
កម្ពុជាបានអំពាវនាវឱ្យមានការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ ដែលបានភៀសខ្លួនដោយសារជម្លោះ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន។ មន្ត្រីបក្សប្រឆាំង យល់ថា ការអំពាវនាវដដែលៗរបស់រដ្ឋាភិបាលកម្ពុជា មិនមានប្រយោជន៍ឡើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាក់ស្តែងទេនោះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងនៅក្នុងសន្និសីទប្រធានសភាអន្តរសភាលើកទី២ (2nd ISC) នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសភា ប្រតិភូ សមាជិកសភា និងតំណាងអង្គការអន្តរជាតិ ថាកម្ពុជាបានបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី និងស្របច្បាប់ ដើម្បីដោះស្រាយទាំងបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ។ លោកថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនពាក់ព័ន្ធតែប្រទេសទាំងពីរដែលជាប់ពាក់ព័ន្ធនោះទេ។ បញ្ហានេះក៏ពាក់ព័ន្ធដោយផ្ទាល់នឹងគោលការណ៍សំខាន់ៗដែលមាននៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន រួមមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី។
លោក ប្រាក់ សុខុន ថ្លែងបន្ថែមទៀថា កម្ពុជាបានចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រជាមួយថៃ។ ដំណើរការនេះបានកើតឡើងបន្ទាប់ពីថៃបានបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ដែលកម្ពុជាចាត់ទុកថា ជាក្របខណ្ឌទ្វេភាគីសម្រាប់ដោះស្រាយការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
លោក ប្រាក់ សុខុន ថ្លែងថា វាគឺជាយន្តការសន្តិវិធី និងស្របច្បាប់ដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ហើយបានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងថៃនឹងចូលរួមក្នុងដំណើរការនេះ ដោយសុចរិតភាព និងភាពស្មោះត្រង់។ លោកបានលើកយកការដោះស្រាយជម្លោះដែនសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី ជាឧទាហរណ៍នៃការដោះស្រាយវិវាទដែលអូសបន្លាយយូរតាមរយៈច្បាប់អន្តរជាតិ។
លោក ប្រាក់ សុខុន បាននិយាយថា គោលការណ៍ដូចគ្នានេះគួរតែត្រូវបានអនុវត្តចំពោះបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ទោះបីបទឈប់បាញ់នៅតែបន្តរក្សាបានក៏ដោយ លោកបាននិយាយថា ។ ស្ថានភាពនៅលើដីនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ លោកថា របងលួសបន្លា និងកុងតឺន័រដែលដាក់នៅជុំវិញភូមិរបស់ប្រជាពលរដ្ឋកម្ពុជា កំពុងរារាំងប្រជាពលរដ្ឋជាង ២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយសុវត្ថិភាព។
លោក ប្រាក់ សុខុន បានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួមដែលកម្ពុជា និងថៃបានឯកភាពគ្នានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏មានការព្រួយបារម្ភចំពោះសកម្មភាពបន្តរបស់កងកម្លាំងប្រដាប់អាវុធថៃនៅលើទឹកដីរបស់កម្ពុជា។
លោកបាននិយាយថា ការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) គឺមានសារៈសំខាន់ជាពិសេស ដើម្បីដោះស្រាយឫសគល់នៃជម្លោះព្រំដែនគោក។ កម្ពុជាចាត់ទុកព្រំដែនរបស់ខ្លួនជាព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយផ្អែកលើកិច្ចព្រមព្រៀង និងផែនទី ឆ្នាំ១៩០៤ និង១៩០៧ រវាងបារាំង និងសៀម ព្រមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។
លោក ប្រាក់ សុខុន បានថ្លែងថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំងឡើយ។ គោលដៅរបស់កម្ពុជានៅតែជាការស្វែងរក ដំណោះស្រាយប្រកបដោយយុត្តិធម៌ សន្តិវិធី និងយូរអង្វែង ដែលអាចឱ្យប្រជាជនកម្ពុជា និងថៃ រស់នៅជាមួយគ្នាដោយសន្តិភាព និងចែករំលែកវិបុលភាព។
ជុំវិញបញ្ហានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា រឿងជម្លោះព្រំដែនកម្ពុជា ថៃ ត្រូវដោះស្រាយដោយសន្តិវិធី ស្របទៅតាមច្បាប់អន្តរជាតិ មិនអាចដោះស្រាយតាមរយៈកម្លាំង លួស ឬ កងកម្លាំងប្រដាប់អាវុធបាននោះទេ។ លោកថា កម្ពុជាត្រូវតែខ្លាំងដោយខ្លួនឯង គឺប្រើសិទ្ធិស្វ័យការពារកុំឲ្យថៃឈ្លានពានស្រេចចិត្ត។
លោក អ៊ុំ សំអាន៖ «និយាយឱ្យខ្លីទៅ ឈប់ទៅអង្វរ លន់តួថៃ ឱ្យថៃគោរពទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាអន្តរជាតិ ដោយមិនត្រូវឈ្លានពាន ដោយការប្រើកងកម្លាំងប្រដាប់អាវុធ ឬក៏ដាក់បន្លាលួសនោះទេ ខ្ញុំយល់ថា ការអំពាវនាវដដែលៗ ការចេញលិខិតតវ៉ាដដែលៗ គឺថា អត់ប្រយោជន៍នោះទេ»។
លោក អ៊ុំ សំអាន បន្ថែមទៀតថា អ្វីដែលត្រូវធ្វើ មិនមែនទៅអង្វរ លន់តួថៃនោះទេត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយនិងប្តឹងថៃទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា។
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី រ៉ូស៊ី វីនធឺតុន (Rosie Winterton) បានមកបំពេញទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា រយៈពេល៣ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី២៥ ដល់ទី២៧ ខែសីហា ក៏បានអំពាវនាវឱ្យកម្ពុជា និងថៃបន្តដោះស្រាយបញ្ហាតាមការសន្ទនា និងមធ្យោបាយសន្តិវិធី។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានបង្ហាញជំហរថា ខ្លួនចង់ដោះស្រាយជម្លោះព្រំដែនជាមួយថៃតាមមធ្យោបាយសន្តិវិធី និងតាមយន្តការការទូត។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញថា ខ្លួនបានបញ្ជូនសំណុំរឿងដូចគ្នានេះទៅ ICC តាមរយៈរដ្ឋាភិបាលរបស់ខ្លួនឡើយ ខណៈក្រុម ២៣ តុលា ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានអះអាងថា ខ្លួនបានបញ្ជូនព័ត៌មាន និងភស្តុតាងទៅការិយាល័យរដ្ឋអាជ្ញា៕









