

យោធាថៃនៅតែបន្តសកម្មភាពឈូសឆាយ និងសាងសង់សំណង់ជាច្រើនទីតាំង នៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយបានរំលោភចូលទីតាំងមួយចំនួនក្នុងទឹកដីកម្ពុជា និងជាទីតាំងដែលភាគីកម្ពុជាធ្លាប់បានតវ៉ា។ សកម្មភាពសាងសង់របស់ភាគីថៃទាំងនេះរួមមានផ្លូវយុទ្ធសាស្ត្រ រូបសំណាក លេណដ្ឋានយោធា និងសំណង់អាគារជាដើម។
បច្ចុប្បន្ននេះស្ទើរតែគ្រប់ទីកន្លែងតាមបណ្ដោយព្រំដែនកម្ពុជា យោធាថៃបានធ្វើសកម្មភាពឈូសឆាយ និងឈ្លានពានចូលក្នុងទឹកដីកម្ពុជានៅតាមព្រំដែន ដែលធ្វើឱ្យស្ថានភាពជម្លោះនៅតែតានតឹង និងបន្តជាប់គាំង។
តាមរយៈវីដេអូ ដែលយោធាថៃបានចែករំលែកនៅលើបណ្ដាញសង្គមក្នុងពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពរបស់យោធាថៃកំពុងសាងសង់ផ្លូវយុទ្ធសាស្ត្រមួយខ្សែនៅតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ ដែលតភ្ជាប់ពីតំបន់អានសេះ ឆ្ពោះទៅកាន់តំបន់មុំបី។ នៅក្នុងវីដេអូ ដដែលនោះ បានបង្ហាញពីទីតាំងដែលយោធាថៃបានសាងសង់ផ្លូវ ដោយកាត់ទទឹងលើខ្នងភ្នំដងរែក នៅក្នុងតំបន់ដែលមានរាងកោងដូចក្រចកសេះ ដើម្បីភ្ជាប់ពីភូមិសាស្ត្រភ្នំ៧៥៤ នៅតំបន់អានសេះ ទៅកាន់ភូមិសាស្ត្រភ្នំ៧៤៥ នៅតំបន់មុំបី និងមួយផ្នែកទៀត យោធាថៃបានសាងសង់ដោយឈូសឆាយអមតាមខ្សែបន្ទាត់ព្រំដែន និងរំលោភចូលក្នុងទីតាំងមូលដ្ឋានទ័ពរបស់កម្ពុជាជាច្រើនទីតាំង។
ចំណែកនៅតំបន់ភ្នំខ្មោច និងភ្នំ៥០០ យោធាថៃបានបន្តសាងសង់ផ្លូវ និងលេណដ្ឋានជាច្រើនទីតាំងទៀត ដោយឆ្លងចូលក្នុងខ្សែបន្ទាត់ព្រំដែនកម្ពុជា។ ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានសាងសង់ផ្លូវជាច្រើនខ្សែនៅតាមបណ្ដោយព្រំដែនកម្ពុជា ដោយតំបន់ខ្លះយោធាថៃបានសាងសង់ផ្លូវវាទីចូលក្នុងទីតាំងល្បាតរបស់ទាហានខ្មែរ ដែលស្ថិតនៅតាមជម្រាលភ្នំដងរែក និងមួយជាន់ទៀត យោធាថៃបានសាងសង់ជាទម្រង់ផ្លូវយុទ្ធសាស្ត្រ មានសភាពរឹងមាំ ដែលលោកអះអាងថាជាផ្លូវសម្រាប់ដឹកជញ្ជូនសម្ភារៈយោធា និងចល័តកម្លាំងទ័ពពីតំបន់ភ្នំខ្មោចទៅកាន់តំបន់ភ្នំទ្រព្យ ដែលស្ថិតនៅក្បែរទីតាំងប្រាសាទព្រះវិហារ។
ដោយឡែកនៅឯព្រំដែនខេត្តឧត្តរមានជ័យវិញ យោធាថៃបានបន្តចូលឈូសឆាយ សាងសង់ផ្លូវ លេណដ្ឋាន ទីស្នាក់ការ និងរូបសំណាក ចូលក្នុងទឹកដីកម្ពុជា ក្នុងភូមិសាស្ត្របង្គោលព្រំដែនលេខ២ និងលេខ៣ ដែលស្ថិតនៅតំបន់ភ្នំបេង និងទំនប់តាទុំ ទោះបីជាភាគីកម្ពុជា បានចេញលិខិតតវ៉ាឱ្យបញ្ឈប់សកម្មភាពទាំងនេះក៏ដោយ។
រីឯនៅតំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ វិញ ក្រោយឈ្លានពានដណ្ដើមកាន់កាប់ពីកម្ពុជាបានរយៈពេលជិតមួយឆ្នាំមកនេះ យោធាថៃបានបន្តពង្រីកសួនច្បារ កសាងរូបសំណាក និងសាងសង់សំណង់រឹងជាច្រើនទីតាំង ដែលធ្វើឱ្យតំបន់មួយនេះ បានក្លាយទៅជាតំបន់ទេសចរណ៍ពេញលេញមួយ។ បច្ចុប្បន្ននេះ ទោះបីជាប្រាង្គប្រាសាទតាក្របី មានសភាពបែកបាក់ដោយសារការវាយប្រហារពីសំណាក់យោធាថៃក្នុងអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋថៃបាននាំគ្នាទៅទស្សនា និងរៃអង្គាសប្រាក់ឱ្យយោធាថៃអភិវឌ្ឍក្នុងតំបន់នេះថែមទៀត។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីផ្ទៀងផ្ទាត់អំពីរឿងនេះបានទេ នៅថ្ងៃទី២៤ ខែកញ្ញា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា យោធាថៃកំពុងប្រើប្រាស់កិច្ចព្រមព្រៀងបទឈប់បាញ់ បកស្រាយច្បាប់តាមអំពើចិត្ត ដើម្បីយកលេសឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន។ លោកបន្តថា កម្ពុជាមិនគួរលេងល្បែងតវ៉ាឆ្លើយឆ្លងគ្នាជាមួយភាគីថៃតទៅទៀតនោះទេ ដោយកម្ពុជាគួរតែរកវិធីទប់ស្កាត់សកម្មភាពរបស់យោធាថៃនៅក្នុងទីតាំងជាក់ស្ដែង និងលើកយកករណីនេះដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ។
លោក អ៊ុំ សំអាន៖ «ថៃវ៉ៃខ្លាំងទៅត្រកូលហ៊ុនបាក់ស្បាតអញ្ចឹងលែងហ៊ានជាមួយថៃអត់ប្រើសិទ្ធិស្វ័យការពារហើយបណ្ដោយឱ្យថៃឈ្លានពានទឹកដីខ្មែរយើងស្រេចចិត្តហើយនិងពេលដែលថៃសំណូមពរដូចជា លុបត្រង់សេឬដកថយចេញពីតំបន់ ណាមួយ អញ្ចឹង គឺធ្វើតាមសំណូមពររបស់ថៃ»។
លោក អ៊ុំ សំអាន អះអាងថា បច្ចុប្បន្នយោធាថៃបានកាន់កាប់ទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែន ក្នុងអំឡុងផ្ទុះសង្គ្រាម និងក្រោយបទឈប់បាញ់ មានចំនួន ៨១ទីតាំង។
ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះដែរ កាលពីថ្ងៃទី២៣ ខែកញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិថៃលោក ស៉ូរាសាន់ គង់ស៊ីរី (Surasan Kongsiri) បានវាយតម្លៃស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្នុងកម្រិតទី១.៥ ក្នុងចំណោមកម្រិតទី៥ ដែលចំណុចខ្ពស់បំផុត និងជាកម្រិតនៃការផ្ទុះសង្គ្រាម។ លោកបន្តថា ស្ថានភាពជម្លោះព្រំដែនសព្វថ្ងៃនេះ គឺភាគីថៃអាចគ្រប់គ្រងបាន ខណៈយោធាថៃបានត្រៀមកងទ័ព សម្ភារៈយោធា និងឃ្លាំមើលសកម្មភាពរបស់កងទ័ពខ្មែរជាប្រចាំ៕








