មន្ត្រីបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្តកិច្ច​ព្រមព្រៀង​ជាមួយ​ថៃ​និង​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
194
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស​ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀង និង​វិធានការ​ដែល​បានឯកភាពគ្នាឱ្យបានពេញលេញ ដើម្បីជួយឱ្យដំណើរការផ្សះផ្សាប្រព្រឹត្ត​ទៅ​ដោយ​អំណោយផលសម្រាប់ការចរចា។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការ​ផ្សះផ្សា​ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)  បានបញ្ចប់​កិច្ចប្រជុំ​លើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែតុលា។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្ពុជានិងថៃគួរអនុវត្តកិច្ច​ព្រមព្រៀង និងវិធានការដែលបានឯកភាពគ្នាឱ្យបានពេញលេញ ដើម្បីជួយឱ្យដំណើរ​ការ​ផ្សះផ្សាប្រព្រឹត្តទៅដោយអំណោយផលសម្រាប់ការចរចា។

ទោះជាយ៉ាងណា លោកយល់ថា កិច្ចប្រជុំកន្លងមកមិនទាន់ឈានដល់ការកំណត់ព្រំដែនសមុទ្រ ឬការបែងចែកធនធានក្រោមបាតសមុទ្រនៅឡើយទេ ប៉ុន្តែផ្តោតសំខាន់លើវិធានការ​ដែលភាគី​ទាំងពីរត្រូវអនុវត្ត។ លោក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាប្តឹង​ថៃទៅតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ឬតុលាការអន្តរជាតិសម្រាប់​ច្បាប់​សមុទ្រ (ITLOS) ប្រសិនបើដំណើរការផ្សះផ្សាមិនអាចដោះស្រាយជម្លោះបាន។

លោក អ៊ុំ សំអាន ក៏បានចោទជាសំណួរអំពីជំហររបស់រដ្ឋាភិបាលកម្ពុជា ចំពោះការទាមទារ​ដែនសមុទ្រនៅជុំវិញកោះគជ់ និងបានអះអាងថា កម្ពុជាគួរទាមទារអ្វីដែលជាសិទ្ធិរបស់ខ្លួន។

លោក អ៊ុំ សំអាន៖ «ប្រសិនបើរាជរដ្ឋាភិបាលលោកម៉ាណែតមិនព្រមទាមទារ កម្មសិទ្ធិរបស់​កម្ពុជា​យ៉ាងហោចពាក់កណ្តាលនៃកោះគជ់ហើយនឹង បោះបង់ចោលនូវដែនសមុទ្រ ៤០០០គីឡូម៉ែត្រការ៉េ នៅក្បែរកោះកដ់ដែលជាកម្មសិទ្ធិរបស់កម្ពុជាខ្ញុំយល់ថា ប្រជាពលរដ្ឋខ្មែរ​នឹង ថ្កោលទោសត្រកូលហ៊ុន ហើយត្រកូលហ៊ុនអាចនឹង ចាជាត្រកូលក្បត់ជាតិដែល​កាត់ដែន​សមុទ្រនិងកោះរបស់កម្ពុជាតឱ្យថៃ»។

លោកបានព្រមានថា ការបន្តចរចាទ្វេភាគីដោយមិនឈានទៅរកយន្តការដោះស្រាយ​ជម្លោះ​ផ្សេងទៀត អាចធ្វើឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ផលប្រយោជន៍ដែនសមុទ្រ និងធ្វើឱ្យ​ជម្លោះ​នៅតែជាប់គាំង។

ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា​អង្គការសហ​ប្រជាជាតិ​ស្តីពីច្បាប់សមុទ្រ បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នា​លើវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែ​តុលា ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំ​លើកទី២ ដែលធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា បាននាំឱ្យភាគីទាំងពីរឯកភាព​លើ​វិធានការ​កសាងទំនុកចិត្ត ក្នុងគោលបំណងពង្រឹងភាពជឿជាក់គ្នា និងជួយសម្រួលដល់​ការ​ស្វែងរក​ដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ក្រសួង​បានបញ្ជាក់ថា គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃអនុវត្តវិធានការ​ទាំង​នេះ​ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ គណៈកម្មការក៏បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការដែលភាគីទាំងពីរបានឯកភាពពីមុន នៅមិនទាន់ត្រូវបាន​អនុវត្ត​ទាំងស្រុងនៅឡើយទេ។ ភាគីទាំងពីរក៏បានទទួលស្គាល់សិទ្ធិរបស់​ខ្លួន​ក្នុង​ការ​ចេញ​សេចក្តីថ្លែង​ការណ៍ ដើម្បីការពារ​សិទ្ធិ​ស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង។

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សា គ្រោងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ឃើញថា ការលើកទឹកចិត្តឱ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ គឺជាការព្យាយាម​កសាង​ទំនុកចិត្ត ដើម្បីឱ្យការចរចាព្រំដែនសមុទ្រអាចទៅមុខបាន។ លោកថាបើអ្វីដែលធ្លាប់ព្រមព្រៀង​គ្នា​មិនត្រូវបានអនុវត្ត ភាគីទាំងពីរក៏ពិបាកជឿថា កិច្ចព្រមព្រៀងថ្មីនឹងត្រូវគោរពដែរ។ ប៉ុន្តែលោក​សង្កត់ធ្ងន់​ថា ពាក្យថា “លើកទឹកចិត្ត” មិនស្មើនឹង “បញ្ជាឱ្យអនុវត្ត” ទេ។

លោក សេង វណ្ណលី បានបន្ថែមថា គណៈកម្មការផ្សះផ្សាជាអ្នកជួយរកដំណោះស្រាយ ហើយ​អនុសាសន៍របស់ខ្លួនមិនមែនជាសាលក្រមដែលមានអានុភាពបង្ខំឡើយ។ ចំណែកកាតព្វកិច្ច​ក្នុងកិច្ចព្រមព្រៀងចាស់ ត្រូវពិនិត្យតាមខ្លឹមសារ និងស្ថានភាពផ្លូវច្បាប់របស់កិច្ចព្រមព្រៀង​នីមួយៗ។

អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមថា អ្វីដែលពលរដ្ឋចង់ឃើញ គឺការបញ្ជាក់ឱ្យ​ច្បាស់ថា “កិច្ចព្រមព្រៀងដែលមានស្រាប់” សំដៅលើឯកសារណាខ្លះ និងចំណុចណាដែល​មិន​ទាន់អនុវត្ត។ បើមិនបញ្ជាក់ ភាគីនីមួយៗអាចបកស្រាយតាមផលប្រយោជន៍របស់ខ្លួន ហើយប្រើសេចក្តីប្រកាសនេះដើម្បីចោទប្រកាន់ភាគីម្ខាងទៀត។

លោក សេង វណ្ណលី បន្ថែមទៀតថា កម្ពុជាគួរស្នើឱ្យមានបញ្ជីកាតព្វកិច្ចច្បាស់លាស់ កាល​កំណត់​អនុវត្ត និងរបៀបផ្ទៀងផ្ទាត់ដែលភាគីទាំងពីរទទួលយក។ កម្ពុជា​ត្រូវអនុវត្តកាតព្វកិច្ច​របស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយកត់ត្រាការមិនអនុវត្តរបស់ភាគីម្ខាង​ទៀតដោយមាន​ភស្តុតាង​ច្បាស់លាស់។

កម្ពុជា និងថៃបានចាប់ផ្តើមដំណើរការផ្សះផ្សាក្រោមអនុសញ្ញាច្បាប់សមុទ្រអង្គការ​សហប្រជាជាតិ​ជាលើកដំបូង នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ នៅពេលនោះ ភាគីកម្ពុជាបានបង្ហាញឆន្ទៈប្រើប្រាស់អនុសាសន៍​របស់គណៈកម្មការ​ជាមូលដ្ឋានសម្រាប់ការចរចាបន្ត និងស្វែងរកការកំណត់ព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ ព្រមទាំងលទ្ធភាពអភិវឌ្ឍ​ធនធាន​រួមក្នុង​តំបន់ជម្លោះ។

ចំណែកភាគីថៃបានបញ្ជាក់​ពី​ជំហរ​ការពារ​អធិបតេយ្យភាពរបស់ខ្លួន និងថាខ្លួនគោរពច្បាប់​អន្តរជាតិ ប៉ុន្តែមិនអាចទទួលយកអនុសាសន៍ ឬលទ្ធផលណាមួយដែលខ្លួនយល់ថាធ្វើ​ឱ្យប៉ះពាល់​ដល់ផលប្រយោជន៍របស់ថៃនោះទេ។

អ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ដោយសារភាគីទាំងពីរមានជំហរខុសគ្នា ដំណើរការផ្សះផ្សាអាចចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ ឬយូរជាងនេះ។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយនៃដំណើរការនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ