អ្នកឃ្លាំមើល​បរិស្ថាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​លើ​ក្រុមហ៊ុន​របស់​លោក កុក អាន កំពុង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ខេត្ត​កោះកុង

0
35
លោក កុក អាន សមាជិកព្រឹទ្ធសភា
លោក កុក អាន សមាជិកព្រឹទ្ធសភា។ រូប៖ បណ្ដាញសង្គម
លោក កុក អាន សមាជិកព្រឹទ្ធសភា
លោក កុក អាន សមាជិកព្រឹទ្ធសភា។ រូប៖ បណ្ដាញសង្គម

កាសែត​អន្តរជាតិ ម៉ុង​ហ្គា​បេ (Mongabay) ចុះផ្សាយ​ថា ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់អំណាច លោក កុក អាន កំពុង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ខុសច្បាប់ ក្នុង​ឧទ្យាជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ស្ថិតនៅ​ខេត្តកោះកុង ក្រោមលេស​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គីសនី​ឬ​ស្សី​ជ្រុំ​កណ្ដាល​។ អ្នកឃ្លាំមើល​បរិស្ថាន ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឺ​ង​ទៅលើ​ក្រុមហ៊ុន​របស់លោក កុក អាន ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​។​

​កាសែត​អន្តរជាតិ ម៉ុង​ហ្គា​បេ (Mongabay) បានចេញ​ផ្សាយ​អត្ថបទ​ស៊ើបអង្កេត ដោយ​រកឃើញថា ​ក្រុមហ៊ុន​ខ្មែរ​អេ​ឡិច​ទ្រី​ខ​ល ផា​វើ (Khmer Electricel Power) របស់​លោក កុក អាន កំពុង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់ នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​។ អ្នកឃ្លាំមើល​បរិស្ថាន ជុំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឺ​ង ទៅលើ​ជន​ប្រព្រឹត្តិ​ទាំងអស់​នោះ​។​

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៣ ខែកញ្ញា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន ខ្មែរ អេឡិចទ្រីខល ផាវើ លួច​កាប់​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ និង​ក្រៅ​តំបន់​សម្អាត​បាត​អាង នៃ​ទំនប់​វារីអគ្គីសនីឬស្សី​ជ្រុំ​កណ្ដាល​មែន​នោះ អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ជន​ប្រព្រឹត្ត​ទាំងនោះ មិន​ត្រូវ​លើកលែង ដោយសារ​ពួកគេ​មាន​តួនាទី ឬ​អំណាច​អ្វី នោះ​ឡើយ​។ លោក​ថា បើ​រដ្ឋាភិបាល​ដឹងឮ​រឿង​រាវ​ទាំងអស់​នេះ​ហើយ រួច​មិន​នាំគ្នា​ទប់ស្កាត់ និង​ចាត់វិធានការ នោះ​ទេ​គោលនយោបាយ​ការពារ​ធនធានធម្មជាតិ ដែល​រដ្ឋាភិបាល​ដាក់ចេញ កន្លង​ទៅ​នឹង​បរាជ័យ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ថែមទៀត។


លោក សេង សុខហេង​៖ «​ទៅលើ​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ឬក៏​ធនធានធម្មជាតិ​គឺ​ដូចជា​មិន​មាន​ប្រសិទ្ធភាព នៅ​ពេល​ណា​អំពើ​និទ្ទណ្ឌភាព អំពើ​ខុសច្បាប់​មិន​ត្រូវ​បាន​ផ្ដន្ទាទោស វា​ក៏​នៅ​ជា​ឱកាស​សម្រាប់​អ្នក​ប្រព្រឹត្តិ​អំពើ​ពុករលួយ នៅ​ជា​ឱកាស​មន្ត្រី​រំលោភ​ធនធាន​របស់​ជាតិ​ជា​ប្រយោជន៍​របស់​ខ្លួន និង​បក្សពួក​របស់​ខ្លួន ដូច្នេះ​បើ​រដ្ឋាភិបាល​នៅ​បន្ត​បណ្តោយ​ឲ្យ​សកម្មភាព​ទាំងអស់​នេះ​នៅ​បន្ត​កើតមាន ដូច្នេះ​យើង​មិន​ជឿជាក់​ថា យន្តការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បង្ក្រាប​បទល្មើស​ព្រៃឈើ រួម​ទាំង​គោលនយោបាយ​ស្តា​ព្រៃឈើ​មិន​ត្រូវ​ទទួល​បាន​ជោគជ័យ​ទេ»។

ជុំវិញ​វិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាល់​ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និង​អ្នកនាំពាក្យ ក្រសួងរ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា។

កាលពី​ថ្ងៃទី​០២ ខែកញ្ញា កាសែត​អន្តរជាតិ ម៉ុងហ្គាបេ (Mongabay) បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើបអង្កេត​មួយ ដោយ​អះអាង​ថា ក្រុមហ៊ុន ខ្មែរ អេឡិចទ្រីខ​ល ផា​វើ របស់​សមាជិក​ព្រឹទ្ធសភា លោក កុក អាន កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ចំនួន​២ ទីតាំង ស្ថិតនៅ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ក្រោម​លេស​សម្អាត​បាត​អាង នៃ​ទំ​បន់​វារីអគ្គីសនី​ឬស្សីជ្រុំកណ្ដាល។

តាមរយៈ​រូបភាព​ផ្កាយរណប Mongabay បាន​រកឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្ដើម​ដំណើការ​អាជីវកម្ម​ឈើ​នេះ តាំងពី​ខែ​មីនា ឆ្នាំ​ពី​២០២៥ ហើយ​ក្រុមហ៊ុន ធ្វើ​ផ្លូវ​ខ្វាត់ខ្វែង ចូល​ទៅ​កាប់​ឈើ​នៅក្នុង​តំបន់​ការពារ ដែល​មិនមែន​ជា​ទីតាំង​របស់​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល។ លើស​ពីនោះ Mongabay រកឃើញ​ថា យោធា នៃ​កងយោធពល​ខេមរភូមិន្ទ ជា​អ្នក​កាង​ការពារ មិន​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​ចូល​ទៅ​បរិវេណ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន លោក កុក អាន នោះ​ទេ។

ភ្នាក់ងារ​កាសែត​ម៉ុងហ្គាបេ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ថ្វី​ត្បិត​ក្រុមហ៊ុន​របស់ លោក កុក អាន ទទួល​បាន​សិទ្ធិ​សម្អាត​បាត​អាង នៃ​ទំនប់​វារីអគ្គីសនីឬស្សី​ជុំ​កណ្ដាល​ក៏ដោយ តែ​ក្រុមហ៊ុន​នេះ​បាន​អនុវត្ត​លើស​ពី​ផែនការ​កំណត់ ដែល​រដ្ឋ​ផ្ដល់​ឲ្យ។

ក្រៅពី​កាសែត​អន្តរ​ជាតិ ម៉ុងហ្គាបេ រក​ឃើញ​រឿងអាស្រូវ នៃ​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់​ទ្រាយ​ធំ​ហើយ​នោះ មនុស្ស​ជំនិត របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ជា​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កុក អាន ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក កាលពី​មេសា ប្រកាស​ដាក់ទណ្ឌកម្ម និង​បណ្ដាញ​របស់​គាត់ សរុប​ចំនួន​២៨ នាក់ ពាក់ព័ន្ធ ប្រតិបត្តិ​ការបោកប្រាស់ និង​អំពើ​ជួញដូរ​មនុស្ស​។ ក្នុង​នោះ ជនរងគ្រោះ​ចម្រុះ​ជាតិ​សាសន៍​ខ្លះ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​ក្រោម​ការ​គំរាមកំហែង និង រង​នូវ​អំពើ​ហិង្សា ធ្ងន់ធ្ងរ​ខណៈ​អ្នកខ្លះ​ទ្រាំ​ពុំបាន​ក៏​ធ្វើ​អត្តឃាត​លោត​ទម្លាក់​ពីលើ​អគារ​ខ្ពស់ៗ ដែល​មាន​មូលដ្ឋាន នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ក្រុង​ព្រះសីហនុ រួម​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ