កម្ពុជា និង​ថៃ​ចូលរួម​កិច្ចប្រជុំ​បិទ​ទ្វារ​របស់ UNCLOS លើក​ទី២ នៅ​ទីក្រុង​ឡាអេ ក្រោម​ស្ថានភាព​រក្សា​ការ​សម្ងាត់

0
154
មន្ត្រីកម្ពុជាចូលរួម​កិច្ចប្រជុំ​លើក​ទី២ នៅ​ថ្ងៃ​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ UNCLOS រវាង​កម្ពុជា និង​ថៃ នៅ​វិមាន​សន្តិភាព​ ទីស្នាក់ការ​កណ្ដាល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូឡង់ (Netherlands) កាលពីថ្ងៃទី១៤ តុលា ២០២៦។ រូប៖ ក្រសួងការបរទេស
មន្ត្រីកម្ពុជាចូលរួម​កិច្ចប្រជុំ​លើក​ទី២ នៅ​ថ្ងៃ​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ UNCLOS រវាង​កម្ពុជា និង​ថៃ នៅ​វិមាន​សន្តិភាព​ ទីស្នាក់ការ​កណ្ដាល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូឡង់ (Netherlands) កាលពីថ្ងៃទី១៤ តុលា ២០២៦។ រូប៖ ក្រសួងការបរទេស

ភ្នាក់ងារ​តំណាង​កម្ពុជា និង​ថៃ បាន​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី២ ក្នុង​ថ្ងៃ​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​ច្បាប់​សមុទ្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​ហៅ​កាត់​ថា UNCLOS នៅ​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) នា​ទី​ក្រុង​ឡាអេ (Hague) ក្នុង​ប្រទេស​ហូឡង់ (Netherlands)។ ទោះជា​យ៉ាងណា នៅក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​ពីរ​ថ្ងៃ​នេះ តំណាង​ភាគី​ទាំងពីរ​មិន​បាន​បញ្ចេញ​ព័ត៌មាន ឬ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​នោះឡើយ។

ពេល​នេះ​យន្ត​ការ​ផ្សះផ្សា​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ បាន​ឡើង​ទៅកាន់​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) អស់​រយៈពេល​២​ថ្ងៃ​ហើយ ដោយ​កិច្ច​ចរចា​នេះ មាន​រយៈពេល​៤ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៨ ខែ​តុលា។

ក្រសួង​ការបរទេស​កម្ពុជា បាន​បង្ហោះ​រូបភាព​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ នៅ​ថ្ងៃ​ទី១៥ ​ខែ​តុលា នេះ ដោយ​បញ្ជាក់​អំពី​ការ​ចូលរួម​កិច្ចប្រជុំ​លើក​ទី២ នៅ​ថ្ងៃ​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ UNCLOS រវាង​កម្ពុជា និង​ថៃ នៅ​វិមាន​សន្តិភាព​ ទីស្នាក់ការ​កណ្ដាល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) នៅ​ទីក្រុង​ឡាអេ (Hague) ប្រទេស​ហូឡង់ (Netherlands)។ នៅក្នុង​រូបថត​នេះ បាន​បង្ហាញ​ពី​វត្ត​មាន​ភ្នាក់ងារ​តំណាង​របស់​កម្ពុជា ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន គឺជា​ប្រធាន រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា គឺជា​ភ្នាក់ងារ​រង រួមទាំង​មន្ត្រី​ជំនាញ​មួយចំនួន។

ទោះជា​យ៉ាងណា នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី​ពីរ អស់​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ភាគី​កម្ពុជា​មិន​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សម្របសម្រួល​នោះ​ឡើយ។ ក្រសួង​ការបរទេស​កម្ពុជា ​បាន​បញ្ជាក់​ថា ដោយ​អនុលោម​តាម​បទបញ្ញត្តិ​នៃ​នីតិវិធី ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា គណៈកម្មការ​ផ្សះផ្សា​របស់ UNCLOS បាន​តម្រូវឱ្យ​ភាគី​ទាំងពីរ​ជៀសវាង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ ទាក់ទង​នឹង​លទ្ធផល​នៃ​ដំណើរការ​ផ្សះផ្សា រហូតដល់​គណៈកម្មការ​ផ្សះផ្សា​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន។

ចំណែក​ភាគី​ថៃ​វិញ តំណាង​ភ្នាក់ងារ​របស់​ថៃ​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ UNCLOS លើក​ទី​ពីរ​នេះ ដឹកនាំ​ដោយ​លោក ប៉ា.កន នីលប្រាក់ផាន់ (Pakorn Nilprapunt) ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ច្បាប់ ជា​ទីប្រឹក្សា​គណៈប្រតិភូ​ថៃ និង​លោក​ សុងឆៃ ឆៃប៉ាទីយុទ្ធ (Songchai Chaipatiyuth) ដែល​ជា​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​ប្រទេស​គុយវ៉ែត (Kuwait) ធ្វើជា​ភ្នាក់ងារ​រង។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក​ ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ដែល​ជា​ប្រធាន​ភ្នាក់ងារ​តំណាង​ឱ្យ​ប្រទេស​ថៃ​នោះ បាន​អវត្តមាន​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ដោយសារ​លោក​ជាប់រវល់​ប្រជុំ​នៅ​ប្រទេស​ផ្សេង ប៉ុន្តែ​ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​អះអាង​ថា នឹង​ចូលរួម​ក្នុង​ថ្ងៃ​បិទ​ឆាក​ចុងក្រោយ។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ចាន់ រតនា និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​កិច្ច​ប្រជុំ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។

តាម​ការ​បង្ហើប​របស់​ប្រមុខ​ការទូត​ថៃ លោក ស៊ីហាសាក់ ភួងកែតកែវ បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី​ពីរ​នៅក្នុង​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះ ភាគី​ទាំងពីរ​នឹង​ពិភាក្សា​ទៅលើ​ទិដ្ឋភាព​បច្ចេកទេស និង​ច្បាប់ ដែល​ភាគី​ទាំងពីរ​បាន​បង្ហាញ​ឯកសារ ដើម្បី​បញ្ជាក់ និង​ផ្ដល់​ភស្តុតាង លើ​គោលការណ៍​ដែល​ប្រើប្រាស់​ដើម្បី​កំណត់​ព្រំដែន​សមុទ្រ ដែល​ភាគី​ទាំង​ពីរ​បាន​ទាមទារ​រៀង​ៗ​ខ្លួន។

ក្នុង​នោះ​លោក ស៊ីហាសាក់ បាន​បញ្ជាក់​ថា ការ​ចរចា​ជុំ​ទី​ពីរ​នេះ គឺ​គ្រាន់តែ​ជា​ការ​ពិភាក្សា​បច្ចេកទេស​ប៉ុណ្ណោះ ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​នៅឡើយ​ទេ។ លោក​បន្ត​ថា លទ្ធផល​នៃ​ការ​ពិភាក្សា​នេះ អាច​នឹង​ត្រូវ​យក​មក​ពិចារណា​ជា​ច្រើន​ដង​ទៀត ខណៈ​កម្ពុជា​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​បញ្ជាក់​ពី​ប្រភព​ដើម​នៃ​ខ្សែ​បន្ទាត់​កំណត់​ព្រំដែន ចំណែក​ថៃ​នៅតែ​រក្សា​ជំហរ​របស់​ខ្លួន ក្នុង​ការ​កំណត់​ព្រំដែន។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា កិច្ច​ប្រជុំ UNCLOS លើក​ទី​ពីរ​នេះ មាន​ស្ថានភាព​មិន​ខុសគ្នា​ពី​ការ​ប្រជុំ​លើក​ទី​១ នៅ​ប្រទេស​សិង្ហបុរី (Singapore) នោះ​ឡើយ ដែល​ភាគី​កម្ពុជា និង​ថៃ អាចនឹង​ចរចា​មិន​ត្រូវ​គ្នា​ដោយសារ​ភាគី​ថៃ​បាន​ទាមទារ​កាន់កាប់​ក្នុង​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ផ្ដាច់មុខ ខណៈ​កម្ពុជា មាន​បំណង​ចង់បាន​ការ​សម្រេច​សន្ធិសញ្ញា​ច្បាស់លាស់​ជាមួយ​ប្រទេស​ថៃ។ លោក​បន្ត​ថា នេះ​គឺជា​វិញ្ញាសា​តូច​មួយ​សម្រាប់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ការពារ​បូរណភាព​ទឹកដី ខណៈ​កន្លង​មក ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន តែងតែ​អួត​សរសើរ​ថា​លោក​មាន​សមត្ថភាព មុនពេល​ផ្ទេរ​តំណែង​ឱ្យ​លោក​បន្ត។

លោក ម៉ែន ណាត៖ «រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឬក៏​រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន ក្តី ហ្នឹង គ្មាន​សិទ្ធិ​អាកាត់ កាត់​ចំណែក​ទឹកដី​ណាមួយ​ផ្នែក​ទៅ​ឲ្យ​ថៃ ឬ​បរទេស​ជិតខាង​តាម​អំពើ​ចិត្ត​បាន​ទេ គេ​ឱ្យ​យើង​មក​ដឹកនាំ​ជាតិ​គឺ ឱ្យ​ការពារ​របស់​ទ្រព្យសម្បត្តិ​ជាតិ មិន​ឱ្យ​កាត់កង​យក​ឬក៏​ខ្លួន​ដោះដូរ​យក​អំណាច​បាន​ទេ ម្ល៉ោះ​ហើយ​ទើប​តែ​ការពារ​ផល​ប្រយោជន៍​ជាតិ​ឱ្យ​បាន»។

កម្ពុជា និង​ថៃ​បាន​ចូលរួម​ក្នុង​កិច្ច​ចរចា​ជម្លោះ​ដែន​សមុទ្រ តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ជា​លើក​ដំបូង​នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​កញ្ញា។ នៅក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​នោះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​គោលជំហរ​ផ្សេងគ្នា ដោយ​ភាគី​កម្ពុជា បាន​បង្ហាញ​ពី​ឆន្ទៈ ប្រកាន់​យក​អនុសាសន៍​របស់​គណៈកម្មការ​ផ្សះផ្សា មក​ធ្វើជា​មាត្រដ្ឋាន​ដើម្បី​ចរចា ដើម្បី​ដោះស្រាយ​នៅពេល​បន្ទាប់ និង​កំណត់​ព្រំដែន​សមុទ្រ​ច្បាស់លាស់​ជាមួយ​ប្រទេស​ថៃ និង​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា ដោយ​បែងចែក​ធនធាន​ដោយ​សមធម៌ ក្នុង​តំបន់​ជម្លោះ​នៃ​ដែន​សមុទ្រ​ក្នុងពេល​រង់ចាំ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ។

ចំណែក​ភាគី​ថៃ បាន​បង្ហាញ​ពី​គោលជំហរ​ការពារ​អធិបតេយ្យភាព​របស់​ថៃ​យ៉ាង​ម៉ឺងម៉ាត់ និង​អះអាង​ថា ប្រទេស​ថៃ​គោរព​ច្បាប់​អន្តរជាតិ ក៏​ប៉ុន្តែ​ទន្ទឹមគ្នា​នេះ ភាគី​ថៃ​បាន​ប្រកាស​ថា នឹង​មិន​ទទួល​យក​អនុសាសន៍ ឬ​លទ្ធផល​នៃ​ការ​សម្រេច​ណាមួយ ដែល​ធ្វើឱ្យ​ថៃ​ខាត​បង់​ប្រយោជន៍​នោះ​ឡើយ។

យ៉ាងណា​ក៏ដោយ​ចុះ ដោយសារ​ភាព​មិន​ចុះ​សម្រុង​រវាង​ភាគី​កម្ពុជា និង​ថៃ​នេះ ត្រូវ​បាន​អ្នកតាមដាន​ស្ថានការណ៍​វាយតម្លៃ​ថា ដំណើរការ​នៃ​ការ​ផ្សះផ្សា​នេះ អាច​នឹង​អូសបន្លាយ​យ៉ាងតិច​១​ឆ្នាំ ឬ​លើស​ពី​នេះ ខណៈ​លទ្ធផល​នៃ​កិច្ច​ចរចា​នេះ ក៏​ទំនង​មិន​អាច​ជួយ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​នេះ​បាន​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ