

មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលបានឯកភាពគ្នាឱ្យបានពេញលេញ ដើម្បីជួយឱ្យដំណើរការផ្សះផ្សាប្រព្រឹត្តទៅដោយអំណោយផលសម្រាប់ការចរចា។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែតុលា។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្ពុជានិងថៃគួរអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលបានឯកភាពគ្នាឱ្យបានពេញលេញ ដើម្បីជួយឱ្យដំណើរការផ្សះផ្សាប្រព្រឹត្តទៅដោយអំណោយផលសម្រាប់ការចរចា។
ទោះជាយ៉ាងណា លោកយល់ថា កិច្ចប្រជុំកន្លងមកមិនទាន់ឈានដល់ការកំណត់ព្រំដែនសមុទ្រ ឬការបែងចែកធនធានក្រោមបាតសមុទ្រនៅឡើយទេ ប៉ុន្តែផ្តោតសំខាន់លើវិធានការដែលភាគីទាំងពីរត្រូវអនុវត្ត។ លោក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) ប្រសិនបើដំណើរការផ្សះផ្សាមិនអាចដោះស្រាយជម្លោះបាន។
លោក អ៊ុំ សំអាន ក៏បានចោទជាសំណួរអំពីជំហររបស់រដ្ឋាភិបាលកម្ពុជា ចំពោះការទាមទារដែនសមុទ្រនៅជុំវិញកោះគជ់ និងបានអះអាងថា កម្ពុជាគួរទាមទារអ្វីដែលជាសិទ្ធិរបស់ខ្លួន។
លោក អ៊ុំ សំអាន៖ «ប្រសិនបើរាជរដ្ឋាភិបាលលោកម៉ាណែតមិនព្រមទាមទារ កម្មសិទ្ធិរបស់កម្ពុជាយ៉ាងហោចពាក់កណ្តាលនៃកោះគជ់ហើយនឹង បោះបង់ចោលនូវដែនសមុទ្រ ៤០០០គីឡូម៉ែត្រការ៉េ នៅក្បែរកោះកដ់ដែលជាកម្មសិទ្ធិរបស់កម្ពុជាខ្ញុំយល់ថា ប្រជាពលរដ្ឋខ្មែរនឹង ថ្កោលទោសត្រកូលហ៊ុន ហើយត្រកូលហ៊ុនអាចនឹង ចាជាត្រកូលក្បត់ជាតិដែលកាត់ដែនសមុទ្រនិងកោះរបស់កម្ពុជាតឱ្យថៃ»។
លោកបានព្រមានថា ការបន្តចរចាទ្វេភាគីដោយមិនឈានទៅរកយន្តការដោះស្រាយជម្លោះផ្សេងទៀត អាចធ្វើឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ផលប្រយោជន៍ដែនសមុទ្រ និងធ្វើឱ្យជម្លោះនៅតែជាប់គាំង។
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែតុលា ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំលើកទី២ ដែលធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា បាននាំឱ្យភាគីទាំងពីរឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងគោលបំណងពង្រឹងភាពជឿជាក់គ្នា និងជួយសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ក្រសួងបានបញ្ជាក់ថា គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ គណៈកម្មការក៏បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការដែលភាគីទាំងពីរបានឯកភាពពីមុន នៅមិនទាន់ត្រូវបានអនុវត្តទាំងស្រុងនៅឡើយទេ។ ភាគីទាំងពីរក៏បានទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចេញសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង។
កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សា គ្រោងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ឃើញថា ការលើកទឹកចិត្តឱ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ គឺជាការព្យាយាមកសាងទំនុកចិត្ត ដើម្បីឱ្យការចរចាព្រំដែនសមុទ្រអាចទៅមុខបាន។ លោកថាបើអ្វីដែលធ្លាប់ព្រមព្រៀងគ្នាមិនត្រូវបានអនុវត្ត ភាគីទាំងពីរក៏ពិបាកជឿថា កិច្ចព្រមព្រៀងថ្មីនឹងត្រូវគោរពដែរ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ពាក្យថា “លើកទឹកចិត្ត” មិនស្មើនឹង “បញ្ជាឱ្យអនុវត្ត” ទេ។
លោក សេង វណ្ណលី បានបន្ថែមថា គណៈកម្មការផ្សះផ្សាជាអ្នកជួយរកដំណោះស្រាយ ហើយអនុសាសន៍របស់ខ្លួនមិនមែនជាសាលក្រមដែលមានអានុភាពបង្ខំឡើយ។ ចំណែកកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងចាស់ ត្រូវពិនិត្យតាមខ្លឹមសារ និងស្ថានភាពផ្លូវច្បាប់របស់កិច្ចព្រមព្រៀងនីមួយៗ។
អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមថា អ្វីដែលពលរដ្ឋចង់ឃើញ គឺការបញ្ជាក់ឱ្យច្បាស់ថា “កិច្ចព្រមព្រៀងដែលមានស្រាប់” សំដៅលើឯកសារណាខ្លះ និងចំណុចណាដែលមិនទាន់អនុវត្ត។ បើមិនបញ្ជាក់ ភាគីនីមួយៗអាចបកស្រាយតាមផលប្រយោជន៍របស់ខ្លួន ហើយប្រើសេចក្តីប្រកាសនេះដើម្បីចោទប្រកាន់ភាគីម្ខាងទៀត។
លោក សេង វណ្ណលី បន្ថែមទៀតថា កម្ពុជាគួរស្នើឱ្យមានបញ្ជីកាតព្វកិច្ចច្បាស់លាស់ កាលកំណត់អនុវត្ត និងរបៀបផ្ទៀងផ្ទាត់ដែលភាគីទាំងពីរទទួលយក។ កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយកត់ត្រាការមិនអនុវត្តរបស់ភាគីម្ខាងទៀតដោយមានភស្តុតាងច្បាស់លាស់។
កម្ពុជា និងថៃបានចាប់ផ្តើមដំណើរការផ្សះផ្សាក្រោមអនុសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិជាលើកដំបូង នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ នៅពេលនោះ ភាគីកម្ពុជាបានបង្ហាញឆន្ទៈប្រើប្រាស់អនុសាសន៍របស់គណៈកម្មការជាមូលដ្ឋានសម្រាប់ការចរចាបន្ត និងស្វែងរកការកំណត់ព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ ព្រមទាំងលទ្ធភាពអភិវឌ្ឍធនធានរួមក្នុងតំបន់ជម្លោះ។
ចំណែកភាគីថៃបានបញ្ជាក់ពីជំហរការពារអធិបតេយ្យភាពរបស់ខ្លួន និងថាខ្លួនគោរពច្បាប់អន្តរជាតិ ប៉ុន្តែមិនអាចទទួលយកអនុសាសន៍ ឬលទ្ធផលណាមួយដែលខ្លួនយល់ថាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ថៃនោះទេ។
អ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ដោយសារភាគីទាំងពីរមានជំហរខុសគ្នា ដំណើរការផ្សះផ្សាអាចចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ ឬយូរជាងនេះ។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយនៃដំណើរការនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕









