រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាមច្បាប់​អន្តរជាតិ

0
110
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា

កម្ពុជា​បាន​អំពាវនាវ​ឱ្យ​មាន​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជាមួយ​ថៃ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី ខណៈ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២​ម៉ឺន​នាក់ ដែល​បាន​ភៀសខ្លួន​ដោយសារ​ជម្លោះ នៅ​មិនទាន់​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​របស់​ខ្លួន​វិញ​បាន​។ មន្ត្រី​បក្សប្រឆាំង យល់ថា ការ​អំពាវនាវ​ដដែលៗ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រយោជន៍​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាក់ស្តែង​ទេ​នោះ។

រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ថ្លែង​នៅក្នុង​សន្និសីទ​ប្រធាន​សភា​អន្តរ​សភា​លើក​ទី​២ (2nd ISC) នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សភា ប្រតិភូ សមាជិកសភា និង​តំណាង​អង្គការ​អន្តរជាតិ ថា​កម្ពុជា​បាន​បន្ត​ប្រើប្រាស់​មធ្យោបាយ​សន្តិវិធី និង​ស្របច្បាប់ ដើម្បី​ដោះស្រាយ​ទាំង​បញ្ហា​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ​។ លោក​ថា បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ មិនមែន​ពាក់ព័ន្ធ​តែ​ប្រទេស​ទាំងពីរ​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។ បញ្ហា​នេះ​ក៏​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​គោលការណ៍​សំខាន់ៗ​ដែល​មាន​នៅក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន រួមមាន​ការគោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។

លោក ប្រាក់ សុខុន ថ្លែង​បន្ថែម​ទៀ​ថា កម្ពុជា​បាន​ចាប់ផ្តើម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ (UNCLOS) ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ​។ ដំណើរការ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ថៃ​បានបញ្ចប់​ជា​ឯកតោភាគី​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​ឆ្នាំ​២០០១ ដែល​កម្ពុជា​ចាត់ទុកថា ជា​ក្របខណ្ឌ​ទ្វេភាគី​សម្រាប់​ដោះស្រាយ​ការទាមទារ​ដែនសមុទ្រ​ដែល​ត្រួតស៊ីគ្នា​រវាង​ប្រទេស​ទាំងពីរ​។​

លោក ប្រាក់ សុខុន ថ្លែងថា វា​គឺជា​យន្តការ​សន្តិវិធី និង​ស្របច្បាប់​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​អន្តរជាតិ ហើយ​បាន​បង្ហាញ​ក្តី​សង្ឃឹមថា កម្ពុជា និង​ថៃ​នឹង​ចូលរួម​ក្នុង​ដំណើរការ​នេះ ដោយ​សុចរិត​ភាព និង​ភាពស្មោះត្រង់​។ លោក​បាន​លើកយក​ការ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​រវាង​ទីម័រ​ខាងកើត និង​អូស្ត្រាលី ជា​ឧទាហរណ៍​នៃ​ការ​ដោះស្រាយ​វិវាទ​ដែល​អូស​បន្លាយ​យូរ​តាមរយៈ​ច្បាប់​អន្តរជាតិ។

លោក ប្រាក់ សុខុន បាន​និយាយ​ថា គោលការណ៍​ដូចគ្នា​នេះ​គួរតែ​ត្រូវ​បាន​អនុវត្ត​ចំពោះ​បញ្ហា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​។ ទោះបី​បទ​ឈប់​បាញ់​នៅតែ​បន្ត​រក្សា​បាន​ក៏ដោយ លោក​បាន​និយាយ​ថា ។ ស្ថានភាព​នៅ​លើ​ដី​នៅតែ​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ លោក​ថា របង​លួស​បន្លា និង​កុងតឺន័រ​ដែល​ដាក់​នៅ​ជុំវិញ​ភូមិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រារាំង​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​នាក់​មិន​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​របស់​ខ្លួន​ដោយ​សុវត្ថិភាព។

លោក ប្រាក់ សុខុន បាន​អំពាវនាវ​ឱ្យ​មាន​ការអនុវត្ត​ពេញលេញ និង​ជាបន្ទាន់​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ កម្ពុជា​ក៏​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​បន្ត​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​លើ​ទឹកដី​របស់​កម្ពុជា។

លោក​បាន​និយាយ​ថា ការ​ចាប់ផ្តើម​ឡើងវិញ​នូវ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​របស់​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ (JBC) គឺ​មាន​សារៈសំខាន់​ជាពិសេស ដើម្បី​ដោះស្រាយ​ឫសគល់​នៃ​ជម្លោះព្រំដែន​គោក​។ កម្ពុជា​ចាត់ទុក​ព្រំដែន​របស់​ខ្លួន​ជា​ព្រំដែន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង និង​ផែនទី ឆ្នាំ​១៩០៤ និង​១៩០៧ រវាង​បារាំង និង​សៀម ព្រមទាំង​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ។

លោក ប្រាក់ សុខុន បាន​ថ្លែង​ថា ព្រំដែន​មិនអាច​ត្រូវ​បាន​ផ្លាស់ប្តូរ ឬ​កំណត់​ដោយ​កម្លាំង​ឡើយ​។ គោលដៅ​របស់​កម្ពុជា​នៅតែ​ជា​ការ​ស្វែងរក ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ សន្តិវិធី និង​យូរអង្វែង ដែល​អាច​ឱ្យ​ប្រជាជន​កម្ពុជា និង​ថៃ រស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព និង​ចែករំលែក​វិបុលភាព។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រឿង​ជម្លោះព្រំដែន​កម្ពុជា ថៃ ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ មិនអាច​ដោះស្រាយ​តាមរយៈ​កម្លាំង លួស ឬ កងកម្លាំងប្រដាប់អាវុធ​បាន​នោះ​ទេ​។ លោក​ថា កម្ពុជា​ត្រូវតែ​ខ្លាំង​ដោយ​ខ្លួនឯង គឺ​ប្រើ​សិទ្ធិ​ស្វ័យការពារ​កុំ​ឲ្យ​ថៃ​ឈ្លានពាន​ស្រេច​ចិត្ត។

លោក អ៊ុំ សំអាន៖ «និយាយ​ឱ្យ​ខ្លី​ទៅ ឈប់​ទៅ​អង្វរ លន់តួ​ថៃ ឱ្យ​ថៃ​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា​អន្តរជាតិ ដោយ​មិន​ត្រូវ​ឈ្លានពាន ដោយ​ការប្រើ​កងកម្លាំងប្រដាប់អាវុធ ឬក៏​ដាក់​បន្លា​លួស​នោះ​ទេ ខ្ញុំ​យល់ថា ការ​អំពាវនាវ​ដដែលៗ ការ​ចេញ​លិខិត​តវ៉ា​ដ​ដែលៗ គឺថា អត់​ប្រយោជន៍​នោះ​ទេ»។

លោក អ៊ុំ សំអាន បន្ថែមទៀត​ថា អ្វី​ដែល​ត្រូវធ្វើ មិនមែន​ទៅ​អង្វរ លន់តួ​ថៃ​នោះ​ទេ​ត្រូវ​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប្តឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ប្តឹង​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ហើយ​និង​ប្តឹង​ថៃ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា។

រដ្ឋមន្ត្រី​អង់គ្លេស​ទទួលបន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក លោកស្រី រ៉ូស៊ី វីនធឺតុន (Rosie Winterton) បាន​មក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​មកកាន់​កម្ពុជា រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ដល់ទី​២៧ ខែសីហា ក៏បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ​បន្ត​ដោះស្រាយ​បញ្ហា​តាម​ការសន្ទនា និង​មធ្យោបាយ​សន្តិវិធី។

រហូតមកដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ជំហរ​ថា ខ្លួន​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាម​មធ្យោបាយ​សន្តិវិធី និង​តាម​យន្តការ​ការទូត​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បង្ហាញថា ខ្លួន​បាន​បញ្ជូន​សំណុំរឿង​ដូចគ្នា​នេះ​ទៅ ICC តាមរយៈ​រដ្ឋាភិបាល​របស់​ខ្លួន​ឡើយ ខណៈ​ក្រុម ២៣ តុលា ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​អះអាង​ថា ខ្លួន​បាន​បញ្ជូន​ព័ត៌មាន និង​ភស្តុតាង​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ