មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
65
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅក្នុង​សម័យប្រជុំ​លើក​ទី ៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York) នៃ​សហ​រដ្ឋា​អាមេរិក (USA) កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅក្នុង​សម័យប្រជុំ​លើក​ទី ៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York) នៃ​សហ​រដ្ឋា​អាមេរិក (USA) កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

ខណៈ​យោធា​ថៃ​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា​នៅ​តាម​ព្រំដែន​នោះ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ឯណោះ​វិញ នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រើប្រាស់​វោហារសាស្ត្រ​ដោយ​បង្ហាញ​ពី​បំណង​ចរចា​សន្តិភាព​ជាមួយ​កម្ពុជា នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។

ថ្លែង​នៅក្នុង​សម័យប្រជុំ​លើក​ទី ៨១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York) នៃ​សហ​រដ្ឋា​អាមេរិក (USA) កាលពី​ថ្ងៃទី​២៥ ខែកញ្ញា នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់​វីរៈគុល បាន​និយាយ​មិន​ដាច់​ពី​មាត់​អំពី​សន្តិភាព ការចរចា​បញ្ចប់​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា និង​ការ​សម្របសម្រួល​ជម្លោះ​របស់​ប្រទេស​នៅក្នុង​តំបន់។

នៅក្នុង​វេទិកា​ដែល​មិនសូវ​មាន​តំណាង​ប្រទេស​អន្តរជាតិ​ចូលរួម​ស្ដាប់​នេះ លោក អានុទីន បាន​លើកឡើង​អំពី​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ជិតខាង​របស់​ថៃ ជាពិសេស​គឺ​ជម្លោះព្រំដែន​កម្ពុជា និង​ថៃ ដោយ​លោក​លើកឡើង​ថា ប្រទេស​ថៃ និង​កម្ពុជា បាន​ឆ្លងកាត់ «​ដំណាក់កាល​ដ៏​លំបាក​មួយ​» ក្រោយ​លោក​បាន​ចរចា​គ្នា​ជាមួយ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិភាក្សា​ដោះស្រាយ​វិវាទ​ព្រំដែន និង​ស្ដារ​ទំនុកចិត្ត​ជាមួយគ្នា​ឡើងវិញ​។ លោក​បន្តថា ជា​ចុងក្រោយ​ភាគី​កម្ពុជា​នៅតែ​ជ្រើសរើស ការ​ដោះស្រាយ​តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ (UNCLOS) ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​ថៃ ជំនួស​ឱ្យ​ការចរចា​ទ្វេភាគី ដែល​ធ្វើ​ឱ្យ​ការ​កសាង​ទំនុកចិត្ត​រវាង​ភាគី​ទាំងពីរ​ត្រូវ​បាត់បង់។

មេដឹកនាំ​ថៃ​ដែល​ចេញ​មកពី​ក្រុម​អភិរក្ស​និយម​រូប​នេះ បាន​អះអាង​ថា «​ប្រទេស​ថៃ​មិន​ចង់ឱ្យ​កើតមាន​ការ​ប៉ះទង្គិច​គ្នា​នោះ​ទេ ក៏ប៉ុន្តែ​សន្តិភាព​អាច​កសាង​បាន​លុះត្រាតែ​ភាគី​កម្ពុជា​ត្រូវ​បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​ភាគី​ប្រទេស​ថៃ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ចាន់ រតនា ដើម្បី​សាកសួរ​អំពី​ប្រតិកម្ម និង​បច្ចុប្បន្នភាព​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា។

មេដឹកនាំ​ប្រទេស​នានា​ក្នុង​ពិភពលោក​រួម​ទាំង​ប្រទេស​ថៃ​ផង បាន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ថ្លែង​សារ​ក្នុង​បំណង​ការពារ​ផលប្រយោជន៍​ប្រទេស​រប​ស់​ខ្លួន។ ដោយឡែក លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត វិញ លោក មិនបាន​ទៅ​ចូលរួម មហាសន្និបាត​អង្គការសហប្រជាជាតិ នេះ​ទេ ទំនងជា​លោក ជាប់រវល់​ក្នុង​ការរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​លាង​កេរ្តិ៍​រដ្ឋាភិបាល និង​គ្រួសារ​របស់​លោក ពាក់ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋកម្ម​ឆបោក​អន្តរជាតិ​នេះ។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បា​នប​ញ្ចូន​រដ្ឋមន្ត្រី​ការបទេស លោក ប្រាក់ សុខុន ឲ្យ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក (New York)​នេះ​ដែរ ប៉ុន្តែ​គេ​នៅ​មិនទាន់​ឃើញ​ប្រមុខ​ការ​ទូត​កម្ពុជា​រូប​នេះ បាន​ថ្លែង​ឆ្លើយតប​ទៅ​មេដឹកនាំ​ថៃ ឬ​ការ​លើកឡើង​អំពី​បញ្ហា​ជម្លោះ​កម្ពុជា​-​ថៃ​នោះ​ទេ​។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​ថា ខណៈ​ដែល​មេដឹកនាំ​ប្រទេស​នានា​ក្នុង​ពិភពលោក ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្នុង​បំណង​ការពារ​ផលប្រយោជន៍​ប្រទេស​របស់​ខ្លួន នាយករដ្ឋមន្ត្រី​កម្ពុជា​បែរជា​បង្ហាញថា ខ្លួន​គ្មាន​សមត្ថភាព​ការពារ​កេរ្តិ៍ឈ្មោះ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​ឡើយ​។ លោក សម រង្ស៊ី ចាត់ទុកថា របប ហ៊ុន សែន បាន​នាំមក​នូវ​ភាព​អាម៉ាស់ និង​ភាព​ឯកោ​ដល់​កម្ពុជា។

ក្នុង​ពេល​អវត្តមាន​លោក ហ៊ុន ម៉ាណែត នេះ មេដឹកនាំ​ថៃ បាន​ប្រើ​វេទិកា​អង្គការសហប្រជាជាតិ ដើម្បី​វាយប្រហារ និង​ចោទ​លើ​កម្ពុ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​នេះ​។

ទោះជា​យ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ថ្លែង​របស់​មេដឹកនាំ​ថៃ​ក្នុង​វេទិកា​អង្គការ​សហ​ប្រជាតិ គឺ​គ្មាន​ទម្ងន់​នោះ​ឡើយ ព្រោះ​ការ​លើកឡើង​នេះ មាន​ភាព​ផ្ទុយគ្នា​ពី​របាយការណ៍​របស់​អន្តរជាតិ និង​ទិដ្ឋភាព​ជាក់ស្ដែង នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​យោធា​ថៃ​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​រាប់​ម៉ឺន​នាក់ នៅ​មិនអាច​ត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​បាន​នោះ​ឡើយ ក្រោយ​យោធា​ថៃ​បាន​បណ្ដេញចេញ​ដោយ​បង្ខំ។ «»

បច្ចុប្បន្ន​នេះ យោធា​ថៃ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ និង​កែប្រែ​ទីតាំង​ជាក់ស្ដែង​យ៉ាងសកម្ម នៅក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ក្នុង​ខេត្ត​ទាំង​៦ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ថៃ ក្នុង​ទម្រង់​រូបភាព​ផ្សេងៗ មាន​ដូចជា រាយ​បន្លា​លួស កាយ​ប្រឡាយ តម្រៀប​ទូ​កុងតឺន័រ និង​ឈូស​ឆាយ​ជាដើម។

ទោះជា​បែបនេះ​ក្ដី នៅ​លើ​វេទិកា​របស់​អង្គការសហប្រជាជាតិ លោក អានុទីន បាន​និយាយ​អះអាង​ដដែល​អំពី​តម្លៃ​សន្តិភាព និង​បាន​ទាញ​បញ្ហា​វិបត្តិ​នៅ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា មក​ផ្ស​ភ្ជាប់​ផងដែរ ដោយ​លោក​បាន​ស្នើ​ឱ្យ​មាន​ការផ្សះផ្សា​ជាតិ និង​ដំណោះស្រាយ​ដ៏​យូរអង្វែង​មួយ​សម្រាប់​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា។ ទន្ទឹមគ្នា​នេះ លោក​ក៏បាន​ប្រា​កាស​ពី​គោលជំហរ​របស់​ថៃ ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការកែទម្រង់​អង្គការសហប្រជាជាតិ ដើម្បី​លើកកម្ពស់​សមភាព​សក​ល និង​ជំរុញ​សន្តិភាព​ផង​ដែរ​។​

​យ៉ាងណា​ក៏ដោយ​ចុះ មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ឆ្នាំនេះ តំណាង​ប្រទេស​ដែល​មក​ចូលរួម​ហាក់​មិនសូវ​ផ្ដោត​ទៅ​លើ​បញ្ហា​ជម្លោះព្រំដែន រវាង​កម្ពុជា និង​ថៃ​នោះ​ឡើយ ដោយ​ទិដ្ឋភាព​នៅ​កិច្ចប្រជុំ​នេះ​បាន​ពោរពេញ​ដោយ​ភ្លើងកំហឹង និង​ការ​ថ្លែង​សារ​វាយប្រហារ​គ្នា ពី​សំណាក់​មេដឹកនាំ​មហាអំណាច​ពាក់ព័ន្ធ​នឹង​រឿង​សង្គ្រាម រុស្សី​ឈ្លានពាន អ៊ុយក្រែន សង្គ្រាម អ៊ីស្រាអែល នៅ​តំបន់​កាហ្សា និង​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស អ៊ីរ៉ង់ ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ