

យោធាថៃបានបង្កសំឡេងផ្ទុះជាបន្តបន្ទាប់ នៅតាមបណ្ដោយព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ដែលបង្ខំឱ្យកងកម្លាំងកម្ពុជា ដាក់ស្ថានការណ៍ក្នុងភាពប្រុងប្រយ័ត្នខ្ពស់។ ការបង្កសំឡេងផ្ទុះពីសំណាក់ភាគីថៃនេះ បានធ្វើឱ្យស្ថានភាពឈរជើងនៅក្នុងតំបន់ របស់កងកម្លាំងកម្ពុជា និងថៃ កាន់តែមានភាពតានតឹងជាងមុន ខណៈភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារទាហានថៃបានព្យាយាមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចេញមករារាំង។
ទាហានខ្មែរនៅតំបន់ជួរមុខមួយចំនួន បានត្អូញត្អែរថា មួយរយៈនេះពួកគាត់មិនសូវបានដេកពួនដោយស្ងប់ចិត្តនៅឡើយ ដោយសារតែទាហានថៃបានបង្កសំឡេងផ្ទុះទាំងពេលយប់ និងពេលថ្ងៃ។
ទាហានខ្មែរម្នាក់ដែលកំពុងឈរជើងនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានបង្កសំឡេងផ្ទុះជាច្រើនលើក ទាំងពេលថ្ងៃ និងពេលយប់ ដែលបង្កការរំខានដល់កងកម្លាំងរបស់កម្ពុជា ដែលប្រចាំការនៅក្បែរតំបន់នោះ។ លោកបន្តថា ភាគីកម្ពុជាមិនទាន់អាចកំណត់ពីប្រភពនៃសំឡេងផ្ទុះដែលចេញពីទីតាំងរបស់យោធាថៃទាំងនោះបានឡើយ ដោយពេលខ្លះសំឡេងផ្ទុះនេះ ឮសូរដូចបន្ទុះកាំភ្លើងវែង ពេលខ្លះឮសូរដូចគ្រាប់បែក និងពេលខ្លះឮសូរដូចផ្ទុះគ្រាប់មីន ក៏មាន។
ទាហានរូបនេះលើកឡើងថា ការបង្កសំឡេងផ្ទុះនៅតំបន់ព្រំដែនពីសំណាក់ភាគីថៃ ដោយគ្មានការជូនដំណឹង ឬប្រាប់ពីមូលហេតុនេះ បានធ្វើឱ្យមានភាពតានតឹងកើតឡើង ខណៈកន្លងមកទាហានថៃធ្លាប់បាញ់កាំភ្លើងគំរាមទាហានខ្មែរជាច្រើនលើក នៅពេលទាហានខ្មែរដើរល្បាតក្បែរទីតាំងបន្លាលួស ដែលយោធាថៃបានដាក់ពង្រាយ និងនៅក្រោយពេលភាគីទាំងពីរបានឈ្លោះប្រកែកគ្នា។ លោកអះអាងថា បញ្ហានេះបានធ្វើឱ្យកងកម្លាំងរបស់កម្ពុជាបារម្ភពីសុវត្ថិភាព រហូតធ្វើឱ្យទាហានមួយចំនួន បានដាក់ពាក្យលាឈប់ពីក្របខ័ណ្ឌយោធាក្រោមលេសមានធុរៈផ្ទាល់ខ្លួន ដោយសារពួកគេយល់ថា ថ្ងៃណាមួយយោធាថៃអាចនឹងឈានដល់ការលួចបាញ់ប្រហារមកលើទាហានខ្មែរ ខណៈមេបញ្ជាការថ្នាក់លើ តែងតែដាក់បញ្ជាឱ្យរក្សាការអត់ធ្មត់ ដើម្បីស្អំស្ថានការណ៍។
មិនខុសពីព្រំដែនអូរស្មាច់នោះទេ ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ដែរថា យោធាថៃបានបង្កសំឡេងផ្ទុះអាវុធជាច្រើនលើកមកហើយ នៅតំបន់អានសេះ និងនៅតំបន់មុំបី ដោយសំឡេងទាំងនេះ ភាគច្រើនគឺជាស្នូរបាញ់កាំភ្លើងវែង និងពេលខ្លះឮសូរដូចផ្ទុះគ្រាប់បែកដៃ។ លោកបន្តថា នៅពេលភាគីថៃបង្កសំឡេងផ្ទុះអាវុធម្ដងៗ ភាគីកម្ពុជាបានស្រែកហាមឃាត់ភាគីថៃឱ្យបញ្ឈប់បង្កសំឡេងផ្ទុះ និងប្រាប់កុំឱ្យទាហានខ្មែរកុំឱ្យជ្រួលច្របល់ ឬធ្វើសកម្មភាពតបតទៅកាន់ភាគីថៃនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។
កន្លងមកក្រសួងការពារជាតិកម្ពុជា ធ្លាប់បានចេញលិខិតតវ៉ាទៅកាន់យោធាថៃជាច្រើនលើក ជុំវិញការបង្កសំឡេងផ្ទុះអាវុធនៅតាមក្នុងតំបន់ព្រំដែន ដែលជាភូមិសាស្ត្ររសើប និងងាយផ្ទុះអាវុធ។ ក៏ប៉ុន្តែ ការតវ៉ានេះត្រូវបានភាគីថៃចេញមកបដិសេធ និងអះអាងថា ជាសំឡេងផ្ទុះដែលបង្កឡើងដោយសារការដុតផាវ ដើម្បីព្រមានកម្ពុជា និងការបំផ្ទុះថ្មដើម្បីស្ថាបនាផ្លូវតាមព្រំដែនជាដើម។
យ៉ាងណាក៏ដោយចុះ ប្រសិនបើសំឡេងផ្ទុះចេញពីទីតាំងរបស់កម្ពុជាវិញ ទោះបីជាករណីនោះកើតឡើងដោយសារឧបទ្ទវហេតុក្ដី ក៏យោធាថៃបានព្រមានកម្ពុជាខ្លាំងៗ និងបង្ខំឱ្យកម្ពុជាបើកការស៊ើបអង្កេត និងបង្ហាញពីភស្តុតាងទៅកាន់ភាគីថៃជាកំហិត។ ជាក់ស្ដែងកាលពីខែមករា មានឧបទ្ទវហេតុផ្ទុះគ្រាប់ ១គ្រាប់ ដែលបណ្ដាលឱ្យទាហានខ្មែរ ២នាក់រងរបួស ខណៈភាគីថៃបានរាយការណ៍ថា មានទាហានថៃម្នាក់ បានរងរបួស។ ក្រោយហេតុការណ៍នេះ ភាគីកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ពីមូលហេតុថា កើតឡើងដោយសារការដុតសំរាម ក៏ប៉ុន្តែយោធាថៃនៅតែលើកយកករណីនេះ មកចោទប្រកាន់លើកម្ពុជា ថាមានចេតនាបង្កទំនាស់ជាមួយភាគីថៃទៅវិញ។
កាន់តែធ្ងន់ធ្ងរជាងនេះ កាលពីចុងខែតុលា ទាហានខ្មែរបានអះអាងថា យោធាថៃបានបើកការឈ្លានពាន ដោយបាញ់កាំភ្លើងជិត១០គ្រាប់ នៅតំបន់ភ្នំ៦៤២ ឬភ្នំដោះក្រមុំ ដើម្បីបណ្ដេញទាហានខ្មែរចេញពីទីតាំងឈរជើង រហូតដល់យោធាថៃបានចូលកាន់កាប់ក្នុងតំបន់ភ្នំមួយនេះ សមតាមបំណង។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត កត់សម្គាល់ឃើញថា យោធាថៃតែងតែបង្កសំឡេងផ្ទុះអាវុធ ដើម្បីបង្កហេតុនៅក្នុងហេតុផលចំនួនបី គឺទីមួយដើម្បីឈ្លានពានទឹកដីកម្ពុជា និងបណ្ដេញទាហានខ្មែរ ទីពីរគឺនៅពេលមានតំណាងអ្នកសង្កេតការណ៍អន្តរជាតិ ចុះមកត្រួតពិនិត្យនៅតំបន់ព្រំដែន និងទីបី គឺនៅពេលដែលកម្ពុជា មានឱកាសលាតត្រដាងពីសកម្មភាពឈ្លានពានរបស់យោធាថៃ នៅលើវេទិការអន្តរជាតិ។
«អញ្ចឹងបើគេធ្វើបាន គេបន្តធ្វើតទៅទៀត ថ្ងៃណាគេមិនសប្បាយចិត្ត គេបង្កឱ្យមានសំឡេងផ្ទុះហើយ គេយកហេតុផលហ្នឹងរុលចូលក្នុងដីខ្មែរបន្ថែមទៀត ដូចកន្លងទៅអញ្ចឹង»។
លោក ម៉ែន ណាត
អ្នកឃ្លាំមើលលើកឡើងថា កម្ពុជាគួរតែចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ និងទំនាក់ទំនងទៅកាន់ភាគីថៃ ដើម្បីសាកសួរ និងបំភ្លឺរកមូលហេតុនៃការបង្កសំឡេងផ្ទុះនេះ ដើម្បីជៀសវាងការភាន់ច្រឡំ និងកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលក៏ជំរុញឱ្យទាហានខ្មែរដែលឈរជើងនៅតំបន់ជួរមុខត្រូវបំពាក់ឧបករណ៍ថតវីដេអូ ដើម្បីទុកធ្វើជាភស្តុតាង នៅពេលភាគីថៃបង្កហេតុជាមួយភាគីកម្ពុជា៕









