អ្នកឃ្លាំមើល​ថា ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​មិន​រឹងមាំ​ធ្វើ​ឲ្យ​មន្ត្រី​ចរាចរណ៍​ខិល​ខូច​ឆ្លៀត​ឱកាស​​ពុករលួយ

0
47
ទិដ្ឋភាពប៉ូលិសចរាចរណ៍ ផាកពិន័យ​អ្នកធ្វើដំណើរតាមដងផ្លូវ នាពេលកន្លងទៅ។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពប៉ូលិសចរាចរណ៍ ផាកពិន័យ​អ្នកធ្វើដំណើរតាមដងផ្លូវ នាពេលកន្លងទៅ។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​បារម្ភ​ថា ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​មិន​រឹងមាំ ធ្វើ​ឲ្យ​មន្ត្រី​ចរាចរណ៍​ខិលខូច​ឆ្លៀត​ឱកាស​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​។ ការ​លើកឡើង​នេះ ស្របពេល​រដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ចាប់ពី​ថ្ងៃទី​១ កញ្ញា តទៅ និង​ក្រោយពី​មន្ត្រី​នគរបាល​ចរាចរណ៍​២​រូប បាន​ជំរិត​ទារប្រាក់​៥០០​ដុល្លារ ពី​ជនបរទេស​កាលពី​ថ្ងៃទី​៣០ ខែសីហា ដែល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​នៅ​លើ​បណ្តាញ​សង្គម។

អ្នកឃ្លាំមើល​ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​មន្ត្រី​រាជកា​រ​គ្មាន​វិន័យ​ត្រឹមត្រូវ និង​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ស្ថាប័ន ធ្វើ​ឲ្យ​មន្ត្រី​ភ្លេច​វិជ្ជាជីវៈ គ្មាន​សីលធម៌ ហើយ​អាច​យក​ច្បាប់​ទៅ​ធ្វើ​ជា​ឧបករណ៍​រក​ប្រាក់​ចូល​ហោប៉ៅ​របស់​ខ្លួន ដោយ​មិន​គិត​ពី​ប្រជាពលរដ្ឋ និង​កេរ្តិ៍ឈ្មោះ​ជាតិ​ឡើយ​។​

ប្រតិកម្ម​នេះ កើតឡើង​ក្រោយពី​មន្ត្រី​នគរបាល​ចរាចរណ៍​ស័ក្តិ​៣​ឈ្មោះ ហោ ផល្លី និង​មន្ត្រី​កិច្ចសន្យា​ឈ្មោះ ស៊ឹម រដ្ឋា ជម្រិត​ទារប្រាក់ ពី​ជនបរទេស​២​រូប នៅ​គោលដៅ​ផ្លូវ​ម៉ៅ​សេទុង ខណៈ​ពេល​ជនបរទេស​ទាំង​២​នាក់​នោះ ធ្វើដំណើរ​ត្រឡប់​មកពី​ខេត្តកំពត​វិញ។

ក្រោយ​ប្រតិកម្ម​ខ្លាំង​ពី​មហាជន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បាន​ដាក់​បញ្ជា​ឲ្យ​ស្នងការ​រង​ផែន​នគរបាល​ចរាចរណ៍ លោក ហេង រតនា ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ និង​បាន​អញ្ជើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់ និង​មន្ត្រី​កិច្ចសន្យា​ម្នាក់ ដែល​ពាក់ព័ន្ធ​បញ្ហា​នេះ មក​សួរ​នាំ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់​ព័ត៌មាន​ក្នុងស្រុក​។​

មន្ត្រី​នគរបាល​ចរាចរណ៍​ស័ក្តិ​៣ លោក ហោ ផល្លី ត្រូវ​បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន តាម​បញ្ជា​របស់​លោក ជួន ណារិន្ទ ក្រោយ​សួរនាំ​រួច និង​រង់ចាំ​បន្ត​នីតិវិធី​។ ចំណែក មន្ត្រី​កិច្ចសន្យា ឈ្មោះ ស៊ឹម រដ្ឋា ត្រូវ​បាន​បណ្តេញ​ចេញពី​មន្ត្រី​កិច្ចសន្យា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី ថ្លែង​ថា កំហុស​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ហ៊ាន​ទារប្រាក់​ពី​ជនបរទេស​រហូតដល់ ៥០០​ដុល្លារ និង​ករណី​កន្លងមក​ផ្សេងទៀត គឺ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ធំ​នៅក្នុង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា។ លោក​រិះគន់​ចំពោះ​វិធានការ​របស់​អាជ្ញាធរ ថា ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ទាំងនោះ តែ​ពេល​មានរឿង​បែកធ្លាយ និង​ប្រតិកម្ម​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​មិន​កែប្រែ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ទាំងមូល​ទេ ហើយ​បញ្ហា​នេះ​នឹង​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត​នា​ពេល​ខាងមុខ​។ លោក​បន្ត​ថា ការ​ផាកពិន័យ​មិន​ច្បាស់លាស់ ឬ​ការប្រើ​ច្បាប់​ចរាចរណ៍​ជាហេតុ​ផល ដើម្បី​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​មិន​សម​ហេតុផល​នេះ ដោយសារ ការ​ដាក់​ទណ្ឌកម្ម​មិន​មាន​ប្រសិទ្ធភាព និង​វប្បធម៌​និទ្ទណ្ឌភាព ដែល​ធ្វើ​ឱ្យ​មន្ត្រី​ខ្លះ​គិតថា ទោះ​ធ្វើ​ខុស​ក៏​មិន​មាន​ផលវិបាក​ធ្ងន់ធ្ងរ។

លោក សេង វណ្ណលី អះអាង​ថា ករណី​ទារប្រាក់​ពី​ជនបរទេស​លើស​​កម្រិត​បែបនេះ អាច​ប៉ះពាល់​រូបភាព​មិនល្អ​ដល់​កម្ពុជា​។ លោក​ថា ករណីនេះ​ក៏​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​មន្ត្រី​ចរាចរណ៍ លែង​គោរព​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​តាម​ដងផ្លូវ។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិតថា រដ្ឋាភិបាល​មិន​ចាំបាច់​ត្រឹមតែ​ពង្រឹង​ច្បាប់​ទេ ព្រោះ​ច្បាប់​មាន​ស្រាប់​ទៅ​ហើយ​។ តែ​បញ្ហា​គឺ​ការអនុវត្ត​ឱ្យ​ស្មើគ្នា តម្លាភាព និង​ការទទួលខុសត្រូវ​។ គួរ​ធ្វើ​ឱ្យ​ការ​ផាក​ពិន័យ​មានតម្លៃ​ច្បាស់លាស់ មាន​បង្កាន់ដៃ​ទូទាត់ ឬ​ប្រព័ន្ធ​ទូទាត់​ដែល​អាច​តាមដាន​បាន ដើម្បី​កាត់បន្ថយ​ឱកាស​ចរចា​ប្រាក់​ផ្ទាល់​រវាង​មន្ត្រី និង​អ្នកបើកបរ​។ ជាមួយគ្នា​នេះ ត្រូវ​បង្កើត​យន្តការ​បណ្តឹង​ដែល​ពលរដ្ឋ​អាច​ធ្វើ​ការ ដោយ​មិនបាច់​ខ្លាច​ការ​សង​សឹក​ពី​មន្ត្រី​។ ហើយ​បើ​ស៊ើបអង្កេត​រក​ឃើញ​ថា មន្ត្រី​ណា​ម្នាក់​ប្រើ​តួនាទី​ជំរិត​ទារប្រាក់ ឬក៏​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវ​អនុវត្ត​ទណ្ឌកម្ម​តាមច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​។ មិន​គួរ​បញ្ចប់​ត្រឹម​ការ​សុំ​ទោស ផ្ទេរ​តួនាទី ឬ​ព្យួរការងារ​ជា​បណ្ដោះអាសន្ន​នោះ​ទេ។ ទណ្ឌកម្ម​ដែល​ច្បាស់លាស់ និង​អនុវត្ត​ដោយ​គ្មាន​ការរើសអើង ទើប​អាច​ផ្ញើ​សារ​ទៅកាន់​មន្ត្រី​ទាំងអស់​ថា ឯកសណ្ឋាន និង​អំណាច​របស់​រដ្ឋ​គឺ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ មិនមែន​សម្រាប់​យក​ទៅ​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ បាទ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សួរនាំ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ នៅ​ថ្ងៃទី១ កញ្ញា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា លើកឡើង​ថា ករណី​ខាងលើ​នេះ គឺ​បង្ហាញ​ពី​កម្រិត​អប់រំ​របស់​មន្ត្រី​រាជកា​រ និង​ភាពស្មុគស្មាញ​នៃ​អំពើពុករលួយ​នៅ​កម្ពុជា។ លោក​បន្ត​ថា បញ្ហា​នេះ ជះឥទ្ធិពល​អាក្រក់​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្សេងទៀត និង​អ្នក​ជំនាន់​ក្រោយ ដែល​យល់ថា អំពើពុករលួយ​ជា​រឿង​ធម្មតា​ក្នុង​សង្គម និង​មិន​មាន​សីលធម៌​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។ លោក​អះអាង​ថា រដ្ឋាភិបាល​ខ្វះ​វិធានការ​អប់រំ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ច្បាស់​ពី​ច្បាប់​ចរាចរណ៍ ហើយ​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ខិលខូច ក៏​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់។

លោក ប៉ោ មករា៖ «អឺ​បញ្ហា​ទាំងអស់​នេះ វា​ជា​បញ្ហា​ដែល​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល សង្គម​ទាំងមូល​រងគ្រោះ ពាក់ព័ន្ធ​ទៅ​នឹង​ការដែល​អនុវត្ត​តួនាទី​របស់​ខ្លួនឯង​គ្មាន​វិន័យ គ្មាន​សីលធម៌ គ្មាន​បេះដូង​នៅក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការគោរព​ច្បាប់​ចរាចរណ៍ ឬក៏​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ចូលរួម​នៅក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ហ្នឹង ប្រសិនណាបើ​សិន​ជា​ឥរិយាបថ​មន្ត្រី​នគរបាល ក៏ដូចជា​មន្ត្រី​អនុវត្ត​ច្បាប់​ហ្នឹង ប្រព្រឹត្ត​នូវ​អំពើពុករលួយ អសីលធម៌​បែបនេះ»។

ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ដែរ កាលពី​ថ្ងៃទី​៣១ សីហា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​លោក ចេវ ហាក់ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ធនាគារ​កាណាឌីយ៉ា ស្ដីពី​ការប្រើប្រាស់​សេវាកម្ម ធនាគារ​កាណាឌីយ៉ា សម្រាប់​ប្រតិបត្តិការ បង់ប្រាក់​ពិន័យ អំពើ​ល្មើសច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ថា​ចាប់ពី​ថ្ងៃទី​១ កញ្ញា នេះ​តទៅ សមត្ថកិច្ច​ចាប់ផ្តើម​រឹត​បន្តឹង លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក លើ​ខេត្ត​ចំនួន​៥ ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កណ្តាល និង​ស្វាយរៀង​។ ការ​រឹត​បន្តឹង​នេះ គឺ​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៦ បាន​កើនឡើង​២០% ហើយ​អ្នក​ស្លាប់​កើន​១១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥។

អ្នកឃ្លាំមើល​ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ស្មើភាព​គ្នា​រវាង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ដោយ​ដាក់​ទោសទណ្ឌ លើ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ផ្ទុយ​វិជ្ជាជីវៈ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ដទៃទៀត មិន​ឲ្យ​ប្រព្រឹត្ត​កំហុស​ដដែលៗ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ