ទាហាន​ខ្មែរ និង​ទាហាន​ថៃ​រុញច្រាន​គ្នា​នៅ​តំបន់​ព្រំដែន​មុំ​បី ក្រោយ​ទាហាន​ថៃ​ចូល​រាយ​បន្លា​លួស​ក្នុង​ទឹក​ដី​កម្ពុជា

0
80
ថៃបន្តកសាងសំណង់ក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃចូលកាន់កាប់ ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជា
ទិដ្ឋភាពទាហានថៃបំពាន​ត្រង់តំបន់មុំបី ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២ មិថុនា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ថៃបន្តកសាងសំណង់ក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃចូលកាន់កាប់ ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជា
ថៃបន្តកសាងសំណង់ក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃចូលកាន់កាប់ ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជា

ទាហាន​ខ្មែរ និង​ទាហាន​ថៃ ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​មុំ​បី នៅតែ​ប្រឈមមុខ​ដាក់គ្នា​រហូត​មក​ដល់​ពេល​នេះ ដោយសារ​ក្រុម​ទាហាន​ថៃ​បាន​ចូល​មក​រាយ​បន្លា​លួស និង​ដើរ​ល្បាត​ចូលក្នុង​ទឹកដី​កម្ពុជា ហើយ​ត្រូវ​ទាហាន​ខ្មែរ​បណ្ដេញ​ឱ្យ​ចេញ​ទៅវិញ​។ ជម្លោះ​ពាក្យសម្ដី​របស់​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​នេះ បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​នៅ​តំបន់​មុំ​បី កាន់តែ​រសើប ដោយ​ភាគី​ទាំងពីរ​សុទ្ធតែ​បាន​ត្រៀម​ប្រយុទ្ធ​រៀងៗ​ខ្លួន។

ជម្លោះ​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ នៅ​តំបន់​មុំ​បី ក្នុង​ខេត្តព្រះវិហារ ជាប់​នឹង​ខេត្ត​ឧប៊ុនរ៉ាចាថា​នី របស់​ប្រទេស​ថៃ ដែល​តែងតែ​កើតឡើង​ត្រឹម​ពាក្យសម្ដី ពេលនេះ​បាន​វិវឌ្ឍ​មក​ជា​ជម្លោះ​ប្រើ​កម្លាំងបាយ​រុញច្រាន រហូតដល់​ការប្រើប្រាស់​ពាក្យសម្ដី​ជេរ​ប្រមាទ ដែល​បង្ក​ឱ្យ​មាន​ភាព​សម្អប់​កាន់តែ​ខ្លាំង។

ទាហាន​ខ្មែរ​មួយ​រូប ដែល​កំពុង​ឈរជើង​នៅ​តំបន់​មុំ​បី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ស្ថានការណ៍​នៅ​តំបន់​មុំ​បី កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង ដោយសារ​ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​ចូល​ឈ្លានពាន ដោយ​ពង្រីក​ទីតាំង​ឈរជើង និង​រាយ​បន្លា​លួស​ចូលក្នុង​ទីតាំង​របស់​ទាហាន​ខ្មែរ​កាន់តែ​ជ្រៅ រហូត​បណ្ដាល​ឱ្យ​មាន​កា​រ​ឈ្លោះប្រកែក​គ្នា នៅពេល​ទាហាន​ខ្មែរ​ចូល​ទៅ​រារាំង និង​ធ្វើការ​សម្របសម្រួល​ដោយ​សន្តិវិធី។

លោក​អះអាង​ថា ជម្លោះ​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​បាន​ឈាន​ដល់​ការ​រុញច្រាន​គ្នា​ចំ​ទ្រូង ចង្អុលមុខ និង​ជេរប្រមាថ​គ្នា​ខ្លាំងៗ រហូត​ទាល់តែ​មេបញ្ជាការ​របស់​ភាគី​ទាំងពីរ​ចេញ​មក​សម្របសម្រួល ទើប​ភាគី​ទាំងពីរ​យល់ព្រម​បញ្ចប់​ជម្លោះ ឯកភាព​ចាកចេញ​ទាំងអស់គ្នា​។ លោក​បញ្ជាក់​ថា ករណី​ជម្លោះ​ទាហាន​ខ្មែរ​-​ថៃ នៅ​តំបន់​មុំ​បី នេះ បាន​ឈាន​ដល់​ជា​ការ​ចងគំនុំ ដោយ​ទាហាន​របស់​ភាគី​ទាំងពីរ​បាន​ចំណាំ​មុខ​គ្នា​ទុក និង​គំរាម​សងសឹក​គ្នា​ទៀត​ផង។

កាលពី​ថ្ងៃទី​២ ខែមិថុនា មាន​ករណី​ឈ្លោះប្រកែក​គ្នា រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​ជា​ក្រុម​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រំដែន​មុំ​បី ដែល​បង្កឡើង​ដោយ​ក្រុម​ទាហាន​ថៃ បាន​ដាំ​បង្គោល​រាយ​បន្លា​លួស​នៅក្នុង​ទឹកដី​កម្ពុជា ក៏ប៉ុន្តែ​ត្រូវ​ក្រុម​ទាហាន​ខ្មែរ​ចេញ​មក​រារាំង​។ នៅក្នុង​ជម្លោះ​ជា​ក្រុម​នេះ ភាគី​ទាំង​ពីរ​បាន​ស្រែក​ដាក់គ្នា រហូត​ឈាន​ទៅ​ដល់​ការ​ជេរ​ប្រមាទ និង​ប្រទាញប្រទង់​គ្នា​ទៅវិញទៅមក​ទៀត​ផង។

ក្រោយ​ការ​ប្រឈម​មុខ​ដាក់គ្នា​នេះ ទាហាន​ខ្មែរ និង​ទាហាន​ថៃ​បាន​រំកិល​ទីតាំង​ឈរជើង​មក​នៅ​ទល់មុខ​គ្នា​ប្រហែល​៥០០​ម៉ែត្រ ដោយ​ភាគី​ទាំងសងខាង​ដែល​ប្រដាប់​ដោយ​អាវុធ​នៅក្នុង​ដៃ បាន​សម្លឹង​មើល​គ្នា​ទៅវិញទៅមក​។ ក្នុង​នោះ យោធា​ថៃ​បាន​បញ្ជូន​កងកម្លាំង​ទៅកាន់​តំបន់​មុំ​បី​ជា​បន្តបន្ទាប់ និង​បាន​កសាង​ផ្លូវ​ទៅកាន់​កំពូលភ្នំ​៧៤៥ ព្រមទាំង​សាងសង់​លេណដ្ឋាន និង​ដាក់​កម្លាំង​ការពារ​ជាច្រើន​នាក់​នៅក្នុង​តំបន់​នោះ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៨ ខែមិថុនា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ នៅ​តំបន់​មុំ​បី គឺ​មាន​បំណង​ដណ្ដើមយក​ទីតាំង​ឈរជើង​ដែល​នៅ​សេសសល់ របស់​ទាហាន​ខ្មែរ​ដែល​ទាហាន​ថៃ​មិនទាន់​ដណ្ដើម​បាន ព្រោះ​នៅក្នុង​សង្គ្រាម​ឈ្លានពាន​កម្ពុជា​ទាំង​ពីរ​លើក យោធា​ថៃ​ដណ្ដើម​បាន​តំបន់​មួយចំនួន​តូច​ពី​កម្ពុជា។

លោក អ៊ុំ សំអាន៖ «កាលពីមុន​យើង​នៅ​លើ​ភ្នំ​គេ​នៅ​ជើងភ្នំ យើង​វាយ​មិន​ឈ្នះ​គេ​ផង ឥឡូវនេះ​គេ​ធ្វើ​លេណដ្ឋាន ត្រង់​សេ​នៅ​លើ​ភ្នំ​ទៀត បើ​យើង​ឡើង​ទៅ គឺ​ដូចជា​ទៅ​ស្លាប់​អញ្ចឹង​។ បញ្ហា​នោះ គឺ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ​យើង​បន្ថែម​ទៀត ហើយក៏​មិនអាច​វាយ​ដណ្តើម​យក​ទឹកដី​នោះ​បាន​មកវិញ​ដែរ បើសិនជា​ស្ថានភាព​នៅតែ​បែប​ហ្នឹង»។

ក្រៅពី​តំបន់​មុំ​បី យោធា​ថៃ​បាន​សាងសង់​លេណដ្ឋាន​ធំៗ និង​រនាំង​ធ្វើ​ពី​បេតុង​ជាច្រើន​ទីតាំង និង​ជាច្រើន​ជាន់​នៅក្នុង​តំបន់​ព្រំដែន​ប្រាសាទ​ខ្នារ តា​ក្របី តា​មាន់​ធំ អូរ​ស្មាច់ អានសេះ ជាំតែ និង​តំបន់​ភ្នំ​ទ្រព្យ​ជាដើម​។ យោធា​ថៃ​អះអាង​ថា ការ​រៀប​ចំ​នេះ គឺជា​ការ​ត្រៀម​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ដោយសារ​ស្ថានភាព​ជម្លោះ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ កាន់តែ​មាន​ភាព​តានតឹង ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​សង្គ្រាម​បាន​គ្រប់ពេល។

ក្រៅពី​សាងសង់​លេណដ្ឋាន យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ជាច្រើន​ខ្សែ​ទៀត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​តំបន់​ខ្លះ ចូលក្នុង​ទឹកដី​កម្ពុជា​តែម្ដង ដូចជា​នៅ​តំបន់​ជាំ​ស្រងាំ ខេត្ត​ឧត្ដរមានជ័យ តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង រហូត​ដល់​ខេត្ត​ព្រះវិហារ។

ចំណែក​នៅ​លើ​អាកាស​វិញ យោធា​ថៃ​បាន​បង្ហោះ​ដ្រូន​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​ចូលក្នុង​តំបន់​ឈរជើង​របស់​ទាហាន​ខ្មែរ ដោយ​ដ្រូន​ទាំង​នេះ​មាន​បំពាក់​ឧបករណ៍​ចាប់​ទីតាំង និង​ចាប់​រលក​កម្ដៅ ដើម្បី​តាម​ដាន​ពី​សកម្មភាព​របស់​យោធា​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ