សង្គម​ស៊ីវិល​លើកពី​បញ្ហា​កសាង​សន្តិភាព និង​លំហ​សិទ្ធិ​ពលរដ្ឋ​ក្នុង​វេទិកា​ពលរដ្ឋ​អាស៊ាន

0
150
វេទិកាពលរដ្ឋកម្ពុជា ប្រារព្វនៅភ្នំពេញ កាលពីថ្ងៃទី២៤ តុលា ២០២៦។ រូប៖ CCIM
វេទិកាពលរដ្ឋកម្ពុជា ប្រារព្វនៅភ្នំពេញ កាលពីថ្ងៃទី២៤ តុលា ២០២៦។ រូប៖ CCIM

សង្គម​ស៊ីវិល​កម្ពុជា លើក​ឡើង​ពី​បញ្ហា​កសាង​សន្តិភាព ប្រជាធិបតេយ្យ សន្តិសុខ​សង្គម និង​លំហ​សិទ្ធិ​ពលរដ្ឋ ទៅ​ជជែក​ក្នុង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន(Asean People’s Forum) និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន (Asean Civil Society Conference) ឆ្នាំ២០២៦  ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ហ្វីលីពីន។ ពួកគាត់​ទទូច​ឲ្យ​អាស៊ាន​ធ្វើ​យ៉ាងណា ជួយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​បើក​លំហសិទ្ធិ​សេរីភាព​ពលរដ្ឋ​ឲ្យ​ទូលំទូលាយ​ឡើង​វិញ។

វេទិកា​ប្រជា​ពលរដ្ឋអាស៊ាន(Asean People’s Forum) និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន (Asean Civil Society Conference) ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន មាន​អ្នក​ចូលរួម​ជាង៨០០នាក់​មក​ពី​ប្រទេស​ទាំង១១​ដែល​ជា​សមាជិក​អាស៊ាន។ កម្មវិធី​នេះ​រៀបចំ​​ឡើង​រយៈពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃទី ២៩ ខែតុលា ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល ជនជាតិ​ដើម​ភាគតិច អង្គការ​ស្ត្រី បណ្តាញ​យុវជន សហជីព សហគមន៍ កសិករ ពលរដ្ឋ និង​អ្នក​សារព័ត៍មាន​ចម្រុះ​ជាតិសាសន៍​ក្នុង​អាស៊ាន ដែល​ជជែក​គ្នា​ក្រោម​ប្រធាន​បទរួម​មួយ គឺ«ការ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន៖ ការ​អន្តរាគមន៍ ការ​ទាមទារ​ឡើង​វិញ និង​ការ​កសាង​ឡើង​វិញ»។ ក្នុង​ន័យ​នេះ គឺ​សំដៅ​ដល់​ការ​ទាមទារ​ពី​ប្រជាជាតិ​ក្នុង​ប្រទេស​អាស៊ាន​ដល់​ការ​ប្រកប​អាជីវកម្ម ឱ្យ​បញ្ឈប់​អាជីវកម្ម​ណា​ដែល​បង្ក​មហន្តរាយ​ដល់​មនុស្ស​ជាតិ ធ្វើ​កិច្ច​ការងារ​និង​កសាង​ការ​អភិវឌ្ឍ​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ក្នុង​តំបន់​ទាំង​មូល។

ប្រតិភូ​សង្គម​ស៊ីវិល​ពី​កម្ពុជា​ដែល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ មាន​ប្រមាណ ៧០នាក់ ហើយ​មួយ​ចំនួន បាន​លើក​យក​ពី​កត្តា​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ សិទ្ធិ​សហជីព ប្រព័ន្ធ​ផ្សព្វផ្សាយ សំឡេង​ពលរដ្ឋ​ដែល​មិនមាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល លំហប្រជាធិប​តេយ្យ​រួមតូច ការ​ចូលរួម​សកម្មភាព​ក្នុង​សង្គម និង​បញ្ហា​សេដ្ឋកិច្ច​ពលរដ្ឋ​នៅ​កម្ពុជា​ជាដើម ទៅ​ជជែក​នៅ​ក្នុង​វេទិកា​នោះ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ជាវាគ្មិន​មួយ​រូប​នៅ​ក្នុង​កម្មវិធី​នេះ និង​បាន​ជជែក​អំពី​លំហស៊ីវិល (Civil Space) លំហ​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​លោក​មើល​ឃើញ​ថា ប្រជាធិបតេយ្យ សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​កម្ពុជា​មិនមាន​ភាព​ប្រសើរ​ឡើង​ឡើយ ហើយ​អាជ្ញាធរ​រដ្ឋ​មិន​បាន​យកចិត្ត​ទុកដាក់​លើ​សម្លេង​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ថា លំហ​សហជីព​នៅ​កម្ពុជា​ជា​ពិសេស​សហជីព​ឯករាជ្យ​ដែល​ធ្វើការ​បម្រើ​ផល​ប្រយោជន៍​ជូន​កម្មករ​ពិត​ប្រាកដ ក៏​រង​ការ​រឹតត្បិត​សេរីភាព​ក្នុង​ពេល​បំពេញ​ការងារ ចុះ​មូល​ដ្ឋាន ចងក្រង​សម្លេង​កម្មករ និង​ការ​ប្រជុំ​ជា​សាធារណៈ ព្រម​ទាំង​ការ​បង្កើត​ច្បាប់​មួយចំនួន​មាន​លក្ខណៈ​រឹតត្បិត​លើ​សហជីព​ក្រៅ​ប្រព័ន្ធ និង​សង្គម​ស៊ីវិល​ជាដើម។

លោក វន់ ពៅ ក៏​បាន​ជជែក​អំពី​ប្រធាន​បទ​សាមគ្គី​ភាព សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ផ្តោត​សំខាន់​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល មាន​សេដ្ឋកិច្ច​ប្រហាក់​ប្រហែល​គ្នា មិនមាន​គម្លាត​ឆ្ងាយ​ពេក និង​រក​ដំណោះ​ស្រាយ ឬ​សំណូមពរ​រួម​មួយ​ដាក់​ជូន​អគ្គលេខា​ធិការ​អាស៊ាន​ផង​ដែរ។

លោក វន់ ពៅ៖ «យើង​ឃើញ​ថា អ្នក​ដែល​បញ្ចេញ​មតិ​យោបល់ ទាក់ទង​លំហសហជីព លំហពលរដ្ឋ នៅ​តាម​បណ្តាញ​សង្គម តែង​តែរង​នូវ​ការ​ចាប់​ដាក់​ទោស​ទណ្ឌ ឬ ចាប់​ដាក់​ពន្ធនាគារ ដោយ​យក​ហេតុ​ផល​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា ៤៩៤ ៤៩៥ ដែល​ចោទ​ប្រកាន់ពី​បទ«ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»អី​ជា​ដើម។ អាហ្នឹង​គឺ យើង​មើល​ឃើញ​ថា​ចំណុច​ទាំង​អស់​នេះ​ហើយ ដែល​យើង​គិត​ថា ហាក់​ដូចជា​មិន​ទាន់​មាន​លំហរ​ទូលំ​ទូលាយ ឆ្លើយតប​ទៅនឹង​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ចែង​ហ្នឹង​នៅ​ឡើយ​ទេ។»

ចំណែក​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM)  អ្នកស្រី ឆន សុគន្ធា  ថ្លែង​ថា CCIM បាន​ផ្តល់​អាទិភាព​ទៅ​លើ​លំហ​សិទ្ធិ​ពលរដ្ឋ និង​ឌីជីលថល ដោយ​បាន​រៀបចំ​កិច្ច​ពិភាក្សា​ស្តីពី​ការ​រាយការណ៍​អំពី​ផល​ប្រយោជន៍​សាធារណៈ។ នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ  CCIM នឹង​បង្ហាញ​ពី​របក​គំហើញ​ថ្មី​អំពី​ពលរដ្ឋ​សារព័ត៌មាន និង​បរិយាកាស​ច្បាប់​ស្តីពី​លំហ​ឌីជីថល​នៅ​ក្នុង​តំបន់ ព្រម​ទាំង​លើក​ឡើង​ពី​តម្រូវ​ការ​រួម និង​ការ​ធ្វើការ​រួមគ្នា​ក្នុង​តំបន់​ដើម្បី​ឈាន​ដល់ការ​កសាង​ឡើង​វិញ ស្តារ​ឡើង​វិញ ទាមទារ​ឡើង​វិញ​ស្រប​តាម​ប្រធាន​បទ​រួម​របស់​វេទិកា។ ពិសេស​ជាង​នេះ​ទៀត អង្គវេទិកា​នឹង​ដាក់​បញ្ចូល​លទ្ធផល​នៃ​ការ​ពិភាក្សា​ពី​សិក្ខា​សាលា​នីមួយៗ​ជា​អនុសាសន៍​រួម ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​បាន​លឺ និង​រួមគ្នា​ដោះស្រាយ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ស្រប​ទៅ​តាម​ធម្មនុញ​អាស៊ាន។

អ្នកស្រី ឆន សុគន្ធា៖«យើង​ឃើញ​ថា អឺ​តួនាទី​របស់​អឺអ្នក​សារព័ត៌មាន គឺ​ដើរ​តួនាទី​យ៉ាង អឺ​សំខាន់ នៅ​ពេល​ដែល អឺប្រទេស អឺ​មាន​បញ្ហា ឬ ក៏​ការ​ប៉ះទង្គិច​គ្នា រវាង អឺប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដោយសារ​អ្នក​សារព័ត៌មាន ឬ ក៏ អឺ​អ្នក​ដែល​អឺ​បង្កើត​មាតិកា​ហ្នឹង គាត់​ត្រូវ​លើក អំពី​អឺ​បញ្ហា​តាំងការ អឺប្រឈម ឬ ក៏ អឺ​បញ្ហា​ផ្សេងៗ ទៅ​ឲ្យ អឺ​ពលរដ្ឋ​រវាង អឺប្រទេស​ទាំង អឺ​សង​ខាង​ហ្នឹង ឲ្យ អឺ​បាន​ដឹង អំពី អឺ​បច្ចុប្បន្ន​ភាព។»

ក្រៅ​ពីនេះ អង្គការ​សង្គម​ស៊ីវិល ក៏​បាន​លើក​ពិភាក្សា​អំពី​សិទ្ធិ​ឌីជីថល និង​សេរីភាព​អ៊ីន​ធឺណិត យុត្តិធម៌​អាកាស​ធាតុ និង​សិទ្ធិ​បរិស្ថាន សេចក្តី​ថ្លៃថ្នូរ​នៃ​កម្លាំង​ពលកម្ម ការ​ធ្វើ​ចំណាក​ស្រុក បញ្ហាដីធ្លី យុត្តិធម៌​យេនឌ័រ និង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា សន្តិភាព​និង​សន្តិសុខ​មនុស្ស​ជាតិ ការ​ផ្លាស់ទី​លំនៅ និង​ភាព​គ្មាន​រដ្ឋ​ប្រជាជាតិ ប្រព័ន្ធ​សេរីនិយម​ថ្មី​ជាដើម។

ប្រធាន​ផ្នែក​តស៊ូ​មតិ និង​បណ្ដាញ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ភិន សាវៃ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​កម្ពុជា និង​អាស៊ាន​ក្នុង​ការ​ជួបជុំ​គ្នា​លើក​យក​បញ្ហា​ដែល​កើតមាន​ក្នុង​តំបន់ ដាក់​ជូន​ទៅ​រដ្ឋាភិបាល​អាស៊ាន តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​ជា​ឳកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​តស៊ូ​មតិ ដើម្បី​ពង្រឹង​និង​ពង្រីក​វិស័យ​សិទ្ធិ​មនុស្ស និង​លំហ​ប្រជា​ធិបតេយ្យ សន្តិសុខ​សង្គម​​និង​សន្តិភាព​នៅ​ក្នុង​តំបន់។

លោក ភិន សាវៃ៖ «យើង​នឹង​ទទួល ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​រដ្ឋាភិបាល​អាស៊ាន​នៅ ក្នុង​តំបន់​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​នូវលំហ​ពលរដ្ឋ ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ឲ្យបាន​ទូលំ​ទូលាយ​ស្រប​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន ក៏​ដូចជា កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន​ហ្នឹង បាន​ផ្ដល់​សច្ចាប័ន យក​មក​អនុវត្ត​ដើម្បី​ធានា​ឲ្យ​បាន​នូវ សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​តំបន់ ក៏​ដូចជា​នៅក្នុង​ពិភព​លោក​ស្រប​តាម​គោល​ការណ៍​របស់​អង្គការ​សហប្រជា​ជាតិ ក៏​ដូចជា​សេចក្តី​ប្រកាស​ជា​សកល ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ។»

មុន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិកា​ប្រជា​ពលរដ្ឋ​អាស៊ាន និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន ឆ្នាំ២០២៦​នៅ​ប្រទេស​ហ្វីលីពីន អង្គការ​សង្គម​ស៊ីវិល​ជាតិ ជនជាតិ​ដើម​ភាគតិច អង្គការ​ស្ត្រី បណ្តាញ​យុវជន សហជីព ជនពិការ អង្គការ​មូល​ដ្ឋាន និង​អ្នក​ស្រាវជ្រាវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ កាល​ពីថ្ងៃ​ទី២៤ តុលា បាន​រៀបចំ​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា (CPF) ឆ្នាំ ២០២៦ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធាន​បទ«សំឡេង​របស់​យើង តំបន់​របស់​យើង៖ ការ​កសាង​ផ្លូវ​ឆ្ពោះទៅ​កាន់​អាស៊ាន​ដែល​យក​ប្រជាជន​ជា​ស្នូល ប្រកប​ដោយ​យុត្តិធម៌ គណនេយ្យ​ភាព បរិយាបន្ន និង​អន្តរអត្តសញ្ញាណ» ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដែល​ប៉ះពាល់​ដល់​ជីវិត​របស់​ពួកគេ។ វេទិកា​ជាតិ​នោះ​បាន​ប្រមូល​អនុសាសន៍ ធាតុចូល​ និង​មតិយោបល់​របស់​អ្នក​ចូលរួម ​ដើម្បី​លើក​យក​ទៅ​ជជែក​ក្នុង​វេទិកា​នៅ​ប្រទេស​ហ្វីលីពីន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ