខ ១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២ នៅក្នុងសន្ទស្សន៍ការយល់ឃើញអំពើពុករលួយឆ្នាំ២០២៥ ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសដែលត្រូវបានគេយល់ថា មានបញ្ហាអំពើពុករលួយធ្ងន់ធ្ងរអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
អ្នកឃ្លាំមើលសង្គម អះអាងថា ការចោទប្រកាន់ពាក់ព័ន្ធនឹងសន្លឹកទិដ្ឋការដែលបាត់ខ្លួននេះ មានភាពរសើបជាពិសេស ខណៈកម្ពុជាកំពុងប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងឱ្យបង្ក្រាបទីតាំងឆបោកតាមអនឡាញ និងបទល្មើសឧក្រិដ្ឋកម្មរៀបចំជាបណ្តាញឆ្លងដែនផ្សេងទៀត៕









