

ភ្នាក់ងារតំណាងកម្ពុជា និងថៃ បានចូលរួមកិច្ចប្រជុំលើកទី២ ក្នុងថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNCLOS នៅតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នាទីក្រុងឡាអេ (Hague) ក្នុងប្រទេសហូឡង់ (Netherlands)។ ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំបិទទ្វារដែលបានធ្វើឡើងអស់រយៈពេលពីរថ្ងៃនេះ តំណាងភាគីទាំងពីរមិនបានបញ្ចេញព័ត៌មាន ឬសេចក្ដីថ្លែងការណ៍ជាសាធារណៈនោះឡើយ។
ពេលនេះយន្តការផ្សះផ្សាជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ បានឡើងទៅកាន់តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) អស់រយៈពេល២ថ្ងៃហើយ ដោយកិច្ចចរចានេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា។
ក្រសួងការបរទេសកម្ពុជា បានបង្ហោះរូបភាពនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥ ខែតុលា នេះ ដោយបញ្ជាក់អំពីការចូលរួមកិច្ចប្រជុំលើកទី២ នៅថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ UNCLOS រវាងកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (Hague) ប្រទេសហូឡង់ (Netherlands)។ នៅក្នុងរូបថតនេះ បានបង្ហាញពីវត្តមានភ្នាក់ងារតំណាងរបស់កម្ពុជា ដែលមានរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន គឺជាប្រធាន រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា គឺជាភ្នាក់ងាររង រួមទាំងមន្ត្រីជំនាញមួយចំនួន។
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំលើកទីពីរ អស់រយៈពេលពីរថ្ងៃមកនេះ ភាគីកម្ពុជាមិនបានបង្ហាញពីលទ្ធផលនៃការសម្របសម្រួលនោះឡើយ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដោយអនុលោមតាមបទបញ្ញត្តិនៃនីតិវិធី ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា គណៈកម្មការផ្សះផ្សារបស់ UNCLOS បានតម្រូវឱ្យភាគីទាំងពីរជៀសវាងការចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ ទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្ដីប្រកាសព័ត៌មាន។
ចំណែកភាគីថៃវិញ តំណាងភ្នាក់ងាររបស់ថៃដែលមកចូលរួមក្នុងកិច្ចប្រជុំ UNCLOS លើកទីពីរនេះ ដឹកនាំដោយលោក ប៉ា.កន នីលប្រាក់ផាន់ (Pakorn Nilprapunt) ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់ ជាទីប្រឹក្សាគណៈប្រតិភូថៃ និងលោក សុងឆៃ ឆៃប៉ាទីយុទ្ធ (Songchai Chaipatiyuth) ដែលជាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសគុយវ៉ែត (Kuwait) ធ្វើជាភ្នាក់ងាររង។ ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ដែលជាប្រធានភ្នាក់ងារតំណាងឱ្យប្រទេសថៃនោះ បានអវត្តមានក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃមកនេះ ដោយសារលោកជាប់រវល់ប្រជុំនៅប្រទេសផ្សេង ប៉ុន្តែប្រមុខការទូតថៃរូបនេះ បានអះអាងថា នឹងចូលរួមក្នុងថ្ងៃបិទឆាកចុងក្រោយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញកិច្ចប្រជុំនេះបានទេ នៅថ្ងៃទី១៥ ខែតុលា។
តាមការបង្ហើបរបស់ប្រមុខការទូតថៃ លោក ស៊ីហាសាក់ ភួងកែតកែវ បានឱ្យដឹងថា កិច្ចប្រជុំលើកទីពីរនៅក្នុងយន្តការផ្សះផ្សាដោយបង្ខំនេះ ភាគីទាំងពីរនឹងពិភាក្សាទៅលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដែលភាគីទាំងពីរបានបង្ហាញឯកសារ ដើម្បីបញ្ជាក់ និងផ្ដល់ភស្តុតាង លើគោលការណ៍ដែលប្រើប្រាស់ដើម្បីកំណត់ព្រំដែនសមុទ្រ ដែលភាគីទាំងពីរបានទាមទាររៀងៗខ្លួន។
ក្នុងនោះលោក ស៊ីហាសាក់ បានបញ្ជាក់ថា ការចរចាជុំទីពីរនេះ គឺគ្រាន់តែជាការពិភាក្សាបច្ចេកទេសប៉ុណ្ណោះ ដោយមិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ លោកបន្តថា លទ្ធផលនៃការពិភាក្សានេះ អាចនឹងត្រូវយកមកពិចារណាជាច្រើនដងទៀត ខណៈកម្ពុជាបានស្នើឱ្យភាគីថៃបញ្ជាក់ពីប្រភពដើមនៃខ្សែបន្ទាត់កំណត់ព្រំដែន ចំណែកថៃនៅតែរក្សាជំហររបស់ខ្លួន ក្នុងការកំណត់ព្រំដែន។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កិច្ចប្រជុំ UNCLOS លើកទីពីរនេះ មានស្ថានភាពមិនខុសគ្នាពីការប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី (Singapore) នោះឡើយ ដែលភាគីកម្ពុជា និងថៃ អាចនឹងចរចាមិនត្រូវគ្នាដោយសារភាគីថៃបានទាមទារកាន់កាប់ក្នុងតំបន់សមុទ្រត្រួតស៊ីគ្នាផ្ដាច់មុខ ខណៈកម្ពុជា មានបំណងចង់បានការសម្រេចសន្ធិសញ្ញាច្បាស់លាស់ជាមួយប្រទេសថៃ។ លោកបន្តថា នេះគឺជាវិញ្ញាសាតូចមួយសម្រាប់មេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញពីសមត្ថភាពការពារបូរណភាពទឹកដី ខណៈកន្លងមក ឪពុករបស់លោក គឺលោក ហ៊ុន សែន តែងតែអួតសរសើរថាលោកមានសមត្ថភាព មុនពេលផ្ទេរតំណែងឱ្យលោកបន្ត។
លោក ម៉ែន ណាត៖ «រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឬក៏រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ក្តី ហ្នឹង គ្មានសិទ្ធិអាកាត់ កាត់ចំណែកទឹកដីណាមួយផ្នែកទៅឲ្យថៃ ឬបរទេសជិតខាងតាមអំពើចិត្តបានទេ គេឱ្យយើងមកដឹកនាំជាតិគឺ ឱ្យការពាររបស់ទ្រព្យសម្បត្តិជាតិ មិនឱ្យកាត់កងយកឬក៏ខ្លួនដោះដូរយកអំណាចបានទេ ម្ល៉ោះហើយទើបតែការពារផលប្រយោជន៍ជាតិឱ្យបាន»។
កម្ពុជា និងថៃបានចូលរួមក្នុងកិច្ចចរចាជម្លោះដែនសមុទ្រ តាមយន្តការផ្សះផ្សាដោយបង្ខំ ជាលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា។ នៅក្នុងកិច្ចប្រជុំលើកដំបូងនោះ ភាគីទាំងពីរបានបង្ហាញពីគោលជំហរផ្សេងគ្នា ដោយភាគីកម្ពុជា បានបង្ហាញពីឆន្ទៈ ប្រកាន់យកអនុសាសន៍របស់គណៈកម្មការផ្សះផ្សា មកធ្វើជាមាត្រដ្ឋានដើម្បីចរចា ដើម្បីដោះស្រាយនៅពេលបន្ទាប់ និងកំណត់ព្រំដែនសមុទ្រច្បាស់លាស់ជាមួយប្រទេសថៃ និងការចុះកិច្ចព្រមព្រៀងជាមួយថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា ដោយបែងចែកធនធានដោយសមធម៌ ក្នុងតំបន់ជម្លោះនៃដែនសមុទ្រក្នុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរ។
ចំណែកភាគីថៃ បានបង្ហាញពីគោលជំហរការពារអធិបតេយ្យភាពរបស់ថៃយ៉ាងម៉ឺងម៉ាត់ និងអះអាងថា ប្រទេសថៃគោរពច្បាប់អន្តរជាតិ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ភាគីថៃបានប្រកាសថា នឹងមិនទទួលយកអនុសាសន៍ ឬលទ្ធផលនៃការសម្រេចណាមួយ ដែលធ្វើឱ្យថៃខាតបង់ប្រយោជន៍នោះឡើយ។
យ៉ាងណាក៏ដោយចុះ ដោយសារភាពមិនចុះសម្រុងរវាងភាគីកម្ពុជា និងថៃនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍វាយតម្លៃថា ដំណើរការនៃការផ្សះផ្សានេះ អាចនឹងអូសបន្លាយយ៉ាងតិច១ឆ្នាំ ឬលើសពីនេះ ខណៈលទ្ធផលនៃកិច្ចចរចានេះ ក៏ទំនងមិនអាចជួយដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសជិតខាងទាំងពីរនេះបានឡើយ៕









